ស្ថាប័នសារព័ត៌មាន និងអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិចំនួន១៦ អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាដកពាក្យបណ្តឹង និងស្នើឱ្យតុលាការដោះលែងអ្នកសារព័ត៌មានពីររូប គឺលោក ផន សុភាព និង លោក ភាព ភារ៉ា ដើម្បីឱ្យពួកគេអាចត្រឡប់ទៅជួបជុំគ្រួសារវិញ ខណៈអ្នកនាំពាក្យរដ្ឋាភិបាលបដិសេធថា ករណីនេះមិនមែនជាដែនសមត្ថកិច្ចរបស់រដ្ឋាភិបាលនោះទេ។
ការអំពាវនាវនេះ ធ្វើឡើងក្រោយពីសាលាឧទ្ធរណ៍បាត់ដំបង នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ បានតម្កល់សេចក្តីសម្រេចរបស់សាលាដំបូងខេត្តសៀមរាប ដែលផ្តន្ទាទោស លោក ផន សុភាព អ្នកសារព័ត៌មានបាត់ដំបងប៉ុស្តិ៍ និងលោក ភាព ភារ៉ា អ្នកសារព័ត៌មាន TSP68 TV Online ឱ្យជាប់ពន្ធនាគាររយៈពេល ១៤ឆ្នាំ ក្រោមបទចោទ «ការប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលអាចធ្វើឱ្យអន្តរាយការការពារជាតិ»។
សេចក្តីថ្លែងការណ៍រួមរបស់ស្ថាប័នសារព័ត៌មាន និងអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិចំនួន១៦ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ បានលើកឡើងថា ពួកគេមានការខកចិត្តយ៉ាងខ្លាំងចំពោះការផ្តន្ទាទោសដែលមិនអាចទទួលយកបាន លើអ្នកសារព័ត៌មានពីររូប គឺលោក ផន សុភាព និង លោក ភាព ភារ៉ា ឱ្យជាប់ពន្ធនាគារ ១៤ឆ្នាំ។
សេចក្តីថ្លែងការណ៍ដដែល បន្តថា ការប្រើប្រាស់បទចោទពាក់ព័ន្ធនឹងសន្តិសុខជាតិ ដែលកំណត់និយមន័យយ៉ាងទូលំទូលាយក្នុងបរិបទនេះ បានបង្កឱ្យមានការព្រួយបារម្ភអំពីផលប៉ះពាល់ទៅលើសេរីភាពបញ្ចេញមតិ និងបានរួមចំណែកបង្កើតបរិយាកាសគំរាមកំហែងដល់សេរីភាពសារព័ត៌មាន ហើយវាក៏បង្កើតនូវសំណួរអំពីការកម្រិតនៃទោស និងភាពស្របគ្នាជាមួយស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ រួមទាំងសិទ្ធិសេរីភាពបញ្ចេញមតិផងដែរ។
ក្រុមអង្គការសង្គមស៊ីវិលទាំង ១៦ស្ថាប័ន យល់ថា៖ «បទចោទដ៏ធ្ងន់ធ្ងរនេះ អាចនឹងបង្កការភ័យខ្លាចបន្ថែមដល់អ្នកសារព័ត៌មាន ក្នុងការអនុវត្តការងាររបស់ពួកគេ ដើម្បីបម្រើប្រយោជន៍សាធារណៈ»។
ការណ៍នេះ ពួកគេបានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា ដកពាក្យបណ្ដឹង និងស្នើឱ្យតុលាការដោះលែងអ្នកទាំងពីរ ដើម្បីឱ្យពួកគេអាចត្រឡប់ទៅជួបជុំគ្រួសារវិញ។
ស្ថាប័នសារព័ត៌មាន និងអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិទាំង១៦នោះ មានដូចជា សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា), មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (ស៊ីស៊ីអាយអឹម), អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ), សហភាពជាតិនៃអ្នកសារព័ត៌មានហ្វីលីពីន, សមាគមអ្នកសារព័ត៌មានទីម័រ, សហព័ន្ធអ្នកសារព័ត៌មានអន្តរជាតិ(IFJ) និងPrachatai ជាដើម។
បើតាមសេចក្តីថ្លែងការណ៍រួម នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ អ្នកសារព័ត៌មានទាំងពីររូប បានធ្វើដំណើរទៅតំបន់ព្រំដែន ដើម្បីផ្តល់ជំនួយមនុស្សធម៌ និងរាយការណ៍អំពីស្ថានភាពនៅព្រំដែន។ រដ្ឋាភិបាល បានអះអាងថា ពួកគេបានចែករំលែករូបថតមួយ ដែលថតនៅប្រាសាទតាក្របី ដោយជាប់រូបគ្រាប់មីននៅផ្ទៃខាងក្រោយ ហើយក្រោយមករូបភាពនេះត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយដោយប្រព័ន្ធផ្សព្វផ្សាយថៃ។
ក្រោយមក នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ សាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ថា អ្នកសារព័ត៌មានទាំងពីររូប ត្រូវបានចាប់ខ្លួនក្រោមបទសង្ស័យថាបានប្រមូលព័ត៌មាន និងថតរូបនៅក្នុងតំបន់យោធាហាមឃាត់ ដែលតុលាការបានអះអាងថាប៉ះពាល់ដល់ការការពារជាតិ។
អង្គការសង្គមស៊ីវិលទាំងនោះ បន្តថា បច្ចុប្បន្នមានអ្នកសារព័ត៌មាន ៤នាក់ ត្រូវបានចោទប្រកាន់ និងឃុំខ្លួនពាក់ព័ន្ធនឹងការរាយការណ៍របស់ពួកគេ ក្នុងនោះអ្នកសារព័ត៌មាន ២នាក់ ត្រូវបានចាប់ខ្លួននៅខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងចំណោមអ្នកសារព័ត៌មានដែលកំពុងជាប់ឃុំទាំងនោះ គឺអ្នកសារព័ត៌មាន ៣នាក់ នៅខេត្តបន្ទាយមានជ័យ និងម្នាក់ទៀតនៅ ខេត្តឧត្តរមានជ័យ។
នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) អ្នកស្រី ឆន សុគន្ធា មានប្រសាសន៍ថា ការដែលសង្គមស៊ីវិលស្នើឲ្យដោះលែង និងទម្លាក់បទចោទទៅលើអ្នកសារព័ត៌មានអនឡាញទាំងពីររូបនេះ ដោយសារតែពួកគេយល់ឃើញថា បទចោទនេះមានសភាពធ្ងន់ធ្ងរពេកសំរាប់អ្នកសារព័ត៌មានទាំងពីររូប។ អ្នកស្រីបន្តថា បើយោងតាមអង្គហេតុ និងឆ្លើយបំភ្លឺរបស់អ្នកសារព័ត៌មានទាំងពីរនាក់នោះ ការថតរូបជាប់គ្រាប់មីននោះ គឺជាកំហុសអចេតនារបស់ពួកគាត់តែប៉ុណ្ណោះ ដោយពួកគាត់មិនមានបំណងណាមួយផ្តល់ព័ត៌មានឲ្យរដ្ឋបរទេសនោះទេ។
អ្នកស្រីថា៖ «ខ្ញុំសង្ឃឹមថា ចៅក្រមនឹងពិនិត្យមើលឡើងវិញករណីនេះ ដើម្បីជួយសំរួលពួកគាត់ទាំងពីរ អាចមានសេរីភាពក្នុងការអនុវត្តជំនាញជាអ្នកសារព័ត៌មាននេះបន្តទៀត ដើម្បីជាប្រយោជន៍ជាតិ»។
យ៉ាងណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានប្រាប់ Press Start Cambodia យ៉ាងខ្លីថា ករណីនេះ មិនមែនជាដែនសមត្ថកិច្ចរបស់រដ្ឋាភិបាលទេ ដោយលោកជំរុញឱ្យទៅតុលាការ ដែលជាអ្នកកាត់សេចក្តីចំពោះករណីចាប់ឃុំខ្លួនអ្នកកាសែតទាំងពីររូបនេះ។
លោកថា៖ «បងអត់មានអីឆ្លើយតបទេប្អូន ករណីនេះ មិនមែនជាដែនសមត្ថកិច្ចរបស់រដ្ឋាភិបាលទេ ប្អូនទៅសួរតុលាការមើល និតីវិធីគឺប្រព័ន្ធតុលាការជាអ្នកកាត់សេចក្តី រដ្ឋាភិបាលមិនមានសិទ្ធិទៅជ្រៀតជ្រែកទេ មានន័យថា រដ្ឋាភិបាលមិនអាចរំលោភដែនសមត្ថកិច្ចតុលាការទេ ប្អូនឱ្យសង្គមស៊ីវិលទាំងនោះទៅសួរតុលាការ»។
ចំណែក អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ មានប្រសាសន៍ថា ក្រសួងព័ត៌មាន បានតាមដានដំណើរការនៃសំណុំរឿងនេះ ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់តុលាការ ហើយអំឡុងពេលនេះ ជាសេចក្តីសម្រេចរបស់តុលាការលើសំណុំរឿង និងជាអំណាចឆន្ទានុសិទ្ធិ អំណាចឯករាជ្យរបស់តុលាការ។
តែយ៉ាងណា លោកថា ក្រសួងព័ត៌មានតែងតែខ្នះខ្នែងជួយជ្រោមជ្រែងដល់អ្នកសារព័ត៌មានដែលបានជួបបញ្ហា ឬអ្នកដែលជួបប្រទះបណ្តឹងក្នុងពេលបំពេញការងារ ក្នុងនោះគឺការផ្តល់ប្រឹក្សាផ្នែកច្បាប់ និង/ឬជួយផ្តល់ការការពារក្តីជូនអ្នកសារព័ត៌មាន ដែលធ្វើសំណើរមកក្រសួង។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា៖ «ក្រសួងត្រៀមខ្លួនជានិច្ចក្នុងការផ្តល់ជំនួយផ្នែកច្បាប់ដល់អ្នកសារព័ត៌មានដែលបំពេញការងារតាមវិជ្ជាជីវៈ និងក្រមសីលធម៌ត្រឹមត្រូវស្របតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន[…] ប្រសិនបើយើងទទួលបានសំណើពីអ្នកពាក់ព័ន្ធក្នុងសំណុំរឿង ក្រសួងអាចពិនិត្យលទ្ធភាពក្នុងការផ្តល់ការជ្រោមជ្រែងផ្នែកច្បាប់ក្នុងរឿងក្តី ឬអាចផ្តល់មេធាវីដើម្បីជួយក្នុងដំណាក់កាលនៃនីតិវិធីតុលាការ សម្របសម្រួលជាមួយស្ថាប័នអយ្យការ ដើម្បីអាចធានាថាជនជាប់ពាក់ព័ន្ធអាចទទួលបានសិទ្ធិការពារខ្លួនស្របតាមច្បាប់»។
លោក ផន សុភាព និងលោក ភាព ភារ៉ា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅទីតាំងផ្សេងគ្នា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ក្រោយត្រឡប់ពីធ្វើបទយកការណ៍ពីបញ្ហាព្រំដែនវិញ៕

