សម្ព័ន្ធអង្គការសង្គមស៊ីវិល បានបញ្ចេញរបាយការណ៍វាយតម្លៃរហ័សលើកទី២ ដែលផ្តល់ភស្តុតាង និងទិន្នន័យពីការចុះទីតាំងជាក់ស្តែង ស្តីពីផលប៉ះពាល់នៃការប៉ះទង្គិចតាមព្រំដែនកម្ពុជា–ថៃ លើប្រជាពលរដ្ឋ សុខភាព បរិស្ថាន សិទ្ធិមនុស្ស វប្បធម៌សាសនា និងបញ្ហាអធិបតេយ្យភាព។
ការបង្ហាញនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី «ការវាយតម្លៃរហ័សរួមគ្នាលើកទីពីរ ស្ដីពី ផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ និងសកម្មភាពរួមគ្នាបន្ទាប់» ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។
ក្នុងសន្និសីទនោះ លោក រស់ សុដ្ឋា នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) បានឱ្យដឹងថា តាមរយៈការចុះស្រាវជ្រាវរយៈពេល ៤ថ្ងៃ ចន្លោះពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ការវាយតម្លៃរហ័សលើកទី២នេះ បានបង្ហាញថា វិបត្តិនៅតំបន់ជាប់ព្រំដែន ជាសោកនាដកម្មដ៏ធ្ងន់ធ្ងរ មិនត្រឹមតែបង្កផលប៉ះពាល់ដល់ផ្នែកសេដ្ឋកិច្ច សុខភាព ការអប់រំ អធិបតេយ្យភាព និងសន្តិសុខសុវត្ថិភាពរបស់ពលរដ្ឋស៊ីវិលប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កផលប៉ះពាល់ផ្នែកផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរដល់ពួកគេផងដែរ។
លោក រស់ សុដ្ឋា យល់ថា រដ្ឋាភិបាលគួរបន្តយកចិត្តទុកដាក់ជាចាំបាច់ ចំពោះប្រជាពលរដ្ឋដែលបានភៀសសឹក ជាពិសេសអ្នកដែលមិនទាន់អាចត្រឡប់ទៅកាន់លំនៅឋានវិញបានដោយហេតុផលអសន្តិសុខ និងអស្ថិរភាពនៅតាមតំបន់ព្រំដែន។
លោកមានប្រសាសន៍ថា៖ «ចំពោះដំណោះស្រាយសម្រាប់រដ្ឋាភិបាល យើងឃើញថា មើលទៅបញ្ហាហ្នឹងទំនងជាមិនអាចដោះស្រាយបានភ្លាមៗទេ ដូច្នេះការបង្កលក្ខណៈឲ្យមានកន្លែងរស់នៅជាបណ្ដោះសន្ន ឬអចិន្ត្រៃយ៍ដើម្បីឲ្យគាត់មានកន្លែងរស់នៅមួយជាផ្ទះទីពីររបស់ពួកគាត់ ក្នុងនោះអាចពួកគាត់គួរតែមានដី មានកន្លែងស្នាក់នៅនិងមានមុខរបរសម្រាប់ចិញ្ចឹមជីវិត។ រដ្ឋាភិបាលអាចជួយគិតគូរធ្វើយ៉ាងម៉េចដើម្បីឲ្យពួកគាត់អាចមានចំណូល ហើយជាពិសេសគឺការថែទាំទាំងផ្លូវកាយនិងផ្លូវចិត្ត» ។

តាមរយៈការស្រាវជ្រាវគ្របដណ្តប់លើខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ ដែលជាតំបន់រងផលប៉ះពាល់ដោយផ្ទាល់ពីជម្លោះព្រំដែននេះដែរ លោកថា សង្គមស៊ីវិល និងអ្នកជំនាញបច្ចេកទេសមកពីប្រទេសអាឡឺម៉ង់ និងអូស្ត្រាលី ដែលបានចុះទៅប្រមូលនូវឯកសារដោយផ្ទាល់ នឹងរៀបចំឯកសារដើម្បីផ្ទៀងផ្ទាត់ជាមួយការរកឃើញរបស់រដ្ឋាភិបាលកម្ពុជា ហើយនឹងដាក់ពាក្យបណ្តឹងទៅស្ថាប័នអន្តរជាតិ ក្នុងនោះមានតុលាការអន្តរជាតិ ICJ ផងដែរ ដើម្បីទាមទារឱ្យមានយុត្តិធម៌សម្រាប់ពលរដ្ឋស៊ីវិលខ្មែរដែលរងគ្រោះ ដោយសារការឈ្លានពានរបស់ថៃ។
លោកថា៖ «ខ្ញុំសូមថ្កោលទោស ហើយក៏ដូចជាសូមចាត់វិធានការផ្លូវអន្តរជាតិឱ្យបានខ្លាំងក្លាចំពោះទង្វើទាំងអស់នេះ»។
បើតាម លោក រស់ សុដ្ឋា ដែលបានចុះទៅទីតាំងជម្លោះព្រំដែនដោយផ្ទាល់ បានគូសបញ្ជាក់ថា ទង្វើឬសកម្មភាពរបស់ទាហានថៃ មិនមែនជាការបង្ក្រាបបញ្ហាឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅតាមព្រំដែន ដូចដែលថៃបានយកលេសនោះទេ។ លោកថា សកម្មភាពរបស់ទាហានថៃ ជាការឈ្លានពានទឹកដីកម្ពុជា ដោយសារតែពួកគេបានធ្វើសកម្មភាពនានា ក្នុងការពង្រីកព្រំដែនចូលជ្រៅមកក្នុងទឹកដីកម្ពុជា ដូចជា នៅភូមិជោគជ័យ ភូមិព្រៃចាន់ តំបន់បឹងត្រកួន ថ្មដា អានសេះ ការឈូសបំផ្លាញផ្ទះសម្បែងជនស៊ីវិល ការបំផ្លាញប្រាសាទព្រះវិហារ ប្រាសាទតាក្របី និងសកម្មភាពបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។
ចំណែក លោក ស្រី កុសល ប្រធានវេទិកាមនុស្សធម៌កម្ពុជា (CHF) និងជានាយកប្រតិបត្តិ នៃអង្គការសហការដើម្បី អភិវឌ្ឍន៍នៅកម្ពុជា (PADEK) បានលើកឡើងក្នុងសន្និសីទនោះផងដែរពីផលប៉ះពាល់ដល់ការអប់រំរបស់កុមារ ដោយបញ្ជាក់ថា មានតែប្រមាណ ៧០ភាគរយនៃសិស្សនៅតំបន់ព្រំដែនប៉ុណ្ណោះ ដែលបានត្រឡប់ទៅសាលារៀនវិញ ខណៈឪពុកម្តាយជាច្រើនមិនហ៊ានឲ្យកុមារតូចៗទៅរៀន ដោយសារភាពមិនប្រាកដប្រជាអំពីសន្តិសុខនៃជម្លោះព្រំដែន។
លោកបន្តថា៖ «កាលពីជម្លោះលើកទីមួយ ក្មេងៗរត់ហើយក៏បានត្រឡប់ទៅរៀនវិញ។ ប៉ុន្តែលើកនេះមានតែប្រមាណ 70% ប៉ុណ្ណោះនៃសិស្សនៅតាមតំបន់ព្រំដែនដែលបានត្រឡប់ទៅសិក្សានៅសាលារៀនវិញ។ ចំពោះកូនតូចៗដែលឪពុកម្ដាយត្រូវជូនទៅរៀន ពួកគេមិនហ៊ានបណ្ដោយឱ្យទៅទេដោយសារមិនដឹងថាពេលណាអាចនឹងមានការផ្ទុះអាវុធ ហើយថាតើសុវត្ថិភាពរបស់ពួកគេត្រូវបានធានាឬក៏អត់» ។
ទាក់ទិននឹងបញ្ហានេះដែរ ក្រុមបណ្តាញអង្គការសង្គមស៊ីវិល ក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យផ្ដល់អាទិភាពដល់ការការពារជនស៊ីវិល ធានាការចូលប្រើប្រាស់ជំនួយមនុស្សធម៌ ដោះស្រាយតម្រូវការបន្ទាន់របស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលឆ្ពោះទៅរកការកាត់បន្ថយភាពតានតឹង និងសន្តិភាពប្រកបដោយចីរភាព។
អ្នកនាំពាក្យរាជរដ្ឋាភិបាល លោកប៉ែន បូណា បានប្រាប់ Press Start Cambodia ឲ្យដឹងនៅរសៀលនេះថា ចាប់តាំងពីមានជម្លោះនៅតំបន់ព្រំដែន រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះការការពារបូរណភាពទឹកដី និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ព្រំដែន។
លោកបានមានប្រសាសន៍ថា៖ «ការយកចិត្តទុកដាក់របស់ជនភៀសសឹកមានពីរ ទីមួយគឺធានាធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើងដែលអាចទៅផ្ទះវិញបាន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ជួយសម្រួលធ្វើយ៉ាងម៉េចឱ្យពួកគាត់អាចត្រឡប់ទៅវិញបានដោយសុវត្ថិភាព។ ចំពោះបងប្អូនដែលមិនទាន់អាចត្រឡប់ទៅវិញបាន រដ្ឋាភិបាលបានផ្ដល់ជូននូវជម្រកបណ្ដោះអាសន្នដែលមានលក្ខណៈល្អប្រសើរ និងមានទាំងសាលារៀនបណ្ដោះអាសន្ន ព្រមទាំងការផ្គត់ផ្គង់គ្រប់បែបយ៉ាងសម្រាប់តម្រូវការប្រចាំថ្ងៃ» ។
ចំណែក អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានគូសបញ្ជាក់នូវកត្តារួមផ្សំធំៗដែលមិនទាន់អនុញ្ញាតឲ្យប្រជាពលរដ្ឋមួយចំនួនត្រឡប់ទៅផ្ទះវិញ និងត្រូវបន្តរស់នៅជំរុំជនភៀសខ្លួន។
លោកបានរៀបរាប់ថា៖ «ទីមួយគឺផ្ទះសម្បែងរបស់ពួកគាត់មិនអាចទៅបានតែម្ដង បានន័យថា រងការខ្ទេចខ្ទី ទីពីរគឺវាមានគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងអំបែងគ្រាប់ ឬក៏ធ្លាប់រងនូវការបាញ់ផ្សែងពុល។ មួយទៀតដោយសារទាហានថៃឈរជើងនៅជិតនោះ ឬក៏ព័ទ្ធយកតែម្ដង ដែលជាសកម្មភាពគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាព ឬពេលខ្លះមិនអនុញ្ញាតឲ្យពួកគាត់ចូលទៅក្នុងលំនៅឋានទៅទៀត» ។
លោក ទូច សុខៈ បន្តថា រាជរដ្ឋាភិបាលបានរៀបចំទីតាំង នៅក្នុងការសាងសង់ជំរំសុវត្ថិភាពសម្រាប់ជនភៀសខ្លួនដែលនៅបន្តមានការភ័យខ្លាចមិនហ៊ាន ឬមិនអាចត្រឡប់ទៅកាន់លំនៅឋាន ដើម្បីរង់ចាំការដោះស្រាយផ្លូវច្បាប់រវាងភាគីកម្ពុជានិងថៃ។
យោងតាមរបាយការណ៍ចុងក្រោយរបស់ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានឲ្យដឹងថា ពលរដ្ឋភៀសសឹកចំនួន ៩៧ ៨៧៨នាក់ កំពុងបន្តស្នាក់នៅតាមជំរំនានា ក្នុងនោះស្រ្តីមានចំនួន ៥១ ២៤៨នាក់ និងកុមារចំនួន ៣១ ២៩៧នាក់ ខណៈពលរដ្ឋភៀសសឹកជាង ៥សែន៥ម៉ឺននាក់ ឬជិត៨៥% បានវិលត្រឡប់ទៅលំនៅឋានវិញ និងបន្តជាហូរហែរ។
ក្រសួងបន្ថែមថា គិតចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥មក ការខូចខាតទ្រព្យសម្បត្តិ ឯកជន សរុប រួមមាន ផ្ទះ៩៨០ខ្នង អគារស៊ីវិលឯកជន៧ អគារស្នាក់នៅ/សណ្ឋាគារ១០ ស្ថានីយប្រេង៤ ផ្សារឯកជន១ រថយន្ត៣៤គ្រឿង ម៉ូតូ១០គ្រឿង លានទិញដំឡូង១ អគារឃ្លាំងទំនិញ១ បង្គោលអង់តែនទូរសព្ទ៣ អាងទឹកនិងប្រព័ន្ធ ទឹកស្អាត៦កន្លែង ជង្រុកស្រូវ១ និងសត្វពាហនៈ/សត្វព្រៃ២ក្បាល។
រីឯការខូចខាតទ្រព្យសម្បត្តិសាធារណៈ សរុបរួមមាន សាលារៀន២៦ មន្ទីរពេទ្យ/មណ្ឌលសុខភាព១៤ សំណង់អគារ៤២ វត្តអារាម១៩ សាលាឆទាន១ រូបសំណាក២ រថយន្ត១គ្រឿង ប្រាសាទបុរាណ៤ ស្ពាន៥ ផ្សារ១ ផ្លូវ៨៧ ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី១ទីតាំង និងបណ្ដាញបញ្ជូនអគ្គិសនី៣កន្លែង ខណៈអាជ្ញាធរមូលដ្ឋានបន្តស្រង់ទិន្នន័យផលប៉ះពាល់បន្ថែម៕

