បទយកការណ៍៖ យុវជនជនជាតិដើមភាគតិចចារ៉ាយ ប្រើប្រាស់តន្ត្រី​ដើម្បីអភិរក្ស​ភាសា និង​វប្បធម៌​របស់​ខ្លួន

នៅក្នុងសហគមន៍មួយ នៅភូមិភាគឦសាននៃប្រទេសកម្ពុជា​ ក្រុម​សិល្បៈក​រ​វ័យ​ក្មេង​ចារ៉ាយ កំពុង​តែ​ប្រើប្រាស់​សំឡេង​​របស់​ពួក​គេ​តាម​រយៈ​តន្ត្រី ដើម្បី​អភិរក្ស​វប្បធម៌ ប្រពៃណី ភាសា​របស់​ខ្លួន។ ពួក​គេ​និយាយ​ថាទំនុក​ច្រៀង ដែល​សរ​សេរ​ជាភា​សារបស់​ខ្លួន​នេះ គឺ​ចង់​បង្ហាញ​អំ​ពី​អត្ត​សញ្ញាណ​របស់​ពួក​គេ។

ស្របពេល​ដែល​បណ្តាប្រទេស​នានា​លើ​ពិភពលោក រួមទាំងកម្ពុជា​ផង​ដែរ ដែលកំពុងតែមាន​ការ​​វិវត្ត​យ៉ាង​ឆាប់​​រហ័សនៃ​សម័យឌីជីថល និងការ​អភិវឌ្ឍ ស្របពេល​​ដែលប្រជាពលរដ្ឋ មានការ​ផ្លាស់ប្តូរ​នូវ​​​របៀបរស់នៅ និង​យុវជនជាច្រើនកំពុងប្រើប្រាស់ភាសាដទៃ​ជំនួសភាសាដើម​​របស់ខ្លួនផងនោះ បាន​ធ្វើ​ឱ្យ​​ភាសា​​ជន​ជាតិដើម​​ភាគ​​តិច​​​ចារ៉ាយ កំពុង​​​​​​​ប្រឈម​​នឹង​​ការ​​​បាត់​បង់។

ដោយមើលឃើញថា ប្រព័ន្ធផ្សព្វផ្សាយនៅលើបណ្តាញសង្គម បាននឹងកំពុងដំណើរការយ៉ាងទូលំទូលាយនៅ​គ្រប់តំបន់​ទាំង​ក្នុង និងក្រៅប្រទេស យុវជនវ័យ ២៨​ឆ្នាំម្នាក់ លោក រម៉ាម ធីម៉ូថេ យល់ថា នេះគឺជាឱកាស​​​​​មួយ​​សម្រាប់​ជនជាតិដើមភាគតិចចារ៉ាយ អាច​អភិរក្ស​ភាសា​របស់​ខ្លួន តាមរយៈការ​​បង្ហាញនូវទេពកោសសល្យផ្នែក​សិល្បៈ​តន្ត្រី​​​ទៅពិភព​ខាងក្រៅ​។

ធ្លាប់ជាអតីតនិស្សិតរៀន​នៅសកលវិទ្យាល័យមួយកន្លែង នៅរាជធានីភ្នំពេញ លោក រម៉ាម ធីម៉ូថេ បានឱ្យ​​ដឹង​​ថា អំឡុងមាន​ការ​រាតត្បាត​ជំងឺ​​កូវីដ-១៩ លោកបានត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនវិញ នៅភូមិប្លរ ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

ក្រោយត្រឡប់មកស្រុកកំណើត លោក រម៉ាម ធីម៉ូថេ សង្កេតឃើញថា យុវជននៅសហគមន៍របស់ខ្លួនជាច្រើន មានទេពកោសល្យក្នុងវិស័យសិល្បៈ ប៉ុន្តែពួកគេមិនមានឱកាសបង្ហាញទៅខាងក្រៅ។ ដោយចង់ឱ្យយុវជនចារ៉ាយអាចបង្ហាញពីសមត្ថភាព និងអភិរក្សអត្តសញ្ញាណរបស់ខ្លួន លោកបានបង្កើតក្រុមយុវជនចារ៉ាយខេត្តរតនគិរីនេះឡើងនៅខែតុលា ឆ្នាំ២០២០។

មានរាងក្រាស់ និងសម្បុរខ្មៅស្រអែម លោក រម៉ាម ធីម៉ូថេ មានប្រសាសន៍ថា៖ «ចុងឆ្នាំ​២០២០ អំឡុងជំងឺកូវីត គេបិទការចេញចូលខ្ញុំបានមកនៅភូមិវិញរួច ក៏មានគំនិតបង្កើតក្រុមយុវជនចារ៉ាយខេត្តរតនគិរី (Jarai youth RTK group ) រហូតមកដល់ពេល​បច្ចុប្បន្ន» ។

លោក រម៉ាម ធីម៉ថេ អ្នកដឹកនាំ និងបង្កើតក្រុមយុវជនចារ៉ាយខេត្តរតនៈគិរី កំពុងអង្គុយនៅហាងកាហ្វេមួយកន្លែងនៅភ្នំពេញ។ (រូបភាព៖ ក្រុមយុវជនចារ៉ាយខេត្តរតនៈគិរី)

ក្រុមយុវជនចារ៉ាយខេត្តរតនៈគិរី ( Jarai Youth RTK Group ) មិនត្រឹមតែប្រើប្រាស់សំឡេង​របស់ខ្លួន ច្រៀងជាភាសា​ចារ៉ាយប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏បានចងក្រង និងតាក់តែងបទចម្រៀង ទំនុកច្រៀងពីមុនមក ប្រហែល ១០០ បទថែមទៀតផង។ តាមរយៈបទចម្រៀងទាំងនេះ យុវជនចារ៉ាយបានបង្ហាញអំពីភាសាកំណើត សម្លៀក​​​​​បំពាក់ សម្ភារៈប្រើប្រាស់ ឧបករណ៍ភ្លេង របៀបនៅក្នុងការរស់នៅ និងជីវភាពជាក់ស្ដែងរបស់​ជនជាតិដើមភាគតិចផងដែរ។

តន្ត្រីរបស់ក្រុមយុវជនចារ៉ាយខេត្តរតនគិរី ក៏មានការលាយបញ្ចូលគ្នា នៃចង្វាក់ចារ៉ាយប្រពៃណី និងរចនាបទសម័យថ្មី។ ចង្វាក់ភ្លេងនីមួយៗ ក៏បានរួមបញ្ចូលឧបករណ៍ភ្លេងរបស់ជនជាតិដើមភាគតិច ដូចជា កង ឃ្មោះ រនៀត ជាដើម លាយឡំជាមួយចង្វាក់ទំនើប ដើម្បីបង្កើតជាសំឡេងមួយដែលទាក់ទាញ​​ទាំងមនុស្សចាស់ និងយុវវ័យ​ចូលរួមស្តាប់។

បទចម្រៀងចុងក្រោយរបស់ពួកគេដែលបាន​ផលិត មានចំណងជើងថា «ម៉ាក ប្រាក ទូក់​ ង៉ាន (Mă Bruă tư̆h Ngain)» ដែលបកជាភាសាខ្មែរថា «ធ្វើការប្រវាស់ដៃ» ទទួលបានប្រជាប្រិយភាពជាច្រើននៅលើបណ្តាញ​​ផ្សព្វ​ផ្សាយ​សង្គម ដោយមានយុវជនចារ៉ាយ​រាប់រយនាក់ បានចែករំលែកវាតាម​ប្រព័ន្ធ​អ៊ីនធើណេត។ ទំនុកច្រៀង​​របស់​បទ​នេះ​ ​បញ្ជាក់​ពី​ការធ្វើស្រែចម្ការប្រវាស់ដៃគ្នា ការជួយគ្នា សាមគ្គីគ្នា ដែលជាអត្តសញ្ញាណ​របស់ពួកគេ។

ទោះបីជាមានអ្នកតាមដាននៅលើទំព័រយូធូប និងហ្វេសប៊ុករបស់ពួកគេកើនឡើងក៏ដោយ ក៏ក្រុមនេះប្រឈមមុខនឹងបញ្ហាជាច្រើន។ ឧបសគ្គ​​ដ៏ធំបំផុត គឺការខ្វះខាតធនធាន និងការគាំទ្រសម្រាប់ការអភិរក្សអត្តសញ្ញាណជនជាតិដើមភាគតិច។

មានតួនាទីជាអ្នកទទួលខុសត្រូវនៅក្នុងក្រុម លោក រម៉ាម ធីម៉ូថេ បានរៀបរាប់ទាំងទឹកមុខស្មើថា៖ «ក្រុមយើងប្រឈម​ខ្លាំងបំផុតនោះ គឺថវិកាដែលត្រូវយកចំណាយទៅលើការថតវីដេអូ ១ថ្ងៃ ទៅ ២ថ្ងៃ (អាហារសាមគ្គី សាំងម៉ូតូ ទឹក) យុវជនទាំងអស់គាត់​បានចូលរួមដោយស្ម័គ្រចិត្ត» ។

ម្នាក់នៅក្នុងចំណោមអ្នក​ច្រៀងបទ ធ្វើការប្រវាស់ដៃ យុវជនចារ៉ាយវ័យ ២៣​ឆ្នាំ ដែលមានស្រុកកំណើតនៅស្រុក​អូរយ៉ាដាវ លោក សល់ នាគ បានលើកឡើង​​ថា តាមរយៈបទចម្រៀងជាភាសាចារ៉ាយ បានជួយដល់យុវជនចារ៉ាយជាច្រើន ដូចជា ការលើកទឹកចិត្តឱ្យ​​ពួកគេក្លាហាន​​​នៅក្នុងការបង្ហាញភាសាខ្លួន ឱ្យចេះប្រឹងប្រែង​តស៊ូរៀនសូត្រ ជាពិសេសចងចាំភាសារបស់ខ្លួន។ លោកបន្តថា ដោយសារខ្លួនមានចំណង់ចំណូលចិត្តពីក្មេង និងតាមរយៈសារៈសំខាន់ទាំងអស់នេះផង ទើបជំរុញចិត្តលោកឱ្យចូលរួមនៅក្នុងវិស័យនេះ។

អ្នកចម្រៀងវ័យក្មេង និងប្រឡូកចូលក្នុងវិស័យសិល្បៈដំបូងនៅឆ្នាំ២០២២ រូបនេះ បានលើកឡើងថា៖ « ដោយសារបច្ចុប្បន្ននេះ​ ខ្ញុំឃើញថា ភាសាជនជាតិដើមភាគតិចចារ៉ាយ ចាប់ផ្តើមបាត់បង់ម្តងបន្តិច ដូច្នេះខ្ញុំក៏ចាប់ផ្តើមមានគំនិតមួយថា ក្នុងនាម​ខ្ញុំជាយុវជនជនជាតិដើមភាគតិចចារ៉ាយមួយរូប ខ្ញុំនឹងចូលរួមថែរក្សាភាសា​ដើមកំណើត​របស់ខ្លួនតាមរយៈចម្រៀង ណាមួយដើម្បីបង្ហាញ​ការ​រស់នៅ និងបង្ហាញសម្លៀកបំពាក់ពីដើមបែបបុរាណ ឱ្យ​​បងប្អូនខ្មែរស្គាល់​កាន់តែច្រើន ហើយណាមួយជាចំណូលចិត្តស្រឡាញ់ខាង​សិល្បៈចម្រៀងតាំងពីតូច»។

លោក សល់ នាគ បានរៀបរាប់បន្តថា៖ «ខ្ញុំមានអារម្មណ៍ថារំភើប នៅពេលដែលបានឃើញបងប្អូនជនជាតិដើមភាគតិច និងបងប្អូនខ្មែរមួយ​ចំនួន​ពួកគាត់គាំទ្រ និងលើកទឹកចិត្តឱ្យ​​ធ្វើបន្តទៀត ព្រោះប្លែ​កអារម្មណ៍ ពីមុនចម្រៀងជនជាតិដើមភាគតិចចារ៉ាយ មានតែបែបបុរាណ​ចាស់ៗ​ពីដើមគាត់ច្រៀង ឥឡូវប្លែកយើងក៏មានចម្រៀងបែបសម័យដូចបងប្អូនខ្មែរដែរ » ។

ជាចាស់ទុំនៅក្នុងសហគមន៍ លោក សល់ តូច សាទរដែលយុវជនជំនាន់ក្រោយចេះតាក់តែង និងយកបទចម្រៀងជាភាសាខ្លួនមកផ្សព្វផ្សាយ ដើម្បីថែរក្សា និងអភិរក្សភាសារបស់ខ្លួន។

លោកមានប្រសាសន៍ថា៖ «ការមានបទចម្រៀងភាសាចារ៉ាយ​នេះល្អ អាចរក្សាអត្តសញ្ញាណ រក្សាបទចម្រៀងពីដើម ហើយដើម្បីបង្ហាញឱ្យគេដឹងថា ជនជាតិដើមភាគតិចនៅមានចម្រៀង នៅមានភាសា» ។

រីឯ ប្រធានសមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា​ លោក រម៉ាម ប្លេន វិញ ក៏បាន​សាទរដែល​ក្រុមយុវជន​ចារ៉ាយ​មានគំនិតផ្តួចផ្តើមបង្កើតក្រុមតន្ត្រីនេះឡើង ដើម្បីបង្ហាញអំពីសិល្បៈ និង​ប្រពៃណី​​របស់ខ្លួន។ លោក​​ថា ការផ្សព្វផ្សាយ ភ្លេង ប្រពៃណីជនជាតិដើមភាគតិចចារ៉ាយនេះ ពិតជាមានសារៈសំខាន់សម្រាប់យុវជនផ្សេងទៀត មើលឃើញពីតម្លៃ នៃសិល្បៈដែលគេមិនសូវផ្តល់តម្លៃ។

លោកមានប្រសាសន៍ថា៖ «ថ្វីត្បឹតតែក្រសួងអប់រំ និងក្រសួងពាក់ព័ន្ធ គាត់បានព្យាយាម គ្រាន់តែថាអត់ទាន់​មានកន្លែងណាមួយដែល​បណ្តុះបណ្តាល​​ទាក់ទងនឹងភ្លេង ប្រពៃណី​​ពាក់ព័ន្ធនឹងជនជាតិដើមភាគតិចចារ៉ាយ តាមពិតប្រទេសកម្ពុជាយើង​សម្បូរទៅដោយ ភ្លេង សិល្បៈ ចម្រុះ ហើយជនជាតិដើមភាគតិចទៀតសោត គឺមានលក្ខណៈសិល្បៈបែបដែលគួរឱ្យចាប់អារម្មណ៍មួយទៀត ចឹងគួរតែមានកន្លែងបណ្តុះបណ្តាលដល់យុវជន ឬចាស់ទុំ និងក្មេងៗ» 

ជាមួយគ្នានេះ លោកថា រដ្ឋាភិបាលគួរបង្កើនការស្រាវជ្រាវបន្ថែម​ពាក់ព័ន្ធនឹងសិល្បៈ ប្រពៃណី ជនជាតិដើមភាគតិច​នៅកម្ពុជា និងគួរមានកញ្ចប់ថវិកាណាមួយជាក់លាក់សម្រាប់យុវជនជនជាតិដើមភាគតិច នៅក្នុងការថែរក្សា និងអភិរក្សអត្តសញ្ញាណរបស់ខ្លួន។

ពាក់ព័ន្ធទៅនឹងការផលិតបទចម្រៀងជាភាសាចារ៉ាយ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ស៊ុំ ម៉ាប់ មាន​ប្រសាសន៍​ថា ការលើកយកបទចម្រៀងណាមួយមកបកស្រាយ ត្រូវតែមានអត្ថន័យ និង​​ខ្លឹមសារត្រឹម​ត្រូវ ដោយ​មិន​បង្កប់​សារ​ដែលនាំ​ឱ្យ​មាន​ចលនា​​នយោបាយ។

លោកបានលើកឡើងថា៖ «ចំពោះការផ្សព្វផ្សាយភាសាចារ៉ាយ តាមរយៈតន្ត្រីដូចជាការច្រៀងជាភាសាចារ៉ាយមួយចំនួននេះ មិនមានផលប៉ះពាល់អ្វីដល់កម្ពុជានោះទេ ព្រោះជាសិទ្ធិ​ នៃជនជាតិនីមួយៗក្នុងការផ្សព្វផ្សាយអំពីប្រពៃណី វប្បធម៌របស់ខ្លួន។ អ្វីដែលត្រូវធ្វើនោះ គឺមានតែជួយលើកតម្កើងឱ្យគាត់ខិតខំថែរក្សា អភិរក្ស និងផ្សព្វផ្សាយវប្បធម៌របស់ខ្លួនឱ្យកាន់តែទូលំទូលាយបន្តទៅមុខ។ ប៉ុន្តែការច្រៀងចម្រៀងជាភាសាចារ៉ាយនេះ ត្រូវមានអត្ថន័យត្រឹមត្រូវ គឺមិនត្រូវមានអត្ថន័យណាមួយដែលបង្កលក្ខណៈឱ្យមានចលនានយោបាយផ្សេងៗនោះទេ» ។

លោកថា បច្ចុប្បន្ននេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាននិងកំពុងគាំទ្រលើកស្ទួយដល់ប្រពៃណី វប្បធម៌របស់ជនជាតិដើមភាគតិចដែលរស់នៅក្នុងប្រទេសកម្ពុជា ទាំង​ផ្នែក​សិល្បៈ ទស្សនីយភាព ទំនៀមទម្លាប់វប្បធម៌​តាមរយៈការផ្តល់ជាជំនួយផ្នែកស្មារតី សម្ភារៈ ថវិកា និងបានបញ្ចូលជនជាតិដើមភាគតិចមួយចំនួនទៀត ជាមរតក មនុស្សរស់ថ្នាក់ជាតិ​ ដែលមានការទទួលស្គាល់ពីព្រះមហាក្សត្រ។

បច្ចុប្បន្ន ក្រសួងអប់រំ យុវជន និងកីឡា បាននឹងកំពុងបន្តផ្តល់ការអប់រំពហុភាសាដល់កុមារជនជាតិដើមភាគតិចចំនួន៦ ភាសា ដូចជា ព្នង កាវ៉ែត គ្រឹង ទំពួន ព្រៅ និងចារ៉ាយ នៅបឋមសិក្សា ក្នុងខេត្តចំនួន ៥ គឺ រតនៈគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង និងព្រះវិហារ។

ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ គឺជា​ជនជាតិ​ដើម​ភាគតិច​មួយ ក្នុងចំណោម​ជនជាតិ​ដើម​ទាំង​២៤​អំបូរ​នៅ​កម្ពុជា​។ ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ ពុំ​មាន​ជំនឿ​លើ​សាសនា​ឡើយ ប៉ុន្តែ​ពួកគេ​រស់នៅ​មាន​ជំនឿ​លើ​អា​រុក្ខ​អារក្ខ អ្នកតា ដែល​ថែរក្សា​ព្រៃ ភ្នំ ទន្លេ និង​ពិធីសែនព្រេន​ជាដើម ។ ជាប្រវត្តិសាស្ត្រ ការរស់នៅរបស់ពួកគេ គឺពឹងផ្អែកទៅលើបរិស្ថានធម្មជាតិ ដោយផ្សា​ភ្ជាប់នឹងដីធ្លី និងព្រៃឈើ ដើម្បីប្រកបមុខរបរចម្បងសម្រាប់ជីវិត ដែលមាន​ដូចជាការ​ធ្វើ​កសិកម្ម​លើ​ដី​ចំការ​វិល​ជុំ ការប្រមូលអនុផលព្រៃឈើ ការប្រមាញ់ ការនេសាទ និងការចញ្ចឹមសត្វ។ល។

យោងតាមរបាយការណ៍ស្តីពីស្ថានភាពប្រជាសាស្ត្រ និងសង្គម-សេដ្ឋកិច្ច របស់​ជនជាតិ​ដើម​ភាគតិច​កម្ពុជា បច្ចុប្បន្នភាព ឆ្នាំ​២០២៤ បានឱ្យ​ដឹង​ថា ជនជាតិ​ដើម​ចារ៉ាយ​នៅ​កម្ពុជា មាន​ចំនួន​ជិត ៣​ម៉ឺន​នាក់។

តាមរយៈការគាំទ្រពីយុវជន សហគមន៍ និងភាគីពាក់ព័ន្ធ ចំពោះស្នាដៃរបស់ក្រុមយុវជនចារ៉ាយខេត្តរតនគិរី លោក រម៉ាម ធីម៉ូថេ សង្កេតឃើញថា ថ្មីៗនេះ ចាស់ទុំ និងយុវជនចារ៉ាយកាន់តែច្រើន បានចាប់ផ្តើមហ៊ានបង្ហាញ និងនិយាយភាសារបស់ខ្លួននៅទីសាធារណៈ។

លោកមានប្រសាសន៍ថា៖ «មួយរយៈនេះ ខ្ញុំបានសង្កេតថា នៅតាមសាធារណៈបានចាក់បទចម្រៀងចារ៉ាយ ដោយមានទំនុកចិត្ត មិនថានៅទីណាយុវជន ឬចាស់គាត់តែងតែនិយាយភាសាចារ៉ាយជាភាសាដើមរបស់គាត់ ចាស់ទុំ យុវជនជាច្រើនបានហ៊ានចំណាយថវិកាទិញសម្លៀកបំពាក់ដើម្បីចូលរួមកម្មវិធីនានា និងបង្ហោះទៅតាមប្រព័ន្ធផ្សព្វផ្សាយ ដោយមិនមានភាពអៀនខ្មាស់ទៀត ជាពិសេសនោះបានរួមចំណែកជំរុញឱ្យយុវជនបានខិតខំរៀនសូត្រ ឱ្យ​បានខ្ពង់ខ្ពស់ ដើម្បីមកជួយអភិវឌ្ឍន៍​សហគមន៍ជនជាតិដើមរបស់ខ្លួន» ។

ទោះបីជាមានបញ្ហាប្រឈមមួយចំនួន និងការសាទរពីអ្នកនៅជុំវិញខ្លួនក៏ដោយ​ ក៏​​លោក ធីម៉ូថេ បានប្តេជ្ញាចិត្ត​បន្ត​​បេសកកម្មរបស់ខ្លួន​ដោយមិនបោះបង់ឡើយ។

លោកមានប្រសាសន៍ថា៖ «បទចម្រៀងជាច្រើន បានលើកទឹកចិត្តខ្ញុំឱ្យ​បន្តដំណើរទៅមុខ ទោះវាលំបាកវេទនាខ្លាំងប៉ុណ្ណា ខ្ញុំហ៊ាននិយាយថា លះបង់អស់ហើយ ស្ទើរ​តែមិនខ្វល់ពីចំណូលរបស់ខ្លួន ដើម្បីលើកកម្ពស់វិស័យសិល្បៈ​ជនជាតិដើមឱ្យ​​ទៅ​មុខ​នៅ​ប្រទេស​របស់ខ្លួន​ដែល​កំពុង​តែ​រស់​នៅ ខ្ញុំប្ដេជ្ញាចិត្តថានឹងបន្តលះបង់ដើម្បីយុវជនជំនាន់ក្រោយបានឈរលើឆាកតន្រ្តីជាតិ និងអន្តរជាតិ» ។

លោកបន្ថែមថា៖ «មានសុភាសិតមួយលើកឡើងថា វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន មានន័យថា មានវប្បធម៌ មានប្រពៃណី មានទំនៀមទម្លាប់មានអរិយធម៌ នោះជាតិយើងនឹងថ្កើងថ្កាន […] ជនជាតិដើមភាគតិចក៏ត្រូវការទាំងធម្មជាតិ ត្រូវការទាំងប្រពៃណី វប្បធម៌ភាសាដែលជាអត្តសញ្ញាណតាំងពីរាប់រយ រាប់ពាន់ឆ្នាំមក បើសិនជាបាត់បង់ទាំងអស់នេះ គឺនឹងបាត់បង់ហើយ​ ដូច្នេះខ្ញុំចង់ឱ្យយុវជនជាជនជាតិដើមភាគតិចទាំងអស់ ប្រកាន់ភ្ជាប់នៅតែរក្សាប្រពៃណី វប្បធម៌ដ៏ផូរផង់របស់ខ្លួន»៕

………………………..

អត្ថបទដោយ៖ សោម សុធារី

អត្ថបទគួរឱ្យចាប់អារម្មណ៍