ជនស៊ីវិល​​៤​នាក់​ស្លាប់​និង​​៩​នាក់​រង​របួស​​ ខណៈ​ជម្លោះ​ប្រដាប់អាវុធនៅព្រំដែន​កម្ពុជា​-ថៃ​​ផ្ទុះឡើងជា​ថ្មី

ជន​ស៊ីវិលកម្ពុជា ​៤នាក់​ស្លាប់ ៩នាក់​រងរបួស និង​​រាប់ពាន់​​នាក់ផ្សេងទៀត​ត្រូវ​បាន​ជម្លៀស​ទៅតំបន់​សុវត្ថិ​ភាព​ ​​បន្ទាប់ពី​មាន​ការ​ផ្ទុះ​​អាវុធជា​ថ្មី​​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ​។​

យោង​តាម​សារ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក នេត្រ ភក្ត្រា​ រដ្ឋ​មន្ត្រីក្រសួង​ព័ត៌មាន​នៅរសៀល​ថ្ងៃ​ច័ន្ទនេះដែល​យោងតាម​តួលេខ​បឋម​ពីខេត្តឧត្តរមាន​ជ័យ​និង​ព្រះវិហារ​បាន​ឲ្យ​ដឹង​ថា មានពលរដ្ឋ​៤នាក់​បាន​ស្លាប់​ ៩​នាក់រងរបួស​និង​ច្រើន​ម៉ឺន​នាក់​ទៀត​បាន​ជម្លៀស​ទៅ​កន្លែង​សុវត្ថិភាព​ បន្ទាប់ពី​កងទ័ព​ថៃ​បាន​បើក​ការ​វាយ​ប្រហារប្រដាប់អាវុធ​​មក​លើ​កងកម្លាំង​និង​ជនស៊ីវិល​កម្ពុជា​។​

ការ​ផ្ទុះ​អាវុធ​​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-ថៃ បាន​ចាប់ផ្តើម​ជា​ថ្មី​នៅ​ម៉ោង​ប្រមាណ ១៤:១៥នាទី​​កាល​ពី​រសៀល​ថ្ងៃទី​៧ ខែ​ធ្នូ​ ឆ្នាំ​២០២៥​ បន្ទាប់ពីតាម​ចោទ​ថា ​កងទ័ព​ថៃបាន​​បើក​ការ​វាយ​ប្រហារ​មក​លើ​កងទ័ព​កម្ពុជា​និង​​ជនស៊ីវិលនៅ​ខេត្តព្រះវិហារនិង​ឧត្តរមាន​ជ័យ​ ហើយ​​បាន​បន្ត​ដល់​ភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ​​នៅរសៀល​​ថ្ងៃច័ន្ទនេះ​។ នេះបើ​តាម​ការ​លើក​ឡើង​របស់​លោកស្រី ម៉ាលី សុជាតា អ្នក​នាំពាក្យ​ក្រសួង​ការ​ពារ​ជាតិនៅក្នុង​សេចក្តីប្រកាសព័ត៌មាន​មួយ​​នៅថ្ងៃ​ចន្ទនេះ​។​​​

ជុំវិញ​ករណី​ផ្ទុះអាវុធជាថ្មីនៅតំបន់ព្រំដែននេះ ក្រសួងការពារជាតិកម្ពុជា និងស្ថាប័នពាក់ព័ន្ធនា​​នា ក៏​បានប្រកាស​ថ្កោលទោសយ៉ាងដាច់អហង្កានិង​ចាត់ទុក​ជា​ការ​ឈ្លានពានយ៉ាងកម្រោលពី​ភាគី​ថៃ​មកលើអធិប​តេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ។ ប៉ុន្តែ​យោធាថៃបាន​បដិ​សេធ​ ​ហើយ​ថា ការ​វាយ​ប្រហារនេះ គឺជា​ការ​​ឆ្លើយ​តប​ចំពោះ​ការ​វាយ​ប្រហារ​របស់​កងទ័ពកម្ពុជា​ទៅលើ​កងទ័ពថៃ​កាល​ពីថ្ងៃអាទិត្យ​។​

ទោះបីជា​យ៉ាងណា​ អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានបង្ហោះ​សារនៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​​នៅ​ព្រឹក​ថ្ងៃច័ន្ទនេះ ដោយចាត់​ទុក​សក​ម្ម​ភាព​របស់​យោធាថៃ​ថា មាន​ចេតនាទាញ​​​កម្ពុជា​ឲ្យ​ចូល​ក្នុងភ្លើង​​សង្គ្រាម​ ដើម្បី​បំផ្លាញ​ចោល​បទ​ឈប់​​បាញ់​និង​សេចក្តីថ្លែងការណ៍​សន្តិភាព​​កម្ពុជា-ថៃ ដោយ​លោក​បាន​អំពាវនាវឲ្យកងកម្លាំងជួរមុខរក្សាការអត់​ធ្មត់។

លោកបានសរសេរថា “កម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ ព្រោះពួកឈ្លានពានកំពុងប្រើអាវុធគ្រប់​ប្រភេទបាញ់មកលើយើងតាំងពីថ្ងៃម្សិល យប់ម៉ិញនិងព្រឹកនេះក្នុងគោលបំណងទាញយើងឲ្យតបត ដើម្បី​បំផ្លាញចោលបទឈប់បាញ់និងសេចក្តីថ្លែងការណ៍សន្តិភាពកម្ពុជា-ថៃ។ […] បន្ទាត់ក្រហមដែលត្រូវ​តបតបានកំណត់រួចហើយ សូមមេបញ្ជាការគ្រប់ជាន់ថ្នាក់អប់រំបងប្អូននាយទាហានពលទាហានយល់ដឹងគ្រប់ៗគ្នា»។

លោក​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ក៏​បាន​សរសេរសារ​នៅលើ​ទំព័រហ្វេសប៊ុក​របស់​លោក​នៅរសៀល​ថ្ងៃ​នេះផងដែរ ដោយ​អំពាវនាវ​ឱ្យ​មាន​ការ​រួម​សាមគ្គីគ្នា​ក្នុង​ពេលវេលា​ដ៏លំបាក​នេះ​ ដោយអះ​អាង​ថា លោកផ្ដោ​ត​សំខាន់ទៅលើការការពារប្រជាជន និងការការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យរបស់​កម្ពុជា។

លោកនាយករដ្ឋមន្ត្រីបានអំពាវនាវថា​ “​សូមគ្រប់ក្រសួងស្ថាប័ន អជ្ញាធរគ្រប់លំដាក់ថ្នាក់ កងកម្លាំងប្រដាប់​អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋខ្មែរទាំងអស់ រួមសាមគ្គីគ្នា ដើម្បីបុព្វហេតុជាតិ មាតុភូមិក្នុងដំណាក់កាលដ៏លំបាកនេះ»។

លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ បានបញ្ជាក់នៅរសៀលថ្ងៃច័ន្ទ​នេះថា ការបើក​​ការវាយប្រហារពីខាងភាគីថៃមកលើកម្ពុជា បានបណ្តាលឲ្យប្រជាពលរដ្ឋមួយរូបបាត់បង់ជីវិត​និង​ពីរនាក់ទៀត​រងរបួស​នៅក្នុង​ភូមិសាស្ត្រខេត្តព្រះវិហារ។

លោក​បន្តថា គិតមកត្រឹមពេលនេះប្រជាពលរដ្ឋជាង១៤០០ គ្រួសារ សរុបប្រមាណជាង ៥០០០ នាក់ត្រូវបានជម្លៀស​ទៅ​កាន់​តំបន់​សុវត្ថិភាពហើយ ខណៈ​ការផ្ទុះអាវុធ​នៅ​បន្ត​កើត​មាន​នៅឡើយ​នៅ​ភូមិសាស្ត្រខេត្តព្រះវិហារ ។

លោកបានថ្លែងថា “​ ឥឡូវនេះ ប្រជាជនយើងកំពុងតែជម្លៀសជាបន្តបន្ទាប់តាមបាតុភាពជាក់ស្ដែង​។ ស្ថាន​ភាពនៅជួរមុខឯណោះនៅតែតានតឹងអញ្ចឹង តែខ្ញុំក្តោបអត់បានទេថា នៅចំណុចណាខ្លះទាល់តែទៅខាងការពារជាតិបានគេដឹងច្បាស់»។

ចំណែកលោក ពៅ បឿន មេភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យបានថ្លែងប្រាប់ Press Start Cambodia នៅរសៀល​ថ្ងៃច័ន្ទ​នេះ​ថា ប្រជាពលរដ្ឋភូមិព្រៃចាន់ប្រមាណ ២៧៩ គ្រួសារត្រូវបានជម្លៀសចេញពីភូមិឋានរបស់ពួកគាត់​ ទៅកាន់កន្លែងសុវត្ថិភាពនៅក្នុងវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតក្នុងភូមិកូបកើត ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោកថា ប្រជាពលរដ្ឋភូមិព្រៃចាន់មានសុវត្ថិភាពទាំងអស់ មិនមានរបួសឬស្លាប់នោះទេ ខណៈស្ថានភាពហាក់​ដូចជាមានការស្ងប់ស្ងាត់ ប៉ុន្តែ​លោក​ថា នៅភូមិជោគជ័យ គឺនៅតែបន្តមានភាព​តានតឹងនៅឡើយ បើគិតមកត្រឹមរសៀលនេះ។

លោក ពៅ បឿន បានមានប្រសាសន៍ថា “​នៅខាងនេះ អត់មានអ្នករបួសទេ។ ប្រជាពលរដ្ឋទាំងអស់បាន​ភៀស​ខ្លួនទៅទីទួលសុវត្ថិភាពអស់ហើយតាំងពីព្រឹកមកម្ល៉េះ។ ភូមិជោគជ័យនៅតែបន្ត ប៉ុន្តែខាងព្រៃចាន់យើងនេះស្ងាត់ហើយ”។

លោក ប៉ា ចាន់រឿន ជាប្រធានវិទ្យាស្ថានកម្ពុជា ដើម្បីប្រជាធិបតេយ្យ​បានកត់សម្គាល់ថា នេះគឺជារឿងអកុសល ដែលថៃ​បន្ត​រំលោភបំពានលើ​កម្ពុជា ដោយប្រើប្រាស់កម្លាំងយោធាច្រើន​ ជា​​មួយ​នឹង​គ្រឿងសព្វា​វុធ​ទំនើប ដែលនេះ ​បង្ហាញ​អំពី​កង្វះឆន្ទះ​និង​ការ​គោរពចំពោះ​កិច្ច​ព្រមព្រៀង​ដែល​ថៃបាន​ចុះ​ហត្ថលេខា​កន្លង​មក។​

លោកបានបន្តថា ការប្រើប្រាស់អាវុធធុនធ្ងន់ដូចជាយន្តហោះចម្បាំង F16 ក្នុងការវាយប្រហារមកលើកកម្ពុជាដែលបណ្ដាលឲ្យប្រជាពលរដ្ឋបាត់បង់ជីវិតនិងរងរបួស ព្រមទាំងទ្រព្យសម្បត្តិត្រូវ​បានបំផ្លិចបំផ្លាញបែបនេះ ត្រូវបានមើលឃើញថា ជារឿងគួរឱ្យសង្វេគនិងអយុត្តិធម៌បំផុតសម្រាប់ប្រជាពលរដ្ឋកម្ពុជា។

លោក ប៉ា ចាន់រឿន ​មាន​ប្រសាសន៍​ថា៖ «សម្រាប់ថៃនេះ គឺជាគំរូអាក្រក់ក្នុងនាមជាសមាជិកអាស៊ានមួយរូប ដែលមិនគោរពតាមកិច្ចព្រមព្រៀងនិងច្បាប់អន្តរជាតិ ផ្ទុយទៅវិញជ្រើសយកច្បាប់ព្រៃក្នុងការវាយប្រហារនិងទន្ទ្រានមកលើប្រទេសកម្ពុជា»។

គួររំលឹកផងដែរថា កន្លងមក ​​កម្ពុជា និងថៃ បាន​​​ចុះ​ហត្ថលេខា​ទៅ​លើ​កិ​ច្ច​ព្រម​ព្រៀង​ចំនួន​ពីរ​រួច​មក​ហើយ ក្នុងនោះ​មាន​កិច្ច​ព្រម​ព្រៀង​​បទ​ឈប់​បាញ់ ដែល​បាន​ចូល​ជា​ធរមាន​នៅថ្ងៃ​ទី​២៨​ ខែ​កក្កដា ឆ្នាំ២០២៥ និង​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ដែល​ទើប​តែ​ចុះ​ហត្ថ​លេខា កាលពី​ថ្ងៃទី២៦ ​ខែ​តុលា ​ឆ្នាំ​២០២៥ នៅ​ទីក្រុង​កូឡា​ឡាំពួរ ប្រទេស​ម៉ាឡេស៊ី ដែលមាន​​នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី​ លោក​ អាន់វ៉ា អ៊ីប្រាហ៊ីម និងប្រធានាធិបតីសហរដ្ឋ​អាមេរិក លោក​​ ដូណាល់ ត្រាំ ធ្វើ​ជា​សាក្សី​​៕