អ្នកនាំពាក្យក្រសួងមហាផ្ទៃ ឱ្យដឹងថា រដ្ឋាភិបាល បានដាក់គោលដៅបោសសម្អាតបណ្តាញឆបោកតាមប្រព័ន្ធអនឡាញឲ្យអស់ពីប្រទេស យ៉ាងយូរត្រឹមខែមេសា ឆ្នាំ២០២៦ ស្របពេលសមត្ថកិច្ចបានបង្ក្រាបទីតាំងកាស៊ីណូមួយកន្លែង នៅខេត្តស្វាយរៀង ដែលសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញ ដោយឃាត់ខ្លួនជនបរទេសបានជាង ២ ០០០នាក់ ក្នុងនោះភាគច្រើនជាជនជាតិចិន។
កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ កម្លាំងជំនាញសរុបប្រមាណ ៧០០នាក់ សហការជាមួយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានចុះបង្ក្រាបទីតាំងសង្ស័យមានអំពើឆបោកតាមប្រព័ន្ធអនឡាញ នៅបរិវេណកាស៊ីណូ វ៉ាន់ឆឹង ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ នេះបើតាមការផ្សព្វផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
ប្រភពដដែលបន្តថា ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនបរទេសជាង ២ ០០០នាក់ (២ ០៤៤នាក់) ក្នុងនោះមានជនជាតិចិន ១ ៧៩២នាក់ វៀតណាម១៧៧នាក់ មីយ៉ាន់ម៉ា១៧៩នាក់ នេប៉ាល់៣០នាក់ ចិនតៃវ៉ាន់៥នាក់ ម៉ាឡេស៊ី១នាក់ ឡាវ២នាក់ ឥណ្ឌា៣៦នាក់ និងម៉ិកស៊ិក១នាក់។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានឱ្យដឹងនៅថ្ងៃទី០៣ ខែកុម្ភៈនេះថា ប្រតិបត្តិការនេះ ជាផ្នែកមួយនៃការបោសសម្អាតបណ្តាញឧក្រិដ្ឋកម្មឆបោកអនឡាញ ដែលរដ្ឋាភិបាល បានប្តេជ្ញាក្នុងការលុបបំបាត់បទល្មើសទាំងនោះឱ្យអស់ពីកម្ពុជា នៅត្រឹមកំឡុងខែមេសា ឆ្នាំ២០២៦។ លោកថា ប្រតិបត្តិការនេះ មិនសំដៅតែលើជនជាតិចិន ឬជនជាតិណាផ្សេងនោះទេ ឱ្យតែជាជនប្រព្រឹត្តិបទល្មើសគឺបង្ក្រាបទាំងអស់។
លោកថ្លែងថា៖ «គោលការណ៍របស់រាជរដ្ឋាភិបាល ដែលមានក្រសួងមហាផ្ទៃជាស្នូលមួយដែរនោះ គឺយើងបានដាក់បន្ទាត់ក្រហម បោសសំអាតបទល្មើសឆ្លងដែន ពោលគឺបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនេះ ឲ្យបានស្អាតអស់ ពីលទ្ធភាពនៅត្រឹមកំឡុងខែមេសា ឆ្នាំ២០២៦នេះ» ។
សម្រាប់ការបោសសម្អាតទីតាំងឆបោកតាមអនឡាញនៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី៣១ខែមករានោះ លោក ទូច សុខៈ បានបញ្ជាក់ថា សមត្ថកិច្ចកំពុងធ្វើការតាមនីតិវិធី ដោយញែកចេញ រវាងជនល្មើស និងជនរងគ្រោះ។
លោកថា៖ «ចំពោះអ្នកដែលត្រូវបានចាប់ខ្លួននៅបាវិតនោះ សមត្ថកិច្ចជំនាញកំពុងតែញែកថា នរណាខ្លះគឺជាជនល្មើស និងនរណាខ្លះជាជនរងគ្រោះ។ […] ក៏ប៉ុន្តែសុំបញ្ជាក់ជូនថា ក្នុងចំណោមអ្នកទាំងអស់នោះ មានភាគច្រើនគឺជាជនរងគ្រោះ ចំណែកឯជនល្មើសអាចភាគតិច។ ជនរងគ្រោះភាគច្រើន កើតចេញពីការលួងលោម ការបោកបញ្ឆោត និងការសន្យានេះនោះ ដែលពួកគេពុំបានដឹងរឿងពិតប្រាកដ ហើយបានចាកចេញពីប្រទេសកំណើតមកធ្វើការ ហើយត្រូវបានក្រុមជនល្មើសដកហូតនូវឯកសារផ្សេងៗដែលមិនអាចឲ្យពួកគេចាកចេញបាន» ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះ គូសបញ្ជាក់ដែរថា ជនរងគ្រោះដែលត្រូវបានឃាត់ខ្លួន នឹងទទួលបានការគាំពារ និងសហការជាមួយស្ថានទូតនៃប្រទេសសាមីរបស់ពួកគេ ដើម្បីបញ្ជូនអ្នកទាំងនោះត្រឡប់ទៅប្រទេសកំណើតវិញ។ ចំណែក ជនល្មើសពិតប្រាកដ នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងអាចមានកិច្ចសហការជាមួយប្រទេសសាមី ប្រសិនបើមានការស្នើសុំសច្ចាប័ន។
លោកបន្ថែមថា មេខ្លោងមួយចំនួន អាចបញ្ជាពីក្រៅប្រទេស ដែលករណីនេះកម្ពុជានឹងត្រូវសហការជាមួយប្រទេសពាក់ព័ន្ធ ដើម្បីចាត់វិធានការតាមច្បាប់។
ជុំវិញការបង្ក្រាបបទល្មើសតាមអនឡាញពីសំណាក់រដ្ឋាភិបាលកម្ពុជានេះ មន្ត្រីស្ថានទូតចិនប្រចាំនៅកម្ពុជា ក៏បានបង្ហាញការគាំទ្រ និងបញ្ជាក់ពីការត្រៀមខ្លួនបន្តសហការយ៉ាងជិតស្និទ្ធក្នុងការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធអនឡាញនេះ។
តាមរយៈសាររបស់ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក Wang Wenbin នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ លោកបានលើកឡើងថា៖ «ប្រទេសចិន គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងកម្លាំងជំនាញរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអនឡាញ ហើយជឿជាក់ថា កិច្ចការនេះនឹងបន្តមានវឌ្ឍនភាពថ្មីឥតឈប់ឈរ»។
កាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានចេញបញ្ជាឲ្យក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ រួមមាន កម្លាំងយោធា នគរបាលជាតិ កម្លាំងការពារព្រំដែន និងអង្គភាពជំនាញផ្សេងៗ បង្កើនសកម្មភាពបង្ក្រាបទីតាំងប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញ ព្រមទាំងបទល្មើសពាក់ព័ន្ធ ដូចជា ការជួញដូរមនុស្ស ផងដែរ។
អ្នកវិភាគសង្គម និងជាប្រធានវិទ្យាស្ថានកម្ពុជាដើម្បីប្រជាធិបតេយ្យ លោក ប៉ា ច័ន្ទរឿន បង្ហាញការសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបោសសម្អាតបទល្មើសឆបោកតាមអនឡាញនេះ។
លោកថា៖ «ជារួមខ្ញុំសង្កេតឃើញសន្ទុះនៃការចុះបង្ក្រាបកាស៊ីណូ ឬមជ្ឈមណ្ឌលឧក្រិដ្ឋកម្មអនឡាញ ហាក់បីដូចជាមានសន្ទុះខ្លាំងក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ […] ខ្ញុំមើលឃើញថា បើសិនជាអាជ្ញាធរយើងមានទាំងឆន្ទៈនយោបាយ និងការអនុវត្តកិច្ចការងារឲ្យបានត្រឹមត្រូវ ការបោសសំអាតឧក្រិដ្ឋកម្មឆបោកតាមអនឡាញនេះ នឹងមិនប្រើរយៈពេលយូរទេ អាចនឹងមិនត្រូវការរហូតដល់ខែមេសាផង បើសិនជាពិតជាចង់ធ្វើមែន»។
អ្នកវិភាគសង្គមរូបនេះ បន្តថា នេះគឺជាកាតព្វកិច្ចមួយដ៏ចាំបាច់របស់រាជរដ្ឋាភិបាល ក្នុងការធានាឲ្យបានសុខសុវត្ថិភាព ក៏ដូចជាប្រយោជន៍របស់ជាតិ។
លោកបន្តថា៖ «ហើយរឿងការបង្ក្រាបកន្លែងបោកប្រាស់អនឡាញ ឬក៏ការប្រព្រឹត្តឧក្រិដ្ឋកម្មអនឡាញ វាមិនមែនជាអ្វីដែលត្រូវចង់ឬមិនចង់នោះទេ ប៉ុន្តែវាគឺជារឿងចាំបាច់ដើម្បីបោសសម្អាតនៅការរកស៊ីបោកប្រាស់តាមប្រព័ន្ធអនឡាញបែបនេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងប្រយោជន៍របស់កម្ពុជាទាំងមូល។ បើសិនជាមិនមានការបោះសំអាតឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពទេ វានឹងអាចប៉ះពាល់ធ្ងន់ធ្ងរដល់ទាំងសុខសុវត្ថិភាព ក៏ដូចជាប្រយោជន៍របស់ជាតិយើងទាំងមូលនៅពេលខាងមុខ»។
យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ បង្ហាញថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៥ សមត្ថកិច្ចបានបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញ ចំនួន ៤៨ លើក ដោយបានបញ្ជូនជនសង្ស័យចំនួន ១៦៨នាក់ ទៅតុលាការ និងបណ្ដេញជនបរទេស ២ ៧២២ នាក់ចេញពីប្រទេស។ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ រដ្ឋាភិបាលបានចេញអនុក្រឹត្យថ្មីមួយទៀត “ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ” ដោយផ្តោតជាពិសេសលើការគ្រប់គ្រងជនបរទេស និងការទប់ស្កាត់ការស្នាក់នៅខុសច្បាប់។
ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក កាលពីខែកញ្ញា ឆ្នាំ២០២៥ បានប្រកាសដាក់វិធានការប្រឆាំងបណ្តាញឆបោកអនឡាញនៅតំបន់អាស៊ីអាគ្នេយ៍ ដោយរាយការណ៍ថា មានយ៉ាងហោចណាស់ ១០ ទីតាំងនៅកម្ពុជា ដែលភាគច្រើនជាកាស៊ីណូ ស្ថិតក្រោមការគ្រប់គ្រងរបស់ជនជាតិចិន។ ភាគីអាមេរិក បានប៉ាន់ប្រមាណថា ប្រជាពលរដ្ឋអាមេរិក បានបាត់បង់ប្រាក់លើស ១០ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ ពីអំពើឆបោកតាមប្រព័ន្ធអនឡាញ៕

