ក្រុម​​សង្គមស៊ីវិលជាង៤០០ស្ថាប័ន អំពាវនាវឱ្យ​​ដោះស្រាយជម្លោះព្រំដែន​បន្ទាន់​​តាម​ផ្លូវ​ច្បាប់ និង​សន្តិភាព​

ក្រុមចម្រុះនៃ​​សង្គមស៊ីវិលកម្ពុជាដែល​មានជាង ៤០០ស្ថាប័ន​ អំពាវ​នាវ​ឱ្យ​មាន​ដំណោះ​ស្រាយ​ជាបន្ទាន់ ស្រប​តាម​ផ្លូវ​ច្បាប់ និង​សន្តិ​វិធី​ ចំពោះស្ថានភាពតានតឹង​តាមបណ្ដោយព្រំដែនកម្ពុជា–ថៃ។

នេះបើតាម​សេចក្តីថ្លែងការណ៍រួមរបស់​ក្រុម​ចម្រុះ​នៃ​សង្គមស៊ីវិល ដែលមានដូចជា​បណ្តាញ​សហគមន៍​ សមាគម​​វិជ្ជាជីវៈ និង​សហករណ៍​កសិកម្ម ចុះថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៦។

ក្នុ​ងសេចក្តីថ្លែងការណ៍​រួម​នោះ បាន​លើកឡើង​ពី​ការ​ព្រួយ​បារម្ភយ៉ាង​ខ្លាំង​​ចំពោះការវិវឌ្ឍថ្មីៗ តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ រួម​​មាន​របាយ​ការណ៍​អំពី​ការ​ដាក់​ពង្រាយ​យោធា សកម្ម​ភាព​សាង​សង់​ក្នុង​តំបន់​​ដែល​មាន​ជម្លោះ ការ​ខូច​ខាត​ដល់​ផ្ទះ​សម្បែង និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សាធារណៈ ព្រម​ទាំង​ការ​បន្ត​ផ្លាស់​ទីលំនៅ​របស់​សហគមន៍​ដែល​រង​ផល​ប៉ះពាល់។

តាមរយៈសេចក្តីថ្លែងការណ៏រួមនោះ ក្រុមសង្គមស៊ីវិល បានលើកឡើងថា៖ «សកម្មភាពបែបនេះ វាមាន​ហានិភ័យ​នឹងការធ្វើឱ្យខូចដល់​ការប្ដេជ្ញាចិត្តឈប់​បាញ់ដែលមានស្រាប់ និងរំលោភ​លើ​ក្រប​ខ័ណ្ឌ​ច្បាប់​អន្តរ​ជាតិ និងតំបន់​ដែល​បាន​បង្កើត​ឡើង រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​ស្តី​ពី​ការ​កំណត់​ព្រំដែន​ដី​គោក​ឆ្នាំ​២០០០ និងធម្មនុញ្ញអាស៊ាន» ។ 

នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ សង្គមស៊ីវិលសង្កត់ធ្ងន់ទៅលើតម្រូវការបន្ទាន់ ពាក់ព័ន្ធនឹង​ការធានា​ការ​ការ​ពារ​ពេញ​លេញ​ដល់​ជន​ស៊ីវិល និង​កម្ម​វត្ថុ​ស៊ីវិល​ពាក់​ព័ន្ធ នៅ​ក្នុង​កាលៈ​ទេសៈ​ជម្លោះ​ព្រំ​ដែន​នេះ ព្រម​ទាំង​ធ្វើ​យ៉ាង​ណាទ​ប់​ស្កាត់​ការ​កើន​ឡើង​បន្ថែម​ទៀត​នៃ​ចំនួន​ជនភៀស​សឹក ដោយ​​​សម្រួលដល់ការវិលត្រឡប់ដោយសុវត្ថិភាព ស្ម័គ្រចិត្ត និងថ្លៃថ្នូររបស់ពួកគេ និងជៀសវាងសកម្មភាពដែលអាចធ្វើឱ្យផលវិបាកមនុស្សធម៌កាន់តែធ្ងន់ធ្ងរ។

ក្រុមចម្រុះនៃសង្គមស៊ីវិលកម្ពុជា បន្តថា ការដោះស្រាយជម្លោះទាំងអស់ ត្រូវតែធ្វើឲ្យគ្រប់ជ្រុងជ្រោយ​តាម​រយៈមធ្យោបាយសន្តិភាព រួមទាំងការសន្ទនា ការសម្របសម្រួល និងយន្តការយុត្តិ​ធម៌​ស្រប​ច្បាប់​ដែល​សម​ស្រប។

សង្គមស៊ីវិលបានអំពាវនាវថា៖ «យើងខ្ញុំសូមសង្កត់ធ្ងន់ថា សន្តិភាពប្រកបដោយចីរភាព ស្ថិរភាពក្នុងតំបន់ និងការ​ងើបឡើងវិញនៃសេដ្ឋកិច្ច អាស្រ័យលើការប្រកាន់ខ្ជាប់យ៉ាង​តឹងរ៉ឹងចំពោះ​អធិប​តេយ្យ​ភាព នីតិ​រដ្ឋ និង​ការ​ចូល​រួម​ការ​ទូត​ដោយ​សុច្ឆន្ទៈ» ។ 

នៅក្នុងសេចក្តីថ្លែងការណ៍រួមនោះ ក្រុមសង្គមស៊ីវិល បានបញ្ជាក់ថា ប្រតិបត្តិការប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ត្រូវអនុវត្តដោយស្របច្បាប់ មានតម្លាភាព គោរពសិទ្ធិមនុស្ស និងអធិប​តេយ្យ​​ភាព​របស់រដ្ឋម្ខាងទៀត។

លោក រស់ សុដ្ឋា នាយកប្រតិបត្តិនៃសម្ព័ន្ធភាពសកម្មភាពសិទ្ធិមនុស្សកម្ពុជា (CHRAC) បានវាយតម្លៃថា សកម្មភាពយោធារបស់ថៃ ដែលត្រូវបានបង្ហាញថាជាផ្នែក​នៃយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ នោះ បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរលើសិទ្ធិមនុស្ស បរិស្ថាន និងតម្លៃវប្បធម៌។

លោកថា៖ «ការវាយប្រយុទ្ធយ៉ាងធ្ងន់ធ្ងរ និងហួសហេតុពីសំណាក់កងទ័ពថៃ ក្រោមស្លាកនៃការបោសសម្អាតឧក្រិដ្ឋកម្មឆ្លងដែនតាមអនឡាញ គឺជាការរំលោភសិទ្ធិមនុស្ស សិទ្ធិបរិស្ថាន សិទ្ធិវប្បធម៌ និងអរិយធម៌យ៉ាងធ្ងន់ធ្ងរ។ តាមរយៈការសិក្សារបស់យើង ឃើញថាសកម្មភាពវាយប្រហារពីភាគីយោធាថៃ មិនស្របតាមសេចក្ដីប្រកាសរបស់រដ្ឋាភិបាលថៃ អំពីយុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មតាមប្រព័ន្ធ​អន​ឡាញ​នោះ​ទេ»។

លោក រស់ សុដ្ឋា បន្ថែមថា៖ «យើងមានធម្មនុញ្ញអាស៊ាន ទៅដោះស្រាយបញ្ហាដោយសន្តិវិធី […] យើងក៏មានធម្មនុញ្ញអង្គការសហប្រជាជាតិ​ ដែលសមាជិកមួយមិនអាចប្រើកម្លាំងដើម្បី​វាយទៅលើប្រទេសអធិប​តេយ្យ​ណា​មួយ​បាន​ទេ។ ហើយគ្រាន់តែបញ្ហាឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតឆ្លងដែន រឿងអីត្រូវប្រើកម្លាំងដ៏សន្ធឹក​សន្ធាប់​មកវាប្រហារ ហើយបង្កវិនាសកម្មដ៏ធ្ងន់ធ្ងរបែបនេះ»។

ទាក់ទិននឹងរឿងនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល​កម្ពុជា​ លោក ប៉ែន បូណា បានថ្លែងថា ការចូល​រួមរបស់សង្គមស៊ីវិល ​គឺជាផ្នែកមួយនៃតួនាទីរបស់ពួកគេ ហើយលោកចាត់ទុកថា វាជារឿង​ល្អដែល​សង្គមស៊ីវិលបានចូលរួមជួយ ខណៈរាជរដ្ឋាភិបាលក៏កំពុងខិតខំប្រឹងប្រែងដោះស្រាយបញ្ហានេះផងដែរ។

លោកបានសង្កត់ធ្ងន់ថា សង្គមស៊ីវិលនៅតែមានតួនាទីសំខាន់ ព្រោះបញ្ហានេះពាក់ព័ន្ធនឹងទឹកដី និង​ប្រទេសជាតិរបស់ប្រជាពលរដ្ឋទាំងអស់។

លោក​ថា៖ «វាជាផ្នែកមួយនៃការងាររបស់សង្គមស៊ីវិល​ដែលគាត់ចូលរួមចំណែក។ ខ្ញុំគិតថា វាល្អដែលសង្គមស៊ីវិលបាន​ចូលរួមជួយ ហើយរាជរដ្ឋាភិបាលក៏បាននិងកំពុងខិតខំប្រឹងប្រែងធ្វើ។ ទោះជាយ៉ាងណា សង្គមស៊ីវិលនៅតែមានតួនាទី​សំខាន់ ពីព្រោះជារឿងទឹកដីរបស់ទាំងអស់គ្នា ប្រទេសជាតិយើងរួមគ្នា» ។

អ្នកនាំពាក្យរូបនេះ បានបន្តថា ការហាមប្រាមមិនឲ្យប្រជាពលរដ្ឋត្រឡប់​ទៅផ្ទះ តាមសកម្ម​ភាព​​របស់ភាគី​ថៃ គឺជា​ការរំលោភសិទ្ធិមនុស្ស និង​អធិបតេយ្យភាពជាតិ ហើយការយកលេសបង្ក្រាប​ឆបោកតាម​អន​ឡាញ​​ដោយ​ទម្លាក់​គ្រាប់​បែក​លើ​អគារ គឺមិនសមស្របនោះទេ។

សម្រាប់ លោក ប៉ា ច័ន្ទរឿន អ្នកវិភាគសង្គម និងជាប្រធានវិទ្យាស្ថានកម្ពុជាដើម្បីប្រជាធិបតេយ្យ យល់ថា ការលើកឡើងរបស់សង្គមស៊ីវិល ​មិនមែនជាការបដិសេធកិច្ចខិតខំ​របស់​រាជរដ្ឋាភិបាល​ទេ ប៉ុន្តែជាការស្នើ​សុំ​ឲ្យមានការគិតគូរបន្ថែម ក្នុងការផ្ដល់ជំនួយដល់ពលរដ្ឋរងគ្រោះ និង​អំពាវនាវ​ឲ្យភាគីកម្ពុជា និងថៃ ងាកទៅរកការចរចា និងដោះស្រាយជម្លោះតាមមធ្យោបាយសន្តិវិធី​ស្របច្បាប់អន្តរជាតិ។

លោក​​ថា៖ «ការសិក្សារបស់អង្គការសង្គមស៊ីវិលដែលចុះទៅតំបន់ជនភៀសសឹក បានរកឃើញថា ​ពួក​គេ​កំពុងប្រឈមបញ្ហា​ច្រើន ចាប់ពី​សេដ្ឋកិច្ចដល់សុខភាពផ្លូវចិត្ត។ ការលើកឡើងនេះ មិនមែនជាការទាត់​ចោល​កិច្ចខិតខំរបស់រាជ​រដ្ឋាភិបាល​ទេ ប៉ុន្តែជាការស្នើសុំឲ្យមានការគិតគូរបន្ថែម ក្នុងការផ្ដល់ជំនួយរយៈពេលខ្លី មធ្យម និងវែង ហើយអំពាវនាវ​ឲ្យ​កម្ពុជា និងថៃ ងាក​ទៅ​រក​ការ​ចរចា និងមធ្យោបាយសន្តិវិធីតាម​ច្បាប់​អន្តរជាតិ» ។

លោក ប៉ា ច័ន្ទរឿន បានលើកឡើងថា គួរត្រូវមានការយកចិត្តទុកដាក់បន្ថែម និងដោះស្រាយជម្លោះតាមមធ្យោបាយសន្តិភាព និងយន្តការច្បាប់អន្តរជាតិ ព្រោះបើទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់ក៏ដោយ ស្ថានភាពនៅតែមានភាពងាយនឹងកើតជម្លោះឡើងវិញ។

យោងតាមរបាយការណ៌របស់ក្រសួងមហាផ្ទៃ គិតត្រឹមរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅ​មានពលរដ្ឋ​ចំនួន​​ ៦៥ ១៧៤នាក់ទៀត (ស្រី្ត​ ៣៤ ៣៣៨នាក់ និងកុមារ​ ២១ ៧៩៣នាក់) ពុំទាន់អាច​វិលទៅលំនៅឋានវិញនៅឡើយ​ ខណៈ​ក្នុងចំណោមពលរដ្ឋភៀសសឹក​​សរុបជាង ៦សែន៤ម៉ឺន​នាក់ មានពលរដ្ឋ​ភៀស​សឹក​ជាង​ ៥សែន៨ម៉ឺន​​នាក់ ឬ ​​៩០% បានវិលត្រឡប់ទៅ​លំនៅឋានវិញ​​។

របាយការណ៍​បន្តផងដែរថា សាលារៀន និងមណ្ឌលសុខភាពជាច្រើននៅខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ នៅតែបន្តផ្អាកសេវាកម្ម។

ក្រសួងមហាផ្ទៃ បានឲ្យដឹងទៀត​​ថា ចាប់តាំងពីកិច្ចព្រមព្រៀងឈប់បាញ់​ចូលជាធរមាន នៅថ្ងៃ​ទី២៧ ខែធ្នូ ឆ្នាំ២០២៥ មក មិនមានការផ្ទុះអាវុធរវាង​កម្ពុជា និងថៃឡើយ ប៉ុន្តែទោះជាយ៉ាងនេះ​ក្តី ភាគីថៃនៅតែមានសកម្ម​ភាពមិនស្មោះ​ត្រង់ រួមមាន ការដាក់ពង្រាយទូកុងតឺន័រ និងលួស​​បន្លា​​កាន់​កាប់​ទឹក​​​ដី​​កម្ពុជា​​ដោយ​​ខុស​​ច្បាប់​​ជា​​ច្រើន​​កន្លែង ហួស​ពីខ្សែបន្ទាត់​ព្រំដែន ដែលថៃខ្លួន​ឯង​ធ្លាប់​ទទួល​ស្គាល់ជាយូរ​មក​ហើយ​ថា​ជា​អធិប​តេយ្យ​របស់​កម្ពុជា។

គួររំលឹកផងដែរថា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅនេះ នាវាកងទ័ពជើងទឹកថៃបានមានវត្តមានដោយគ្មានការអនុញ្ញាតនៅក្នុងដែនសមុទ្រកម្ពុជា ហើយបានចាប់ខ្លួនពលរដ្ឋកម្ពុជាបីនាក់ ព្រមទាំង​រឹប​អូស​នាវានេសាទរបស់ពលរដ្ឋខ្មែរទាំងនេះ ស្ថិតនៅត្រង់ទីតាំងចម្ងាយប្រហែល ៧.២ ម៉ៃល៍សមុទ្រពីរ​កោះ​យ៉រ នៅ​ខេត្តកោះកុង។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌​មាន​ដដែល​​​របស់​ក្រសួង​មហាផ្ទៃ។

ប្រភពដដែល បន្ត​​ថា ពលរដ្ឋទាំងបីនាក់ ដែលត្រូវបានយោធាថៃចាប់ខ្លួននេះ មិនទាន់ត្រូវបានដោះ​លែង​មក​វិញ​នៅឡើយ ខណៈក្រសួងបន្តទាមទារឲ្យភាគី​ថៃដោះលែងពលរដ្ឋខ្មែរ និងនាវា​នេសាទ​ពួក​គេ​ជា​​បន្ទាន់ ព្រមទាំងបញ្ឈប់សកម្មភាពល្បាតខុសច្បាប់​ដោយគ្មានការអនុ​ញ្ញាត និង​បញ្ឈប់​ការ​ប្រើ​ប្រាស់​ច្បាប់​ថៃ​ អនុវត្ត​លើ​ដែនអធិបតេយ្យកម្ពុជាតទៅទៀត៕