រដ្ឋសភា អនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ដែលអនុញ្ញាតឱ្យដកសញ្ជាតិខ្មែរពីជនណាដែលបំពានអង្គព្រះមហាក្សត្រ ឬប្រព្រឹត្តអំពើក្បត់ជាតិ ខណៈអង្គការសង្គមស៊ីវិលសម្ដែងក្ដីបារម្ភពីផលប៉ះពាល់នៃការអនុម័តសេចក្តីព្រាងច្បាប់នេះ ទៅលើសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ ។
នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ រដ្ឋសភា បានបើកសម័យប្រជុំលើកទី៤ ដែលមានសមាជិក១២០រូប ដើម្បីពិភាក្សានិងអនុម័តលើសេចក្ដីព្រាងច្បាប់ចំនួនពីរ ក្នុងនោះមាន សេចក្តីព្រាងច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិ ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
បើតាមទំព័រហ្វេសប៊ុករបស់រដ្ឋសភា បានរៀបរាប់ថា សេចក្ដីព្រាងច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្ដីពីសញ្ជាតិនេះ មានពីរមាត្រា ខណៈការពន្យល់របស់រដ្ឋាភិបាលកន្លងមក ការធ្វើវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិនេះ ដើម្បីធានាបាននូវសន្តិភាព ខឿនការពារជាតិ ឯកភាពជាតិ អធិបតេយ្យ បូរណភាពទឹកដី សន្តិសុខជាតិ និងឧត្តមប្រយោជន៍ជាតិ ព្រមទាំងទប់ស្កាត់និងប្រឆាំងការជ្រៀតជ្រែកពីខាងក្រៅចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ជាពិសេសការប្រឆាំងនឹងអំពើក្បត់ជាតិ និងអំពើគប់គិតជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស។ ការដកសញ្ជាតិខ្មែរ គឺជាការកាត់ផ្តាច់ចំណងគតិយុត្ត និងនយោបាយចំពោះជនដែលក្បត់ជាតិតែប៉ុណ្ណោះ។
ប្រភពដដែល បានគូសបញ្ជាក់ថា បន្ទាប់ពីបានពិភាក្សាយ៉ាងផុលផុសតាមនីតិវិធី អង្គរដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ដោយសំឡេងយល់ព្រមចំនួន១២០នៃចំនួនសមាជិករដ្ឋសភាចូលរួមប្រជុំ១២០រូប។
ពាក់ព័ន្ធនឹងច្បាប់ស្ដីពីការដកសញ្ជាតិខ្មែរនេះ លោកស្រី ចៅ រតនា ជំទប់ទី២នៃក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែត កូតាគណបក្សភ្លើងទៀន យល់ថា ប្រទេសកម្ពុជាមិនគួរមានច្បាប់ស្ដីពីការដកសញ្ជាតិខ្មែរពីកំណើតនោះទេ ដោយអ្នកស្រីថា ការដកសញ្ជាតិនេះ គួរមានសម្រាប់តែជនបរទេសដែលបានសញ្ជាតិខ្មែរប៉ុណ្ណោះ។
អ្នកស្រីថា៖ «ចម្ងល់សម្រាប់ខ្ញុំ ក៏ដូចជាពលរដ្ឋទូទៅ ថាតើបើដកសញ្ជាតិពីប្រជាជន ដែលមានសញ្ជាតិដើមពីកំណើត ហើយគាត់មានសញ្ជាតិខ្មែរតែមួយ តើឱ្យគាត់ទៅណា? ចូលជាសញ្ជាតិអ្វីវិញ? ឬពួកគាត់ជាជនគ្មានសញ្ជាតិ? តើមានយុត្តិធម៌ចំពោះពួកគាត់ដែរឬទេ»។
កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ អង្គការ សមាគម និងសហគមន៍ចំនួន ៥០ស្ថាប័ន បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ដោយសម្ដែងក្ដីបារម្ភយ៉ាងខ្លាំង ចំពោះសេចក្តីព្រាងវិសោធនកម្មនៃច្បាប់ស្តីពីសញ្ជាតិ ដែលអាចនឹងត្រូវបានចែងយ៉ាងស្រពេចស្រពិល ក្នុងការអនុញ្ញាតឱ្យរាជរដ្ឋាភិបាលអាចដកហូតសញ្ជាតិខ្មែរពីប្រជាពលរដ្ឋបាន ហើយនិងអាចនឹងមានផលប៉ះពាល់អវិជ្ជមានយ៉ាងសម្បើម មកលើសេរីភាពក្នុងការបញ្ចេញមតិរបស់ពលរដ្ឋខ្មែរគ្រប់រូប។
ពួកគេ អះអាងថា សេចក្ដីព្រាងច្បាប់នេះ គឺផ្ទុយទៅនឹងច្បាប់អន្តរជាតិ អនុសញ្ញាអន្តរជាតិនានា និងរដ្ឋធម្មនុញ្ញពាក់ព័ន្ធនឹងការគោរពសិទិ្ធមនុស្សជាមូលដ្ឋាន ។
បន្ថែមពីលើនេះ សេចក្ដីថ្លែងការណ៍ដដែល បានបន្តថា វិសោធនកម្មនៃច្បាប់ស្តីពីសញ្ជាតិនេះ ពលរដ្ឋខ្មែរគ្រប់រូប អាចនឹងត្រូវបាត់បង់អត្តសញ្ញាណរបស់ខ្លួនជា «ខ្មែរ» ប្រសិនបើអ្នកទាំងនោះធ្វើសកម្មភាពណាមួយ ដែលរិះគន់រាជរដ្ឋាភិបាល ការពារបរិស្ថាន ឬការពារសិទិ្ធសេរីភាពជាមូលដ្ឋាននៅក្នុងប្រទេស។
សង្គមស៊ីវិលទាំងនោះ បន្តទៀតថា ប្រសិនបើរដ្ឋាភិបាលដកហូតសញ្ជាតិ ពលរដ្ឋខ្មែរនឹងបាត់បង់សិទិ្ធសេរីភាពជាមូលដ្ឋានទាំងអស់ នៅក្នុងប្រទេសកំណើត ថែមទាំងអាចនឹងបាត់បង់សិទិ្ធជាម្ចាស់កម្មសិទិ្ធលើដីធ្លី សិទិ្ធទទួលបានសេវាសុខាភិបាល ការអប់រំ ការរៀបអាពាហ៍ពិពាហ៍ស្របច្បាប់ សិទិ្ធធ្វើការងារស្របច្បាប់ និងសិទិ្ធក្នុងការធ្វើនយោបាយ ។
សេចក្ដីថ្លែងការណ៍លើកឡើងថា៖ «នៅពេលដែលសេចក្តីព្រាងវិសោធនកម្មនៃច្បាប់មួយដែលចែងយ៉ាងទូលាយ ចូលជាធរមានអាចនឹងបង្កការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ និងហួសប្រមាណ ប្រសិនបើអាជ្ញាធររដ្ឋយកទៅប្រើប្រាស់ ដោយផ្តោតទៅមនុស្សមួយក្រុម ផ្អែកទៅលើជាតិសាសន៍ និន្នាការនយោបាយ សេរីភាពក្នុងការបញ្ចេញមតិ និងភាពសកម្មនិយមផ្នែកបរិស្ថាន និងសង្គម។ រាជរដ្ឋាភិបាលមានអំណាចពេញលេញ ប៉ុន្តែមិនគួររហូតដល់អាចសម្រេចថា ពលរដ្ឋខ្មែរណាម្នាក់ «គួរជាខ្មែរ» ហើយពលរដ្ឋខ្មែរណា «មិនគួរជាខ្មែរ» នោះទេ»។
សេចក្ដីថ្លែងការណ៍ បន្ថែមថា៖ «យើងខ្ញុំ សូមសំណូមពរដល់រដ្ឋសភា និងព្រឹទ្ធសភា សូមពិចារណា ដោយពុំគួរអនុម័តលើសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិនេះទេ។ យើងទាំងអស់គ្នា សុទ្ធតែជា «ខ្មែរ» ហើយមិនទាន់យឺតពេលទេ ក្នុងការជៀសវាងការបន្តឱ្យមានភាពឈឺចាប់នៅក្នុងប្រទេសយើងទាំងអស់គ្នា»។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅអង្គការសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថា លោកមានការបារម្ភចំពោះមាត្រាខ្លះនៃច្បាប់នេះ ចែងស្រពេចស្រពិល និងមាត្រាខ្លះទៀតខ្លឹមសារទូលំទូលាយពេក ដែលអាចប៉ះពាល់ដល់សិទ្ធិនិងសេរីភាពរបស់ពលរដ្ឋខ្មែរ ជាពិសេសពលរដ្ឋខ្មែរមានសញ្ជាតិតែមួយ ហើយកំពុងរស់នៅឯបរទេស។
លោកអះអាងថា ប្រសិនបើចង់ឱ្យការបង្កើតច្បាប់មួយល្អ និងអនុវត្តបានដោយប្រសិទ្ធិនោះ គឺទាមទារឱ្យសិក្សា និងប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ ហើយស្របតាមច្បាប់អន្តរជាតិស្ដីពីសិទ្ធិមនុស្ស។
លោកបញ្ជាក់ថា៖ «ប្រសិនបើច្បាប់នេះត្រូវបានអនុម័ត និងប្រកាសឱ្យប្រើនាពេលឆាប់ៗខាងមុខគឺយើងមានការព្រូយបារម្ភ ព្រោះមានមាត្រាខ្លះនៅមានភាពស្រពេចស្រពិលមិនច្បាស់លាស់ និងមាត្រាខ្លះចែងទូលាយពេក។ ដូច្នេះយើងបារម្ភថានៅពេលអនុវត្តគឺអាចមានផលប៉ះពាល់ដល់សិទ្ធិ និងសេរីភាពប្រជាពលរដ្ឋខ្លះៗ ជាពិសេសប្រជាពលរដ្ឋខ្មែរដែលមានសញ្ជាតិខ្មែរតែមួយ ហើយរស់នៅប្រទេសខ្មែរ ប្រសិនបើបានប្រព្រឹត្តកំហុស ហើយចូលក្នុងលក្ខខណ្ឌច្បាប់នេះ រួចត្រូវដកសញ្ជាតិគាត់ តើផលប៉ះពាល់អ្វីខ្លះដល់គាត់ និងក្រុមគ្រួសារ»។
បើតាមខ្លឹមសារនៃសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីសញ្ជាតិ លក្ខខណ្ឌពលរដ្ឋខ្មែរអាចត្រូវបានដកសញ្ជាតិ ក្នុងករណីណាមួយដូចជា៖ ១. ប្រព្រឹត្តអំពើក្បត់ជាតិ ឬធ្វើសកម្មភាពឃុបឃិតគ្នាជាមួយបរទេស ដែលនាំឱ្យអន្តរាយដល់ប្រយោជន៍ស្នូលរបស់ជាតិ។ ២. ធ្វើសកម្មភាពដែលនាំឱ្យអន្តរាយដល់អធិបតេយ្យជាតិ បូរណភាពទឹកដី និងសន្តិសុខជាតិ។ ៣. ចូលបម្រើកងទ័ពនៃរដ្ឋបរទេសដោយស្មគ្រចិត្ត ឬបំពេញតួនាទីជាមន្រ្តីសាធារណៈនៃរដ្ឋបរទេស និងមិនព្រមលាឈប់ទោះបីមានបញ្ជាពីរាជរដ្ឋាភិបាលកម្ពុជា។ ៤. បានទទួលសញ្ជាតិខ្មែរដោយការក្លែងបន្លំ ឬការផ្ដល់ព័ត៌មានមិនពិត។ ៥. ត្រូវបានផ្ដន្ទាទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិម ដែលពាក់ព័ន្ធនឹងការរំលោភបំពានដល់អង្គព្រះមហាក្សត្រ ការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ ឬអំពើភេរវកម្ម។
សេចក្តីព្រាងច្បាប់ដដែល បន្តថា ការដកសញ្ជាតិខ្មែរពីកំណើតអាចធ្វើទៅបាន លុះត្រាតែប្រជាពលរដ្ឋខ្មែររូបនោះ មានអាយុ១៨ឆ្នាំ យ៉ាងតិច និងមានសញ្ជាតិមួយផ្សេងទៀត ឬមានមូលដ្ឋានដែលអាចជឿជាក់ថា ប្រជាពលរដ្ឋខ្មែររូបនោះអាចទទួលបានសញ្ជាតិផ្សេងទៀត ឬទទួលបានការគាំពារពីរដ្ឋបរទេស។
សេចក្តីព្រាងច្បាប់ដដែល បានចែងទៀតថា ការដកសញ្ជាតិខ្មែរពីកំណើត ត្រូវធ្វើឡើងបន្ទាប់ពីទទួលបានយោបល់ពីគណៈកម្មការជាតិមួយ ដែលការបង្កើតនិងដំណើរការគណៈកម្មការជាតិនេះ ត្រូវកំណត់ដោយអនុក្រឹត្យ តាមសំណើរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ បែបបទនិងនីតិវិធីនៃការដកសញ្ជាតិខ្មែរ ត្រូវកំណត់ដោយអនុក្រឹត្យ។ ការដកសញ្ជាតិខ្មែរត្រូវសម្រេចដោយព្រះរាជ្យក្រឹត្យ។
កាលពីចុងខែមិថុនា ឆ្នាំ២០២៥ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានស្នើឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌សិក្សាពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបើកផ្លូវឱ្យដកសញ្ជាតិពលរដ្ឋខ្មែរពីបុគ្គលដែលត្រូវបានរកឃើញថាបានគប់គិតជាមួយបរទេសបំផ្លាញផលប្រយោជន៍ជាតិ៕