បុគ្គលិកផ្នែកសំអាត​​​នៅព្រលានយន្តហោះភ្នំពេញ​ តវ៉ា​សុំ​ឱ្យក្រុ​ម​ហ៊ុន​HCC​ផ្តល់​សំណង​​បញ្ចប់​កិច្ច​សន្យា​ការ​ងារ​

បុគ្គលិកផ្នែកអនាម័យជាង៧០នាក់ នៃក្រុមហ៊ុន អេចស៊ីស៊ី គ្រុប (HCC Group Co., Ltd) ដែល​សំអាត​នៅ​ព្រលាន​យន្តហោះ​អន្តរ​ជាតិ​ភ្នំពេញ ​រកកិច្ច​​​អន្តរាគមន៍​ពីក្រសួង​ការ​ងារ បន្ទាប់​ពី​​​​ក្រុមហ៊ុនបញ្ចប់កិច្ច​សន្យា​ការ​ងារ​ពួកគេ​ ដោយ​មិនបាន​ទូទាត់​សំណង​តាមផ្លូវ​ច្បាប់ ក្រោយ​ព្រលានយន្ត​ហោះ​នេះបាន​បិទ​ដំណើរ​ការ​។​

​​​​បុគ្គលិកផ្នែក​អនាម័យ​​ម្នាក់​ដែលធ្វើការ​នៅ​ក្រុមហ៊ុន អេចស៊ីស៊ី គ្រុប ថ្លែង​ប្រាប់​ Press Start Cambodia នៅថ្ងៃទី​១៣​ ខែ​វិច្ឆិកា ក្នុង​លក្ខខណ្ឌ​​សុំ​មិន​បញ្ចេញឈ្មោះ​​ថា ពួកគាត់​បាននាំគ្នា​ទៅប្រមូល​ផ្តុំ​នៅ​ក្រសួង​ការ​ងារ នៅ​ថ្ងៃទី​១២ ខែ​វិច្ឆិកា​ម្សិលមិញ ស្នើ​ឱ្យ​ក្រសួង​ជួយ​អន្តរាគមន៍​ដោះ​ស្រាយ​វិវាទ​ការ​ងារ ​ក្រោយ​ពី​ក្រុម​ហ៊ុន​អេច​ស៊ីស៊ី បាន​បញ្ឈប់ពួកគាត់​​ពី​ការ​ងារ​ នៅ​ពេល​បិទ​​អាកាស​​យាន​ដ្ឋាន​​អន្តរ​ជាតិ​​ភ្នំពេញ។

បុរស​វ័យ​ ៣៣ឆ្នាំ រូបនេះ ​​បន្តថា ក្រោយក្រុមហ៊ុន​បញ្ឈប់​ពួកគាត់ពីការ​ងារ គឺ​ពួកគាត់​​ទទួល​បាន​សំណង​មួយ​ចំនួន និង​​​ប្រាក់​​​ខែ​ចុង​ក្រោយ ប៉ុន្តែ​​ប្រាក់​ខែ​ចុង​ក្រោយ​នោះ ភាគី​ក្រុម​ហ៊ុន​បើកឱ្យលោកមិនគ្រប់ចំនួនទេ ហើយ​​​​​​​ប្រាក់​សំណងជំងឺ​ចិត្ត និង​ប្រាក់​ជួស​ការ​ជូនដំណឹងជាមុន​ ខាង​ក្រុមហ៊ុន​មិន​បាន​ទូទាត់​ឱ្យឡើយ​​ ខណៈរូបលោក​និង​បុគ្គលិក​​ផ្សេង​ទៀត ​មិន​បានទទួលដំណឹង​ពីសំណាក់​ក្រុម​ហ៊ុន រឿង​​បញ្ចប់កិច្ចសន្យា​កា​រងារ​​ពេល​ព្រលាន​យន្តហោះ​អន្តរ​ជាតិ​ភ្នំពេញ ​បិទដំណើរ​ការ​នោះទេ។​

លោកបន្តថា៖ «គេបញ្ឈប់យើង អត់យកយើងទៅកន្លែងថ្មី​[អាកាសយានដ្ឋានអន្តរជាតិតេជោ​] ហើយ​យក​អ្នក​​ថ្មី​ទៅ​កន្លែង​ថ្មី មិន​បាន​ប្រាប់​បុគ្គលិក​ចាស់ គឺ​អត់​ជូន​ដំណឹង​[…] នៅព្រលានចាស់​នៅ​ពោធិ៍​ចិន​តុង តែ​ត្រូវបិទ​ទៅ​ព្រលាន​ថ្មី អញ្ចឹងកម្មករចាស់ដែលធ្វើនៅព្រលានទាំងប៉ុន្មាន​ ដែលធ្វើការនៅក្រុមហ៊ុនហ្នឹង គឺអត់មានយក​ទៅទាំងអស់ទេ គេអត់មានផ្តល់ដំណឹងទេ តែក្រុមហ៊ុនគេបានប្រាប់ទៅក្រសួងថា បានផ្តល់ដំណឹងស្របតាមនីតិវិធី ដែលក្រសួងបានដាក់ឱ្យហើយ តែបុគ្គលិកទាំងអស់គឺគេអត់ដឹង បុគ្គលិក​គ្នា​៧០នាក់​ជាង គឺ​អត់ដឹង​ថា​ក្រុម​ហ៊ុន​ផ្តល់​ដំណឹង​តាម​រយៈ​ណា ឬ​តាម​វិធី​អ្វី​ទេ»។

ចំណែកឯបុគ្គលិកក្រុមហ៊ុនអេច​ស៊ីស៊ី​​មួយរូបទៀត សុំមិនបញ្ចេញឈ្មោះដែរនោះ បាននិយាយថា តាំងក្រុមហ៊ុន អេច​ស៊ី​ស៊ី គ្រុប បញ្ឈប់​ពួក​គាត់​មក​ដល់​ពេល​នេះ​ ខាង​ក្រុម​ហ៊ុន​បានផ្ដល់សំណងចំនួន៣ចំណុចជូន​ពួកគាត់ ក្នុងនោះ​​មាន​ប្រាក់​ខែ​ចុង​ក្រោយ ប្រាប់​បំណាច់​ឆ្នាំ និង​ប្រាក់​អតីត​ភាព​ការ​ងារ។

លោកបន្តថា មុនបញ្ឈប់លោក និង​បុគ្គលិក​ផ្សេង​ទៀត​​ពី​ការ​ងារ ភាគី​ក្រុម​ហ៊ុន​​មិនបាន​ជូន​ដំណឹង​ដល់ពួក​គាត់​​​​ឡើយ និង​​មិ​ន​​បាន​​​ប្រាប់​លោក​ជាក់​លាក់​ពី​ការ​ផ្លាស់​ការ​ងារ​ពី​ទីតាំង​ព្រលាន​យន្ត​ហោះ​ចាស់ ទៅ​ព្រលាន​​យន្ត​ហោះ​ថ្មី​ដែរ ហើយ​លោក​មានការ​ខកចិត្តចំពោះករណីនេះ។

លោកថា៖ «ចំណុចទីមួយដែលគេមិនឱ្យយើងគឺជំងឺចិត្ត និងហ្នឹងហើយសេចក្ដីជូនដំណឹងហ្នឹង[…]​តែ​២​ចំណុច​ហ្នឹងទេ​ដែល​គេ​មិន​ឱ្យ​យើង​ហ្នឹង អ៊ីចឹងយើងអត់​ព្រម យើងគ្រាន់តែចង់បានថា​ជំងឺចិត្ត​ដែល​គាត់​មិន​បាន​ផ្ដល់​ព័ត៌​មាន​ឱ្យយើង​ហ្នឹង គាត់​អត់​បាន​ផ្ដល់​សោះ​ គាត់​យក​មក​បិទ​ជញ្ជាំង​ចោល ​អ​ត់​មាន​រៀប​រាប់ សូម្បី​តែ supervisor ក៏​គាត់​អត់​បាន​ដឹង​ដែរ»។

បុគ្គលិកដែលធ្វើការនៅក្រុមហ៊ុនអេចស៊ីស៊ីគ្រុបជាង២០ឆ្នាំរូបនេះ ស្នើសុំភាគីក្រុមហ៊ុនផ្ដល់សំណងជំងឺចិត្ត និងប្រាក់ជួសការជូនដំណឹងជូនបុគ្គលិក​ដែលក្រុមហ៊ុនបានបញ្ចប់កិច្ចសន្យាការ​​ងារ​ ទៅតាម​ច្បាប់​ស្តីពីការងារ។​

ជុំវិញបញ្ហានេះ ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​និយោជិត​វិស័យ​ទេសចរណ៍​កម្ពុជា លោក ទូច កុសល បាន​ប្រាប់​ថា ក្រុមហ៊ុន អេចស៊ីស៊ី គ្រុប(HCC Group Co., Ltd) ដែលជាក្រុមហ៊ុនម៉ៅការ​សំអាតព្រលាន​​យន្ត​ហោះ​អន្តរជាតិភ្នំពេញ ឬព្រលាន​យន្ត​ហោះ​​ពោធិ៍​ចិន​តុង បាន​បញ្ឈប់​បុគ្គលិក​ដែល​ធ្វើការ​នៅ​ទី​នោះ កាល​ពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០២៥ ដោយផ្ដល់សំណងមួយចំនួន ខណៈ​កម្មករ​ចំនួន ៧២​នាក់ កំពុង​ទាម​ទារ​សំណង​​បន្ថែម ២ចំណុច​ទៀត។

លោកថា៖ «ក្រុមហ៊ុនទូទាត់ឱ្យមួយចំនួន ដូចជា ប្រាក់អតីតភាពការងារ ប្រាក់ខែចុងក្រោយ ការ​ឈប់​សម្រាក​​ប្រចាំ​ឆ្នាំអីជាដើម។ ប៉ុន្តែនៅ២ចំណុចទៀតចំពោះសំណងជំងឺចិត្ត និងប្រាក់ជួសឱ្យការជូនដំណឹងក្រុមហ៊ុនបដិសេធមិនផ្ដល់ឱ្យទេ ក្រុមហ៊ុនបានលើកឡើង​ថា​ក្រុមហ៊ុន​បាន​ជូន​ដំណឹង​ដល់​កម្មករ​ត្រឹម​ត្រូវ​ហើយ»។

ករណីនេះ លោក ទូច កុសល ស្នើឱ្យក្រុមហ៊ុន អេចស៊ីស៊ី គ្រុប(HCC Group Co., Ltd) ពិចារណាផ្ដល់​សំណងជំងឺចិត្ត និងប្រាក់ជួសឱ្យការជូនដំណឹងជូនបុគ្គលិកទាំងនោះ ទៅតាម​ច្បាប់ ដើម្បីបញ្ចប់វិវាទការ​ងារ​នេះឱ្យ​បាន​ឆាប់។

លោកបន្ថែមថា៖ «ទោះបីតិចច្រើនអីអាហ្នឹងយើងពិចារណាទៅ ពីព្រោះ​គាត់ខំធ្វើការបម្រើក្រុមហ៊ុន១០ឆ្នាំ​ជាង​​២០​ឆ្នាំ​ហើយ ចុងក្រោយគាត់អត់បានអាហ្នឹងទៅតាមច្បាប់ អាហ្នឹងស្ដាប់មើលទៅ វាដូចជា​ពិបាក​ក្នុង​ការ​ទទួល​យកដែរ»។

យោងតាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជាមាត្រា ៧៧ ចែង​ថា ការ​រំលាយកិច្ចសន្យាការងារតាមឆន្ទៈនៃនិយោជកតែឯកឯងគ្មានឱ្យដំណឹងមុន ឬមិនគោរពតាមរយៈពេលនៃការឱ្យដំណឹងមុន តម្រូវឱ្យនិយោជក​ចេញប្រាក់ទូទាត់ដល់កម្មករនិយោជិតមានចំនួនស្មើនឹងប្រាក់ឈ្នួលហើយ និងអត្ថប្រយោជន៍គ្រប់ប្រភេទដែលកម្មករនិយោជិតត្រូវបានក្នុងរយៈពេលឱ្យដំណឹងមុន ដែលគេមិនបានគោរពត្រឹមត្រូវ។

ចំណែកឯមាត្រា ៩១នៃច្បាប់ស្តីពីការងារ ចែងថា ការរំលាយកិច្ចសន្យាការងារតាមឆន្ទៈផ្ទាល់នៃភាគីណាមួយ ដោយគ្មានហេតុផលត្រឹមត្រូវនោះ អាចបើកសិទ្ធិឱ្យភាគីម្ខាងទៀតទារសងសោហ៊ុយជំងឺចិត្តបាន។ សោហ៊ុយ​ជំងឺចិត្តនេះ មិនត្រូវច្រឡំគ្នាជាមួយនឹងប្រាក់បំណាច់ទូទាត់​ជួសការឱ្យដំណឹងមុន ឬជាមួយនឹង​ប្រាក់បំណាច់បណ្តេញ​ចេញទេ។ កម្មករនិយោជិត អាចទាមទារប្រាក់បំណាច់បើកផ្តាច់មួយ ដែលមានចំនួន​ស្មើនឹងប្រាក់បំណាច់បណ្តេញចេញ។ ក្នុងករណីនេះ កម្មករនិយោជិតត្រូវបានរួចពីកាតព្វកិច្ច ដែលត្រូវផ្តល់ភស្តុតាងបញ្ជាក់​ពីការខូចខាតរបស់ខ្លួន។

ជុំវិញបញ្ហានេះ Press Start Cambodia មិនអាចសុំការអធិប្បាយពីអ្នកនាំពាក្យក្រសួងការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈលោក ស៊ុន មេសា និងក្រុមហ៊ុន អេច ស៊ី ស៊ី គ្រុបបានទេត្រឹមរសៀលថ្ងៃទី១៣ ខែ​វិច្ឆិកា​នេះ។

គួរជម្រាបជូនថា ក្រុមហ៊ុន អេច ស៊ី ស៊ី គ្រុប(HCC Group Co., Ltd) ធ្លាប់មានវិវាទការងារជាមួយ​បុគ្គលិក​ខ្លួននៅសាខាខេត្តសៀមរាប ហើយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ កម្មករនិយោជិតសរុបចំនួន ១១២​នាក់ ទទួលបានដំណោះស្រាយ ក្រោយភាគីក្រុមហ៊ុនបានយល់ព្រមផ្តល់ជូនកម្មករនិយោជិតនូវទឹកប្រាក់ សរុបចំនួន ៨១ ៨២៣.២៦ ដុល្លារអាម៉េរិក (ប្រាំបីម៉ឺនមួយពាន់ ប្រាំបីរយម្ភៃបីដុល្លារអាម៉េរិក និងម្ភៃប្រាំមួយសេន) ជាការ​ទូទាត់សម្រាប់អត្ថប្រយោជន៍ផ្សេងៗ៕