បទយកការណ៍៖លោក ហ៊ាន អៀន តស៊ូរើសអេតចាយចិញ្ចឹមកូន៣នាក់ក្រោ​យភរិយា​ទទួ​​ល​រមណៈភាព

អគារទំនើបៗ ឈរបង្អួតរាងខ្ពស់សន្លឹម នៅប្របនឹងដងវិថីក្នុងរាជធានីភ្នំ​ពេញ។មហាវិ​ថីខ្វាត់ខ្វែង​អម​ដោ​​​យផ្ទះថ្ម នៅត្រៀបត្រាជាប់ជាជួរៗ មិនពីដាច់គ្នា។សំណងអគារខ្លះជាប្រភេទផ្ទះល្វែង ហើយ​ខ្លះ​​ទៀ​ត​​ជា​ប្រ​ភេ​ទ​ផ្ទះវិឡា ដែលមើលទៅគួរជាទីគយគន់។រីឯនៅជ្រុងម្ខាងទៀត នៃដងវិថីមានវត្តមួយឈ្មោះថា វត្ត​និរោធ។នៅពីខាង​ក្រៅទីធ្លានៃ​ទីវត្ត​អា​រា​មមួយនេះ ហ៊ុំព័ន្ធទៅដោយរបងខ្ពស់ត្រឈឹងត្រឈៃ អមដោ​យ​ក្បូរក្បាចរចនាដ៏ល្អឯក។ប៉ុ​ន្តែ​នៅ​​មិ​ន​ឆ្ងា​យប៉ុន្មានពីរបងវត្តនិរោធ គេនឹងឃើញជម្រក​មួយដែល​ដំបូ​ល​​​​ប្រ​ក់ពីតង់ពណ៌ខៀវ ហើយមា​ន​ស​​ភា​ពទ្រុឌទ្រោម ដោយសារទទួលរងឥទ្ធិពលពីបរិយាកាស។តាម​ពិ​ត​​​​ទៅ ភាពទំនើបនៃសំណងអគារទាំងនេះ មិនបានជួយឱ្យធ្វើគ្រួសារមួយ ដែលបានបម្លាស់​ទីពីខេត្ត​ព្រៃ​វែ​​ង និងប្រឹងក្រាញននៀលនៅទីនេះ មានជម្រកស្នាក់នៅដោយសមរម្យ ដូចគេឯងនោះឡើយ។

សម្បុរសណ្ដែកបាយ រាងស្តើងប្រកបដោយកាយសម្បទាមាំទាំ សក់រុញអង្គាដីលាយល្បាយព​ណ៌​ស លោក ហ៊ាន អៀន រៀបរាបថា លោកជ្រើសរើសការរស់នៅក្បែររបងវត្តនេះ ជាកន្លែងស្នាក់អាស្រ័យ នោះ​ក៏ព្រោះ​តែ​គ្មា​នជ​ម្រើសណាដែលល្អជាងនេះឡើយ។ប៉ុន្តែជម្រករបស់លោកនេះមិនមានសុវត្តិភាពនោះទេ ថ្ងៃខ្លះពេ​ល​សម្រាកនៅពេលយប់លោកតែងត្រូវក្មេងៗ មកលួចរបស់របរ និងប្រាក់កាសដែលលោកខំ​ស​ន្សំ​បានបន្តិចបន្តួ​ច អស់គ្មានសល់ក៏មានដែរ។រាល់ពេលកើតរឿងនេះម្តងៗ ធ្វើឱ្យលោក និងកូនៗ​ត្រូ​វ​ដា​ច់​​បាយ ដោយសារគ្មានលុយ ព្រោះតែលុយកាក់ដែលប្រឹងសន្សំបានខ្លះៗ ត្រូវក្រុមក្មេងៗលួចអស់។

មិនតែប៉ុណ្ណោះ ថ្ងៃខ្លះកាន់តែជួបទុក្ខជាងនេះ គឺអាជ្ញាធរមកប្រមូលឥវ៉ាន់របស់លោកយកទៅដាក់នៅខ​ណ្ឌ​ ក្រោមហេតុផល ជម្រករបស់លោកនាំឱ្យប៉ះពាល់មុខមាត់ ឬរំខានដល់ពិធីបុណ្យសពរបស់អ្នកធំ ឬ​អ្ន​ក​​​មុខអ្នកការ ដោយសារគ្រួសាររបស់លោកនៅជាប់នឹងរបងវត្ត។ម្តងម្កាល អាជ្ញាធរខណ្ឌតែងមករើឥវ៉ាន់​ដែលលោកស្នាក់នៅម្តង។ប្រការនេះ អាជ្ញាធរសណ្ឋាប់ធ្នាប់លើ​ក​ឡើ​​ងថា ការធ្វើដូចនេះនាំឱ្យ​ខូចសោ​ភ័​ណ​​​ភាពទីសាធារណៈ។ក្រោយចប់កម្មវិធី ទើបគេហៅលោកឱ្យទ​ទួ​ល​​យកមកវិញ។

លោកបន្តថា៖«មានប៉ូលីសគេដេញ ដេញយើងគេរើ យករបស់របរអីអស់ អញ្ចឹងឱ្យយើងទៅយក របស់របរដូចជាខោរអាវជាអីៗហ្នឹង គេយកទៅគេដាក់កន្លែងខណ្ឌគេហ្នុង គេថាបើចង់ទៅយកទៅយកវិញទៅ គេប្រាប់យើងថាគេមានអ្នកធំអ្នកអីគេមោអញ្ចឹងទៅ អ្នកខ្មោចងាប់អ្នកធំៗអញ្ចឹងទៅណាស់ គេមោចឹងគេដេញយើងឱ្យចេញ ឱ្យកុំនៅរបស់របរសំពីងសំពោងអញ្ចឹង ចឹងយើងចេញទៅតែមួយភ្លេតទៅយើងមកវិញ»
លោក ហ៊ាន អៀន និយាយទៀតថា តាមពិតទៅ​មុខរបររើសអេតចាយនេះ មិនមែនជាក្តីប្រាថ្នារ​បស់​លោ​កទេ​។ដើមឡើយលោកមានការងារ ដែលចាត់ទុកថាសមរម្យនឹងគេដែរ គឺជាកម្មករបម្រើការនៅក្នុងរោងចក្រម្សៅមីមួយកន្លែង នៅ​ក្នុង​ទីក្រុងភ្នំពេញនេះ។ តែក្រោ​យមក នៅអំឡុងឆ្នាំ២០២១ ដោយសារគ្រួសាររបស់លោកមានកូនតូច ហើយពុំមានអ្នកនៅមើលថែផង ទើបលោ​កសម្រេចចិត្តប្តូរមុខរបរជាអ្នករើសអេតចាយវិញម្តង ព្រោះថាកា​រងា​រ​​មួយនេះអា​ចផ្តល់ឱកាស​ឱ្យលោក មានពេលវេលាជួយមើលថៃកូនៗដែ​​ល​ជាការសម្រាលបន្ទុកភរិយារបស់លោកបានខ្លះ។

លោក ហ៊ាន អៀន កំពុង​ចងមាត់​ថង់សំរាម​ បន្ទាប់ពី​លោក​ប្រមូល​យក​របស់របរដែលគេបោះចោល។

កំពុងអង្គុយចោងហោង ក្បែររទេះ ក្រសែភ្នែកបង្ហាញនូវភាពសោកសៅ តែប្រឹង​បញ្ចេញស្នាមញញឹមតិចៗ លោក ហ៊ាន អៀន ប្រាប់គេហទំព័រ Press Start Cambodia ថា​លោក មានស្រុកកំណើតនៅភូមិគោករការ ឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ប៉ុន្តែបានមករស់នៅរាជធានីភ្នំពេញនេះ អស់រយៈពេលជាង២០ឆ្នាំមកហើយ។ថ្វីបើមុខរបរមួយនេះមិនជួយឱ្យលោកទទួលបានចំណូលខ្ពស់ និងទៀងទា​ត់​ ​​​ហើយត្រូវរស់នៅនិងកាក់សំណល់ ជាពិសេសត្រូវមនុស្សម្នាមួយចំនួនមើលមុខក្រោយក្តី ក៏លោកមិនដែ​លមា នអារម្មណ៍រុញរា និងស្អប់ខ្ពើមការងារមួយនេះម្តងណាឡើយ។

លោកបន្តថា៖ «ខ្ញុំឥតខ្មាស់អៀនអីទេ ព្រោះអាជីពយើងប៉ុណ្ណឹងហើយ ទៅខ្មាស់ម៉េចកើត បើខ្មាស់ត្រូវតែអត់ អត់ស៊ីអត់ចាយ »

ក្នុងនាមជាបុរសពោះម៉ាយ ដែលទើបបាត់បង់ភរិយាជាទីស្រឡាញ់ដោយសាររោគគាពាធ នៅក្នុងឆ្នាំ២​០​​​២​៥។ ភាពសោកសៅនៃការបាត់បង់នេះ លោក ហ៊ាន អៀន ត្រូវទទួលរាប់រងតែម្នាក់ឯងនូវអំរែកនៅក្នុងគ្រួសារដែលមានកូនតូចៗ៣នាក់នៅក្នុងបន្ទុក។រៀងរាល់ថ្ងៃ លោក អៀន តែងត្រាចចរគ្រប់ច្រកល្ហក និងកន្លុកកន្លៀត ដោ​​យមានរទេះអូសមួយជាមិត្ត។មិនថាចន្ទ ឬអាទិត្យទេពេ​លណាចេញរក​អេតចាយ​ម្ត​ងៗ លោក អៀន មិ​ន​ដែលពា​ក់អាវទេ​ នោះក៏ព្រោះតែលោកត្រូវធ្វើដំណើរពេ​ញៗមួយព្រឹកក្រោ​មកំដៅថ្ងៃ​មិនដែលលោះពេល។​​ដៃ​ប្រឹ​ងអូសរទេះ រីឯភ្នែកប្រឹងរំពៃរកមើលគំនរសម្រាម ដែលគេគរ​ចោ​ល​នៅប្រ​ប​និ​ង​ដងផ្លូវ។

លោក ហ៊ាន​ អៀន កំពុង​អូសរទេះអេបចាយ​របស់​លោកនៅលើ​ផ្លូវ​ខាងកើត​វិទ្យាល័យ ជា ស៊ីម បឹងកេងកង។​

​ដោយមានជីវភាពខ្វះមុខខ្វះក្រោយ រាល់ថ្ងៃលោក ហ៊ាន អៀន ត្រូវប្រឈមនឹងកម្ដៅថ្ងៃ ភាពកខ្វក់ និងការសម្លឹងមើលពីសំណាក់ក្រសែភ្នែកមនុស្សម្នាជាច្រើន ដើម្បីប្តូរយកសំណល់បន្តិចបន្តួចមកចិញ្ចឹមក្រុ មគ្រួសារ។ដោយឡែក កូនៗទាំងបីនាក់ដែលមានវ័យចន្លោះពី៤ ទៅ៩ឆ្នាំ ពួកគេមិនដែលបានចូល​សា​លា​​​រៀនម្តងណាឡើយ។ក្នុងចំណោម២ប្រុស និងស្រី១ លោក អៀន និយាយថា ការខកខានេះ ដោយ​សា​រ​​ទាំ​ងសំបុត្រកំណើត និងឯកសារផ្សេងៗត្រូវទទឹកភ្លៀងខូចខ្ទេចខ្ទីអស់ទៅហើយ។

ក្រោមពន្លឺនៃព្រះអាទិត្យដែលជះរស្មីបំភ្លឺនៅតាមដងផ្លូវស្រាលៗនាពេលព្រឹក បុរសចំណាស់រូបនេះចាប់ផ្តើមថ្ងៃថ្មីដោយលាងមុខរបស់គាត់នឹងទឹកសល់ក្នុងដបជ័រមួយ។ក្លិនផ្សែងធូលីលាយឡំនឹងក្លិនភ្លៀងយ​​ប់មិញ គឺជាខ្យល់អាកាសពេលព្រឹករបស់គាត់ខណៈកូនតូចៗទាំងបីនាក់នៅតែដេកលក់គងជើងគ្នាពេ​ញ​ក្រោមរទេះឈើនៅឡើយ ដែលមានក្រណាត់ជូតរុំព័ទ្ធជុំវិញជាជញ្ជាំង នៅក្រោមដំបូលប្រក់តង់ពណ៌ខៀវដើម្បីការពារពីភ្លៀងផ្គរ។

បើតាមលោក ហ៊ាន អៀន របររើសអេតចាយមួយនេះ មួយថ្ងៃកាត់មួយថ្ងៃកោរទេ ចំណូលមិនទៀងទាត់ ដោ​យបីថ្ងៃលោកត្រូវយកទៅលក់ម្តង ហើយជួនថ្ងៃណារកបានទៅ អាចបានចំណូលជាង៣ម៉ឺនរៀលដែរក្នុ​ងមួយថ្ងៃ ចំពោះថ្ងៃខ្លះគ្មានចំណូលសោះតែម្ដងក៏មានដែរ។លោកបានប្រកបរបរជាអ្នករើសអេតចាយនេះអស់រយៈពេលជាង ៤​ឆ្នាំ ម​ក​ហើយ។ តែយ៉ាងណាមិញមុខរបរមួយនេះ មិនអាចផ្តល់ជីវភាពរស់នៅសមរម្យក្នុងទីក្រុងភ្នំពេ​ញ​បានឡើយដែលតម្រូវឱ្យលោកត្រូវបង្ខំចិត្តមករស់នៅក្បែររបងវត្តនិរោធនេះ។

លោកបន្តថា៖ «ថ្ងៃខ្លះត្រូវបានៗទៅ ត្រូវអត់បាន អត់ដែរហ្នឹងព្រោះវាបីថ្ងៃបានៗមួយជើង ជួនកាលថ្ងៃណារកបានទៅ មួយថ្ងៃបានមួយជើងទៅ ថ្ងៃណាអត់ទៅទទេរតែហ្មងទៅ »

លោក អៀន រំលឹកថា ភាពស្ងៀមស្ងាត់នៅពេលព្រឹកព្រលឹម តែងនាំមកនូវការនឹករលឹក និងការចងចាំដ៏ឈឺចាប់អំពីភរិយាដែលបានលាចាកលោកជារៀងរហូត។ កន្លែងដែលធ្លាប់មាននាងដេកលក់ក្បែរ បានជំ​នួសដោយភាពទទេស្អាត និងភួយចាស់មួយដែលធុំក្លិននៃធូលី។ ប៉ុន្តែ ភាពសោកសៅមិនអាចទប់ជើងរបស់គាត់បានទេ។រាល់ពេលលោកចេញរកអេតចាយម្តងៗ មុនពេលកូនៗក្រោកពីដំណេក លោកតែង​ផ្តាំ​​ផ្ញើ​ឱ្យអ្នក​ជិតខាងដែលអ្នកលក់ដូរឥវ៉ាន់នៅក្បែរវត្តជួយមើលថៃ មុនពេលលោកមកដល់កន្លែងវិ​ញ​។​​ព្រះ​​​ទិន្នករចាប់​បញ្ចេញរស្មីពណ៌មាសព្រលឹមស្រាងៗ នោះគឺជាពេលវេលាមាសរបស់លោកក្នុងការស្វែ​ង​រក​អេតចាយ។លោកដឹងថា រាល់គីឡូក្រាមនៃក្រដាសកាតុង ដែក សំណប៉ាហាំង សំបកកំប៉ុង និងដបជ័រ គឺជាអាហារសំរាប់កូនៗរបស់ខ្លួន។

នៅរៀងរាល់ម៉ោង ប្រហែល៨ព្រឹកស្របពេលដែលមហាជនទូទៅចាប់ផ្តើមធ្វើដំណើរតាមរយៈយានជំ​និះ​​​នៅតាមដងផ្លូវដើម្បីទៅប្រកបការងាររបស់ពួកគេតាមកន្លែងរៀងៗខ្លួន។បរិយាកាសនេះ ក៏មិនខុសគ្នា​ដែ​រ លោក ហ៊ាន អៀន ក៏បានបញ្ចប់ការសម្រាករបស់គាត់ហើយរៀបចំខ្លួន និងអូសរទេះរបស់លោកដើម្បីដើ​ររើសអេតចាយនៅតាមដងផ្លូវដែលមានគំនរសម្រាម មិនដែលលោះពេលឡើយ។

គេសង្កេតឃើញថាលោកបានទាញរទេះដ៏ធ្ងន់របស់ខ្លួនចេញពីក្បែររបងវត្តដែលមានកូនស្រីអាយុ៤ឆ្នាំផង គេងលក់នៅក្នុងអង្រឹងលើរទេះនោះ។សំឡេងកង់កកិតបន្តិចៗ ឆ្ពោះទៅរកទីប្រជុំជនដែលពោរពេញទៅដោយក្តីសង្ឃឹមដ៏ផុយស្រួយ ដែលមានក្រសែភ្នែករំពៃមើលធុងសម្រាម និងគំនរសម្រាមដែលមនុ​ស្ស​​ម្នាទាំងឡាយស្ទើរតែមិនចង់ទៅក្បែរផងនោះ ប៉ុន្តែវាបែរជាទីកន្លែងដែលលោកហាក់សប្បាយរីករាយនិងការស្វែងរកសំណល់ដែលគេបានបោះចោល។ហើយកាកសំណល់នេះហើយ ដែលជួយឱ្យលោកអា​ច​ទ​ទួលបា​ននូវចំណូល និងដោះស្រាយជីវិភាពក្នុងគ្រួសារបានមួយពេលៗដែរ។

អង្គការសមាគមធាងត្នោត រកឃើញថាប្រជាពលរដ្ឋដែលរស់នៅក្នុងទីក្រុងភ្នំពេញចន្លោះពី៦០ ទៅ​៧​​០​ភាគរយ កំពុងជួបវិបត្តិគ្មានផ្ទះសម្បែង ខណៈសំណង់ និងអគារខ្ពស់ៗកប់ពពក កំពុង​បង្ហា​​ញរាងស្កើ​ម​ស្កៃ ប៉ុន្តែភាពទំនើប និងស៊ីវិល័យទាំងនោះ មិនបានជួយឱ្យពលរដ្ឋមួយក្រុមធំ ទទួលបា​នលំនៅ​ឋា​ន​ស​ម​រម្យ នៅក្នុងសម័យទំនើបនេះទេ។

តាមរយៈរបាយការណ៍ ដែលអង្គការសមាគធាងត្នោត បានចុះផ្សាយនៅលើគេហទំព័ររបស់ខ្លួន កា​​ល​​ពី​ថ្ងៃទី១០ កញ្ញា ឆ្នាំ២០២៥ ឱ្យដឹងថាប្រទេសកម្ពុជា ជាពិសេសទីក្រុងភ្នំពេញ ក្នុងរយៈពេល១០ឆ្នាំចុ​ង​ក្រោ​យ​នេះ​​ ទទួលស្គាល់ថាពិតជាមានភាពជឿលឿន និងអភិវឌ្ឍន៍ដ៏ឆាប់រហ័ស។ក្រុមវិនិយោគិន ដែ​លផ្តោ​ត​ទៅ​​លើវិស័យអចនទ្រព្យ ដូចជាក្រុមហ៊ុន ជីបម៉ុងលែន បុរីប៉េងហួតបឹងស្នោ និងក្រុមហ៊ុ​នអ​រគី​ដេ ជា​ដើ​​ម។ពួកគេ បានសម្រុកសាងសងលំនៅឋានប្រណិតៗ ប៉ុន្តែតម្លៃដាក់លក់នៅលើទីផ្សារ មិនអា​ច​ជួ​​យ​​​​ឱ្យអ្នកដែលមានចំណូលក្រោមធម្យម ទិញបានទេ។

ផ្ទុយទៅវិញ ផ្អែកលើនិន្នាការនេះ អង្គការសមាគមធាងត្នោតរកឃើញថា នៅចំពោះមុខនេះ ពលរ​ដ្ឋ​​ចន្លោះ​ពី៦០ ទៅ៧០ភាគរយ នៃប្រជាពលរដ្ឋសរុបក្នុងទីក្រុងភ្នំពេញ កំពុងតែជួបវិបត្តិ​គ្មាននៅលំ​នៅ​ឋា​​នសមរម្យ ហើយពួកគេរឹតតែគ្មានលទ្ធភាពទិញផ្ទះ ដែលកំពុងដាក់លក់​នៅលើទីផ្សារ ដូច​បច្ចុប្បន្ន​នេះ​​​ថែមទៀតផង។មិនតែប៉ុណ្ណោះ សមាគមធាងត្នោត បង្ហាញទុទិដ្ឋិនិយមថា ភាពប្រឈមមុខនេះ នឹ​ង​​នាំឱ្យកំណើនពលរដ្ឋ ដែលគ្មានលទ្ធភាពទិញផ្ទះ ចេះតែបន្តកើនឡើងខ្ពស់ នៅក្រោយឆ្នាំ​២០​៣​០​។​ប​ញ្ហា​នេះ បានបង្កើតជាក្តីបារម្ភមួយដ៏ធំសម្រាប់ស្ថាប័នសង្គមស៊ីវិល ដែលទាមទារ​ឱ្យយកចិត្តទុកដា​ក់​​​ខ្ពស់​​ពីឱ្យ​រដ្ឋាភិបាល វិស័យឯកជន និងគ្រឹះស្ថានធនាគារ។

ចំណែកលោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ឱ្យដឹងថាក្រុមអ្នករើសអេតចាយ គឺជាក្រុមគោលដៅ ដែលសមាគមលោកបានធ្វើការងារជាមួយតាំងពីឆ្នាំ២០១០ រហូតមកដល់បច្ចុប្បន្ន គឺជាង១៥ឆ្នាំមកហើយ ដើម្បីផ្តល់កិច្ចគាំពាសង្គម និងការពារសិទ្ធិពួកគេ។ លោកបានអះអាងថា ប្រទេសកម្ពុជា ក៏មានគោលនយោបាយមួយដែលគាំពារមនុស្សទាំងអស់ ក្នុងនោះក៏មានក្រុមអ្នករើសអេតចាយដែរ ដោយផ្ដោតទៅលើប្រព័ន្ធជំនួយសង្គម និងប្រពន្ធផ្សព្វផ្សាយសង្គម។

លោកបន្តថា៖«សម្រាប់អ្នករើសអេតចាយភាគច្រើន គាត់គ្របដណ្ដប់ទៅលើប្រព័ន្ធជំនួយសង្គម ដោយសារគាត់ខ្វះខាតមិនមានលទ្ធភាពបង់ប័ណ្ណ ប.ស.ស ចឹងនៅក្នុងគោលនយោបាយជាតិត្រូវទាក់ទងនិង​គោលនយោបាយកិច្ចគាំពាសង្គមដែលរដ្ឋត្រូវយកចិត្តទុកដាក់ទៅលើ សុខមាភាព ជាពិសេសដែលមានស្ថានភាពក្រីក្រដូចជាអ្នករើសអេតចាយ‍»

បើតាមលោក វន់ ពៅ ចំពោះទិន្នន័យជាក់លាក់ស្តីពីចំនួនអ្នករើសអេតចាយនៅភ្នំពេញលោកបញ្ជាក់ថា មិនទាន់មានការស្រាវជ្រាវអំពីតួលេខនេះ ឱ្យបានប្រាកដប្រជានៅឡើយទេ។ប៉ុន្តែកន្លងមកដំណឹងដែល​លោ​កទទួលបានពីសាលា​ក្រុ​ងភ្នំពេញ នៅ​តាមគំនរសំរាមស្ទឹងមានជ័យ បឹងជើងឯក គឺមានអ្នកប្រកបរបររើសអេតចាយនេះមិន​ក្រោមពី១០០០នាក់ឡើយ។

ជុំវិញរឿងនេះ គេហទំព័រ Press Start Cambodia មិនអាចស្នើសុំការបកស្រាយលម្អិត ពីលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយលោកបដិសេធក្នុងការ​ផ្តល់យោបល់​។​​ផ្ទុ​យទៅវិញ អ្នកនាំពាក្យរូបនេះ ឱ្យបង្វែរសំណួរទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាជំ​នួសវិញ។

លោកបន្តថា៖«សំណួរហ្នឹងសូមប្អូនទៅសួរខាងក្រសួងសង្គមកិច្ចទៅ។សំណួរនេះក៏សូមប្អូនទៅសួរក្រសួ​​​ងសង្គមកិច្ចទៅ បើសួរខ្ញុំទាក់ទងនឹងរឿងចំនួនកម្មកររោងចក្រអីអាហ្នឹងមានទិន្នន័យ ព្រោះយើងធ្វើការច្រើនជាមួយកម្មកររោងចក្រ»

យ៉ាងនេះក្តី ទិន្នន័យរបស់រដ្ឋាភិបាលតាមរយៈ យុទ្ធសាស្រ្តជាតិ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ បានបង្ហាញថា អ្នកប្រកបមុខរបរ និងការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា មា នចំនួនច្រើន និងស្ថិតនៅក្នុងវិស័យជាច្រើន ដូចជាវិស័យដឹកជញ្ចូន សេវាកម្ម សិប្បកម្ម និងកសិកម្មជាដើម។

ប្រភពបន្តថា៖«អ្នកប្រកបមុខរបរ និងធ្វើការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធជួបប្រទះនឹងបញ្ហាជីវភាពខ្វះខាត និងមិនអាចរ៉ាប់រងបន្ទុកចំណាយលើការបំពេញអនុលោមភាពអ្នកប្រកបមុខរបរ និងធ្វើការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានតម្រូវការខ្ពស់ផ្នែកថែទាំសុខភាព ប៉ុន្តែការផ្តល់ការថែទាំសុខភាពតាមរយៈបណ្ណមូលនិធិសមធម៌សុខាភិបាល និងបណ្ណ ប.ស.ស នៅមិនទាន់មានវិសាលភាពគ្របដណ្ដប់និងការប្រើប្រាស់បានទូលំទូលាយនៅឡើយ » ។  

បន្ថែមពីលើនេះ យុទ្ធសាស្រ្តជាតិ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ មានគោលបំណងលើកកម្ពស់ការគាំពារ និងការពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងជំរុញ និងពន្លឿនការចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីធានាឱ្យបាននូវភាពធន់ ភាពប៉ាន់ប្រមាណបាន និងភាពរីកចម្រើនទៅមុខនៃការធ្វើធុរកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការប្រកបអាជីវកម្ម មុខរបរ និងការងារចិញ្ចឹមជីវិតនៅកម្ពុជា សំដៅឈានឆ្ពោះទៅរកការសម្រេចបាននូវការអភិវឌ្ឍប្រ​ក​ប​ដោយចីរភាព បរិយាបន្ន និងភាពធន់ ស្របតាមគោលការណ៍ មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់

តាមពិតទៅ ហ៊ាន អៀន និងអ្នករើសអេដចាយដទៃទៀតក្នុងទីក្រុងភ្នំពេញ ប្រហែលជាមិនត្រូវរស់នៅ ដោ​យការលំបាកបែបនេះទេ ប្រសិនបើរដ្ឋាភិបាល គិតគូឱ្យបានស៊ីជម្រៅ និងល្អិតល្អន់ ដូចពាក្យស្លោ​ក​ដែ​​​​លបានដាក់ចេញថា «មិនបោះបង់នរណាម្នាក់ចោល»។

ការអនុវត្តគោលនយោបាយ ដោយ​តម្លា​ភាព និងមានគណនេយ្យភាព តាមរយៈគោលការណ៍សម្ប​ទាន​ដី​សង្គ​មកិច្ច ហើយផ្តល់ឱ្យពួ​កគេ​ ដោ​យស្មើៗភាព និងមានប្រព័ន្ធបណ្តាញទឹក ភ្លើង សាលារៀន និង​ទី​ផ្សា​រសមល្ម ដូចមានកំណត់នៅក្នុង​គោ​ល​​កា​​រណ៍​សមធ​ម៌ស​ង្គ​ម​ ប្រហែលជាមិនត្រូវជួបការលំបាកបែ​ប​​នេះឡើ​យ​​​។​ប៉ុន្តែពេលនេះ លោក ហ៊ាន អៀន នៅដើ​រតត្រុ​ក​រើសអេដចាយ ដូចមុនដដែល​ ដោ​​យ​​សា​រ​មិ​ន​​មានគោលនយោបាយ ដែលអាច​ដោះស្រា​យចំ​​ពោះអ្នកគ្មានទីពឹង ដូចជាពួក​គេនេះបាន។​ដោ​យ​សារ​ខ្វះគោ​លនយោបាយគាំពារ ក្រុមអ្ន​កសេ​ដ្ឋ​កិ​ច្ចក្រៅប្រព័ន្ធដូចជាលោក អៀ​ន នេះហើយ បានជា​លោ​​កនិ​យា​យថា ជាការពិត​គ្រួសាររបស់លោក​មិនចង់​បន្តមុខរបររើស​អេដចា​យ​នេះ​​​ទៀ​ត​ទេ បើ​នៅតែ​​ធ្វើ​​បែ​ប​នេះ​ទៀត គ្មានអនាគត​ឡើយ។ហើ​យកូន​ៗ​ទាំ​ងបីនាក់របស់លោក ដែលមា​ន​វ័​យ​ចន្លោះពី៤ ទៅ​៩ឆ្នាំ​ នឹង​គ្មា​​នឱកាស​បានស្គា​ល់សា​លារៀ​ន​នោះដែរ​។

ហ៊ាន អៀន និយាយថា៖« ទៅថ្ងៃមុខបើបន្តអាជីពមួយនេះទៀតគឺមិនកើតទេព្រោះបើបន្តប្រហែលកូនៗរបស់លោកនឹងត្រូវដាច់បាយជាក់ជាមិនខាន។ចង់ប្តូរអាជីពនេះដែរ ប៉ុន្តែបើប្តូរឥឡូវនេះគឺពិបាកព្រោះកូនៅតូចៗពេកប្រសិនបើប្តូរគឺគ្មានអ្នកមើលកូនរបស់លោកទេ »៕

អត្ថបទគួរឱ្យចាប់អារម្មណ៍