អង្គការសង្គមស៊ីវិលកម្ពុជាជាង១០០ស្ថាប័ន នៅថ្ងៃទី២០ ខែសីហានេះ បានដាក់ញត្តិទៅកាន់ស្ថានទូតនៃប្រទេសដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ និងអង្គការសហប្រជាជាតិ ដោយស្នើឱ្យកោះប្រជុំ និងជួយអន្តរាគមន៍ជាបន្ទាន់ ក្នុងការជួយការពារអធិបតេយ្យភាពបូរណភាពទឹកដីកម្ពុជា ខណៈកម្ពុជាកំពុងមានជម្លោះព្រំដែនជាមួយថៃ។
អង្គការសង្គមស៊ីវិល រួមទាំងសមាគម សហជីព និងបណ្តាញយុវជន ដែលមានចំនួន ១០៣ស្ថាប័ន បាននំាយកញត្តិទៅកាន់បណ្តាស្ថានទូតចំនួន១៨ ដែលជាសមាជិកកិច្ចព្រមព្រៀងទីក្រុងប៉ារីស រួមមាន បារាំង អាមេរិក ឥណ្ឌូនេស៊ី និងស្ថានទូតមួយចំនួនទៀត រួមនិងអង្គការសហប្រជាជាតិផងដែរ។
លោក រស់ សុថា ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា ការដាក់ញត្តិរបស់សង្គមស៊ីវិល ដែលមានការចូលរួមពីសហគមន៍ផងនោះ បានកស្នើដល់បណ្តាប្រទេសម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជួយអន្តរាគមន៍ការពារអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា ជាពិសេសស្នើដល់ប្រទេសថៃ បញ្ឈប់ការរំលោភបំពានចូលទឹកដីកម្ពុជា និងគោរពសិទ្ធិមនុស្ស។
លោកបន្តថា បញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ វានឹងអាចប៉ះពាល់យូរអង្វែងដល់ជីវភាពប្រជាពលរដ្ឋ ទាំងការបាត់បង់ទ្រព្យសម្បត្តិ ការរំខានដល់ការអប់រំកុមារ និងសុខភាពផ្លូវចិត្ត ដូច្នេះត្រូវការការយកចិត្តទុកដាក់យ៉ាងពិសេស ពីរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិ។
លោក រស់ សុថា ថ្លែងថា៖ «បញ្ហាអធិបតេយ្យ សន្តិភាពទឹកដីកម្ពុជា កំពុងតែទទួលការគំរាមកំហែងហើយ ក្នុងកម្រិតធ្ងន់ធ្ងរ ដូច្នេះហើយគឺថាវាសាកសមនឹងមានដំណោះស្រាយ ក្នុងកម្រិតហត្ថលេខីសន្តិភាពទីក្រុងប៉ារីស នៅពេលដែលមានដូចថា រំលោភធ្ងន់ធ្ងរ គឺបណ្តាប្រទេសហត្ថលេខី អាចស្វែងរកការជួយជ្រោមជ្រែង ដើម្បីរកបានដំណោះស្រាយដោយសន្តិវិធី តាមរយៈយន្តការបី យុន្តការទី១ តាមរយៈក្រុមសន្តិសុខអង្គការសហប្រជាជាតិ យន្តការទី២តាមរយៈញត្តិ ការសម្របសម្រួលសន្តិភាពទីក្រុងប៉ារីស យន្តការទី៣ គឺគណៈកម្មការបច្ចេសទេសដែលពាក់ព័ន្ធនឹងសង្គ្រាម»។
លោក ប៉ា ចន្ទរឿន នាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានលើកឡើងថា ការដាក់ញត្តិទៅកាន់ស្ថានទូតនៃប្រទេសទាំងនោះ ក៏ធ្វើឡើងក្នុងគោលបំណងស្នើដល់ប្រទេសម្ចាស់ហត្ថលេខីកិច្ចព្រមព្រៀងទីក្រុងប៉ារីស បំពេញកាតព្វកិច្ចរបស់ខ្លួនបន្ថែម ដើម្បីធានានូវការគោរពសន្តិភាព និងអធិបតេយ្យភាពបូរណភាពទឹកដីកម្ពុជា តាមច្បាប់អន្តរជាតិ។
លោកថា៖ «សម្រាប់យើង យើងរំពឹងថានឹងមានអន្តរាគមន៍ ទោះបីជាផ្នែកការទូតឬក៏ជំនួយមនុស្សធម៌អ្វីដែលយើងបានស្នើសុំ អំពាវនាវនៅក្នុងញតិ្តទៅកាន់ប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងទាំងអស់ហ្នឹង នៅក្នុងពេលវេលាសមស្របណាមួយ ដើម្បីបំពេញបន្ថែមទៅយន្តការដែលមានស្រាប់ ដូចជា ការសម្របសម្រួលពីអាស៊ានដែលមានប្រទេសម៉ាឡេស៊ីដែលកំពុងតែដឹកនាំ»។
ជាមួយគ្នានេះដែរ នៅក្នុងសេចក្តីប្រកាសព័ត៌មាន ចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា ម្សិលមិញ ក្រុមអង្គការសង្គមស៊ីវិល សហជីព និងបណ្តាញយុវជនកម្ពុជាជាដើមនោះ បានលើកឡើងថា ការប៉ះទង្គិចគ្នាដោយយោធា នាពេលថ្មីៗនេះ នៅតាមព្រំដែនកម្ពុជា-ថៃ បានបណ្តាលឱ្យមានមនុស្សជាច្រើនរងរបួស និងបាត់បង់ជីវិត ជនភៀសសឹករាប់ម៉ឺននាក់ សាលារៀនជាច្រើនត្រូវបានបិទ ការខូចខាតនូវទ្រព្យសម្បត្តិ និងតំបន់បេតិកភណ្ឌវប្បធម៌ជាដើម។
ករណីនេះ អង្គការទាំងនោះ បានជំរុញឱ្យរដ្ឋហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស កោះប្រជុំការពិគ្រោះយោបល់ជាបន្ទាន់ តាមមាត្រា៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បង្កើតបេសកកម្មស្វែងរកការពិតអន្តរជាតិមួយ ដើម្បីស៊ើបអង្កេតការរំលោភដែលត្រូវបានចោទប្រកាន់ និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ ព្រមទាំងកសាងសន្តិភាពសម្រាប់សហគមន៍ដែលរងផលប៉ះពាល់។
មាត្រា៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បញ្ជាក់ថា បើមានការគំរាមកំហែងរំលោភលើអធិបតេយ្យភាពកម្ពុជា បណ្តាភាគីក្នុងកិច្ចព្រមព្រៀងនេះ ត្រូវពិគ្រោះជាបន្ទាន់ ដើម្បីអនុម័តរាល់វិធានការសមស្រប ដើម្បីដោះស្រាយរាល់ការរំលោភទាំងនេះតាមមធ្យោបាយសន្តិវិធី។
វិធានការដោះស្រាយ រួមមាន រាយការណ៍ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឬប្រើប្រាស់មធ្យោបាយដំណោះស្រាយនូវទំនាស់ដោយសន្តិវិធី យោងតាមមាត្រា៣៣ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយភាគីពាក់ព័ន្ធក៏អាចសុំការឧបត្ថម្ភពីសហប្រធាននៃសន្និសីទប៉ារីសស្តីពីកម្ពុជា រួមមានប្រទេសបារាំង និងប្រទេសឥណ្ឌូនេស៊ីផងដែរ។
គិតត្រឹមរសៀលនេះ Press start Cambodia មិនអាចសុំការឆ្លើយតបពីខាងស្ថានទូតដែលជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសបានឡើយ។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា១៩៩១ មានប្រទេសបារាំង និងប្រទេសឥណ្ឌូនេស៊ី ជាសហប្រធាន និងមានប្រទេសជាហត្ថលេខី ចំនួន១៨ ប្រទេស រួមទាំងប្រទេសថៃនិងវៀតណាមផងដែរ។ កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ធានាអំពី «អធិបតេយ្យភាព ឯករាជ្យភាព បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រឹតភាព ឯកភាពជាតិកម្ពុជា និង ការធានាការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌»។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា មានប្រសាសន៍ថា រដ្ឋាភិបាលតែងយកចិត្តទុកដាក់មិនដែលចន្លោះឡើយ តាំងពីមុនមានជម្លោះរហូតមកដល់បច្ចុប្បន្ន ដោយតែងតែស្វះស្វែងសុំការសម្របសម្រួលពីខាងសហគមន៍អន្តរជាតិនានាជានិច្ច។
លោកថា៖ «ហើយយន្តការដែលរដ្ឋាភិបាលប្រើ ប្រើអស់ហើយ មិនថាអង្គការសហប្រជាជាតិ ក្រុមប្រឹក្សាសន្តិសុខ យន្តការបណ្ដើរប្រទេសដៃគូ ជាពិសេសគឺប្រទេសបី សហរដ្ឋអាមេរិក ចិន និងម៉ាឡេស៊ី ដែលជាប្រធានអាស៊ានដែលមានចំណែកសំខាន់ ដែលរកបានបទឈប់បាញ់ហ្នឹង […] តែឥឡូវនេះ បងប្អូនសង្គមស៊ីវិលណាចង់ជួយអីបាន ក៏ជួយទៅ ប៉ុន្តែរដ្ឋាភិបាលបានយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយអស់ហើយ។ សុំតែម្យ៉ាងទេ សុំតែឱ្យជួយចូលរួមចំណែកមក ក្នុងនាមជាខ្មែរ ក៏ប៉ុន្តែកុំតែយករឿងហ្នឹងទៅបំបែកបំបាក់បានហើយ ចូលរួមចំណែកមកជួយអីបានជួយហ្នឹងមកក្នុងនាមជាខ្មែរ»។
គួរបញ្ជាក់ថា ជម្លោះព្រំដែនរវាងកម្ពុជា-ថៃ បានឈានទៅដល់ការផ្ទុះអាវុធរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ម៉ោង១២យប់ថ្ងៃទី២៨ ខែកក្កដា ដែលនៅពេលនោះ ប្រទេសទាំងពីរ បានឯកភាពគ្នាអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់ ក្រោមគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដោយមានការសម្របសម្រួលនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្តូរវេន និងមានការចូលរួមអង្កេតពីខាងចិនផងដែរ។
ទោះបីមានកិច្ចព្រមព្រៀងឈប់បាញ់ក្តី ក្រសួងការពារជាតិកម្ពុជា បានរាយការណ៍ថាភាគីថៃមិនបានគោរពតាមការឯកភាពគ្នាលើបទឈប់បាញ់នោះទេ ដោយទាហានថៃ នៅបន្តចល័តកងទ័ពប្រដាប់ដោយអាវុធ និងគ្រឿងចក្រ រាយបន្លាលួសចូលដីកម្ពុជា នៅតំបន់មួយចំនួន ព្រមទាំងបំពានដល់ផ្ទះពលរដ្ឋខ្មែរ នៅតំបន់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យជាដើម។
ក្រៅពីនោះ ទាហានថៃ ក៏បានចាប់ខ្លួនកងកម្លាំងកម្ពុជាចំនួន ២០នាក់ ដោយខុសច្បាប់ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដែលមកដល់ពេលនេះ ទាហានកម្ពុជា ១៨នាក់ នៅមិនទាន់ដោះលែងមកវិញនៅ ឡើយ៕