អង្គការសង្គមស៊ីវិលជាង១០ស្ថាប័ន អំពាវនាវដល់​​អាជ្ញាធរដោះលែងអ្នក​កាសែតបរិស្ថាន លោក អ៊ុក ម៉ៅ

ក្រុម​អង្គការ​សង្គមស៊ីវិល​ចំនួន​១៤​ស្ថាប័ន ​អំពាវ​នាវ​​ដល់​​អាជ្ញាធរ​​កម្ពុជា ​ដោះ​លែង​​អ្នក​សារ​ព័ត៌​មានផ្នែក​​​បរិស្ថាន ​​លោក​ អ៊ុក ម៉ៅ ​​ជា​​បន្ទាន់ ​និង​​គ្មាន​​លក្ខ​ខណ្ឌ​ ដោយ​ពួក​គេ​យល់​ថាការចាប់ខ្លួន លោក អ៊ុក ម៉ៅ ជា​ការ​បំភិត​បំភ័យ​អ្នក​សារព័ត៌មាន ប៉ុន្តែ​​ក្រសួង​ព័ត៌មានបាន​​ច្រាលចោល​ការ​លើក​ឡើងបែប​​នេះ។

លោក អ៊ុក ម៉ៅ ជាជនជាតិដើ​ម​ភាគ​តិច​កួយ និង​​​​​​ជា​​​អ្នក​​សារព័ត៌មានផ្នែក​បរិស្ថាននៅ​អង្គភាព សារ​ព័ត៌មាន​ឥន្ទ្រី​​ផ្លើស​ញូស៍ ព្រមទាំងជាសមាជិកគណបក្ស​ដើម្បីកម្ពុជា​​ផង​នោះ​ ត្រូវ​បានអាជ្ញាធរ​ស្លៀក​ពាក់​​ស៊ីវិល ចាប់​​ខ្លួន​​នៅ​ផ្ទះ​របស់​លោក កាល​ពីថ្ងៃ​ទី​​១៦ ខែ​ឧសភា ឆ្នាំ​​​២០២៥។ ក្រោយការ​ចាប់ខ្លួន រូប​លោក ត្រូវបាន​​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅពន្ធនា​គារ​​ខេត្ត​ស្ទឹង​ត្រែង ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់ឱ្យ​ប្រព្រឹត្ត​​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ និង​បរិហារ​​កេរ្តិ៍​ជា​សាធារណៈ។

យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​​រួម​ ​​ចុះ​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០២៥​ ក្រុម​​អង្គ​ការ​​សង្គម​ស៊ីវិល​​ចំនួន​​១៤​ស្ថាប័ន ដែល​រួម​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌​មាន(CamboJa) មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា(CCHR) និង​អង្គ​ការ​លីកា​ដូ​ជា​ដើម បាន​បង្ហាញ​​ការ​ព្រួយ​បារម្ភ​ចំ​ពោះ​ការ​ចាប់​ខ្លួន​អ្នក​សារ​ព័ត៌មាន​ផ្នែក​បរិស្ថាន លោក អ៊ុក ម៉ៅ ក្រោយ​ពី​លោក​រាយ​ការណ៍​អំពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ។

សេចក្តីថ្លែងការណ៍ដដែល បាន​ចាត់ទុក​​ការ​ចាប់​ខ្លួន​ និង​ចំណាត់​ការ​ផ្លូវ​ច្បាប់​ទៅ​ លោក អ៊ុក ម៉ៅ ថា​​ជា​ផ្នែក​មួយ​នៃ​ការ​ព្យាយាម​​បំភិត​បំភ័យ​ និង​បំបិទ​សំឡេង​អ្នក​​​សារព័ត៌​មាន​ និង​អ្នក​ការ​ពារ​​បរិស្ថាន​​​នៅកម្ពុជា ដែល​​អ្នក​ទាំង​នោះ តែង​តែ​លាត​ត្រដាង​នូវ​ការ​កេង​ប្រវ័ញ្ច​ធន​ធាន​ធម្មជាតិ និង​បុគ្គល​ដែល​ប្រព្រឹត្ត​​អំពើ​កេង​ប្រវ័ញ្ច​ទាំង​នេះ។

សេចក្ដីថ្លែងការណ៍រួម​​បន្តថា៖ «យើងខ្ញុំអំពាវនាវដល់អាជ្ញាធរកម្ពុជា​ ឱ្យដោះលែងលោក អ៊ុក ម៉ៅ ជាបន្ទាន់ និងគ្មានលក្ខ​ខណ្ឌ និង​ធានា​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​មិន​លម្អៀង ទៅ​លើ​ហិង្សា​ដែល​កើត​ឡើង​ម​ក​រូ​ប​លោក កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា»។

តាម​រយៈសេចក្ដីថ្លែងការណ៍​រួម​​ដដែល អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ ក៏បានស្នើឱ្យបញ្ឈប់​រាល់ទម្រង់​នៃការធ្វើទុក្ខបុកម្នេញ​តាមផ្លូវតុលាការ និងការគំរាមកំហែងប្រឆាំងនឹង​លោក អ៊ុក ម៉ៅ និង អ្នក​សារព័ត៌មានដទៃទៀត ជាពិសេសអ្នករាយការណ៍ពី​បញ្ហា​ប​រិស្ថាន និង​ជម្លោះដីធ្លី ព្រម​ទាំងធានា​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ សេរី​ភាព​សារ​ព័ត៌មា​ន និង​ការ​ការ​ពារ​អ្នក​សារ​ព័ត៌​មាន។

សេចក្តីថ្លែងការណ៍​បានគូសបញ្ជាក់ទៀត​ថា៖ «​ការ​កំណត់​​មុខ​សញ្ញា​មក​លើ​អ្នក​សារព័ត៌មាន តាមរយៈការ​ប្រើ​​ប្រាស់​អំពើ​ហិង្សា​ គំរាម​​កំហែង និង​រំលោភ​បំពាន​​តាម​ផ្លូវ​តុលាការ​ មិន​ត្រឹម​​តែ​ជា​ការ​រំលោភបំពាន​​លើ​សិទ្ធិសេរីភាព​បុគ្គល​ប៉ុណ្ណោះ​​ទេ ប៉ុន្តែ​ថែម​ទាំង​រំ​លោភ​​បំពាន​​​លើ​លទ្ធិ​ប្រជា​ធិបតេយ្យ ការ​យក​ចិត្ត​ទុក​ដាក់​ពីសាធារណ​ជន និ​ងអភិបាល​កិច្ច​​បរិស្ថាន​​ផង​​ដែរ។ ករណីរបស់​លោក អ៊ុក ម៉ៅ មិន​ត្រូវ​ក្លាយ​ជា​ឧទាហរណ៍​មួយ​ទៀត​​នៃ​និទណ្ឌភាព និង​​ការ​គាប​សង្កត់​នោះ​​​ទេ»។

ភរិយារបស់លោក អ៊ុក ម៉ៅ គឺអ្នកស្រី ឯក សុជាតិ យល់ថា ការចាប់ខ្លួនស្វាមីរបស់អ្នកស្រីជារឿងអយុត្តិធម៌ ព្រោះអ្វី​ដែល​ប្តី​របស់​អ្នក​ស្រី​ធ្វើ​ គឺ​​គ្រាន់​តែ​ដើម្បី​ការ​ពារ​ធន​ធាន​ធម្ម​ជាតិតែប៉ុណ្ណោះ។

អ្នកស្រីថា៖ «វាមិនត្រឹមត្រូវទេ វាអយុត្តិធម៌ណាស់ ចាប់មកវៃខ្នោះពេលហ្នឹងទាំងអត់មានដីការ[…]​ព្រោះ​គាត់​ការ​ពារ​ព្រៃឈើ គាត់​ការ​ពារ​រ៉ែ ការ​ពារ​​ធ​ន​ធាន​​ធម្មជាតិ​​ គាត់​​ស្រឡាញ់ តែ​បែរ​ជា​មក​ចាប់​វៃ​ខ្នោះ​គាត់ ទាំង​អត់​មាន​ដីកា ទាំង​កម្រោល​អ៊ីចឹង​​មិ​ន​​អាច​​ទទួល​​យក​​បាន​ទេ»។

ស្ដ្រីដែលមានកូន ៧នាក់ក្នុងបន្ទុករូបនេះ បានបន្ថែមថា ក្រោយពីស្វាមីរបស់អ្នកស្រី ត្រូវបានចាប់ខ្លួន ធ្វើឱ្យគ្រួសាររបស់គាត់មានស្ថានភាពលំបាក ព្រោះបន្ទុកគ្រួសារត្រូវធ្លាក់ទៅលើរូបគាត់តែម្នាក់ឯង។ អ្ន​ក​ស្រី សុជាតិ រំពឹងថា ច្បាប់​នឹង​ជួយ​ឱ្យ​ប្តី​អ្នក​ស្រី​ទទួល​បាន​នូវ​យុត្តិធម៌​វិញ។

ចំណែក លោក ហ៊ា ហាក់ស៊ីង ជាអ្នក​សារ​ព័ត៌មានផ្នែក​​បរិស្ថាន នៅ​សារព័ត៌មាន​ឥន្ទ្រី​​ផ្លើស​ញូស៍ ដែល​​​តែង​​​តែ​​ចុះ​​យក​ព័ត៌​មាន​ជាមួយ​ លោក អ៊ុក ម៉ៅ បង្ហាញការ​​សោក​ស្ដាយ​​ដែលសមត្ថកិច្ច​​ចាប់​ខ្លួន​មិត្ត​រួម​ការ​ងារ​​​របស់​​លោក។ យ៉ាងណាមិញ លោកអំពាវនាវ​​ដល់​​តុលាការ​​ទម្លាក់​ចោល​កា​រ​ចោទ​​ប្រកាន់​​ទៅ​​លើ ​លោក អ៊ុក ម៉ៅ ព្រោះ​លោក​ក៏​ជាព​លរដ្ឋ​ដែល​ស្រឡាញ់​បរិស្ថាន​មួយ​រូប​ដែរ​។

លោកថា៖ «ខ្ញុំមានអារម្មណ៍ថាសោកស្ដាយ​ខ្លាំងមែ​ន​ទែន នេះ​ជា​ការ​គំរាម​កំហែង​ដល់​សារ​ព័ត៌មា​ន​ឯ​ទៀត ពេល​ដែល​គាត់​ឃើញ​សកម្ម​ភាព ទង្វើ​បែប​នេះ ធ្វើ​ឱ្យ​គាត់​ភ័យ​ខ្លាច​មិន​ហ៊ាន​បញ្ចេញ​ព័ត៌​មាន​ពិតៗ។ ខ្ញុំស្នើ​សុំ​ឱ្យ​គាត់​[អាជ្ញាធរ]​ហ្នឹង​ដោះ​លែង ព្រោះ​គាត់​[អ៊ុក ម៉ៅ]​អត់​មាន​អី​ខុស​ទេ គាត់​​​ជា​​ពលរដ្ឋ​​មួយ​​រូប​​ដែល​​ស្រឡាញ់​​ព្រៃឈើ​ធន​ធាន​ធម្មជាតិ»។

អ្នក​នាំពាក្យ​សាលាដំបូង​ខេត្តស្ទឹងត្រែង លោក ឈុំ ស៊ាងហាក់ មានប្រសាសន៍យ៉ាង​ខ្លី​​ថា សំណុំ​រឿង លោក អ៊ុក ម៉ៅ កំពុងស្ថិត​នៅក្នុងដំណាក់ការ​សាក​សួរនៅឡើយ។

លោកថា​៖ «វា​ស្ថិត​នៅ​ដំណាក់កាលសាកសួរ មិនទាន់បាន​សម្រេច​ថា​គាត់​​ត្រូ​វ​​ជាប់​ទោស​​ប៉ុន្មាន​​​ឆ្នាំ​​​ឬ​យ៉ាងណាទេ»។

ជុំវិញករណីនេះ លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មាន(CamboJa) យល់ឃើញថា ការ​ប្ដឹង​ផ្ដល់ ការ​បន្ត​ចាប់​ខ្លួន​អ្នក​សារព័ត៌​មាន ដូច​ករណី​ លោក អ៊ុក ម៉ៅ នេះ​មិនមែន​ជា​រឿង​ល្អ​ទេ ព្រោះប៉ះ​ពាល់​ដល់​ការ​រាយ​ការណ៍​ព័ត៌​មាន​ពិត​ ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ធន​ធានធម្មជាតិ។

លោក​ថា៖ «ជារួមការបន្តចាប់ខ្លួន ការបន្តប្ដឹងផ្ដល់ចោទ​ប្រកាន់ វា​គំរាម​កំហែង​ដល់​​អ្ន​ក​​សារ​ព័ត៌មា​ន​​ផ្សេងៗ​​ទៀត​ ​ក៏​ដូចជា​សកម្មជ​ន​ធ្វើ​ការ​ងារ​ការ​ពារ​ធន​ធាន​ធម្ម​ជាតិ ហើយ​ជា​ពិសេស​អ្ន​ក​សារព័ត៌មាន​ដែល​គាត់​ហ៊ាន​ធ្វើ​សេច​ក្ដី​រាយ​ការណ៍​ព័ត៌​មានពាក់​ព័ន្ធ​ជាមួយ​នឹង​រឿង​បរិស្ថាន រឿង​ធន​ធាន​ធម្មជាតិ[…]​ ខ្ញុំជំរុញដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់សុំឱ្យបិទបញ្ចប់នូវការប្ដឹងផ្ដល់ ឬ​​មួយ​​​ក៏​​ការ​​ចាប់​​យក​​អ្នក​សារព័ត៌​មាន​​​ជា​សត្រូវ»។

យ៉ាងណា នៅថ្ងៃទី២២ ខែឧសភានេះដែរ ក្រសួងព័ត៌មាន បានចេញសេចក្តីថ្លែងការណ៍​​ដោយគូស​បញ្ជាក់ថា បុគ្គលឈ្មោះ អ៊ុក ម៉ៅ ជាអ្នកបម្រើ​ការនៅ​អង្គភាព​ ឥន្ទ្រី​ផ្លើស ញូស៍ ប៉ុន្តែ​​លោក​មិន​មាន​បណ្ណសារព័ត៌មាន​ដែលចេញដោយ​ក្រសួង​ព័ត៌មាន​ឡើយ ដោយសារ​លោក​មិន​អាច​បំពេញ​លក្ខខណ្ឌ​ក្នុងការ​ស្នើ​សុំបណ្ណ។

ក្រសួង​បន្តថា រាល់ការ​ស្នើ​សុំបណ្ណ​ពីសំណាក់អ្នក​សារព័ត៌មាន ត្រូវ​តែមិនមាន​ជាប់ពាក់ព័ន្ធ​​នឹង​បណ្តឹង​តវ៉ា ឬស្ថិត​ក្នុង​នីតិវិធីរបស់​តុលាការ​ឡើយ​។

ក្រសួងបញ្ជាក់ទៀតថា៖ «សកម្មភាពរបស់​លោកនាពេល​កន្លង​ទៅ​ គឺប្រាក់​ចាក​នឹង​ក្រមសីល​ធម៌វិជ្ជាជីវៈសារព័ត៌មាន និងរំលោភ​លើ​ច្បាប់ ខណៈលោក អ៊ុក ម៉ៅ​ បាន​ជ្រក​ក្រោមស្លាក​សារព័ត៌​មាន ដើម្បី​ធ្វើ​សកម្មភាព​ដែល​បម្រើឱ្យ​​​​គោលបំណង​​ផ្សេង ដែលមិន​មែន​ជា​ការ​អនុវត្ត​ផ្នែក​សេរីភាពសារព័ត៌មាន​ និងបោះពុម្ភផ្សាយ​ស្រប​តាមច្បាប់​ស្តីពី​របបសារព័ត៌មាន​។ រាល់បទល្មើស​ដែលបុគ្គល អ៊ុក ម៉ៅ រង​ការ​ចោទប្រកាន់​ គឺជា​រឿង​របស់​បុគ្គល​លោក​ផ្ទាល់ មិនទាក់ទង​នឹង​ការ​ងារ​ក្នុងក្របខណ្ឌ​វិជ្ជាជីវៈ​សារព័ត៌មាន​ឡើយ»។

ក្រសួង​ព័ត៌មាន​ ក៏បានប្រាប់ទៅ​សមាគម​ និងអង្គការ​មិនមែនរដ្ឋាភិបាល និងអ្នក​សារព័ត៌មាន​បរទេស​មួយចំនួន កុំព្យាយាម​ធ្វើ​អាជីវកម្ម​នយោបាយជ្រុល​ហួស​ហេតុ ដោយ​បង្កើត​ បំភ្លៃព័ត៌​មាន​​​ខុស​ពីការ​ពិតពីបុគ្គល អ៊ុក ម៉ៅ និងព្យាយាមបំភ្លៃ​​ការ​ពិតពីសេរីភាពខាង​សារព័ត៌មាន​នៅ​កម្ពុជា។

ក្រៅ​ពី​រងការ​​បទចោទ ពីបទ​ ​ញុះ​ញង់​ឱ្យ​​ប្រព្រឹត្ត​​​បទ​​ឧក្រិដ្ឋ​​ជា​អាទិ៍ និង​​បរិហារ​​កេរ្តិ៍​ជា​សាធារណៈ តុលាការ ​ក៏​បើក​សវនាការ​លើ​សំណុំ​រឿង​មួយ​ទៀត ​គឺ​បទ​កាប់​ទន្ទ្រាន​ដី​ព្រៃ នៅ​​ថ្ងៃ​​ទី​​២៨ ខែ​​ឧសភា ខាង​មុខ​នេះ។ លោក អ៊ុក ម៉ៅ ក៏​កំពុង​ជាប់​បណ្ដឹង​ចំនួន​ ១៥​​ករណី​​ផ្សេង​​ទៀត​ ​នៅ​​តុលាការ​ខេត្ត​​ស្ទឹង​ត្រែង ដោយ​​ដើម​​បណ្ដឹង​​ជា​មន្ត្រី​បរិស្ថាន នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ស្ទឹងត្រែង និង​អាជ្ញាធរ​ពាក់​ព័ន្ធ៕

អត្ថបទដោយ៖ អ៊ួក ចាន់ធីដា

អត្ថបទគួរឱ្យចាប់អារម្មណ៍