ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសដាក់ឱ្យប្រើប្រាស់ភាសាចារ៉ាយ ក្នុងកម្មវិធីអប់រំពហុភាសា នៅខេត្តរតនគិរី ដើម្បីសម្របសម្រួលការសិក្សាសម្រាប់សិស្សជនជាតិដើមភាគតិច និងអភិរក្សភាសារបស់ពួកគេ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ការដាក់ឱ្យប្រើប្រាស់ភាសាចារ៉ាយក្នុងកម្មវិធីអប់រំពហុភាសា នឹងចាប់ផ្តើមនៅថ្ងៃទី២៧ ខែមករា ក្នុងនោះក៏មានការរៀបចំ និងបកប្រែសៀវភៅសិក្សា សម្ភារៈសិក្សាជាភាសាចារ៉ាយផងដែរ។ ក្រសួងបន្តថា ការដាក់ឱ្យអនុវត្តសាកល្បង នឹងធ្វើឡើងនៅសាលារៀនបឋមសិក្សាចំនួន ៧ ក្នុងស្រុកអូរយ៉ាដាវ និងស្រុកអណ្តូងមាស ខេត្តរតនគិរី។
ក្រសួងបន្តថា ដើម្បីគាំទ្រការអនុវត្តកម្មវិធីអប់រំពហុភាសាប្រកបដោយប្រសិទ្ធភាព ក្រសួងបានរៀបចំ ក៏បានរៀបចំយន្តការ និងក្របខណ្ឌគតិយុត្តមួយចំនួន រួមមាន ការចងក្រងប្រព័ន្ធអក្ខរក្រមភាសាកំណើតជនជាតិដើមភាគតិច ទំពួន គ្រឹង ពៅ កាវ៉ែត ព្នង និងចារ៉ាយ ដោយយកប្រព័ន្ធអក្ខរក្រមភាសាខ្មែរធ្វើជាគោល ផែនការ សកម្មភាពអប់រំពហុភាសា ២០២៤-២០២៨ កម្មវិធីសិក្សា សៀវភៅសិក្សា និងសម្ភារៈសិក្សា ដែលផ្សាភ្ជាប់នឹងវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់សហគមន៍ជនជាតិដើមភាគតិច។
អ្នកនាំពាក្យក្រសួងអប់រំ និងជាប្រធាននាយកដ្ឋានបឋមសិក្សា លោក កាន់ ពុទ្ធី មានប្រសាសន៍នៅថ្ងៃទី២៣ ខែមករានេះថា ការដាក់បញ្ចូលភាសាចារ៉ាយ នៅក្នុងកម្មវិធីអប់រំពហុភាសានេះ ធ្វើឡើងក្នុងគោលបំណងជួយដល់កុមារជនជាតិដើមភាគតិចចារ៉ាយ ដែលមិនទាន់ចេះភាសាខ្មែរ អាចប្រាស្រ័យទាក់ទង និងនិយាយភាសាខ្មែរបាន។
លោកមានប្រសាសន៍ថា៖ «ការដាក់ភាសាចារ៉ាយក្នុងកម្មវិធីអប់រំពហុភាសានេះ មានគោលបំណងជួយកុមារជនជាតិដើមភាគតិចដែលមិនទាន់ចេះនិយាយ និងប្រាស្រ័យទាក់ទងជាភាសាជាតិក្នុងថ្នាក់រៀនបាន ដោយឱ្យរៀនជាភាសាកំណើត និងភាសាជាតិ ពីមត្តេយ្យសិក្សា ដល់ថ្នាក់ទី៣ ហើយជាស្ពានទៅរៀនភាសាជាតិមួយរយភាគរយនៅថ្នាក់ទី៤» ។
លោកថា នេះក៏ជាការចំណែកមួយនៅក្នុងការចូលរួមអភិរក្ស ថែរក្សា ប្រពៃណី វប្បធម៌ និងអត្តសញ្ញាណរបស់ជនជាតិដើមភាគតិចចារ៉ាយផងដែរ ដោយក្រសួងចងក្រង ភាសា ទំនៀមទម្លាប់ ប្រពៃណីរបស់គាត់ ដាក់ចូលទៅក្នុងសៀវភៅសម្រាប់សិក្សា។
យុវជនជនជាតិដើមភាគតិចចារ៉ាយ មកពីខេត្តរតនគិរី លោក សេវ បៃ មើលឃើញថា ក្រសួងអប់រំ បានកំពុងព្យាយាមលើកកម្ពស់នូវភាសារបស់ជនជាតិដើមភាគតិចចារ៉ាយ នៅក្នុងប្រព័ន្ធអប់រំ ហើយក៏ជាចំនុចល្អមួយដែលក្រសួងបានគិតគូរអំពីជនជាតិដើមភាគតិច។ ទោះជាយ៉ាងណា លោកថា ការដាក់ភាសាចារ៉ាយនៅក្នុងកម្មវិធីសិក្សានេះ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ។
លោកថ្លែងថា៖ «ការដាក់បញ្ចូលនេះល្អ ហើយក៏មានផលលំបាកដែរ ផលលំបាកគឺថាការអាន និងការប្រកបមួយចំនួន ពាក្យពេជន៍ភាសាចារ៉ាយ នៅក្នុងអក្សរខ្មែរ គឺវាមានភាពពិបាកអាន ពិបាកយល់ បើសិនជាមានការដាក់បញ្ចូលភាសាចារ៉ាយនៅក្នុងប្រព័ន្ធអប់រំហើយ សូមឱ្យមានការសាកល្បងនៅក្នុងការបង្រៀននេះ គឺសាកល្បងនៅភូមិណាដែលខាងក្រសួងអប់រំ ឬអង្គការ NGO ឱ្យបង្រៀងតែនៅក្នុងភូមិដែលបានបកប្រែភាសានោះបានហើយ ព្រោះភូមិផ្សេងៗទៀត សូរសៀង អត្ថន័យ ពាក្យពេជន៍នៅក្នុងការប្រកបរបស់របរនោះគឺផ្សេងៗគ្នាទាំងអស់ ចំពោះចារ៉ាយ ដូច្នេះបើដាក់នៅភូមិផ្សេងគឺធ្វើឱ្យក្មេងៗភូមិផ្សេងអាចភ្លេចភាសាដើមនៅក្នុងភូមិរបស់គាត់ ដូច្នេះវាអាចធ្វើឱ្យបាត់បង់អត្តសញ្ញាណនៅក្នុងតំបន់មួយ» ។
លោកបានលើកឡើងថា ការដាក់បញ្ចូលភាសាចារ៉ាយក្នុងកម្មវិធីអប់រំនេះ មិនអាចធានាថានឹងធ្វើឱ្យសិស្សទទួលបានលទ្ធផលសិក្សាល្អប្រសើរឡើងទាំងស្រុងនោះទេ ព្រោះវាអាស្រ័យទៅលើវិធីសាស្ត្រ និងគុណភាពនៃការអប់រំជាចម្បង។
ចំណែក ប្រធានសមាគមជនជាតិដើមភាគតិចកម្ពុជា លោក រម៉ាម ប្លេន មានប្រសាសន៍ថា ការដាក់បញ្ចូលភាសាចារ៉ាយ នៅក្នុងកម្មវិធីអប់រំនេះ ជាចំនុចមួយយ៉ាងសំខាន់នៅក្នុងការអភិរក្សភាសាជនជាតិដើមភាគតិចចារ៉ាយ។
លោកថា ថ្វីត្បិតតែបច្ចុប្បន្ន ជនជាតិដើមភាគតិចចារ៉ាយទទួលបានឱកាសរៀនភាសាខ្មែរ ក្រៅពីភាសាកំណើតរបស់ខ្លួនក៏ដោយ ប៉ុន្តែតាមរយៈការការអប់រំពហុភាសានេះ នឹងជួយដល់ក្មេងៗ នៅថ្នាក់មតេយ្យ រហូតដល់ថ្នាក់ទី៣ គឺមានឱកាសចងចាំភាសារបស់ខ្លួន ហើយអាច និយាយ និងប្រើប្រាស់ភាសាខ្លួនបានតាមរយៈការបង្រៀននេះផងដែរ។
លោកសង្កេតឃើញថា កន្លងមក ក្រសួងអប់រំ បានធ្វើការលើរឿងនេះច្រើនមកហើយ នៅក្នុងការចូលរួមអភិរក្សភាសាជនជាតិដើមភាគតិច ប៉ុន្តែលោកថា ក្រសួងគួរតែពង្រីកបន្ថែម នៅចំនួនសាលាដែលមានជនជាតិដើមភាគតិចសិក្សា និងបញ្ចូលភាសាជនជាតិដើមផ្សេងទៀតនៅក្នុងកម្មវិធីអប់រំ។
លោកមានប្រសាសន៍ថា៖ «ជាចំនុចវិជ្ជមានខ្លាំងដែលចាប់ផ្តើមពង្រឹងការអប់រំពហុភាសា ថ្វីត្បិតថាទទួលបានឥទ្ធិពលការអប់រំសកល ក៏ប៉ុន្តែសម្រាប់ភាសា គឺជាអត្តសញ្ញាណវប្បធម៌ជនជាតិដើមភាគតិច […] អ្វីដែលខ្ញុំចង់ឃើញបន្តទៀត ក្រសួងអាចថាពង្រឹងលទ្ធភាពបន្ថែមទៀតនៅក្នុងការជំរុញឱ្យមាន [កម្មវិធីសិក្សា] រហូតដល់ថ្នាក់ទី៦ យ៉ាងតិច កាន់តែល្អ ហើយនឹងបន្ថែមកញ្ចប់ថវិកាបន្ថែមទៀត ម៉្យាងអាចថាពង្រីកឱ្យមាននៅគ្រប់សាលាដែលមានជនជាតិដើមភាគតិចចារ៉ាយ ឬជនជាតិដើមភាគតិចផ្សេងៗទៀត ដូចជា ស្អូច ដែលកំពុងតែរងផលប៉ះពាល់នៅក្នុងការបាត់បង់ភាសា » ។
បច្ចុប្បន្ននេះ តាមរយៈកម្មវិធីអប់រំពហុភាសា ក្រសួងអប់រំ បាននឹងកំពុងបន្តផ្តល់ការអប់រំពហុភាសាដល់កុមារមកពីសហគមន៍ជនជាតិដើមភាគតិច ប្រមាណ ៧ ៥០០នាក់ ចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់ថ្នាក់ទី៣ ចំនួន៦ ភាសា ដូចជា ព្នង កាវ៉ែត គ្រឹង ទំពួន ព្រៅ និងចារ៉ាយ និងបានផ្តល់ឱកាសការងារដល់ជនជាតិដើមភាគតិចធ្វើការជាគ្រូបង្រៀនប្រមាណ ៤០០នាក់ ជារៀងរាល់ឆ្នាំ នៅតាមសាលារៀនគោលដៅ ក្នុងខេត្តរតនគិរី ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងខេត្តព្រះវិហារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ។
យោងតាមរបាយការណ៍ស្តីពីស្ថានភាពប្រជាសាស្ត្រ និងសង្គម-សេដ្ឋកិច្ច របស់ជនជាតិដើមភាគតិចកម្ពុជា បច្ចុប្បន្នភាព ឆ្នាំ២០២៤ បានឱ្យដឹងថា ជនជាតិដើមចារ៉ាយនៅកម្ពុជា មានចំនួនជិត ៣ម៉ឺននាក់។
ជនជាតិដើមភាគតិចចារ៉ាយ គឺជាជនជាតិដើមភាគតិចមួយ ក្នុងចំណោមជនជាតិដើមទាំង២៤អំបូរនៅកម្ពុជា។ ជាប្រវត្តិសាស្ត្រ ការរស់នៅរបស់ពួកគេ គឺពឹងផ្អែកទៅលើបរិស្ថានធម្មជាតិ ដោយផ្សាភ្ជាប់នឹងដីធ្លី និងព្រៃឈើ ដើម្បីប្រកបមុខរបរចម្បងសម្រាប់ជីវិត ដែលមានដូចជាការធ្វើកសិកម្មលើដីចំការវិលជុំ ការប្រមូលអនុផលព្រៃឈើ ការប្រមាញ់ ការនេសាទ និងការចញ្ចឹមសត្វ។ល។
ចាប់តាំងពីឆ្នាំ២០០៣ មក ក្រសួងបានអនុវត្តកម្មវិធីអប់រំពហុភាសា តាមរយៈកម្មវិធីអក្ខរកម្មពហុភាសា (កម្មវិធីអក្ខរកម្មពីរភាសា) សម្រាប់ការអប់រំក្រៅប្រព័ន្ធ និងកម្មវិធីអប់រំពហុភាសា(កម្មវិធីអប់រំពីរភាសា) សម្រាប់ការអប់រំក្នុងប្រព័ន្ធ។
ទន្ទឹមនឹងនេះ ក្រសួងក៏បាន ដាក់បញ្ចូលកម្មវិធីអប់រំពហុភាសាក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ឦសាន្តខេត្តស្ទឹងត្រែង សាលាគរុកោសល្យ និងវិក្រឹតការខេត្តក្រចេះ និងសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តព្រះវិហារផងដែរ៕

