អង្គការសង្គមស៊ីវិលចំនួន ២២ ស្ថាប័ន អំពាវនាវឱ្យអាជ្ញាធរដោះលែង និងទម្លាក់បទចោទប្រកាន់លើអ្នកសារព័ត៌មាន លោក ហែម វណ្ណា បន្ទាប់ពីលោកត្រូវបានចាប់ខ្លួន ការពាក់ព័ន្ធនឹងការរាយការណ៍ទីតាំងសង្ស័យឆបោកតាមអនឡាញ។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពី លោក ហែម វណ្ណា ចាងហ្វាងកាសែត HVNN TV Online ត្រូវបានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតកោះហៅ និងចាប់ខ្លួនបញ្ជូនទៅកាន់កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដោយចោទថាបានផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោយពីលោកបានរាយការណ៍ព័ត៌មានជាវីដេអូ ដែលរៀបរាប់ពីហេតុការណ៍អំពើហិង្សាមួយទៅលើជនជាតិចិនមួយក្រុម នៅទីតាំងមួយកន្លែងដែលសង្ស័យថាជាកន្លែងឆបោកតាមអនឡាញ ហើយទីតាំងនោះស្ថិតនៅចម្ងាយប្រមាណ ១០០ម៉ែត្រពីក្រោយទីស្នាក់ការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។ នេះបើតាមសេចក្តីថ្លែងការណ៍រួមរបស់អង្គការ-សមាគមជាតិ និងអន្តរជាតិចំនួន ២២ ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ពៈ ឆ្នាំ២០២៦។
សេចក្តីថ្លែងការណ៍រួមនោះ បានលើកឡើងទៀតថា ក្រោយការចាប់ខ្លួន លោក ហែម វណ្ណា ត្រូវបានតុលាការខេត្តបន្ទាយមានជ័យ ចោទប្រកាន់ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមមាត្រា ៤៩៥ និងបទ «ស្តាប់ ឬថតពាក្យសម្តីឯកជន» តាមមាត្រា៣០១ នៃក្រមព្រហ្មទណ្ឌ។
តាមរយៈសេចក្តីថ្លែងការណ៏រួមនោះ ក្រុមអង្គការសង្គមស៊ីវិលយល់ថា៖ «ការចាប់ខ្លួន និងការចោទប្រកាន់មកលើអ្នកសារព័ត៌មានរូបនេះ ហាក់បានបង្ហាញអំពីនិន្នាការរបស់រដ្ឋាភិបាលក្នុង ការរឹតត្បិតសំឡេងសមាជិកអ្នកសារព័ត៌មាន តាមរយៈការប្រើប្រាស់ក្រមព្រហ្មទណ្ឌជំនួសពីការប្រើប្រាស់ យន្តការច្បាប់ស្តីពីរបបសារព័ត៌មាន ដូចជាការស្នើសុំកែតម្រូវ ឬ សិទ្ធិក្នុងការឆ្លើយតប» ។
ពួកគេបន្តថា ករណីនេះ បង្ហាញពីការរឹតត្បិតលើសារព័ត៌មានឯករាជ្យ និងការប្រើប្រាស់នីតិវិធីច្បាប់ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស មាត្រា ៤១ ក៏ដូចជាឯកសារសិទ្ធិមនុស្សអន្តរជាតិ ដែលកម្ពុជាជាភាគី រួមមានកតិកាសញ្ញា អន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។
សង្គមស៊ីវិល អះអាងថា ក្នុងករណីនេះ អាជ្ញាធរគួរតែស្នើសុំការបញ្ជាក់ ឬពន្យល់ ឬស្នើសុំឱ្យមានការកែតម្រូវ ប្រសិនបើចាំបាច់ ស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន។
ពួកគេថា៖ «ការប្រើប្រាស់បទចោទក្រមព្រហ្មទណ្ឌ ជាពិសេស បទញុះញង់ គឺជាវិធានការលើសកម្រិត និងមិនសមស្រប ហើយយើងខ្ញុំមានការសោកស្ដាយយ៉ាងខ្លាំង ចំពោះ ការចាប់ខ្លួន និងការឃុំខ្លួនលោក វណ្ណា ដែលធ្វើឱ្យអ្នកសារព័ត៌មានទាំងអស់កាន់តែមិនមានសុវត្ថិភាព» ។
តាមរយៈសេចក្តីថ្លែងការណ៏រួមនេះ ក្រុមអង្គការសង្គមស៊ីវិល បានទទូច និងទាមទារឱ្យដោះលែង លោក ហែម វណ្ណា និងទម្លាក់បទចោទប្រកាន់ទាំងអស់ ព្រមទាំងប្រើប្រាស់ច្បាប់ស្តីពីរបបសារព័ត៌មាន ក្នុងការដោះស្រាយវិវាទដែលពាក់ព័ន្ធនឹងការងារសារព័ត៌មាន ជំនួសឱ្យការប្រើប្រាស់បទចោទព្រហ្មទណ្ឌ។ ក្រៅពីនោះ ក៏បានស្នើឱ្យមានការគោរព និងការពារសេរីភាពសារព័ត៌មាន និងធានាថា អ្នកសារព័ត៌មានអាចអនុវត្តភារកិច្ចវិជ្ជាជីវៈរបស់ខ្លួន ដោយគ្មានការភ័យខ្លាចចំពោះការរំខាន ការគំរាមកំហែង ការរឹតត្បិត ឬការចោទប្រកាន់តាមផ្លូវច្បាប់។
ក្រុមអង្គការសង្គមស៊ីវិល ដែលចេញសេចក្តីថ្លែងការណ៍រួមនោះ មានដូចជា សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា) មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) អង្គការការពារសិទ្ធិមនុស្សលីកាដូ សមាគមអាដហុក មជ្ឈមណ្ឌលដើម្បីសារព័ត៌មានឯករាជ្យនៅម៉ាឡេស៊ី អ្នកសារព័ត៌មានគ្មានព្រំដែន Freedom Forum(នេប៉ាល់) និងសម្ព័ន្ធអ្នកសារព័ត៌មានឯករាជ្យ(ឥណ្ឌូនេស៊ី)ជាដើម។
លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ហៅកាត់ថា ខេមបូចា) បានលើកឡើងថា ការចាប់ខ្លួនអ្នកសារព័ត៌មាន អាចប៉ះពាល់ដល់សេរីភាពសារព័ត៌មាន និងតួនាទីរបស់អ្នកសារព័ត៌មានក្នុងការផ្សព្វផ្សាយព័ត៌មានដែលពាក់ព័ន្ធនឹងបញ្ហាសង្គម និងសុវត្ថិភាពសាធារណៈ។
លោកថា៖ «យើងពិនិត្យឃើញថា ការចាប់ខ្លួនអ្នកសារព័ត៌មានក្នុងរូបភាពបែបនេះ អាចនឹងធ្វើឲ្យមានផលប៉ះពាល់ដល់ដំណើរការនៃការលើកកម្ពស់សេរីភាពសារព័ត៌មាន និងការដើរតួនាទីរបស់អ្នកសារព័ត៌មាន ដើម្បីបញ្ចេញព័ត៌មានដែលទាក់ទងនឹងបញ្ហាសង្គម ក៏ដូចជាសុខសុវត្ថិភាពរបស់ពលរដ្ឋ» ។
លោក ណុប វី ក៏បានអំពាវនាវឲ្យរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ អនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាន និងពិចារណាផលប៉ះពាល់សង្គមនៃវិធានការចំពោះអ្នកសារព័ត៌មាន ដែលរាយការណ៍ក្នុងផលប្រយោជន៍សាធារណៈ។
លោកបន្តថា៖ «អាជ្ញាធរនៅតែមិនបានអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាន ផ្ទុយទៅវិញច្បាប់ក្រមព្រហ្មទណ្ឌននៅតែត្រូវបានប្រើប្រាស់ក្នុងការចោទប្រកាន់និងចាប់ខ្លួន។ យើងចង់ឲ្យរដ្ឋាភិបាលនិងអាជ្ញាធរពាក់ព័ន្ធយល់ថា ការចាត់វិធានការប្រឆាំងនឹងអ្នកសារព័ត៌មានដែលរាយការណ៍ដើម្បីផលប្រយោជន៍សាធារណៈនឹងនាំឲ្យមានផលវិបាកសម្រាប់សង្គមនិងកការឆ្លើយតបប្រកបដោយប្រសិទ្ធផលចំពោះបញ្ហាដែលកំពុងកើតមានឡើង។ យើងក៏ទាមទាឲ្យមានការអនុវត្តនូវច្បាប់ស្តីពីរបបសារព័ត៌មានដែលស្ថិតនៅជាធរមាន» ។
ជាមួយគ្នានេះដែរ លោកស្រី ឆន សុគន្ធា នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានកត់សម្គាល់ថា ការចាប់ខ្លួនអ្នកសារព័ត៌មានជាបន្តបន្ទាប់ អាចបង្កការភ័យខ្លាចក្នុងចំណោមអ្នកសារព័ត៌មានផ្សេងទៀត ដែលចង់រាយការណ៍អំពីបញ្ហាឆបោកតាមប្រព័ន្ធអនឡាញ ឬប្រធានបទរសើបផ្សេងៗ។
លោកស្រីថា៖ «នេះមិនមែនជាលើកទីមួយទេ នៅក្នុងការចាប់ខ្លួនអ្នកសារព័ត៌មានដែលហ៊ាននៅក្នុងការរាយការណ៍ពាក់ព័ន្ធទៅនឹងរឿងឧក្រិដ្ឋកម្មអនឡាញ តួយ៉ាងជារឿងមួយដ៏ក្តៅគគុកដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែយកចិត្តទុកដាក់នៅក្នុងការអនុវត្ត និងកម្ចាត់ក្រុមឧក្រិដ្ឋកម្មអនឡាញផង […] យើងមើលឃើញថាការចាប់ខ្លួនជាបន្តបន្ទាប់ ហើយករណីចុងក្រោយនេះ គឺធ្វើឱ្យអ្នកសារព័ត៌មានផ្សេងៗទៀតដែលគាត់ចង់រាយការណ៍រឿងបញ្ហាឆបោកតាមអនឡាញ ឬបញ្ហាព្រំដែនជាដើម មានការខ្លាចរអារ នេះបង្ហាញថា ប្រទេសយើងមានការគំរាមកំហែងទៅដល់អ្នកសារព័ត៌មាន ដែលហ៊ាននៅក្នុងការរាយការណ៍អំពីប្រធានបទបែបរិះគន់ក្នុងន័យស្ថាបនា» ។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារឹទ្ធិ បានបដិសេធអត្ថាធិប្បាយលើរឿងនេះ ដោយរុញឲ្យសួរទៅ លោក ផុស សុវណ្ណ អ្នកនាំពាក្យរងក្រសួងព័ត៌មាន ប៉ុន្តែមិនមានការឆ្លើយតបដូចគ្នា។
បើតាមសេចក្តីថ្លែងការណ៍រួមរបស់សង្គមស៊ីវិល លោក ហែម វណ្ណា គឺជាអ្នកសារព័ត៌មានទី៥ហើយ ដែលត្រូវបានចាប់ខ្លួន និងកំពុងត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារ ដោយសារសេចក្តីរាយការណ៍របស់ពួកគេ បើគិតចាប់តាំងពីខែមករា ឆ្នាំ២០២៥មក។
ចំណែក របាយការណ៍របស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ចេញផ្សាយកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ បានទម្លាក់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មានរបស់កម្ពុជា ចំនួន១០លេខ ពោលធ្លាក់ពីចំណាត់ថ្នាក់ទី ១៥១ នៅឆ្នាំ២០២៤ មកទី១៦១ នៅឆ្នាំ២០២៥។ មូលហេតុដែលអង្គការនេះ ទម្លាក់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មានរបស់កម្ពុជា គឺដោយយោងលើចំណុចសំខាន់ៗមួយចំនួន ដូចជា បរិយាកាសនៃប្រព័ន្ធផ្សព្វផ្សាយ បរិបទនយោបាយ ក្របខណ្ឌច្បាប់ បរិបទសេដ្ឋកិច្ច បរិបទសង្គម វប្បធម៌ និងបញ្ហាសុវត្ថិភាព៕

