គណបក្សក្រៅរដ្ឋាភិបាលចំនួនពីរនៅកម្ពុជាបានអំពាវនាវជាថ្មីឱ្យបញ្ចប់វប្បធម៌និទណ្ឌភាព បើកលំហសេរីភាពបញ្ចេញមតិ និងដោះលែងអ្នកទោសនយោបាយ អំឡុងពិធីបុណ្យរំលឹកខួបលើកទី២៩ឆ្នាំ នៃព្រឹត្តិការណ៍គប់គ្រាប់បែកឆ្នាំ១៩៩៧។
គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ ដែលស្ថិតនៅក្នុង “សម្ព័ន្ធភាពឆ្ពោះទៅអនាគត” បានអំពាវនាវឱ្យរដ្ឋាភិបាបន្តស្វែងរកជនដៃដល់ ផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ និងធានានូវសិទ្ធិសេរីភាពពេញលេញសម្រាប់ពលរដ្ឋគ្រប់ៗរូបក្នុងការចូលរួមបញ្ចេញមតិ ដើម្បីកែលម្អរាល់ភាពអសកម្មក្នុងសង្គម។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦។
សេចក្តីថ្លែងការណ៍រួមនេះ ក៏បានអំពាវនាវឱ្យមានការដោះលែង និងលើកលែងទោសដល់អ្នកជាប់ឃុំដោយសារហេតុផលនយោបាយគ្រប់រូបផងដែរ។
សេចក្តីថ្លែងការណ៍សរសេរថា៖ “ការដោះលែង និងលើកលែងទោសនេះ គឺជាជំហានដ៏សំខាន់ក្នុងការកសាងមូលដ្ឋានគ្រឹះ លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងការបង្រួបបង្រួមជាតិឱ្យរឹងមាំ”។
កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ គ្រាប់បែកដៃយ៉ាងតិចចំនួន ៤ គ្រាប់ត្រូវបានគេគប់ចូលទៅក្នុងក្រុមបាតុករអហិង្សា ដែលដឹកនាំដោយលោក សម រង្ស៊ី នៅមុខអតីតរដ្ឋសភាជាតិ។ ជិតបីទសវត្សរ៍កន្លងមកនេះ ជនដៃដល់ពិតប្រាកដ និងអ្នកនៅពីក្រោយខ្នង នៅតែមិនទាន់ត្រូវបានវែកមុខយកមកផ្តន្ទាទោសនៅឡើយ។
លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀនបានប្រាប់ Press Start Cambodia នៅរសៀលថ្ងៃអង្គារនេះ ថា គណបក្សរបស់លោកតែងតែអំពាវនាវឱ្យរដ្ឋាភិបាលវែកមុខជនដៃដល់ និងអ្នកនៅពីក្រោយ ដើម្បីយកមកកាត់ទោស និងរកយុត្តិធម៌ជូនជនរងគ្រោះ ដែលករណីនេះបានអូសបន្លាយជិតបីទសវត្សរ៍មកហើយ។
លោកបន្តថា ការខកខានមិនបានស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ បង្ហាញថា និទណ្ឌភាពនៅតែបន្តមាននៅកម្ពុជា និងបង្ហាញនូវភាពស្រអាប់នៅចំពោះមុខក្រសែភ្នែកសាធារណៈជនជាតិនិងអន្តរជាតិផងដែរ។
លោកមានប្រសាសន៍ថា៖ “ទោះបីជាមានសង្ឃឹមមួយភាគរយយ៉ាងណាក៏ដោយ ក៏យើងនៅតែទាមទាររកយុត្តិធម៌…ពីព្រោះយុត្តិធម៌ប្រៀបបានដូចជាការពិត គ្រាន់តែវាទាមទារពេលវេលាតែប៉ុណ្ណោះ”។ លោកបន្តថា៖ “ចឹងយើងនៅតែធ្វើការទាមទារជារៀងរហូត ហើយខ្ញុំសង្ឃឹមថា ពេលវេលានឹងផ្ដល់នូវយុត្តិធម៌ពិតប្រាកដដល់ប្រជាពលរដ្ឋខ្មែរក៏ដូចជាជនរងគ្រោះ”។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា ការលើកឡើងរបស់គណបក្សក្រៅរដ្ឋាភិបាល គឺជាសារដដែលៗ ហើយលោកចាត់ទុកថា នេះជាការអនុវត្តសិទ្ធិនៅក្នុងប្រទេសដែលមានសេរីភាព នៃការបញ្ចេញមតិ។
លោកមានប្រសាសន៍ថា៖ “យើងពិចារណាមើល បើកម្ពុជាគ្មានសិទ្ធិបញ្ចេញមតិ តើពួកគាត់អាចនិយាយពាក្យទាំងអស់ហ្នឹងបានឬក៏អត់? នេះជាចំណុចមួយដែលខ្ញុំចង់បញ្ជាក់”។
លោកបន្តថា រដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ខិតខំប្រឹងប្រែងណាស់ក្នុងការអនុវត្តច្បាប់ គឺមិនអនុញ្ញាតឱ្យមានអ្នកណាមួយនៅក្រៅច្បាប់ទេ ហើយថា បញ្ហានិទណ្ឌភាពនេះ គឺកើតចេញពីក្រុមគណបក្សប្រឆាំងខ្លួនឯងទៅវិញទេ ដែលតែងតែទាមទារឱ្យមានការដោះលែងសកម្មជនឬមន្ត្រីរបស់ខ្លួនដោយគ្មានលក្ខខណ្ឌនៅពេលប្រព្រឹត្តិខុសច្បាប់។
លោកមានប្រសាសន៍ថា៖ “វាច្បាស់ណាស់ វាមិនបានមួយរយភាគរយទេ ប្រទេសណាក៏ដោយ ក៏ប៉ុន្តែរដ្ឋាភិបាលគឺ បានខិតខំប្រឹងប្រែងក្នុងការពង្រឹងនូវវប្បធម៌ នៃការជន ដែលល្មើសឬក៏អ្នកប្រព្រឹត្តខុសច្បាប់ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ដោយគ្មាននរណាមួយអាចរួចខ្លួនបានទេ”។
លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយយល់ថា ការថ្លែងសាររួមគ្នានេះ គឺជាចំណុចវិជ្ជមានមួយ ដែលអ្នកនយោបាយក្រៅរដ្ឋាភិបាលគួរធ្វើ ដើម្បីជំរុញឱ្យកម្ពុជាមានរបបប្រជាធិបតេយ្យពិតប្រាកដ កុំឱ្យមានតែនៅក្នុងរដ្ឋធម្មនុញ្ញ ប៉ុន្តែលោកថា ការងារនេះទាមទារឱ្យមានសកម្មភាពជាក់ស្តែង ជាពិសេសគណបក្ស ដែលមិនស្ថិតក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ គួរចូលរួមគាំទ្រ ដើម្បីធ្វើឱ្យការអំពាវនាវនេះ មានឥទ្ធិពលថែមទៀត។
លោកមានប្រសាសន៍ថា៖ “យ៉ាងហោចណាស់ គណបក្សផ្សេងៗ ដែលនៅក្រៅសម្ព័ន្ធភាព ដែលមិនចូលរួមនៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ គួរមានសំឡេងតែមួយ ដើម្បីឈរឬបើកលំហសេរីភាពនយោបាយរបស់ខ្លួនឯងឡើងវិញ”។
ទោះបីជាយ៉ាងណា លោកមិនរំពឹងថា គណបក្សកាន់អំណាចនឹងធ្វើតាមការអំពាវនាវនេះទេ ដោយសារ វាមិនមែនជាសម្ពាធ ស្របពេលគណបក្សនយោបាយមានច្រើននៅកម្ពុជា ប៉ុន្តែគណបក្ស ដែលចេញសារអំពាវនាវ មានតែពីរគណបក្ស។
លោកមានប្រសាសន៍ថា៖ “យើងឃើញថា សំឡេងខ្សោយ ការគាំទ្រនៅតិចតួច ខណៈពលរដ្ឋកម្ពុជាហាក់ដូចជាបាក់ស្បាតខ្លបខ្លាច មិនមានទស្សនៈ ឬបញ្ចេញគាំទ្រទៅលើគណបក្សនយោបាយ” ។
លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ ដោយសារការហៅទូរស័ព្ទទៅលោកពុំមានអ្នកទទួល។
នៅក្នុងរបាយការណ៍របស់ខ្លួន ចេញផ្សាយកាលពីខែកុម្ភៈ ឆ្នាំ២០២៦ អង្គការលីកាដូបានចាត់ទុកឆ្នាំ២០២៥ គឺជាឆ្នាំដ៏អាប់អួរ នៃសេរីភាពក្នុងការបញ្ចេញមតិ ដោយរកឃើញថា យ៉ាងហោចណាស់មានពលរដ្ឋចំនួន ៨២នាក់ ត្រូវបានចាប់ខ្លួន ចោទប្រកាន់ និងឃុំខ្លួន បន្ទាប់ពីពួកគេបានបញ្ចេញមតិ និងបង្ហាញការយល់ឃើញរបស់ខ្លួនតាមបណ្តាញសង្គម៕

