សង្គមស៊ីវិល៖ ការ​បង្ក្រាបមេខ្លោង​ឧក្រិដ្ឋកម្ម​ឆបោកអនឡាញជា​ជំហាន​វិជ្ជមាន ប៉ុន្តែត្រូវ​ពង្រឹងការ​​អនុវត្ត​ច្បាប់

ការចាប់ខ្លួន និងបញ្ជូនមេខ្លោ​ងឆបោកអនឡាញដ៏ល្បីឈ្មោះ លោក ចេន ហ្ស៊ី (Chen Zhi) ប្រ​ធានក្រុមហ៊ុន Prince Holding Group ទៅប្រទេសចិន កាលពីដើមឆ្នាំ២០២៦ គឺ​ជាព្រឹត្តិការណ៍​គួរ​ឱ្យ​ចាប់​អារម្មណ៍​បំផុត​មួយ ដែលគេមើល​ឃើញ​ថា ជាជំហាន​វិជ្ជមាន​​​ក្នុង​ការ​បោស​សម្អាតឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រ​ព័ន្ធ​​អនឡាញ​ ដែ​លធ្វើ​ឱ្យ​កម្ពុជា​រង​ការ​រិះគន់​យ៉ាងខ្លាំង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។

ទោះជាយ៉ាងណា អង្គការសង្គមស៊ីវិល និងអ្នកវិភាគសង្គម ព្រមានថា ការចាប់ខ្លួន​ក្នុង​ចំនួន​ច្រើន​ម្តងម្កាល មិនគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហានេះទេ បើគ្មាន​​ការពង្រឹងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់​ ការលុបបំបាត់អំពើពុករលួយ និងការ​បន្តកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ។

លោក ចេន ហ្ស៊ី ជា​ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Prince Holding Group រួមជា​​មួយ​ជនជាតិចិនពីរនាក់ទៀត គឺឈ្មោះ​ Xu Ji Liang និង Shao Ji Hui ត្រូវបានចាប់​​ខ្លួន និងធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសចិន ក្នុងប្រតិបត្តិការរួមគ្នាមួយនៅថ្ងៃ​ទី៦ ខែមករា ឆ្នាំ២០២៦។ នេះបើ​យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រ​សួងមហាផ្ទៃកាលពីថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២៦​។

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (LICADHO) បានលើកឡើងថា កន្លង​មក សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានដាក់ទណ្ឌ​​កម្ម និងបង្កកទ្រព្យសម្បត្តិដែលពាក់ព័ន្ធនឹងក្រុមហ៊ុន Prince Group និងលោក ចេន ហ្ស៊ី ដោយចោទប្រកាន់ថា ជាប់​ពាក់ព័ន្ធនឹងបណ្តាញឆបោកតាមអន​ឡាញឆ្លងដែននិង​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​។

លោក អំ សំអាត បន្តថា លោក ចេន ហ្ស៊ី​ គឺជា​មុខសញ្ញានៃការតាមចាប់ខ្លួនពីប្រ​​ទេស​​​​ទាំង​​ពីរ​​ រួម​ទាំង​ជា​មុខ​សញ្ញា​នៃការ​តាម​ចាប់​ខ្លួន​ពី​ប្រទេសចិនផងដែរ ហើយ​ការចាប់ខ្លួននៅកម្ពុជានេះ​ អាចពាក់ព័ន្ធនឹងទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចរវាងកម្ពុជា និងចិន។

លោក សំអាត មានប្រសាសន៍ថា “កម្ពុជា ត្រូវពង្រឹងវិធានការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព លុបបំបាត់អំពើពុករលួយ បង្កើនកិច្ចសហប្រតិបត្តការជាមួយបណ្តាប្រទេសនានា ជាពិសេសបណ្តាប្រទេសជិតខាង ដើម្បីទប់ស្កាត់ និងបង្រ្កាប ឧក្រិដ្ឋកម្មឆរបោកតាមប្រព័ន្ធអនឡាញ និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត ដើម្បីមុខមាត់កម្ពុជា ភ្ញៀវទេសចរណ៍អន្តរជាតិ កាវិនិយោគ និងសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម”។

កាលពីខែតុលា ឆ្នាំ២០២៥ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានដាក់ទណ្ឌ​​​​កម្មលើ Prince Group និងលោក ចេន ហ្ស៊ី​ ដោយចោទថា បាន​ដំណើរ​ការ​​បណ្តាញឆបោកតាមអ៊ីនធឺណិតឆ្លងដែនទូទាំងពិភពលោកនិង​ការ​លាង​លុយ​កខ្វក់​​​​​។ ចក្រភពអង់គ្លេសបានរឹបអូសទ្រព្យសម្បត្តិប្រមាណ ១៧២លានដុល្លារ រួមមានវីឡានៅក្រុងឡុងដ៍ ខណៈសហរដ្ឋអាមេរិកបានរឹបអូស Bitcoin តម្លៃប្រមាណ ១៥ពាន់លានដុល្លារ និងដាក់ទណ្ឌកម្មលើអង្គភាពពាក់ព័ន្ធជាង ១៤០ កន្លែង។

កាល​ពី​ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងសេដ្ឋកិច្ចសហរដ្ឋអាមេរិក ក៏បានប្រកាសចាត់វិ​ធានការលើបណ្តាញឆបោកអនឡាញនៅតំបន់អាស៊ីអាគ្នេយ៍ ដោយរកឃើញថា មានទីតាំងយ៉ាងហោចណាស់ចំនួន​ ១០ កន្លែង​នៅប្រទេស​កម្ពុជា ដែលភាគច្រើនជាកា​ស៊ីណូកាន់​កាប់ដោយជនជាតិចិន។ សហរដ្ឋអាមេរិកបាន​ប៉ាន់ប្រ​មាណ​ថា ពល​រដ្ឋរបស់​ខ្លួនបានខាតបង់ប្រាក់ជាង ១០ពាន់លានដុល្លារ ក្នុងឆ្នាំ២០​២៤ ដោយសារឧក្រិដ្ឋកម្មឆបោកតាមអនឡាញនេះ​។

ទោះបីជា​យ៉ាងណា លោក យិន ម៉េងលី អនុប្រធានផ្នែកសិទ្ធិមនុស្ស និងដីធ្លី នៃសមាគមអាដហុក (ADHOC) បានប្រាប់ Press Start Cambodia ថា ចំណាត់​ការ​នាពេលថ្មីៗនេះ បានជួយស្តារមុខមាត់កម្ពុជា​បានមួយកម្រិតដែរ បើ​ទោះបីការបង្រ្កាបនេះ មានភាពយឺតយ៉ាវបន្តិច​ក៏ដោយ ព្រោះឧក្រិដ្ឋកម្មឆបោកអនឡាញ គឺជាបញ្ហា ដែលសហគមន៍អន្តរជាតិយកចិត្តទុកដាក់ខ្លាំង។

លោក ម៉េងលី មាន​ប្រសាសន៍​ថា “​ពាក់​ព័ន្ធនឹង​មុខ​មាត់​កម្ពុជា យើង​ក៏អាចស្តារ​បាន​​ខ្លះដែរ […]​ ហើយ​យើង​ឃើញថា កន្លងទៅ​មាន​ការ​ចាប់បញ្ជូន​ដែរ ឃើញបញ្ជូន​ចេញ​រាប់រយ​នាក់​ដែរ។ ពិសេស​លើក​នេះ​ យើង​បាន​ចាប់បញ្ជូន​ឧក្រិដ្ឋ​ជន​ដែល​ជា​មុខសញ្ញា​ធំតែម្តង។ អញ្ចឹង​អាច​មាន​ប្រសិទ្ធិភាព​ខ្លះ​ដែរ​ក្នុង​ការ​អនុវត្ត​ច្បា​ប់​​​ក្នុង​​ការ​ចូលរួម​ជាមួយ​នឹង​សហគមន៍​អន្តរជាតិ​ ទោះបីជា​មានភាព​យឺតយ៉ាវក៏ដោយ​”​

លោក​រំឭក​ថា កម្ពុជាមានច្បាប់ល្អ​គ្រប់គ្រាន់រួម​មាន​ច្បាប់​អន្តោប្រវេសន៍​ ហើយ​ថ្មីៗ​នេះ​ រដ្ឋាភិបាល​កម្ពុជា​បាន​​ចេញ​អនុក្រឹត្យ​ស្តីពី​ការ​គ្រប់គ្រង​សន្តិសុខ​សុវត្ថិភាព​ទីតាំង​រស់នៅប្រមូល​ផ្តុំ​ ប៉ុន្តែបញ្ហាសំខាន់ គឺពង្រឹង​ការអនុវត្ត ដើម្បីបង្កើនទំនុកចិត្តដល់​សហ​គមន៍អន្តរជាតិ។

ជុំវិញ​ករណីនេះដែរ លោកបណ្ឌិត មាស នី  អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម បានគាំទ្រ​ចំពោះចំណា​ត់ការរបស់​រដ្ឋាភិបាលក្នុង​ការ​បោស​សម្អាត​ឧក្រិដ្ឋ​កម្ម​ឆបោ​ក​តាម​ប្រព័ន្ធ​អនឡាញ​ ដែល​​ឈាន​ដល់​ការ​ចាប់ខ្លួន​មនុស្ស​ច្រើន​នាក់ ហើយថា នេះគឺជា​ស្នា​ដៃ​ដ៏ធំ​មួយ។​

លោកបណ្ឌិត មាស នី មាន​ប្រសាសន៍​ថា “​ខ្ញុំគាំទ្រលើចំណាត់ការរដ្ឋាភិបាលនៅក្នុងការបោសសម្អាត ក៏ប៉ុន្តែសូមធ្វើឱ្យបានជោគជ័យ​ហើយ​ឱ្យ​មានប្រសិទ្ធិភាព។ កុំឱ្យគ្រាន់តែធ្វើមួយភ្លែ​តហើយរឿងហ្នឹងក៏ស្ងាត់ទៅវិញ រឿងរ៉ាវផ្សេងៗ​ក៏​កើត​មាន​​មក​ដដែលៗវិញ ព្រោះយើងពេលនេះ កម្ពុជាយើងត្រូវការមែនទែនមិនមែនត្រឹមតែស្ដារមុខ​មាត់​ឡើង​វិញ​ទេ ប៉ុន្តែត្រូវតែឆ្លុះបញ្ចាំងរកមើលរបៀបនៃការរស់ នៃការ​ធ្វើ​នយោបាយ​បែប​ថ្មី​មួយ ​ចៀស​វាង​កុំ​ឱ្យ​ប្រទេស​ជិត​ខាងគេមើលងាយយើងដូចសព្វថ្ងៃ”។​

ជាមួយ​នឹង​ការ​សាទរ​ចំពោះ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ លោក មាស នី ក៏​បាន​រិះគន់​ផងដែរ​ថា កម្ពុជា​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​បង្ក្រាបករណី​​នេះតាំង​ពី​ដំបូង​មក​ ដែល​ធ្វើ​ឱ្យ​បញ្ហាឆបោក​​នៅតែដំណើរ​ការ​ជា​ហូរ​ហែរ ហើយ​ការ​ចាប់ខ្លួន​ដ៏ច្រើន​នាក់​នេះ ​ក៏បង្ហាញ​ផងដែរ​ថា កម្ពុជាមានបញ្ហាឧក្រិដ្ឋកម្មឆបោកអនឡាញច្រើន​​​។

ទោះយ៉ាងណា​ លោក ទូច សុខៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ ធ្លាប់​បាន​លើកឡើងតាមរយៈបណ្ដាញតេ​ឡេក្រាមរបស់​លោក​នាព្រឹកថ្ងៃទី៩ ខែមករា ថា កម្ពុជាបានចាប់ផ្តើមបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែនតាំងពីនីតិកាលទី៦ មកម៉្លេះ​ មិន​មែនទើប​ធ្វើ​នៅពេល​មាន​ករណី​ចាប់​ខ្លួន​មេខ្លោង​ឧក្រិដ្ឋ​កម្ម​អនឡាញ ចេន ហ្ស៊ី នេះទេ។

លោក ទូច សុខៈ មាន​ប្រសាសន៍​ថា “មិនមែនមានន័យថា ទើបតែការចាប់ខ្លួន ចេន ស៊ី […] ទើបយើងនាំគ្នាចាប់ផ្ដើមភ្ញាក់ផ្អើល ហើយទើបយើងនាំគ្នាបង្កើនការបោសសម្អាតឬក៏បង្កើនការបង្ក្រាបនោះទេ គឺយើងបានធ្វើតាំងពីដើមទីរហូតមកដល់ពេលនេះ ហើយ​យើងនឹងបន្តធ្វើតទៅទៀត”។

កាលពីថ្ងៃទី​១៤ ខែ​កក្កដា ឆ្នាំ​២០២៥​ លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត បាន​ចេញ​បញ្ជា​ទៅ​កាន់​ក្រសួង​ ស្ថាប័ន​និង​អាជ្ញាធរ​ពាក់​ព័ន្ធ​រួម​មាន​ មន្ត្រីយោធា​ នគរ​បាល​ជាតិ ឆ្មាំ​ព្រំដែន​ និង​ស្ថាប័ន​ពាក់​ព័ន្ធ​ផ្សេងៗទៀត​ ដាក់​គោលដៅ​បង្ក្រាប​ទីតាំង​​ប្រតិបត្តិការ​ឆបោក​​អនឡាញ​និង​ឧក្រិដ្ឋ​កម្ម​ពាក់​​ព័ន្ធ​ ដូចជា​ការ​ជួញដូរ​មនុស្ស​​ជា​ដើម​។ នៅ​ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ រដ្ឋាភិបាលបានចេញអនុក្រឹត្យ​ថ្មីមួយទៀត​ “ស្តីពីការគ្រប់​គ្រង​សន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ” ដោយផ្តោតជាពិសេសលើការគ្រប់គ្រងជនបរទេស និងការទប់ស្កាត់ការស្នាក់នៅខុសច្បាប់។​

ថ្មីៗនេះទៀត តាមរយៈ​សារផ្ញើ​ជូន​ជនរួម​ជាតិ​​កាល​ពីថ្ងៃទី​១៣ ខែមករា កន្លង​ទៅ​នេះ លោកនាយករដ្ឋ​មន្ត្រី​ក៏បាន​អំពាវនាវ​ឱ្យ​មាន​ការ​ចូល​រួម​ពីសាធារណជន​ក្នុង​ការ​លុប​បំបាត់​ភាព​អសកម្មក្នុង​សង្គម​និងចូល​រួម​​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋ​កម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដោយ​ចាត់ទុក​ជា​កិច្ច​ការ​អាទិភាព​រួម​ជាមួយ​នឹង​គោលនយោ​បាយ​​​​អភិវឌ្ឍ​ន៍​ផ្សេងទៀត។​

លោកមាន​ប្រសាសន៍​ថា “សន្តិសុខនិងសណ្ដាប់ធ្នាប់សង្គម និងការប្រយុទ្ធប្រ​ឆាំង​នឹងឧក្រិដ្ឋកម្ម គឺជាអាទិភាពមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីធានាការរស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋ ហើយការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាចំណុចដ៏សំខាន់នាពេលនេះ បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងលើកិច្ចការអាទិភាពសំខាន់ៗរបស់ជាតិផ្សេងទៀត”។

លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល បានប្រាប់ Press Start Cambodia ថា ការបង្ក្រាបឧក្រិដ្ឋកម្មឆបោកអនឡាញ គឺជាអាទិភាពកំពូលរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយផ្ទាល់ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

លោក ប៉ែន បូណា មាន​ប្រសាសន៍ថា “ការបង្ក្រាបការឆបោក ឧក្រិដ្ឋកម្មអនឡាញ​ គឺជាកិច្ចការរបស់រាជរដ្ឋាភិបាលដែលយកចិត្តទុកដាក់បំផុត សំខាន់ដែលត្រូវធ្វើ អញ្ជឹងហើយបានសម្តេចធិបតី​ នាយករដ្ឋមន្រ្តី លោកនិងក្រុមការងារដឹក​នាំ​ផ្ទាល់តែម្តង ដើម្បីធ្វើរឿងនេះ […] យើងបាននឹងកំពុងធ្វើកិច្ចការនេះយ៉ាងសកម្ម រាជរដ្ឋាភិបាលមានឆន្ទៈមោះមុតក្នុងការបង្ក្រាបរឿងនេះឱ្យទាល់តែបាន ពីព្រោះរឿងនេះស្មុគ​ស្មាញ។ វាជារឿងឆ្លងដែន”។

យោងតាម​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ (GDI) បុគ្គលចំនួន​១៣៥៥៧នាក់​ មក​ពី​៦៦​ប្រទេស​ ត្រូវ​បាន​និរទេស​ក្នុងឆ្នាំ​២០២៥ បន្ទាប់ពីត្រូវ​បាន​រក​ឃើញ​មាន​ជាប់​ពាក់​ព័ន្ធពីបទឧក្រិដ្ឋកម្មផ្សេងៗ៕