វត្តមុនីសាលវ័ន ហៅអូរត្រកួនជាទីតាំងមួយដែលឋិតនៅមិនឆ្ងាយពីទីរួមស្រុកកងមាស ហើយមានរយៈចម្ងាយប្រមាណជា៧០គីឡូម៉ែត្រពីរាជធានីភ្នំពេញបើគេធ្វើដំណើរតាមដងផ្លូវមួយខ្សែប្រ៉បជួរមាត់ទន្លេមេគង្គ។ទិដ្ឋភាពមួយបានលេចត្រដែតឡើងក្រោយពីភ្លៀងរលឹមមួយមេ បង្កើតបានជាទស្សនីយ៍ភាពមួយយ៉ាងស្រស់មនោរម្យក្រោមផ្ទៃមេឃស្រឡះ។រីឯរុក្ខជាតិខៀវខ្ចីហ៊ុំព័ទ្ធទីវត្តអារាមយ៉ាងស្រស់បំព្រងគួរឱ្យគយគន់ និងរំភើបក្រៃលែង។ក្រោមពន្លឺព្រះទិន្នករនាកណ្តាលថ្ងៃត្រង់ សូរដំណក់ទឹកភ្លៀងធ្លាក់មកជាដំណក់ៗពីលើដំបូលព្រះវិហារ លាយឡំសំឡេងបក្សាបក្សី ស្រែករកគ្នាកំដរភាពស្ងប់ស្ងាត់នៅទីនេះ ដ៏កងរំពង និងបង្កើតបានជាតន្រ្តីធម្មជាតិមួយ ដ៏សែនមនោរម្យ។ប៉ុន្តែទីនេះមិនមែនគួរឱ្យរំភើបដូចអ្វីដែលយើងបានឃើញនេះឡើយ។តាមពិតទៅ ទីអារាមមួយនេះ ក៏ធ្លាប់ជាកន្លែងដែលខ្មែរក្រហម ឃុំឃាំងមនុស្ស ហើយក៏ជាវាលពិឃាតមួយដែរ ក្នុងចំណោមទីតាំងដទៃទៀត នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
លោក ថូ ឈឿង កំពុងអង្គុយលើគ្រែរនៀបដែលធ្វើពីឬស្សី ក្រោមផ្ទះដំបូលក្បឿងពណ៌ក្រហម ក្នុងរង្វង់មុខជ្រាវជ្រួញ ដោយពុកចង្កាមានល្បាយទង់ដែងផង។ជាអ្នកភូមិរស់នៅភូមិអង្គរបានទី២ ឃុំអង្គរបាន នៃស្រុកកងមាស ខេត្តកំពង់ចាម លោក ឈឿន និយាយកាលពីខែកញ្ញា ឆ្នាំ២០២៥ ថា ខ្លួនក៏ជាអតីតអ្នកទោសម្នាក់ដែរ នៅមន្ទីរឃុំឃាំងអូរត្រកួននេះ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ អង្គុយត្របោមក្បាលជង្គុង ក្នុងសភាពទ្រុឌទ្រោមបន្តិចទៅហើយដោយជំងឺប្រចាំកាយ និងយូរៗម្តង គេសង្កេតឃើញលោក ថូ ឈឿង ឱនមុខចុះអមដោយកែវភ្នែកពណ៌ស្រអាប់សម្លឹងទៅកូនក្រដាសមួយសន្លឹក រួចងើបមុខឡើងដកដង្ហើមធំ ហើយនិយាយថា អំឡុងពេលខ្មែរក្រហមឃុំខ្លួនលោកដែលប្រើពេលជាង៣ខែ គឺពួកគេធ្វើទារុណកម្មតាមរយៈការបង្អត់អាហារ វាយនឹងដំបង រំពាក់ផ្តៅ និងចងព្យួរទៅនឹងធ្នឹមព្រះវិហារ។ក្រៅពីនេះ នៅមានអ្នកទោសផ្សេងទៀតត្រូវពួកខ្មែរក្រហមចងនឹងខ្សែរ៉តទម្លាក់ពីលើដំបូលព្រះវិហារមកក្រោមផ្ទប់នឹងការ៉ូ រួចភ្ជុចទៅនឹងស៊ីម៉ង់ត៍ ដែលបណ្តាលឱ្យអ្នកទោសខ្លះ ត្រូវបាត់បង់ជីវិតនៅពេលធ្វើទារុណកម្មតែម្តងក៏មានដែរ។
លោកនិយាយថា៖ «គេស្អប់ខ្ញុំទេបង គោម៉ានឹមមួយថ្ងៃចល័ត២ គោម៉ានឹមកាច់ពោត គេបានតែ២ជើងទេ ខ្ញុំបីជើង។ [….] ម៉ោង៤ គឺថាចល័ត២នាក់រទេះមួយ ខ្ញុំម្នាក់ បរទៅកាច់ពោតចុះពីលើផ្ទះពាក់ខោអាវទឹមគោឡើងដេកលើរទះទាំង២នាក់ចល័ត។ គេបំបែកវាឱ្យចេញពីខ្ញុំ ឱ្យគេចូលវាអត់ព្រម គេចាប់ខ្ញុំបណ្តោយ។ឡើងលើតុវាចង់អានៀក(ដៃ) វាព្យួរដល់ធ្នឹម រួចចាប់វាយហើយៗ នៀកខ្លឹមស្រគ្រាំប៉ុនកដៃរួចដាក់ក្បាល »។
ជាអតីតអ្នកទោសក្នុងរបបកម្ពុជាប្រជាធិបតេយ្យម្នាក់ លោក ឈឿង និយាយដោយសំដីដាច់ៗ រៀបរាបពីហេតុការណ៍ថា លោកពិតជាមានសំណាងខ្ពស់ ក្នុងពេលអ្នកផ្សេងទៀត ត្រូវពួកខ្មែរក្រហមសម្លាប់ស្ទើរគ្មានសល់។ហើយការរស់រានមានជីវិតឡើងវិញនេះអាចចាត់ទុកថាជាបុណ្យសំណាងខ្ពស់ណាស់ដែរ គឺការដោះលែងរូបលោកនៅចំពេលពួកខ្មែរក្រហម រៀបចំពីធីបុណ្យបក្ស ក្រោយពេលដែលដឹងថាលោក ថូ ឈឿង ត្រូវគេចោទប្រកាន់ទាំងពុំមានបទល្មើស។

គិតមកដល់ពេលនេះ គេសង្កេតឃើញ អតីតទីតាំងនៃមន្ទីរឃុំឃាំង ដែលស្ថិតនៅក្នុងភូមិសាស្រ្តវត្តអូរត្រកួននេះ ស្លាកស្នាមនៃការធ្វើទារុណកម្ម បានសាបរលាប និងបាត់ដានស្ទើរគ្មានសេសសលទៅហើយ។ជំនួសមកវិញ ទីតាំងប្រវត្តិសាស្រ្តនេះ គឺសល់តែស្តុបមួយកន្លែងគត់ ដែលអាចបញ្ជាក់បានថា ទីនេះធ្លាប់ជាកន្លែងធ្វើទារុណកម្ម និងជាមន្ទីរឃុំឃាំងមនុស្ស ក្នុងរបស់វាលពិឃាត។ណាមួយ ដោយសារតម្រូវការ នៃការកសាងវត្តអារាមនេះ ឱ្យក្លាយជាកន្លែងគោរពបូជា ប្រកបដោយសោភ័ណភាពផង សម្រាប់អ្នកមានជំនឿលើព្រះពុទ្ធសាសនា ហេតុនេះភស្តុតាងនានា ដូចជារណ្តៅកប់សាកសពក្រោយពេលសម្លាប់ ឧបករណ៍ធ្វើទារុណកម្ម បញ្ជីឈ្មោះអ្នកទោស និងស្នាមឈាមជាដើម បានបាត់រូបរាង និងទម្រង់ដើមអស់ទៅហើយ។
ហាក់មិនខុសគ្នាប៉ុន្មានដែរ ក្នុងរង្វង់មុខពោរពេញដោយក្តីទុក្ខសោក ព្រោះតែធ្លាប់ឆ្លងកាត់ការរស់នៅដ៏សែនឈឺចាប់ក្នុងអតីតកាល នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យដូចអ្នកដទៃទៀតដែរ លោក សំរិទ្ធ ម៊ុយ ឯកភាពថា វត្តមុនីសាលវ័ននេះ ធ្លាប់ត្រូវពួកគេខ្មែរក្រហម យកទៅប្រើប្រាស់បម្រើឱ្យការឃុំឃាំង និងសម្លាប់មនុស្សដ៏ប្រល័យពិតប្រាកដមែនកាលណោះ។ហើយម្យ៉ាងវិញទៀត ពួកខ្មែរក្រហមសម្លាប់មិនរើសមុខឡើយមិនថាជាខ្មែរ ចិន ចាម ប្រជាជនចាស់ ឬប្រជាជនថ្មីទេ ឱ្យតែមាផែនការសម្លាប់ពីអង្គការចាត់តាំង ជនរងគ្រោះទាំងនោះ គ្មានវាសនានឹងរួចផុតពីការសម្លាប់ម្តងណានោះឡើយ។លើសពីនេះទៅទៀត អ្នកដែលរងការចោទប្រកាន់ដោយរបបកម្ពុជាប្រជាធិបតេយ្យ អ្នកដែលត្រូវខ្មែរក្រហមចោទប្រកាន់ថាជាខ្មាំង គឺគ្រប់តំបន់ក្នុងខេត្តកំពង់ចាម ត្រូវគេបញ្ជូនមកឃុំខ្លួន និងសម្លាប់នៅទីនេះទាំងអស់។មិនតែប៉ុណ្ណោះ មុនពេលសម្លាប់អ្នកទោសម្តងៗ ក្រុមយោធាខ្មែរក្រហមតែងចាក់ឧឃោសនស័ព្ទ ដែលជាការបន្លំសំឡេងស្រែកទ្រយោយំរបស់ជនរងគ្រោះថែមទៀតផង។
លោកបន្តថា៖ «ពេលណាវាវៃវាចាក់មេក្រូ ចាក់ចម្រៀងចាក់អីហ្នឹង ដើម្បីបន្លប់កុំឱ្យឮសំឡេងស្រែកអញ្ចឹងទៅណាព្រោះខ្លះ មិនទាន់អស់កម្លាំងណាវាយកមកយប់នេះវាវៃ»។
ដូចគ្នានេះដែរ អ្នកស្រី សេង សុខហេង សព្វថ្ងៃរស់នៅភូមិអង្គរបានទី២ ឃុំអង្គបាន ស្រុកកងមាស និយាយថាសាច់ញាតិរបស់អ្នកស្រីដែលសុទ្ធសឹងតែជាមន្រ្តីរាជការ នៅក្នុងសម័យសង្គមចាស់ ត្រូវពួកខ្មែរក្រហម យកមកសម្លាប់នៅទីនេះទាំងពូជសូម្បីទារក ក៏មិនលើកលែងដែរ។ក្នុងរង្វង់មុខជ្រួញបន្តិច អមដោយធ្មេញពណ៌មាស អ្នកស្រីរៀបរាប់ថាហេតុការណ៍នេះ វាគឺជារឿងដែលឈឺចាប់ និងខ្លោចផ្សារបំផុត ដែលមិនអាចបំភ្លេចបានឡើយ។មួយវិញទៀត មិនថាប្រជាជនចាស់ ឬប្រជាជនថ្មីទេ ពួកខ្មែរក្រហម តែងបង្ខំឱ្យធ្វើការ ដោយហូបមិនគ្រប់គ្រាន់ទៀត។
អ្នកស្រីបន្តថា៖«មានបងប្អូនជីដូនមួយម្តាយ និងម្តាយធំគេយកមកសម្លាប់នៅកន្លែងហ្នឹងទាំងអស់ គ្រួសារខ្ញុំក៏គេសម្លាប់ច្រើនដែរវត្តអូរត្រកួនហ្នឹងហ៎។ឆ្លងកាត់យ៉ាងណា យើងជាប្រជាជនចាស់ នៅសង់តែ២ថ្ងៃទៀតផង គេរកយកទៅវៃចោល ដូចខ្ញុំអីគ្មានតែនៅទេ នៅតែ២ថ្ងៃទៀតទេដាច់ហ្នឹង តាមខ្សែរយៈគ្រួសារបងប្អូន៧៥ »។
រីឯរបាយការណ៍សិក្សាស្រាវជ្រាវដែលចេញដោយមជ្ឈមណ្ឌលឯកសារកម្ពុជា និងបណ្ណាល័យហ្លួងម៉ែ រកឃើញថាវត្តអូរត្រកួន និងសាលាររៀនក្បែរនេះធ្លាប់ត្រូវពួកខ្មែរក្រហមយកធ្វើជាមន្ទីរសន្តិសុខ និងមន្ទីរឃុំឃាំងចន្លោះពីឆ្នាំ១៩៧៤-១៩៧៨។មុនដំបូងមន្ទីរសន្តិសុខនេះ ឃុំឃាំងជនរងគ្រោះភាគច្រើនជាទាហាន លន់ នល់។ហើយបន្ទាប់មករបបកម្ពុជាប្រជាធិបតេយ្យនេះចាប់ផ្តើមពង្រីក នៃការចាប់ខ្លួនរហូតទៅដល់ប្រជាជនថ្មី។អ្នកទាំងនោះ ត្រូវគេជម្លៀសចេញពីទីក្រុងភ្នំពេញមកកាន់ស្រុកកងមាស។របាយការណ៍បន្ថែមទៀតថានៅវត្តនេះមានរណ្តៅកប់សាកសពចំនួន៤៦៧រណ្តៅ។ហើយតាមការប៉ានស្មានចំនួនជនរងគ្រោះគឺមានចំនួន៣២.៦៩០នាក់ជាចំនួនដែលច្រើនជាងគេក្នុងស្រុកកងមាស។
ចំណែកឯ ព្រះគ្រូចៅអធិកាវត្តមុនីសាលវ័ន ហៅវត្តអូរត្រកួន គឺព្រះតេជព្រះគុណ ផេន រតនៈ ព្រះអង្គមានថេរដីកាថា ការបាត់បង់ស្លាកស្នាម ទាំងនៅក្នុងព្រះវិហារ ឧបករណ៍ធ្វើទារុណកម្ម និងរណ្តៅកប់សាកសពជាដើម ទាំងនោះក៏ព្រោះតែ នៅក្នុងទីវត្តអារាមនេះទាំងមូល ចាំបាច់ត្រូវកែលម្អ និងស្ថាបនាវត្តឱ្យមានសោភណ្ឌភាពគួរជាទីគោរពបូជាអស់ពុទ្ធបរិស័ទ្ធផង។ម្យ៉ាងវិញទៀត ដើម្បីបញ្ចៀសកុំឱ្យមានរូបភាពសោកសៅ និងតក់ស្លុតសម្រាប់គ្រប់គ្នាមកលេងវត្ត ទើបមានការស្រុះស្រួលគ្នាសម្រេចលុបស្លាកស្នាមទាំងនេះចេញតែម្តង មើលទៅកុំឱ្យវារន្ធត់ពេក។
ប្រភពបន្តថា៖«គាត់មកវត្តម្តងៗគាត់នៅខ្លាចមិនទាន់ទាំងបាត់ផង គាត់នៅចាំ ព្រោះរសជាតិនៃការឆ្លងកាត់ជាប់ច្រវាក់ជាប់ខ្នោះ នៅក្នុងព្រះវិហារនេះកន្លែងមន្ទីរឃុំឃាំងគឺគាត់អាចនិយាយបានថាសឹងតែ ជីវិតដង្ហើមចុងក្រោយ ប៉ិនដោយសារខាងរណសិរ្សសង្រោះជាតិហ្នឹងមកជួយគាត់ទាន់អញ្ចឹង» ។
បើតាមព្រះតេជព្រះគុណ ផេន រតនៈ ទីនេះសព្វថ្ងៃបានប្រែក្លាយជាកន្លែងដែលគួរដល់បូជាសម្រាប់ញាតិមិត្ត របស់ជនរងគ្រោះក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ជារៀងរាល់ឆ្នាំសាច់ញាតិដែលរស់នៅសព្វថ្ងៃ តែងមកថ្វាយទាន និងបូជាគ្រឿងសក្ការផ្សេងៗ ដើម្បីឧទ្ធិសថ្វាយអ្នកដែលបានស្លាប់ ដោយការធ្វើទារុណកម្ម នៅក្នុងសម័យកាលដែលគ្រប់គ្រងដោយរបបខ្មែរក្រហម។
ប្រភពន្តថា៖«បើមានសាច់ញាតិនិមន្តបង្សុកូលទៅ ខ្លះទៅក៏អុជធូបហើយ អញ្ជើញឧទ្ទិសអីណា យកទេយ្យទានឧទ្ទិសដល់ញាតិគាត់អញ្ចឹងទៅ»។

មានទីលំនៅទល់មុខនឹងវត្តអូរត្រកួន ជាអតីតមេឃុំពាមជីកង លោក ជា ម៉ាលី ឱ្យដឹងថាតាមពិតទៅមានភស្តុតាងជាច្រើនដែលបង្ហាញពីសកម្មភាព នៅក្នុងសម័យខ្មែរក្រហមជាពិសេសទាក់ទងទៅនឹងមន្ទីរសន្តិសុខ អូរត្រកួននេះ។លើសពីនេះទៅទៀត ពួកអតីតយោធាខ្មែរក្រហម ដែលធ្លាប់បម្រើការនៅមន្ទីរសន្តិសុខនេះ មានទិន្នន័យគ្រប់គ្រាន់ រាប់ចាប់តាំងធ្វើបញ្ជីឈ្មោះអ្នកទោស ការប្រមូលព័ត៌មានពីប្រវត្តិអ្នកទោស និងការតក់ត្រានូវចម្លើយសារភាពរបស់ជនរងគ្រោះជាដើម។ប៉ុន្តែ ក្រោយពីរបបនេះត្រូវដួលរលំទៅ ពលរដ្ឋខ្មែរ បានបំផ្លាញភស្តុតាងទាំងនោះគ្មានសេសសល់ តាមរយៈការគាស់កកាយរកវត្ថុមានតម្លៃ ទើបធ្វើឱ្យឯកសារដែលជាប្រវត្តិសាស្រ្តបែបនេះ ត្រូវខូចខាត និងបាត់បង់ទ្រង់ទ្រាយដើម។ម្យ៉ាងវិញទៀត ដោយគ្មានអ្នកអភិរក្ស និងខ្វះការថែទាំផង ស្ថិតក្រោមហេតុផលទាំងនេះ ដែលនាំឱ្យឯកសារដ៏សំខាន់ទាំងអម្បាលម៉ាន់ត្រូវបាត់បង់ទាំងស្រុង។
លោកបន្តថា៖ « ពីដើមគេច្រើនសរសេរក្រដាសស្តើង ហើយក្រដាសស្រដៀងមូរជក់បារី ហើយអាឯកសារហ្នឹងបើតាមខ្ញុំដឹង កប់នៅក្នុងពាងនៅក្នុងវត្តហ្នឹង គេគាស់រកមាសរកអីហ្នឹងឯង »។
ជុំវិញរឿងនេះដែរ មន្រ្តីឃ្លាំមើលសិទ្ធិមនុស្ស នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក(Adhoc) លោក យី សុខសាន្ត យល់ឃើញថា របបប្រល័យពូជសាសន៍ ប៉ូល ពត ជារបបមួយដែលសម្លាប់មនុស្សដោយគ្មានហេតុផល និងធ្វើបាបប្រជាជនស្លូតត្រង់ក្នុងនោះក៏មានលោកផ្ទាល់ដែរដែលជាជនរងគ្រោះក្នុងចំណោមពលរដ្ឋកម្ពុជាជិត២លានត្រូវខ្មែរក្រហមសម្លាប់។កត្តានេះហើយបានជាលោកសម្រចចិត្តបម្រើការងារជាមន្ត្រីការពារសិទ្ធិមនុស្សជាង៣០ឆ្នាំមកនេះ។បើតាមអ្នកការពារសិទ្ធិមនុស្សរូបនេះ ការសម្លាប់មនុស្សដូចនេះ គឺជាផលជះដ៏អាក្រក់បំផុតមួយទៅដល់សិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ និងការអនុវត្តគោលការណ៍ប្រជាធិបតេយ្យ។
លោកបន្តថា៖«ចំណុចនេះហើយបានជាពូចូលបម្រើការមកដល់សព្វថ្ងៃនេះចូលតាំងពីឆ្នាំ១៩៩១ មកដល់ឥឡូវា៣៤ឆ្នាំហើយ ដោយសារតែពូទទួលរងការឈឺចាប់ ពីរបបមួយដែលខ្មែរ និងខ្មែរសម្លាប់គ្នាដោយគ្មានហេតុផល។ យើងអត់ដឹងខុសអីសោះ គេចោទថាត្បត់អង្គការតិចគឺគេយកទៅសម្លាប់ចោល ដូចអត់ដឹងមានស្អីសោះ ជួនកាលយើងដាំដំឡូងខ្លួនយើង ចិញ្ចឹមមាន់យើង ហូបខ្លួនយើង ក៏គេថាក្បត់អង្កការ គេយកទៅវ៉ៃចោល ហើយយើងចេះតែអោយគេវ៉ៃចោលទៅ»។
ចំណែកឯ នាយកបណ្ណាសារ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា និងបណ្ណាល័យហ្លួងម៉ែលោក រស់ សំពៅ រៀបរាប់ថា ក្រុមអ្នកស្រាវជ្រាវរបស់លោកធ្លាប់បានចុះទៅសិក្សាស្រាវជ្រាវរួចមកហើយកាលពី ខែកុម្ភៈ ឆ្នាំ១៩៩៦ ដល់ទីតាំងនៃវត្តអូរត្រកួននេះ។លោកបន្តថា ផ្អែកលើការអង្កេត និងសិក្សាស្រាវជ្រាវរកឃើញថាវត្តអូរត្រកួន និងសាលាររៀនក្បែរនោះ ធ្លាប់ត្រូវរបបកម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយ សាឡុត ស ឬប៉ុល ពត យកធ្វើជាមន្ទីរសន្តិសុខសម្រាប់ឃុំឃាំងអ្នកទោសចន្លោះតាំងពី១៩៧៤-១៩៧៨។
បើតាមលោក រស់ ពៅ មុនដំបូងពួកខ្មែរក្រហម ប្រើប្រាស់មន្ទីរសន្តិសុខនេះ សម្រាប់តែជនរងគ្រោះជាទាហាន លន់ ណុល ទេ តែក្រោយៗមកទៀត ពួកគេក៏ចាប់ផ្តើមបន្តឃុំខ្លួនប្រជាជនថ្មីដែលត្រូវបានជម្លៀសចេញពីទីក្រុងភ្នំពេញមកកាន់ស្រុកកងមាសដែរ។
លោកបន្តថា៖«ចំនួនសាកសពដែលគេស្មានក្នុងនឹងមានចំនួណ៣២.៦៩០នាក់ ដែលមានរណ្តៅ ៤៦៧ យោងតាមទិន្នន័យសាលាស្រុកដែលគាត់ប៉ាន់ស្មាន ដូចថារណ្តៅធំមួយអញ្ចឹង អារុណ្តៅហ្នឹងឃើញធំថាហើយច្រើន ដូចថាគេដឹកមកទាំងឡានៗ ហើយធម្មតាកន្លែងសម្លាប់គេមិនដែលឱ្យយើងទៅមើលទេ ពួកគាត់ដឹងតាមរយៈការលួចមើលឃើញ ឬក៏អីអញ្ចឹងទៅ » ។
ថ្វីបើពេលនេះ របបកម្ពុជាប្រជាធិបតេយ្យត្រូវដួលរលំហើយក្តី ការសន្សល់ទុកក្តីឈឺចាប់នៃជនស៊ីវិលរាប់មិនអស់ដែលធ្លាប់ឆ្លងកាត់ តាមរយៈការធ្វើទារុណកម្ម ការបង្អត់អាហារ ធ្វើការគ្មានពេលសម្រាក់ និងកុមារត្រូវរស់យ៉ាងលំបាកដាច់ពីឱពុកម្តាយជាដើម វានៅតែជាវាំងននខ្មៅងងឹតសម្រាប់ជីវិតពួកគេនៅឡើយ។នេះជាការលើកឡើងរបស់លោក ថូ ឈឿង។
លោក ថូ ឈឿង ពោលថា៖ « វត្តអូរត្រកួនក្នុងស្រុកកងមាស ឈាមដាមពោលពាស ឆ្អឹងគរដូចភ្នំ ចំណែកបង និងឆោមយំ គេចងផ្គុំនៅក្រោមដើមពោធ អាសូរូបអូន និងក្មួយទាំង៦ ពួកវាវាយហើយថែមទាំងដៀលថា ឱពុកក្បត់ជាតិ CEA សម្លាប់ហើយណាពុះទ្រូងយកថ្លើមស៊ី ខ្ញុំសូមផ្តាំកូនចៅជំនាន់ក្រោយ កុំប្រហេសធ្លុយឱ្យរបបពពតឬស្យា មកកាប់សម្លាប់កូនខ្មែរទៀតណា ខ្ញុំសូមតក់ត្រា ចារក្នុងប្រវត្តិសាស្រ្ត »៕
អត្ថបទដោយ៖ ទ្រី លាងគ្រី និងលន ម៉ាលី

