កម្មករ-កម្មការិនីប្រមាណជិត ២០០នាក់ បម្រើការងារនៅរោងចក្រ ត្រូភីខល ហ៊្រ្វូត អេស៊ា នៅព្រឹកថ្ងៃទី២៣ ខែមករានេះ បានប្រមូលផ្ដុំគ្នាតវ៉ាបិទផ្លូវនៅមុខរោងចក្រដែលស្ថិតនៅលើផ្លូវជាតិលេខ៤ ស្រុកអង្គស្នួល ខេត្តកណ្ដាល ដោយជំទាស់ចំពោះការផ្លាស់ប្ដូរថ្ងៃឈប់សម្រាកពីថ្ងៃអាទិត្យ ទៅឈប់នៅថ្ងៃផ្សេងជំនួស។
កម្មករបម្រើការងារផ្នែកបោះពុម្ភលេខកូដនៅរោងចក្រ ត្រូភីខល ហ៊្រ្វូត អេស៊ា លោក ឃិន សុធារ៉ា និយាយថា កម្មករ-កម្មការិនី បានសម្រេចប្រមូលផ្ដុំគ្នាតវ៉ានៅខាងមុខរោងចក្រ ដើម្បីឱ្យភាគីរោងចក្រលុបចោលផែនការដែលចង់ឱ្យកម្មករនៅបន្តធ្វើការក្នុងថ្ងៃអាទិត្យ ដោយគ្មានប្រាក់គុណបន្ថែម ហើយបង្វែរថ្ងៃឈប់សម្រាកទៅថ្ងៃផ្សេង។
បើតាមលោក សុធារ៉ា គម្រោងរបស់ក្រុមហ៊ុន គឺកម្មករតាមផ្នែកនីមួយៗ នឹងចាប់ឆ្នោតជ្រើសរើសថ្ងៃឈប់ពីថ្ងៃចន្ទដល់ថ្ងៃសៅរ៍ ជំនួសឱ្យការឈប់សម្រាកនៅថ្ងៃអាទិត្យ ហើយគ្រោងអនុវត្តចាប់ពីថ្ងៃអាទិត្យ ចុងសប្ដាហ៍នេះតទៅ។
លោកនិយាយថា៖ «យើងធ្លាប់ធ្វើថ្ងៃអាទិត្យគុណលុយចឹង ដល់យើងសម្រាកថ្ងៃធម្មតា មកធ្វើថ្ងៃអាទិត្យអត់គុណចឹង យើងពិបាកទទួលយកដែរ។ ណាមួយថ្ងៃអាទិត្យឈប់សម្រាក យើងចង់ដើរលេង ចង់សប្បាយដែរបង»។
លោកបន្ថែមថា ការតវ៉ាព្រឹកនេះ មានកម្មករសរុបប្រមាណ២០០នាក់ ដែលធ្វើការវេនព្រឹក ក្នុងចំណោមកម្មករសរុបជាង៦០០នាក់ ដែលធ្វើការទាំងពីរ (មានវេនយប់)។ ការជួបជុំគ្នាតវ៉ាបានកើតឡើងនៅវេលាម៉ោងប្រមាណ៩ព្រឹក រហូតដល់ម៉ោង១១ថ្ងៃត្រង់ នៅពេលដែលមានការចុះមកសម្របសម្រួលពីមន្រ្តីក្រសួងការងារ។
បើតាមកម្មកររូបនេះ រោងចក្រខាងលើជារោងចក្រកែច្នៃដំណាប់ស្វាយ ដែលមានថៅកែជាជនជាតិហ្វីលីពីន និងនាំចេញទៅកាន់សហរដ្ឋអាមេរិក និងប្រទេសជប៉ុនជាដើម។
ចំណែកម្មករបម្រើការងារផ្នែករៀបក្រដាសកាតុងនៅរោងចក្រ ត្រូភីខល ហ៊្រ្វូត អេស៊ា លោក ស្រ៊ឺ សម្បត្តិ អាយុ ២០ឆ្នាំ និយាយថា លោកមិនយល់ព្រមចំពោះការផ្លាស់ប្ដូរថ្ងៃឈប់សម្រាកនោះទេ ដោយសារតែការឈប់សម្រាកនៅថ្ងៃអាទិត្យ គឺជាថ្ងៃមួយដែលក្រុមហ៊ុនជាច្រើនឈប់សម្រាកដែរ នោះ លោកអាចជួបជុំបងប្អូន និងក្រុមគ្រួសារបាន។
លោកនិយាយថា៖ «យើងទាមទារឈប់ថ្ងៃអាទិត្យធម្មតា ហើយ (ប្រសិនបើថែមម៉ោង) យើងធ្វើថ្ងៃអាទិត្យគុណធម្មតា»។
Press Start Cambodia មិនអាចសុំការបញ្ជាក់ជុំវិញករណីនេះ ពីតំណាងរោងចក្រ ត្រូភីខល ហ៊្រ្វូត អេស៊ា បានទេ នៅរសៀលថ្ងៃសុក្រនេះ។
បើតាម អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានអះអាងថា ក្រោយការសម្របសម្រួលពីក្រសួងការងារ ភាគីរោងចក្រនិងកម្មករបានឯកភាពគ្នាក្នុងការឈប់សម្រាកចំនួនមួយថ្ងៃក្នុងមួយសប្ដាហ៍។ ជាមួយគ្នានេះ លោកថា ចំពោះការឈប់សម្រាកនៅថ្ងៃណានោះ ជាការសម្រេចចិត្តរវាងកម្មករនិងរោងចក្រ។
លោកថា៖ «ករណីនេះ គេដោះស្រាយហើយៗ គាត់ឯកភាពគ្នាសះជាអស់ហើយ។ គេឯកភាពគ្នាមួយសប្ដាហ៍សម្រាកមួយថ្ងៃ។ (ឈប់សម្រាកនៅថ្ងៃណា?) នៅថ្ងៃណា ជាការសម្រេចចិត្តឯកភាពរវាងកម្មករនិងរោងចក្រសហគ្រាស។ គេចូលអស់ហើយ គេចូលល្ងាចថ្ងៃហ្នឹង និងបងប្អូនមួយចំនួនគេចូលថ្ងៃស្អែក»។
លោក អាត់ ធន់ អនុប្រធានសម្ព័ន្ធសហជីពស៊ីខៅឌូ មានប្រសាសន៍ថា តាមច្បាប់បានកំណត់ឱ្យកម្មករឈប់សម្រាកក្នុងមួយសប្ដាហ៍ ហើយជាទូទៅត្រូវបានគេកំណត់នៅថ្ងៃអាទិត្យ។ តែ យ៉ាងណា លោកជំរុញឱ្យក្រុមហ៊ុនធ្វើការកំណត់ថ្ងៃឈប់សម្រាកឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការខាតបង់អត្ថប្រយោជន៍របស់កម្មករ នៅពេលធ្វើការប៉ះចំថ្ងៃឈប់សម្រាក។
លោកក៏ទទូចឱ្យក្រុមហ៊ុនសរសេរលក្ខខណ្ឌផ្ទៃក្នុង ឱ្យបានច្បាស់លាស់ ពាក់ព័ន្ធនឹងថ្ងៃឈប់សម្រាក ដូចវិស័យសណ្ឋាគារនិងភោជនីយដ្ឋានផងដែរ។
លោកនិយាយថា៖ «ពេលខ្លះក្រុមហ៊ុនឱ្យឈប់មួយថ្ងៃ ថ្ងៃផ្សេងហ្នឹង វាមិនខុសទេ តែជូនកាល ថ្ងៃអាទិត្យ ថ្ងៃបុណ្យ វាចំថ្ងៃធ្វើការមួយចំនួន វាបានលុយគុណ ហើយប្រសិនបើគាត់អត់បានកំណត់ថ្ងៃឈប់ជាក់លាក់ ដល់ពេលគាត់ [កម្មករ] ឈប់ថ្ងៃណាក៏អត់បានលុយគុណដែរ។ ដល់ចឹង អាហ្នឹងគឺចេតនាក្រុមហ៊ុនចង់កេងពីកម្មករដែរ […]ការទាមទាររបស់កម្មករពេលខ្លះយើងគិតថា ដូចជាមិនសមទេច្បាប់អនុញ្ញាត ប៉ុន្តែបើយើងមើលមែនទែន ជូនកាលអាចចេតនាក្រុមហ៊ុនវាមានទុច្ចរិតច្រើន ចឹងកម្មករគេទារហ្នឹងត្រូវវិញ»៕

