ពលរដ្ឋ​នៅ​សហគមន៍កោះ​មាស ស្នើ​អាជ្ញាធរពន្លឿន​​ចេញ​​ប្លង់​​កម្ម​​សិទ្ធិដីធ្លី ខណៈបារម្ភ​ពីការ​បាត់​បង់ដី

ប្រជាសហគមន៍កោះមាសប្រមាណជាង៣០នាក់ តំណាង​ឱ្យ​ជាង ១៦០គ្រួសារ ស្នើ​​អាជ្ញាធរខេត្ត​កណ្តាល​​ ​ពន្លឿន​និតីវិធីផ្តល់បណ្ណ​កម្ម​សិទ្ធិ​ដល់​ពួកគាត់ ​ដោយសារ​បារម្ភពីការ​បាត់​បង់​ដីធ្លី ខណៈ​ការ​វាស់​​វែងបាន​ធ្វើឡើង​ប្រមាណ ៥ឆ្នាំមកហើយ តែនៅ​មិន​ទាន់​បានទទួល​បណ្ណ​កម្មសិទ្ធិ។

ការ​ស្នើ​របស់​ប្រជាសហគមន៍ បាន​ធ្វើ​ឡើង​នៅ​អំឡុង​ពេល​ដែល​ពួកគាត់​បាន​ទៅប្រមូល​ផ្តុំ​ និង​ដាក់លិខិត​សុំ​អន្តរាគមន៍​នៅ​រដ្ឋបាល​ស្រុក​កៀនស្វាយ ខេត្តកណ្តាល នៅព្រឹក​ថ្ងៃទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០២៥នេះ។

ប្រជាពលរដ្ឋរស់នៅតំបន់​កោះមាស លោក ជុំ សំអឿង បានប្រា​ប់ក្រុម​អ្នក​សារព័ត៌មាន​នៅ​មុខ​រដ្ឋបាល​ស្រុក​​​​​កៀន​​ស្វាយ​​​​ថា កាលពីអំឡុង​ឆ្នាំ​២០២០ អាជ្ញាធរ​មូលដ្ឋាន បានចុះវាស់វែងដីធ្លីនៅ​តំបន់​កោះ​មាស ប៉ុន្តែ​​រហូត​មក​ដល់​ពេល​នេះ មានរយៈពេល ៥ឆ្នាំ​មក​ហើយ ដែល​អាជ្ញាធរ​នៅ​មិន​ទាន់​ផ្តល់​បណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ទាំង ១៦៨គ្រួសារ​នៅឡើយ។

ករណីនេះ លោក​បង្ហាញក្តីបារម្ភពី​ការ​បាត់​បង់​ដី​ធ្លី ទើប​រូប​លោក​ ក៏ដូចជា​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ស្នើ​ដល់​អាជ្ញាធរ​ស្រុក ជួយ​ពន្លឿន​ការ​ផ្តល់​បណ្ណ​កម្មសិទ្ធិ​ដីធ្លី ​ដើម្បី​ទុក​​​សម្គាល់​ការ​កាន់កា​ប់​ដី និង​ប្រើ​ប្រាស់​ជា​ប្រយោជន៍​ផ្សេ​ង​ៗ​សម្រាប់​ការ​រស់​នៅ។

លោកថា៖ «ថ្ងៃនេះមក ខ្ញុំសំណូមពរដល់សាលាស្រុក​កៀន​ស្វាយ ដើម្បី​ឲ្យ​លោក​អភិបាល​ស្រុក ដើម្បី​មេត្តា​ជួយ​ពន្លឿន​ដោះ​ស្រាយ​បណ្ណកម្ម​សិទ្ធិ និង​អន្តរាគ​ម​ន៍​ទៅ​កាន់​ថ្នាក់​លើ​ឲ្យ​ជួយ​ធ្វើ​ម៉េច​បាន​បណ្ណកម្ម​សិទ្ធិ​​​ឲ្យពួ​កយើងខ្ញុំ […] ពីព្រោះបំណាច់​ឆ្នាំ​២០២៥ ខែ​១២​នេះ ខាង​ក្រសួង​ដែន​ដី នគរូប​នីយ​កម្ម និងសំណង់ បាននិ​យាយ​ថា នឹង​បញ្ចប់​លើ​ការ​បិទ​បណ្ណ​កម្ម​សិទ្ធិ​ទូទាំង​ប្រទេស​ហើយ អីចឹង​យើង​ខ្ញុំ​មាន​ការ​ភិត​ភ័យ​ មាន​ការ​ព្រួយ​បារម្ភ​ណាស់»។

រីឯ អ្នកស្រី ស៊ូ ស៊ីណាត អាយុ៤២ឆ្នាំ ដែលជាប្រជាពលរដ្ឋមកពីសហគមន៍កោះមាស នៅភូមិ​កោះប្រាក់ ឃុំ​ភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បាន​ឱ្យ​ដឹងថា អ្នកស្រី​បាន​​កាន់​កាប់​ដី​ទំហំ​ទទឹង ១៤​ម៉ែត្រ និងបណ្តោយ​ជាង​១០០០​ម៉ែត្រ ចាប់​តាំង​ពី​ឆ្នាំ​១៩៧៩​មក ដោយ​មាន​ដាំដំណាំហូបផ្លែ និង​បន្លែបង្កា​រផ្សេង​ៗ​ដើម្បី​​​ដោះ​ស្រាយជីវភាព។ អ្នកស្រីបន្តថា ការអត់មានប័ណ្ណកម្មសិទ្ធិធ្វើឲ្យពិបាកក្នុងការប្រើប្រាស់ និងលក់​ដូរ​ដី ហើយ​គាត់​​មានការព្រួយបារម្ភអំពីសិទ្ធិលើដីរបស់ខ្លួន។

អ្នកស្រីថា៖ «ក្នុងលក្ខខណ្ឌដែលមិនមានប្លង់ហ្នឹង​​ពិបាក​គ្រប់​សព្វ​ ទី១​យើង​ចង់​ដោះ​ដូរ ​ឬ​ក៏​ចែក​បង​ប្អូន​ចែក​​​អី​ចឹង​វា​ធ្វើអី​អ​ត់​ចេញ អត់ដូចកាលមុនទេ កាលមុនយើងមា​ន​តែប្ល​ង់​ទន់​ហ្នឹង យើង​អាច​ដោះ​ដូរ​បានឥលូវ​គេចេ​ញច្បា​ប់​ថ្មី ធ្វើ​ប្លង់​ជា​ប្រព័ន្ធ​ អីចឹង​យើង​ក៏​ត្រូវ​មាន​អាហ្នឹង ​ចឹង​បាន​ជាពួ​ក​ខ្ញុំហ្នឹង​​​នាំ​គ្នា​ នាំ​គ្នា​មក​សុំ​​ឲ្យ​មាន​ប្លង់​រឹង​ និយាយ​រួម​ប្លង់​កម្ម​សិទ្ធិ​ផ្ទាល់ហ្នឹងហ្មង ដើម្បី​ងាយ​ស្រួល​ក្នុង​កា​រដោះ​ស្រាយ​ប្រើ​ប្រាស់​ដីធ្លី»។

តាមរយៈលិខិតសុំកិច្ចអន្តរាគមន៍ដែលដាក់ទៅអភិបាលស្រុកកៀនស្វាយ ខេត្តកណ្ដាល ពលរដ្ឋកោះមាស​បាន​ស្នើសុំអន្តរាគមន៍ផ្តល់បណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋនៅលើកោះមាស ចំនួន១៦៨គ្រួសារ និង ១៦៨ខ្នងផ្ទះនិងក្បាលដី ដែលក្រុមការងារសុរិយោដីស្រុក​កៀនស្វាយ និងខណ្ឌច្បារអំពៅ បាន​​ចុះមកវាស់វែងរួចក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២០ ព្រោះមានការបារម្ភពីការបាត់បង់កម្មសិទ្ធិ និងបាត់​​បង់​ដីធ្លី​នៅថ្ងៃ​ខាង​មុខ ក្រោយរដ្ឋាភិបាលមានបំណងផ្តល់ឱ្យ​ក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត ធ្វើការជួលដីកោះមាសនេះដើម្បីវិនិយោគ។

លោក ឈឹម រី អាយុ ៧៧ឆ្នាំ ជាពលរដ្ឋ​រស់​នៅ​តំបន់​កោះ​មាសដែ​រនោះ បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​មុខ​សាលា​ស្រុក​ដែរថា កន្លង​មក ដោយសារ​តែ​រដ្ឋាភិបាល​មាន​បំណង​ជួល​ដីនៅកោះមាសនេះ ​ឱ្យ​ក្រុម​ហ៊ុន​របស់​ឧកញ៉ា​មួយ​ធ្វើការ​​អភិវឌ្ឍន៍ បានធ្វើ​ឱ្យ​រូប​លោក​ ក៏ដូចជាប្រជាពលរដ្ឋ​ផ្សេង​ទៀត មានក្តីបារម្ភ​ជា​ខ្លាំង ពីកា​របាត់​បង់​ដីធ្លី ទើប​ពួកគាត់​ស្នើ​ឱ្យ​អាជ្ញាធរ​ពន្លឿន​ការ​ចេញ​ប្លង់​កម្ម​សិទ្ធិដល់ពលរដ្ឋ ដើម្បី​សុវត្ថិភាព​ដីធ្លី និង​ផ្ទះសម្បែង​​។

លោក​និយាយ​​ថា៖ «គេ​វាស់​វែង​ហើយ​បាត់​ឈឹង​រហូត​តាំង​ពី​វាស់​វែង​ហើយ។ បារម្ភ​ខ្លាច​លោ​អាជ្ញាធរ ឬ​នាយ​​ទុន​​​មួយ​ចំនួន ឬ​ឧកញ៉ា​​មួយ​ចំនួន​យក​ដី​ខ្ញុំ​ ព្រោះ​ហានិ​ភ័យ​អញ្ចឹង ​ព្រោះគេ​ធ្វើ​អី​គេ​អត់​ប្រាប់ វាស់ហើយ​ស្ងាត់​ឈឹង​ទៅ មិនឱ្យបណ្ណ​កម្ម​សិទ្ធិ​គ្រប់​គ្រង​សព្វ​បែប​យ៉ាង ខ្ញុំ​បារម្ភ​ថា​ថ្ងៃ​ក្រោយ​ទៅ​ខ្លាច​ឧកញ្ញ៉ា ឬឯក​ឧត្តម​យក​ដី​ខ្ញុំ ខ្ញុំ​ជា​ប្រជាជន​ភ័យ​បារម្ភ​អញ្ចឹង»។

Press Start Cambodia មិន​អាចសុំការ​អត្ថាធិប្បាយ​ជុំវិញ​ករណីនេះ ពីអភិបាល​ស្រុក​កៀនស្វាយ លោក ឡូវ សុខសាន្ត​ បាន​ទេ ខណៈអភិបាល​រង​ស្រុក​ លោក ស៊ុម ធន់ និង​​ប្រធានមន្ទីរ​រៀបចំដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដីខេត្ត​កណ្តាល លោក សុក កាន់ណារិទ្ធ ទូរសព្ទ​ចូល​មិន​មាន​​អ្នក​ទទួល។

លោក យី សុខសាន្ត មន្ត្រីស៊ើប​អង្កេត​​ជាន់ខ្ពស់​នៃសមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក យល់ឃើញថា ការ​ដែល​ប្រជា​ពលរដ្ឋ​ចេ​ញ​ទៅ​ទាម​ទារ​ប្លង់​កម្ម​សិទ្ធិ​នេះ បណ្តាល​មកពីពួកគាត់​​មិន​មាន​ទំនុក​ចិត្ត និង​បារម្ភ​ខ្លាចបាត់​បង់​ដី ហេតុ​នេះ​រដ្ឋ​គួរ​តែ​ចេញ​ប្លង់​កម្ម​សិទ្ធិ​ដល់​ប្រជា​ពលរដ្ឋ។ លោកថា ក្នុង​ករណី​រដ្ឋ​ចង់​ធ្វើ​ការ​អភិវឌ្ឍនៅ​លើ​ដី​នោះ គួ​រ​តែ​រក​កន្លែង​ដោះ​ដូរ ឬ​ផ្តល់ត​ម្លៃសំ​ណង​សមរម្យ​តាម​ទីផ្សារ​ដល់​ប្រជា​ពលរដ្ឋ​។

លោកបន្តថា៖ «យើងមិនដឹងដែរថា គេវាស់ដីកន្លងមក វាស់ឱ្យប្រជាពលរដ្ឋ​ឬក៏វាស់​វែង​ឱ្យ​សំណង​ទៅ​គាត់ ឬ​មួយ​ក៏​វាស់​គ្រាន់​តែច​ង់​ដឹង​ទំហំ​ដី ដើម្បី​ដោះ​ស្រាយ​ជាលុ​យ​ជូន​គាត់ ប៉ុន្តែ​ពលរដ្ឋ​គាត់​ចង់​បាន​ប្លង់ ឯ​ខាងអាជ្ញាធរ​ហាក់​ដូច​ជា​វាស់​ដើម្បី​ផ្តល់​សំណង​ទៅ​គាត់​វិញ នេះ​ជាហេតុផលហាក់ដូចជាមានការលាក់បាំង មិន​បាន​បង្ហាញឱ្យពលរដ្ឋដឹងច្បាស់ ក៏ជាបញ្ហាដែលធ្វើឱ្យពលរដ្ឋមិនទុកចិត្ត បានទៅជួបស្រុកដើម្បី ទាម​ទារ​ប្លង់​កម្ម​សិទ្ធិ។ […]បើសិនជារដ្ឋចង់បានធ្វើការអភិវឌ្ឍ ផ្តល់តម្លៃសមរម្យតាមទីផ្សារ​ទៅ ពីព្រោះប្រជាពលរដ្ឋ​រស់នៅ​សព្វថ្ងៃហ្នឹង​ គាត់ប​ង់​ពន្ធ អ្នក​ដែល​មាន​ដី​ក៏​ពន្ធ​ទៅ​តាមៗ​ទីផ្សារ ទៅ​តាម​គោល​ការណ៍​​​របស់ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ​ដែរ ហើយ​បើ​គ្មាន​ដី​ដោះ​ដូរ ទិញ​គាត់​ទៅ ខ្ញុំ​គិត​ថា​ គាតយល់ព្រម​ហើយ»។

បើតាមអនុក្រឹត្យលេខ២១០ អនក្រ.បក ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជា​បានធ្វើអនុបយោគ ផ្ទៃដីកោះមាសទំហំ ៣៤០ហិកតា ៦១អា ស្ថិតក្នុងភូមិសាស្ត្រ ខណ្ឌច្បារអំពៅ រាជធានី​ភ្នំពេញ និងស្រុកល្វាឯម និងស្រុកកៀនស្វាយ ខេត្តកណ្តាល ជាដីឯកជនរបស់រដ្ឋ។ ជាមួយគ្នា​នោះ ​សេចក្តី​ជូនដំណឹង​របស់​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​លេខ​១០៨៩ សជណ.ដប ចុះ​ថ្ងៃ​ទី១៧ ខែ​ធ្នូ ឆ្នាំ​២០២០ បាន​ស្នើ​សុំអនុញ្ញាត​ជា​គោល​ការណ៍​ជួល​អចិន្ត្រៃយ៍រ​យៈពេ​ល​៥០​ឆ្នាំ អាច​ជួលប​ន្ត​ជា​ថ្មី និង​វិនិយោគ​អភិវឌ្ឍន៍​លើ​កោះមាស​ទំហំ​ជាង ៣៤០​ហិកតា ឱ្យ​ទៅក្រុ​ម​ហ៊ុន ឃុន សៀ អ៊ីមផត អិចផត។

ជុំវិញ​រឿងនេះ កាលពីអំឡុងពាក់កណ្តាលខែកុម្ភៈ ឆ្នាំ​២០២៥ ប្រជាពលរដ្ឋ​នៅតំបន់កោះមាស ធ្លាប់បាន​​​ប្រមូលផ្តុំគ្នាតវ៉ា​ម្តងរួចមកហើយ ដោយទាមទារឱ្យរដ្ឋាភិបាល​ផ្តល់បណ្ណ​​កម្មសិទ្ធិដីធ្លី ខណៈ​ភាព​ជា​ម្ចាស់​​កម្ម​​សិទ្ធិ​ដីធ្លី​របស់​ពួកគេ កំពុង​ស្ថិត​ក្នុងស្ថានភាព​មិន​ច្បាស់លាស់​ ក្រោយ​​រដ្ឋា​ភិបាល​​ចេញ​លិខិត​ ស.ជ.ណ ​​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ ឃុន​ សៀ​ អ៊ីមផត អិចផត ជួលដីកោះ​មាស​​ ដើម្បី​​ធ្វើ​ការ​អភិវឌ្ឍ៕