លោក ស៊ុន ចន្ធី អតីតប្រធានគណបក្សកម្លាំងជាតិ ដែលត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំពីបទ “ញុះញង់” ត្រូវបានដោះលែងឱ្យមានសេរីភាព បន្ទាប់ពីទទួលបានព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ។
លោក ឃៀង សុណាឌីន អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារបានបញ្ជាក់ប្រាប់Press Start Cambodia នៅរសៀលថ្ងៃពុធនេះថា លោក ស៊ុន ចន្ធី ពិតត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ តាមព្រះរាជក្រឹត្យលើកលែងទោសរបស់ព្រះមហាក្សត្រ។
លោកមានប្រសាសន៍ថា ៖ “ពិតណាស់ ការដោះលែង គឺផ្អែកលើព្រះរាជក្រឹត្យលើកលែងទោសចំពោះទណ្ឌិតរូបនេះ”។
ដោយឡែកនៅរសៀលថ្ងៃទី២៥ ខែកុម្ភៈនេះដែរ នៅលើទំព័រហ្វេសប៊ុករបស់អ្នកស្រី យាន ស្រីយ៉ាន ភរិយារបស់លោក ចន្ធី ក៏បានបង្ហោះសារថា៖ “ខ្ញុំបាទ ស៊ុន ចន្ធី បានត្រឡប់មកជួបជុំគ្រួសារវិញហើយ បន្ទាប់ពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គទ្រង់ត្រាស់បង្គាប់ព្រះរាជទានព្រះរាជក្រឹត្យលើកលែងទោស”។
ទាក់ទិនករណីដោះលែងអតីតប្រធានគណៈបក្សកម្លាំងជាតិរូបនេះ លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សបានបញ្ជាក់ថា លោក ស៊ុន ចន្ធី កំពុងធ្វើដំណើរត្រឡប់ទៅគេហដ្ឋាន បន្ទាប់ពីត្រូវបានដោះលែងពីពន្ធនាគារ ដោយលោកបានទទួលព័ត៌មាននេះ ពីសាច់ញាតិរបស់លោក ចន្ធី នៅថ្ងៃពុធនេះ។
លោកអះអាងថា ៖ “សាច់ញាតិ គ្រួសារគាត់បានផ្តល់ព័ត៌មានមុននេះបនិ្តចថា គាត់កំពុងធ្វើដំណើរជាមួយក្រុមគ្រួសារគាត់ត្រឡប់ទៅគេហដ្ឋាននៅកំពង់ធំ”។
លោក រ៉ុង ឈុន បន្ថែមថា រូបលោកនិងគណបក្សកម្លាំងជាតិបានសាទរនិងសូមថ្លែងអំណរព្រះគុណចំពោះព្រះមហាក្សត្រដែលព្រះរាជទានលើកលែងទោសចំពោះលោក ចន្ធី ហើយថា លោកចង់ឃើញមានការដោះលែងអ្នកទោសមនសិការទាំងអស់ឱ្យមានសេរីភាពផងដែរ ខណៈពេលប្រទេសកម្ពុជាកំពុងរងការឈ្លានពានពីសំណាក់ប្រទេសថៃ។
លោកមានប្រសាសន៍ថា ៖ “បើមាននូវការដោះលែងទាំងអស់បង្ហាញអំពីគឺថា នូវស្មារតីសាមគ្គីខ្មែរតែមួយ… វាជាការផ្សះផ្សាជាតិ។ វាជារឿងមួយដ៏ល្អ ហើយនឹងមានការសារទរពីប្រជាពលរដ្ឋខ្មែរ សហគមន៍អន្តរជាតិ ”។
ទោះបីជាយ៉ាងណា លោកបន្តថា មកដល់ពេលនេះ លោកមិនទាន់បានជួបលោក ស៊ុន ចន្ធី ដោយផ្ទាល់នៅឡើយទេ ហើយមិនទាន់ដឹងថា លោក ស៊ុន ចន្ធី នឹងវិលត្រឡប់មកប្រឡូកក្នុងឆាកនយោបាយវិញ ឬយ៉ាងណានោះទេ។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅអង្គការលីកាដូបានមានយល់ស្របនឹងការលើកឡើងរបស់លោក រ៉ុង ឈុន ដែរ ដោយលោកហៅការដោះលែងលោក ស៊ុន ចន្ធី គឺជាសញ្ញាវិជ្ជមានមួយ ដែលឈានទៅរកការសម្រុះសម្រួលផ្នែកនយោបាយ ហើយលោកក៏ចង់ឃើញការដោះលែងអ្នកទោសនយោបាយ សកម្មជនគណបក្សនយោបាយ សកម្មជនបរិស្ថាននិងសកម្មជនសិទ្ធិមនុស្សផ្សេងទៀតផងដែរ។
លោកមានប្រសាសន៍ថា ៖ “កម្ពុជាយើងត្រូវការអ្នកនយោបាយទាំងអស់ សកម្មជនគណៈបក្សនយោបាយ ឬគ្រប់ភាគីទាងអស់ហ្នឹង មានការឯកភាពជាតិ សាមគ្គីភាព ហើយនិងមានការបង្រួបបង្រួមជាតិ ដើម្បីឱ្យធ្វើមិច រួមគ្នាក្នុងការការពារ ឬក៏រួមគ្នាក្នុងការអភិវឌ្ឍន៏ប្រទេសជាតិ”។
គួររំឭកថា លោក ស៊ុន ចន្ធី ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនកាលពីដើមខែឧសភា ឆ្នាំ២០២៤ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ គ្រាដែលលោកទើបត្រឡប់មកពីប្រទេសជប៉ុន ទីដែលលោកបានជួបជាមួយអ្នកគាំទ្រ និងបាននិយាយអំពីការរើសអើងនិងភាពលម្អៀងខាងនយោបាយក្នុងការទទួលបានបណ្ណក្រីក្រនៅកម្ពុជា។
កាលពីខែធ្នូ ឆ្នាំ២០២៤ លោក ស៊ុន ចន្ធី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និងដកសិទ្ធិមិនឱ្យបោះឆ្នោត មិនឱ្យឈរឈ្មោះឱ្យគេបោះឆ្នោតអស់មួយជីវិត និងពិន័យជាប្រាក់ ៤លានរៀល ក្រោមបទចោទ “ញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម”៕

