អាជ្ញាធរកម្ពុជាមីនកម្ពុជា ច្រានចោលការចោទប្រកាន់ជាថ្មីម្តងទៀត ពីសំណាក់ភាគីថៃដែលថា ខ្លួនបានដាក់មីនថ្មីនៅតាមបណ្តោយព្រំដែន ដោយចាត់ទុកទង្វើជាឯកតោភាគីរបស់ភាគីថៃនេះ ថាបានបំផ្លាញទំនុកចិត្ត បង្កឱ្យមានការយល់ច្រឡំជាសាធារណៈ និងបង្កភាពស្មុគស្មាញដល់ការងាររបស់ក្រុមបច្ចេកទេសដែលកំពុងអនុវត្តការងារផ្ទាល់។
សេចក្តីថ្លែងការណ៍របស់អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានលើកឡើងថា ថ្មីៗនេះ មានការចែកចាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយថៃ ដោយចោទប្រកាន់គ្មានការពិតមកលើកម្ពុជា ថាបានដាក់មីនថ្មីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលការចោទប្រកាន់ជាថ្មីម្តងទៀតនេះ ត្រូវបានផ្សព្វផ្សាយដោយគ្មានរបាយការណ៍ស៊ើបអង្កេតផ្លូវការ មិនមានការផ្ទៀងផ្ទាត់រួមគ្នា និងគ្មានការពិគ្រោះយោបល់តាមរយៈយន្តការទេ្វភាគី ដែលបានព្រមព្រៀងគ្នានោះឡើយ។
ទាក់ទងនឹងការលើកឡើងពីការដាក់មីនប្រភេទ PMN-2 ទើបត្រូវបានដាក់ថ្មី កម្ពុជាគូសបញ្ជាក់ថា ការលើកឡើងនេះ ត្រូវតែគាំទ្រដោយរបាយការណ៍បច្ចេកទេសផ្លូវការ រូបថតដែលមានការផ្ទៀងផ្ទាត់ត្រឹមត្រូវ ការវិភាគពីទីតាំងផ្ទុះ របាយការណ៍នៃការប្រមូលនិងរក្សាទុកភស្តុតាង និងការវាយតម្លៃដោយអង្គការសកម្មភាពមីនភាគីទីបីដែលអព្យាក្រិត្យ ប៉ុន្តែមកទល់ពេលនេះ កម្ពុជានៅមិនទាន់ទទួលបានរបាយការណ៍ណាមួយនៅឡើយ។
ហើយចំពោះការអះអាងពីការរើសបានទូរសព្ទរបស់ទាហានកម្ពុជា កម្ពុជាសម្តែងនូវការព្រួយបារម្ភចំពោះភាពពិតនៃរូបភាព ព្រោះព័ត៌មាននិងភស្តុតាងដែលបានលើកឡើងដោយថៃ មិនត្រូវបានបញ្ជូនមកកម្ពុជា ខណៈបច្ចុប្បន្នរូបភាព ឬវីដេអូ អាចត្រូវបានកែប្រែដើម្បីបំភាន់ ដែលទាមទារឱ្យមានការពិនិត្យច្បាស់លាស់។
ករណីនេះ កម្ពុជា បានអំពាវនាវឱ្យមានការស៊ើបអង្កេតរួមគ្នាជាបន្ទាន់ ដោយមានការចូលរួមពីអ្នកជំនាញអន្តរជាតិអព្យាក្រឹត ដើម្បីធានាបាននូវការវាយតម្លៃត្រឹមត្រូវ និងផ្អែកលើភស្តុតាង។
សេចក្តីថ្លែងការណ៍របស់អាជ្ញាធរមីន បានគូសបញ្ជាក់ថា៖ «អាជ្ញាធរមីន សម្តែងនូវការសោកស្តាយ ដែលការចោទប្រកាន់របស់ថៃម្តងហើយម្តងទៀត ត្រូវបានចេញផ្សាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ដោយមិនមានការជូនដំណឹងមកកម្ពុជា តាមរយៈយន្តការទ្វេភាគី។ ទង្វើជាឯកតោភាគីនេះ បានបំផ្លាញទំនុកចិត្តបង្កឱ្យមានការយល់ច្រឡំជាសាធារណៈ និងបង្កភាពស្មុគស្មាញដល់ការងាររបស់ក្រុមបច្ចេកទេស ដែលកំពុងអនុវត្តការងារផ្ទាល់»។
ការច្រានចោទការចោទប្រកាន់របស់ភាគីថៃ មកលើកម្ពុជានេះ បានធ្វើឡើងក្រោយពីកាសែតក្នុងស្រុកថៃ ក្នុងនោះក៏មានកាសែត Khaosod English បានចុះផ្សាយកាលពីថ្ងៃទី២៤ ខែវិច្ឆិកាថា ករណីទាហានថៃជាន់មីនរបួសនៅតំបន់ក្បែរប្រាសាទព្រះវិហានោះ គឺជាមីនដែលបានបង្កប់ថ្មីដោយភាគីកម្ពុជា ដោយផ្អែកលើការផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT-TH ប្រចាំនៅប្រទេសខ្លួន។
ប្រភពដដែល បន្តថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន បានចុះទៅពិនិត្យដល់ទីតាំងកើតហេតុភ្លាមៗ ក្រោយមានហេតុការផ្ទុះមីនខាងលើ និងថា ដោយផ្អែកលើការវាយតម្លៃស្ថានភាពដី លំនាំនៃការដាក់មីន និងដាននៃការកប់ គេបានរកឃើញថា មីនប្រភេទ PMN-2 ត្រូវបានកប់ក្នុងអំឡុងពេលប៉ះទង្គិចគ្នាចុងក្រោយបង្អស់ ដែលស្របនឹងឧប្បត្តិហេតុមុនៗទាំងអស់នៅក្នុងជម្លោះព្រំដែនថៃ-កម្ពុជា។
គេសង្កេតឃើញថា ក្រោយហេតុការណ៍ផ្ទុះមីនក្បែរតំបន់ប្រាសាទព្រះវិហារ កាលពីថ្ងៃទី១០ ខែវិច្ឆិកានោះ រដ្ឋាភិបាល និងយោធាថៃបានចេញមុខប្រកាសផ្អាកការអនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពកម្ពុជា-ថៃ ព្រមទាំងផ្អាកការដោះលែងទាហានខ្មែរទាំង ១៨នាក់ ដែលគ្រោងធ្វើកាលពីថ្ងៃទី១២ ខែវិច្ឆិកា ផងដែរ។ ការសម្រេចជាឯកតោភាគីនេះ ត្រូវបានភាគីថៃពន្យល់នៅពេលនោះថា គឺដោយសារសន្តិសុខជាតិរបស់ថៃ កំពុងរងការគំរាមកំហែងជាថ្មី ក្រោយទាហានរបស់ខ្លួន ៤នាក់ ដើរជាន់មីនត្រង់ចំណុចភូមិសាស្ត្រក្បែរប្រាសាទព្រះវិហារកម្ពុជានោះឯង។
សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ និងជាអ្នកតាមដានភូមិសាស្រ្តនយោបាយ លោក សេង វណ្ណលី មានប្រសាសន៍នៅថ្ងៃទី២៦ ខែវិច្ឆិកានេះថា ការចោទប្រកាន់របស់ភាគីថៃ គឺជាតាក់ទិចដដែលៗ ដោយដាក់សម្ពាធមកលើរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅបង្ហាញឲ្យឃើញថា កម្ពុជារំលោភបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពដែលប្រទេសទាំងពីរសម្រេចបានកន្លងមក ហើយភាគីថៃចង់យកជាហេតុផលដើម្បីផ្អាកនូវកិច្ចព្រមព្រៀងដែលបានធ្វើកន្លងមកជាមួយកម្ពុជា។
លោកបន្តថា ទង្វើរបស់ភាគីថៃ ត្រូវបានមជ្ឈដ្ឋានតំបន់ ក៏ដូចជាអន្តរជាតិ មើលឃើញថា ជាលេសក្នុងការគេចវេសពីការអនុវត្តរាល់កាតព្វកិច្ច និងគោលការណ៍នានាដែលប្រទេសនេះ បានអនុវត្តន៍ជាមួយភាគីកម្ពុជាកន្លងមក។
លោកបន្ថែមថា អ្វីដែលកម្ពុជាត្រូវធ្វើនាពេលនេះ គឺជំរុញឲ្យអង្គការជំនាញនានា ពាក់ព័ន្ធនឹងមីន ជាពិសេសសហការជាមួយប្រទេសទីបី ដូចជា សហភាពអឺរ៉ុប ចិន និងសហរដ្ឋអាមេរិកជាដើម ក្នុងការពិនិត្យនិងផ្ទៀងផ្ទាត់ និងព្រមទាំងសហការជាមួយប្រទេសថៃ ដើម្បីដោះមីនឲ្យបានរួចរាល់ ជៀសវាងមានការចោទប្រកាន់ដដែលៗទៀត។
លោក សេង វណ្ណលី មានប្រសាសន៍ថា៖ «ខ្ញុំគិតថា ការបដិសេធ របស់ភាគីកម្ពុជារឿងមួយដ៏សមស្រប ក្រៅពីហ្នឹងក៏ព្យាយាមរំលេចសារអំពាវនាវឲ្យភាគីទីបីហ្នឹង ចូលរួមសហការយ៉ាងម៉ត់ចត់ក្នុងការត្រួតពិនិត្យទៅលើអ្វីដែលកើតឡើង។ យើងត្រូវតែរក្សានូវបន្ទាត់ការទូតមួយដែលដើរស្របទៅនឹងយន្តការសន្តិវិធី ហើយព្យាយាមសហការជាមួយអង្គការតំបន់ និងអង្គការជំនាញ ជាពិសេសប្រទេសមហាអំណាចក្នុងការសម្របសម្រួល ដើម្បីកុំឲ្យភាគីថៃនៅតែបន្តចោទប្រកាន់ដោយគ្មានមូលដ្ឋាន»។
ចំណែក លោក ប៉ោ មករា អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន យល់ឃើញដែរថា ការចោទប្រកាន់ពីសំណាក់ភាគីថៃ ជារឿងដដែលៗដែលភាគីថៃតែងតែធ្វើ ដោយគ្មានភស្តុតាងត្រឹមត្រូវ និងគ្មានប្រសិទ្ធិភាព។
ចំពោះដំណើរការវាស់វែង និងបោះបង្គោលពំ្រដែនរវាងប្រទេសទាំងពីរ លោកថា អាចនឹងប្រកបទៅដោយភាពល្អប្រសើរ ឬយ៉ាងណា គឺអាស្រ័យលើចេតនារបស់ភាគីថៃ ត្បិតប្រទេសនេះ ប្រែប្រួលមិនទៀងទាត់ ប៉ុន្តែកម្ពុជាវិញតែងគោរពនូវការឯកភាពផ្សេងៗ និងចង់បានតែសន្តិភាព។
ចំពោះភាគីទីបីដែលអាចចូលរួមដោះស្រាយបញ្ហាការចោទប្រកាន់របស់ភាគីថៃ រាល់ពេលដែលទាហានប្រទេសនេះជាន់មីន លោក ប៉ោ មករា បានរំលេចឲ្យឃើញនូវភាពចាំបាច់នៃតួនាទីរបស់ប្រទេសបារាំង និងប្រទេសដែលជាសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
លោកមានប្រសាសន៍ថា៖ «ទីមួយ ពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហ្នឹងណា! សហប្រធាននៃកិច្ចព្រមព្រៀងនេះ អាចចូលមករំលឹក ឬក៏ដាស់តឿននូវតួនាទីរបស់អ្នកដែលជាប្រទេសដែលជាហត្ថលេខី ក្នុងនោះយើងក៏ឃើញមានថៃដែរ ថៃមានកាតព្វកិច្ចក្នុងការគោរពដែនអធិបតេយ្យភាពរបស់កម្ពុជា គឺសំខាន់ណាស់ ហើយមួយវិញទៀត ខ្ញុំមើលឃើញតួនាទីរបស់បារាំងក៏សំខាន់ដែរ សម្រាប់ជម្លោះហ្នឹង ពីព្រោះអ្វីដែលជាការបន្សល់ទុករបស់សន្ធិសញ្ញាបារាំង-សៀម។ យើងឃើញថា វាសំខាន់ដែរក្នុងការកំណត់ព្រំដែន ក្នុងការបែងចែក ក្នុងការបង្ហាញពីទិដ្ឋភាពជាក់ស្តែង ឬហៅថាភស្តុតាងក្នុងការឲ្យភាគីថៃគោរពទៅលើកិច្ចព្រមព្រៀងហ្នឹង»។
គិតចាប់តាំងពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលមានភាពតានតឹងរឿងព្រំដែនរវាងកម្ពុជា-ថៃ មកទល់ពេលនេះ ករណីទាហានថៃជាន់មីនផ្ទុះនៅតំបន់ព្រំដែនបានកើតមានចំនួន ៧ករណីហើយ ក្នុងនោះមានដូចជា នៅតំបន់ចុងបូក តំបន់ចុងអានម៉ា តំបន់ប្រាសាទតាក្របី(២ដង) តំបន់ដូនអាវគ្រីតសាណា តំបន់ប្រាសាទតាមាន់ធំ និងលើកចុងក្រោយបង្អស់ នៅតំបន់ភូមិសាស្ត្រក្បែរប្រាសាទព្រះវិហារកម្ពុជា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ថ្មីៗនេះ៕

