សង្គមស៊ីវិលស្នើឲ្យរដ្ឋាភិបាល​ដោះ​លែង​សកម្មជនកំពុងជាប់ឃុំ អំឡុង​ប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិឆ្នាំ​២០២៥​

ក្រុមអង្គការសង្គមស៊ីវិល ​ស្នើ​​ឱ្យរដ្ឋាភិបាល​​ដោះ​លែង​សកម្មជន​នយោបាយ បរិស្ថាន និងសកម្មជនឯទៀត​ដែល​កំពុងជាប់ឃុំ ឱ្យមានសេរីភាពឡើង​វិញ អំឡុង​ពេល​​ប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិឆ្នាំ២០​២៥​ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ ដោយ​លើកឡើង​អំពី​ការ​ធ្លាក់ចុះ​ជា​បន្ត​និង​គួរ​ឱ្យ​ព្រួយបារម្ភ​នូវលំហ​សេរីភាព​នៃការ​បញ្ចេញ​មតិ​តាម​បែប​ប្រជា​ធិបតេយ្យ​។

អង្គការសង្គមស៊ីវិលចំនួន១៩ស្ថាប័ន បានប្រារព្ធទិវា​សិទ្ធិ​មនុស្ស​​អន្តរជាតិ ក្រោមប្រធានបទ «សារៈសំខាន់នៃការ​គោរពជាប្រចាំថ្ងៃនូវតម្លៃសិទ្ធិមនុស្ស លំហសេរីភាពប្រជាពលរដ្ឋ និងសិទ្ធិអ្នកការពារសិទ្ធិមនុស្ស» នៅថ្ងៃទី៧ ខែធ្នូនេះ នៅមជ្ឈមណ្ឌលអប់រំ​ច្បាប់​សម្រាប់​សហគមន៍ ដោយមានអ្នកចូលរួមប្រមាណ​២០០​នាក់​​។

តាមរយៈសេចក្ដីថ្លែងការណ៍​រួម ក្រុមអង្គការសង្គមស៊ីវិលបានបង្ហាញក្ដីព្រួយបារម្ភចំពោះការរឹតត្បិតសិទ្ធិមនុស្ស​នៅកម្ពុជា ក្នុងនោះរួមមាន ការកើនឡើងនៃការប្រើប្រាស់បទប្បញ្ញត្តិព្រហ្មទណ្ឌដូចជាបទញុះញង់ និងបរិហារកេរ្តិ៍ ការរឹតត្បិតលើការប្រមូលផ្តុំដោយសន្តិវិធី ការរឹតបន្តឹងផ្នែករដ្ឋបាល និងការត្រួតពិនិត្យលើអង្គការសង្គមស៊ីវិល និងការគាបសង្កត់លើប្រព័ន្ធឌីជីថល ដែលសំដៅទៅលើអ្នករិះគន់តាមអនឡាញ សកម្មជន និងអ្នកសារព័ត៌មាន។

ប្រភពដដែលបន្តថា បញ្ហាទាំងនេះ គឺ​ជាសម្ពាធនិងបានធ្វើឱ្យប៉ះពាល់ដល់អភិបាលកិច្ចប្រជាធិបតេយ្យ គណ​នេយ្យភាព និងការចូលរួមប្រកបដោយបរិយាបន្ន ដែលជាមូលដ្ឋានគ្រឹះនៃសង្គមប្រកបដោយសន្តិភាព។ ករណី​នេះ ក្រុមអង្គការសង្គមស៊ីវិលស្នើសុំឲ្យរដ្ឋាភិបាលបើកឡើងវិញនិងពង្រីកនូវលំហប្រជាធិបតេយ្យ ការពារអ្នកការ​ពារសិទ្ធិមនុស្ស បញ្ចប់ការយាយីតាម​ផ្លូវតុលាការ អនុវត្តអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្ស និង ពង្រឹងតម្លាភាព គណនេយ្យភាព និងនីតិរដ្ឋជាដើម។

សេចក្ដីថ្លែងការណ៍​សរសេរថា “ដោះលែងអ្នកទោសមនសិការទាំងអស់ ដែលត្រូវបានឃុំខ្លួនសម្រាប់ការបញ្ចេញមតិ និងសកម្មភាពដោយសន្តិវិធី ដើម្បីការពារសិទ្ធិមនុស្ស ផលប្រយោជន៍ ឬតម្រូវការសាធារណៈ និងសិទ្ធិបរិស្ថាន និងសេរីភាពសារព័ត៌មាន។ ធានានូវនីតិវិធីច្បាប់ប្រកបដោយយុត្តិធម៌ មិនលម្អៀង និងទាន់ពេលវេលាសម្រាប់បុគ្គល ដែលប្រឈមនឹងការចោទប្រកាន់ទាក់ទងនឹងសិទ្ធិមនុស្ស»។

លោក រស់ សុដ្ឋា នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា(CHRAC) សង្កេតឃើញថា បញ្ហារឹតត្បិតសិទ្ធិមនុស្សនៅកម្ពុជាមិនមានសញ្ញាថមថយឡើយ ទាំងសិទ្ធិបញ្ចេញមតិ និងសិទ្ធិជួបជុំជាដើម​ ជាក់ស្ដែងការមិនអនុញ្ញាតឱ្យក្រុមសង្គមស៊ីវិលប្រារព្ធទិវាសិទ្ធិមនុស្សនៅទីលានប្រជាធិបតេយ្យជាដើម ដែលជា​ទីសាធារណៈ។

លោកបន្តថា បញ្ហានានាដែលបាន​កើតឡើង ដូចជាវិបត្តកូវីដ១៩ បញ្ហាទំនាស់ព្រំដែនកម្ពុជា-ថៃ ទំនាស់រវាងបក្ស​ប្រឆាំងនិង​បក្ស​កាន់​អំណាច គឺមិនត្រូវយកមកធ្វើឱ្យប៉ះពាល់​ ឬរឹតត្បិតសិទ្ធិពលរដ្ឋ និង​អង្គការសង្គម​ស៊ីវិល​ឡើយ។ ជាមួយគ្នានេះ លោក សុដ្ឋា ស្នើរដ្ឋាភិបាលដោះលែងសកម្មជននានាឱ្យមានសេរីភាពឡើងវិញ​។

លោកមាន​ប្រសាសន៍​ថា “ឱ្យមានការដោះលែងសកម្មជនបរិស្ថាន សកម្មជនសិទ្ធិមនុស្ស អ្នកសារព័ត៌​មាន ព្រម​​ទាំង​អ្នក​នយោបាយ […] ការដោះលែងនឹងជួយធ្វើឱ្យលំហសេរីភាព លំហសេរីភាព ការគោរពសិទ្ធិមនុស្ស គឺ​កាន់​តែ​បានទូលាយនិងមានការសាទរ លែងមានកង្វល់ លែងមានការខឹងសប្បារ​ពីសហគមន៍ជាតិ អន្តរជាតិ»។

លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA) លើក​ឡើង​ថា តាមការ​សង្កេត​របស់​លោកផ្ទាល់ និងតាមរយៈរបាយការណ៍របស់អង្គការអន្តរជាតិនានា គឺថា​ លំហ​សេរីភាព​នៅ​កម្ពុជា​រួម​តូច​ទៅៗជាបន្តបន្ទាប់ ដែល​ក្នុង​នោះ​មានការ​រឹតត្បិត​លើ​ការ​ជួបជុំនិង​ការ​ប្រារព្ធ​កម្មវិធីសិទ្ធិមនុស្ស​ផ្សេងៗនៅតាម​ទីសាធារណៈ​ ដោយ​លោក​ស្នើឱ្យទម្លាក់ចោលនូវបទចោទ និងដោះលែងសកម្មជននយោ​បាយ បរិស្ថាន សិទ្ធិមនុស្សឱ្យមានសេរីភាពឡើងវិញ ដើម្បីឱ្យពួកគេ​បាន​ចូលរួម​ក្នុងកិច្ចការជួយសង្គមជាតិ​កម្ពុជា។

លោកមាន​ប្រសាសន៍​ថា “យើងមើលឃើញសេរីភាពនៃការបញ្ចេញមតិនៅទីសាធារណៈ ​ត្រូវបានរឹត​ត្បិត ហើយសេរីភាពបញ្ចេញមតិនៅតាមបណ្ដាញសង្គមក៏ត្រូវបានរឹតត្បិតដែរ អាហ្នឹងគឺជា​ចំណុចអ្នកបញ្ចេញ​មតិតាមបណ្ដាញសង្គមមួយចំនួន ត្រូវបានគេចោទប្រកាន់ ត្រូវបានគេហៅមកព្រមាន ​ត្រូវបានគេលាបពណ៌ ត្រូវបានគេដាក់ទោសទណ្ឌ​»។

លោក ម៉េត រ៉ាវី និស្សិតអក្សរសាស្រ្តខ្មែរ និងជាយុវជនស្ម័គ្រចិត្តនៃក្រុមពង្រឹងសិទ្ធិអំណាចយុវជន ដើម្បីសមធម៌សង្គម (EYES) ដែលបានចូលរួមទិវាសិទ្ធិមនុស្សនេះ បាននិយាយថា លំហសេរីភាពនៅកម្ពុជាបច្ចុប្បន្ន មិនត្រូវបានបើកពេញលេញទេ ហើយ​ថា លោកចង់ឃើញការ​បើកលំហសេរីភាពពេញលេញដូចមាន​ចែងនៅ​ក្នុង​ច្បាប់។

លោកនិយាយ​ថា “​នៅពេលបច្ចុប្បន្ននេះ គឺលំហសិទ្ធិសេរីភាពរបស់ពលរដ្ឋនៅកម្ពុជាយើងមិនទាន់បានពេញ​លេញទេ គឺមានការរឹតត្បិតនៅឡើយ មិនថា ការរឹតត្បិតអំពីសកម្មភាពផ្សេងៗ ដូច​ជា​យើង​មើល​ឃើញ​ជាក់​​ស្ដែង​ដូចជាមានការចាប់សកម្មជនមួយចំនួនដែលពួកគាត់​ធ្វើកិច្ចការ ដើម្បីតែផលប្រយោជន៍ជាតិ ផលប្រ​យោជន៍រួមអ៊ីចឹង ប៉ុន្តែផលតបស្នងរបស់ពួកគេបែរជាគេដាក់ទោសទៅវិញ។ អាហ្នឹង គឺវាបញ្ហា​ថា​ សិទ្ធិសេរីភាពនៅប្រទេសកម្ពុជា គឺវាអត់ទាន់ពេញលេញទេ»។

លោក រ៉ាវី បន្ថែមថា ការចាប់សកម្មជនទាំងនោះដាក់ពន្ធធនាគារមិនបានផ្ដល់ផលចំណេញដល់ប្រទេស​ជាតិ​​នោះទេ ផ្ទុយទៅវិញ វាធ្វើឱ្យខាតបង់ធនធានមនុស្សសម្រាប់ជាតិទៅវិញ។ ករណីនេះ លោកស្នើសុំរដ្ឋាភិ​បាលដោះលែងរាល់សកម្មជនទាំងអស់ឱ្យមានសេរីភាពឡើងវិញ។

លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលបាន​ចាត់ទុកថា ការសម្ដែងក្ដីបារម្ភពីបញ្ហាសិទ្ធិមនុស្ស និងការវាយតម្លៃសេរីភាពបញ្ចេញមតិនៅកម្ពុជាដោយសង្គមស៊ីវិល គឺផ្អែកទៅលើភស្តុតាងតែមួយជ្រុង និងមិនបាន​ឆ្លុះបញ្ចាំងពីតថភាពសង្គមទំាងមូល។ លោកបន្ត​ថា ប្រជាពលរដ្ឋកម្ពុជា​មានសិទ្ធិសេរីភាពបញ្ចេញមតិពេញលេញ ជាពិសេសនៅលើបណ្ដាញសង្គមនាពេលបច្ចុប្បន្ននេះ ប៉ុន្តែ​​​ត្រូវធ្វើ​​ស្របតាម​ច្បាប់។​​

លោកមាន​ប្រសាសន៍​ថា «នៅក្នុងស្ថានភាពដែលមានការបញ្ចេញមតិលើសលុបដែលស្ទើរតែក្លាយជាភាពអនា​ធិបតេយ្យចឹង បើយើងអត់មានច្បាប់គ្រប់គ្រងខ្លះ តើវាទៅជាយ៉ាងណាសង្គមយើង? សូមឱ្យគាត់មើលចន្លោះនឹង បានយើងចូលរួមចំណែកក្នុងការកែលម្អស្ថានភាពសេរីភាពបញ្ចេញមតិទាំងអស់គ្នា»។

អង្គការឃ្លាំមើលការអនុវត្តសិទ្ធិសេរីភាពក្នុងពិភពលោក Freedom House បាន​បន្តចាត់ថ្នាក់ប្រទេសកម្ពុជាជាប្រទេសមិនសេរី ដោយឱ្យពិន្ទុ២៣ លើពិន្ទុពេញ១០០ពិន្ទុរយៈពេល ២ឆ្នាំជាប់គ្នា គឺឆ្នាំ២០២៤ និងឆ្នាំ២០២៥ ដែលពិន្ទុនេះបានថយចុះចំនួន១ពិន្ទុ គឺ ២៤ពិន្ទុកាលពីឆ្នាំ​២០២៣៕