រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ណែនាំ​មន្ត្រី​​​សហការ​ជាមួ​យ​ធនាគារ​​​​ទប់​ស្កាត់​ការ​ឆបោក​ផ្ទេរប្រាក់​តាម​​ប្រព័ន្ធ​ធនាគារ

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំឱ្យសមត្ថកិច្ចសហការជាមួយវិស័យធនាគារ ដើម្បីទប់ស្កាត់ការឆបោកតាមទូរសព្ទ និង​មធ្យោបាយទំនាក់ទំនងសង្គម ​ដែលជនល្មើសតម្រូវ​​ឱ្យ​មាន​ការ​​​ផ្ទេរប្រាក់​​តាម​ប្រព័ន្ធ​ធនាគារ និងគ្រឹះស្ថាន​មីក្រូ​​ហិរញ្ញ​វត្ថុ ខណៈ​​​ក្នុង​រយៈ​ពេល​ពីរ​ខែចុ​ង​ក្រោយ មាន​​ពាក្យ​បណ្ដឹង២០០​ករណី និង​​ទឹកប្រាក់ជាង​​៨០​ម៉ឺន​ដុល្លារ បាន​បាត់​ចេញ​ពី​គណនី​ធនាគារ​របស់​ជន​រងគ្រោះ។

ថ្លែងក្នុង​ពិធី​បិទ​សិក្ខា​សាលា​ពិគ្រោះយោ​បល់ថ្នាក់ជាតិ លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២ (២០២៦-២០៣៥) នៅរាជធានីភ្នំពេញ កាលពីរសៀល​ថ្ងៃទី២៤ ខែវិច្ឆិកា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា មានប្រសាសន៍ថា ការឆបោក​​តាមប្រព័ន្ធបច្ចេកវិទ្យាដែលឧក្រិដ្ឋបានបន្លំខ្លួនជាមន្រ្តីធនាគារ ឬអ្នកផ្ដល់សេវានានា ដើម្បី​ឱ្យពលរដ្ឋធ្វើការទូទាត់ប្រាក់តាមប្រព័ន្ធធនាគារ គឺតម្រូវឱ្យសមត្ថកិច្ចត្រូវមានកិច្ចសហការជាមួយវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ ដើម្បី​រួម​គ្នាប​ង្ការ​ទប់​ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ឆបោក​តាម​មធ្យោបាយ​ទំនាក់​ទំនង​ទូរសព្ទ និងបណ្ដាញទំនាក់ទំនងសង្គម។

លោក​បន្ថែមថា កិច្ចសហការនេះ ធ្វើឡើងដើម្បីឱ្យសមត្ថកិច្ចអាចចាត់វិធានការបានទាន់ពេលវេលា បើទោះបីជាបទល្មើសនោះ កើត​ឡើង​ចំថ្ងៃសម្រាក​​ ដែលធនាគារមិនធ្វើការក៏ដោយ។

លោកនិយាយថា៖ «យើងមិន access (មានភាពចូល) ក្នុងវិស័យឯកជនទេ ប៉ុន្តែយើងត្រូវប្រើដៃ​ឯកជន ដើម្បីដោះស្រាយសម្រាប់ការងារនេះ។ នេះសម្រាប់អ្នកដាក់ពាក្យបណ្ដឹង ចុះអ្នកអត់​ដាក់ពាក្យបណ្ដឹង។ មកដល់ម៉ោងនេះ ត្រឹមតែ២ខែយើងអស់ជាង៨០ម៉ឺន (ដុល្លារ) ហើយ ចឹង​បើយើងព្រលែងទៅទៀត អនាគតអាចធំជាងនេះ ហើយអំពើឆបោកនេះពីមុនយើងឃើញថាតែងតែកើតឡើងលើជនបរទេស ឬនៅក្រៅប្រទេស ប៉ុន្តែអីឡូវនេះ ឈានដល់ខ្មែរបោកខ្មែរ»

បើតាម​លោក ស សុខា ​រូបភា​ព​នៃកា​រ​បន្លំ​បោក​ប្រាស់​ទាំង​នោះ មាន​ដូចជា ការ​បន្លំ​ខ្លួនធ្វើជាមន្ត្រី​ធនាគារ ឬស្ថាប័នមីក្រូហិរញ្ញវត្ថុ ដោយជនខិលខូចបានទំនាក់ទំនងទូរសព្ទទៅជនរងគ្រោះដោយ​បន្លំថា ទាក់ទងដើម្បី​ផ្ដល់រង្វាន់សំណាង ប៉ុន្តែបានតម្រូវឱ្យជនរងគ្រោះបង់ប្រាក់ជាមុន ករណី​ខ្លះទៀត ជនខិលខូច បានបន្លំបោកប្រាស់តាមរយៈការទិញលក់ទំនិញបញ្ចុះតម្លៃ​ ដោយ​​តម្រូវឱ្យអតិថិជនជាជនរងគ្រោះ ផ្ញើប្រាក់ទៅខ្លួនជាមុន ប៉ុន្តែទីបំផុតបានទទួលប្រាក់ហើយក៏បិទផ្ដាច់ទំនាក់ទំនង ខណៈករណីខ្លះ ជនល្មើសបានបន្លំលួចចូលគណនីធនាគាររបស់ជនរងគ្រោះដើម្បីធ្វើសកម្មភាពដក ឬបង្វែរបញ្ជូនសាច់ប្រាក់ជាដើម។

ប្រជាពលរដ្ឋរស់នៅខេត្តកំពង់ឆ្នាំង លោក ស្ងួន ញឿន ឱ្យ​ដឹង​នៅថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា​នេះ​​ថា លោក​បាន​ចាញ់​បោក​ការ​ឆបោក​លក់​ផលិត​ផល​ថោកៗ​តាម​អន​ឡាញ​ចំនួ​ន​៣លើក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ​បាន​ផ្ទេរ​ប្រាក់​តាម​រយៈ​ប្រព័ន្ធ​វីង​អស់​ទឹក​ប្រាក់​សរុប​ជាង៥០០​ដុល្លារ។

ទន្ទឹងនឹងនេះ លោកថា នៅពេលថ្មីៗនេះ ក៏មានអ្នកទាក់ទងមកលោក​តាម​ប្រព័ន្ធ​អន​ឡាញ​ថា លោក​បាន​ឈ្នះរ​ង្វាន់​នេះ​រង្វាន់នោះ ហើយ​ជនល្មើស​បាន​តម្រូវ​ឱ្យ​លោក​​​បង់​ប្រាក់​មុន​​មួយចំនួន​ផងដែរជា​ថ្នូរ​នឹង​ការ​ឈ្នះរង្វាន់​នោះ​។ លោកប​ន្ថែម​ថា ការ​ចាញ់​បោក​ទាំង​បី​លើក​នេះ លោក​គ្រាន់​តែ​ដាក់​ពាក្យបណ្ដឹងផ្ទាល់មាត់​ និង​​តាមទូរសព្ទទៅអាជ្ញាធរប៉ុណ្ណោះ។

លោកនិយាយថា៖ «ខ្ញុំសូមឱ្យរាជរដ្ឋាភិបាល ឬអាជ្ញាធរមន្រ្តីពាក់ព័ន្ធទាំងអស់ ទី១ បង្ហាញទីតាំង​ដាក់​ពាក្យ​​បណ្ដឹង​តាមអនឡាញឱ្យច្បាស់លាស់។ សូមឱ្យមន្រ្តីសមត្ថកិច្ចដែលធ្វើការពាក់ព័ន្ធ​ការឆបោកតាម​អនឡាញហ្នឹង មេត្តាចាត់វិធានការជនល្មើសដែលបោកពលរដ្ឋតាមអនឡាញ ឱ្យបានឆាប់រហ័ស​ដើម្បីកុំ​ឱ្យ​ពលរដ្ឋចាញ់បោកកាន់តែខ្លាំងឡើង»

អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុ លោក កាំង តុងងី មាន​ប្រសាសន៍​ថា មីក្រូហរិញ្ញវត្ថុបានត្រៀមខ្លួនជាស្រេច ក្នុងការសហការជាមួយអាជ្ញាធ​រ ដើម្បីទប់ស្កាត់បទល្មើសឆបោក។ លោកបន្ថែមថា សមាគមក៏បានអប់រំនិងក្រើនរំលឹកដល់អតិថិជនឱ្យមានការប្រុងប្រយ័ត្នផងដែរ។

លោកបានអះអាងថា ការឆបោកតាមរយៈការផ្ទេរប្រាក់តាមប្រព័ន្ធធនាគារនេះ លោកជឿថា អាច​កើតឡើង​​ច្រើនក្នុងវិស័យធនាគារ ដោយសារវិស័យមីក្រូហិរញ្ញវត្ថុ​មានតែ៤ស្ថាប័ន​​ប៉ុណ្ណោះ​​​ក្នុងចំណោមជាង​៨០​ស្ថាប័ន ដែលមានគណនេយ្យ​ទទួលប្រាក់ ខណៈគណនេយ្យប្រមាណ​ ២០លាន មានតែជាង២លានប៉ុណ្ណោះ ជាគណនេយ្យរបស់មីក្រូហរិញ្ញវត្ថុ។

លោកនិយាយថា៖ «សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា យើងចូលរួមជាប្រចាំទៅលើកិច្ចការ​ងារ​ទាំង​អស់ ដើម្បីធានាបានថា នៅពេលដែលមានបទឧក្រិដ្ឋកើតឡើង គឺយើងអាចចូលរួមទប់ស្កាត់ទាន់ពេលវេលា»។

ចំណែកអ្នកនាំពាក្យសមាគមធនាគារ លោក សុខ ចាន់ ថ្លែងយ៉ាងខ្លីថា លោកកំពុងធ្វើការសហការជាមួយសហការី ដើម្បីផ្ទៀងផ្ទាត់ព័ត៌មាននេះ។

កាលពីដើមឆ្នាំ២០២៤ អគ្គស្នងការនគរបាលជាតិ លោក ស ថេត បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារបទល្មើស​បច្ចេកវិទ្យា​ច្រើនជាង​គេ មានអ្នករស់នៅខេត្តមណ្ឌល​​គិរី រតនគិរី សៀមរាប និងរាជធានី​ភ្នំពេញ។ បន្ថែមពីលើនេះ លោកបានអំពាវនាវដល់​ពលរដ្ឋធ្វើការ​ដាក់​ពាក្យ​ប្ដឹងឲ្យបានលឿន ក្នុងករណីរងការឆបោកពីឧក្រិដ្ឋជន តាមរយៈការដាក់​ពាក្យបណ្ដឹង​អនឡាញ​(Hotline Scam)សម្រាប់​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យានេះ។

អគ្គស្នងការនគរបាលជាតិ លោក ស ថេត ថ្លែងថា៖ «ក្នុងយុគសម័យទំនើបនេះ ប្រជាពលរដ្ឋ​​ជាច្រើនបានធ្លាក់ក្នុងអន្ទាក់របស់ក្រុមឧក្រិដ្ឋជនតាមប្រព័ន្ធបច្ចេកវិទ្យា។ ដូច្នេះ​ អគ្គស្នងការ​ដ្ឋាន​​​​​នគរបាល​​ជាតិ បានបង្កើតក្រុមការងារនេះ(Hotline Scam)ឡើង ដោយបន្ថែមលើយន្ដការដែល​​​មាន​ស្រាប់ ដើម្បី​ជួយ​ដល់ប្រជាពលរដ្ឋ»។ 

ចំណែក ​មន្រ្តីនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងកាលពីអំឡុង​ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣​ថា បទល្មើសបច្ចេកវិទ្យាមាន២ប្រភេទ​ដែលបានកើតឡើងនៅកម្ពុជា ក្នុងនោះមាន បទល្មើសកម្រិតទាប (cyber enable crime) និង​បទល្មើសកម្រិតខ្ពស់(High Tech crime)។

ប្រភពដដែលបញ្ជាក់ថា ជាទូទៅនៅប្រទេសកម្ពុជាត្រូវបានរកឃើញភាគច្រើន គឺបទល្មើស​កម្រិត​ទាប ដូច​​ជា ការឆបោកតាមទូរសព្ទដៃ (ខលមកថាឈ្នះរង្វាន់ជាដើម) ការគំរាមបង្ហោះ​រូបអាក្រាត ការលួចអត្តសញ្ញា​របស់អ្នកប្រើប្រាស់ ការលក់រូបភាពអាសអាភាសកុមារ​លើ​អនឡាញ និងបទល្មើសដែលកំពុងកើតឡើងច្រើនជាងគេនោះគឺ លួងលោមស្នេហា (Roman scam)។

សមត្ថកិច្ចបញ្ជាក់ថា ចំពោះបទល្មើសកម្រិតខ្ពស់ ឧក្រិដ្ឋជនមានគ្នាច្រើន​នាក់មាន​អង្គការ​​​ចាត់​តាំង និងរចនាសម្ព័ន្ធច្បាស់លាស់ ព្រមទាំងប្រើប្រាស់ប្រព័ន្ធ​កុំព្យូទ័រ​មាន​បច្ចេកវិទ្យា​ខ្ពស់​។

បទល្មើសបច្ចេកវិទ្យាកម្រិតខ្ពស់នេះ ឧក្រិដ្ឋជនបានប្រើប្រាស់ជាទម្រង់ច្រើនរួមមាន ការបន្លំ​ខ្លួន​ជាភ្នាក់ងារធនាគារ និងការបង្កើតព័ត៌មានមិនពិតដែលគួរឱ្យចាប់អារម្មណ៍ រួចបញ្ចុះបញ្ចូល​ពលរដ្ឋ​ឱ្យចុចតំណភ្ជាប់ក្លែងក្លាយ ហើយលួចយកព័ត៌មាន ឬឈានទៅ​ដល់ការ​គ្រប់គ្រង​គណនីធនាគារ៕