អារម្មណ៍រំភើបរីករាយ និងក្តីសង្ឃឹម លាយឡំដោយភាពអន្ទះសារចង់ឃើញលទ្ធផលនៅក្នុងការប្រកួតប៉ុន្មានម៉ោងខាងមុខនេះ ហាក់ដូចកើនឡើងខ្លាំងនៅក្នុងចំណោមអ្នកគាំទ្របាល់ទាត់កម្ពុជារាប់រយនាក់ ដែលបានស្វះស្វែងរកជាវសំបុត្រតាំងពីដំបូងទាំងតាមអនឡាញ ក៏ដូចជានៅតាមស្តង់លក់សំបុត្រផ្សេងៗទៀត ដោយអ្នកខ្លះត្រូវតម្រង់ជួរនិងរង់ចាំរាប់ម៉ោង ដើម្បីទទូលបានសំបុត្រចូលទស្សនា ខណៈក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងត្រៀមខ្លួនសម្រាប់ការប្រកួតដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់របស់ប្រទេសកម្ពុជា។
គិតមកត្រឹមថ្ងៃទី៧ ខែឧសភា សំបុត្រជាង ៥ម៉ឺនសន្លឹកត្រូវបានលក់អស់ ពីព្រោះអ្នកគាំទ្រចង់បានឱកាសចូលរួមជាសាក្សីនៅក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ជាប្រវត្តិសាស្ត្ររបស់ក្រុមបាល់ទាត់អាជីពតំណាងឱ្យកម្ពុជា ដែលជាការបង្ហាញមុខលើកដំបូងរបស់ពួកគេនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្តិនៃក្របខណ្ឌដណ្តើមពានធំមួយក្នុងតំបន់។
នៅថ្ងៃទី១០ ខែឧសភានេះ ក្រុមព្រះខ័នរាជស្វាយរៀង ដែលទើបគ្រងតំណែងជើងឯកលីគកំពូលកម្ពុជាកាលពីសប្តាហ៍មុន នឹងទទួលភ្ញៀវក្រុម FC Arkadag មកពីប្រទេសតួកម៉េនីស្ថាន នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌ AFC Challenge League ។ ជាមួយនឹងទម្រង់លេងដ៏ល្អរបស់ខ្លួនតាំងពីវគ្គជម្រុះក្នុងពូលរហូតដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ទម្រង់លេងរបស់ក្រុមព្រះខ័នរាជស្វាយរៀងបានទាក់ទាញចំណាប់អារម្មណ៍និងផ្តល់ក្តីសង្ឃឹមដល់អ្នកនិយមកីឡាបាល់ទាត់នៅទូទាំងប្រទេសកម្ពុជា។ អ្នកគាំទ្រនិងកីឡាករសុទ្ធតែមានជំនឿដូចគ្នាថា ការប្រកួតនេះអាចជាការបើកទំព័រថ្មីនៅក្នុងវិស័យបាល់ទាត់កម្ពុជា។ ការជាវសំបុត្រជាង៥ម៉ឺនសន្លឹកក្នុងចំណោម ៦ម៉ឺនកៅអីនៅក្នុងពហុកីឡាដ្ឋានដ៏ធំជាងគេនៅកម្ពុជា គឺជាភស្តុតាងមួយ ដែលបញ្ជាក់ថា ក្តីសង្ឃឹមនិងសម្ពាធពិតជាមានច្រើននៅក្នុងការប្រកួតដ៏សំខាន់នេះ។
អ្នកគាំទ្រក្លឹបស្វាយរៀងជាច្រើនសប្បាយចិត្ត និងរំភើបរីករាយជាខ្លាំងក្រោយក្លឹបព្រះខ័នរាជស្វាយរៀងបានគ្រងជាជើងឯកលីគកំពូលកម្ពុជា(២០២៤-២០២៥) បន្ទាប់ពីជ័យជំនះលើក្រុមណាហ្គាវើលក្នុងលទ្ធផល ២-១ កាលពីយប់ទីថ្ងៃទី ៣០ ខែមេសាកន្លងទៅ ប៉ុន្តែមិនទាន់គ្រប់គ្រាន់ទេសម្រាប់អ្នកគាំទ្រ ខណៈពួកគេបានដាក់ក្តីសង្ឃឹមថា ក្រុមព្រះខ័នរាជស្វាយរៀងនឹងបន្តធ្វើបានល្អនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខណ្ឌពានរង្វាន់ AFC Challenge league ដែលនឹងប្រព្រឹត្តទៅនៅប៉ុន្មានម៉ោងខាងមុខនេះ។
លោក EIM Seyla អ្នកគាំទ្រក្លឹបព្រះខ័នរាជស្វាយរៀងបានប្រាប់ Press Start Cambodia ថា ព្រឹត្តិការណ៍នេះ គឺជាសមទ្ធិផលមួយសម្រាប់ក្លឹប និងចំពោះអ្នកគាំទ្រកម្ពុជាផងដែរ ហើយគុណផលរបស់ក្រុមនេះ បង្ហាញអំពីភាពរីកចំរើននៃវិស័យបាល់ទាត់កម្ពុជា ជាពិសេសក្លឹបនៅលីគកំពូលកម្ពុជា ដែលមានសក្តានុពលនិងសមត្ថភាពឈានទៅកាន់ការប្រកួតប្រជែងកម្រិតអន្តរជាតិ។
លោកនិយាយថា៖ “ វាជា Achievement ថ្មីមួយដែរសម្រាប់ក្លឹបព្រះខ័នរាជស្វាយរៀងដែលបានឡើងទៅដល់វគ្គ Final ក៏ដូចជាការបង្ហាញទៅឆាកអន្តរជាតិថា ក្លឹបនៅលីគកំពូលកម្ពុជាសុទ្ធតែមានសមត្ថភាព និងក្នុងលីគមានការរីកចម្រើន”។
អ្នកគាំទ្រម្នាក់ទៀត គឺកញ្ញា អ៊ីវ ស្រីនីន និស្សិតអក្សរសាស្រ្តចិននៅសាកលវិទ្យាល័យអាស៊ី អឺរ៉ុប នៅរាជធានីភ្នំពេញ និយាយថា នាងអន្ទះសារក្នុងចិត្តជាខ្លាំងក្នុងការរង់ចាំទស្សនាការប្រកួតរបស់ក្រុមដែលខ្លួនស្រឡាញ់។
កញ្ញានិយាយថា៖ “វាជាប្រកួតសំខាន់ដែលក្រុមចុងក្រោយនឹងត្រូវដណ្ដើមយកជើងឯក ខ្ញុំអន្ទះសារចង់មើលទិដ្ឋភាពប្រកួត និងគាំទ្រក្រុមសំណព្វចិត្តរបស់ខ្ញុំ” ។
លើសពីនេះ ស្រីនីន បានត្រៀមខ្លួនរួចរាល់ ដើម្បីគាំទ្រដល់ក្លឹបព្រះខ័នរាជស្វាយរៀងដោយបានជាវអាវក្លឹបស្វាយរៀង និងចែករំលែកតាមបណ្ដាញសង្គមដើម្បីឳ្យអ្នកដទៃបានដឹងដូចកញ្ញាដែរ។
ក្រុមភ្ញៀវ FC Arkadag របស់តួកមេនីស្ថាន បានធ្វើដំណើរមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញហើយកាលពីថ្ងៃទី៧ ឧសភាកន្លងទៅ។ FC Arkadag បានឆ្លងកាត់ការប្រកួត៣ប្រកួតក្នុងពូលដោយឈ្នះ២ប្រកួត និងចាញ់១ប្រកួតជាក្រុមឈរកំពូលតារាង និងបន្តឈ្នះក្រុមមកពីឥណ្ឌូណេស៊ីទាំងពីរក្នុងវគ្គ៨ក្រុមចុងក្រោយ ជាពិសេសនោះគឺការវាយបកយកឈ្នះក្លឹប AL Arabi SC (ប្រទេសគុយវេត) ក្នុងលទ្ធផល ៣-២ទាំងពីរជើង បើទោះបីជាមានគ្នាត្រឹម ១០នាក់ក៏ដោយ។
ចំណែកឯព្រះខ័នរាជស្វាយរៀងវិញបានយកឈ្នះ SP Falcons របស់ម៉ុលហ្គោលលី ចាញ់ Madura United (ឥណ្ឌូនេស៊ី) ក្នុងពូល ហើយទទួលបានជ័យជម្នះច្រើនគ្រាប់ទាំងពីរក្នុងវគ្គចាញ់ធ្លាក់ ៨ ក្រុម និង ៤ ក្រុមចុងក្រោយក្នុងនោះ ឈ្នះ Shan United (មីយ៉ាន់ម៉ា) ៧-៤ សរុបទាំងពីរជើង និង ឈ្នះ Madura ៦-៣ សរុបទាំងពីរជើង។
ថ្លែងប្រាប់ Press Start Cambodia កាលពីថ្ងៃទី០៨ ឧសភា សារ៉េត គ្រីយ៉ា កីឡាករខ្សែការពារស្លាបស្ដាំរបស់ក្លឹបព្រះខ័នរាជស្វាយរៀងបានរំលឹកពីគុណផលរបស់ក្រុមលោកហើយលោកមានការជឿជាក់លើការរៀបចំរបស់ក្រុមគ្រូបង្វឹកនិងមិត្តរួមក្រុមថា អាចធ្វើបានល្អក្នុងទឹកដីកម្ពុជាដែលជាម្ចាស់ផ្ទះ ហើយអ្វីដែលពិសេសនោះ គឺមានការគាំទ្រពីអ្នកគាំទ្រជាច្រើន ដែលជាកម្លាំងចិត្តដ៏ធំសម្រាប់ក្រុមទាំងមូល។
លោកបានបន្ថែមថា៖ “ក្ដីសង្ឃឹម គឺជឿជាក់លើមិត្តរួមក្រុមរបស់ខ្ញុំ ក្រុមការងារ គ្រូៗ ព្យាយាមធ្វើតាមផែនការរបស់យើង និងសង្ឃឹមធ្វើបានល្អនៅទឹកដីរបស់យើង ជាពិសេស គឺមានអ្នកគាំទ្រដ៏ល្អចាំលើកទឹកចិត្តពួកយើង” ។ លើសពីនេះទៀត គ្រីយ៉ា បានប្ដេជ្ញាចិត្តយ៉ាងមោះមុតថា នឹងប្រយុទ្ធឱ្យអស់ពីសមត្ថភាពលើទីលាន ដើម្បីយកជ័យជម្នះជាប្រវត្តិសាស្ត្រនេះ។
ប៉ុន្តែលោកក៏បានបង្ហាញក្តីបារម្ភផងដែរចំពោះក្រុមភ្ញៀវ ហើយថា មានចំណុចមួយចំនួនដែលក្រុមរបស់លោកត្រូវប្រុងប្រយ័ត្នចំពោះក្រុមមកពីតួកមេនីស្ថាននេះ ដោយសារពួកគេមានខ្សែបម្រើស្លាបប្រកបដោយគុណភាព និងភាពច្នៃប្រឌិតខ្ពស់ដែលជាគ្រោះថ្នាក់ដល់ក្រុមខ្លួនពេលទទួលការវាយបក អំឡុងពេលក្រុមខ្លួនធ្វើការសម្រុកទៅទី FC Arkadag ។
លោកបានលើកឡើងថា៖ “ការព្រួយបារម្ភខ្ញុំ គឺពេលពួកយើងមានបាល់ទៅប្រយុទ្ធគាត់ យើងត្រូវរៀបចំការពារឳ្យហើយ។ ពេលដែលយើងបាត់បាល់ ព្រោះពួកគាត់មានខ្សែប្រយុទ្ធស្លាបអាចច្នៃប្រឌិតគ្រប់ពេលវេលា ព្រោះយើងបានសិក្សាពីគេដែរ” ។
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ TV5 Sport News លោក រិទ្ធិ ឌីកា នាយកបច្ចេកទេសក្លឹបព្រះខ័នរាជស្វាយរៀងបានបង្ហាញនូវក្ដីរំភើបរីករាយដែលមានការគាំទ្រច្រើន ហើយលោកបានគូសបញ្ជាក់ថា ក្រុមគ្រូបង្វឹកនិងកីឡាករបានត្រៀមលក្ខណៈបានល្អប្រសើរ ដើម្បីសម្រេចគោលដៅរួម ព្រោះពួកគេមានពេលវេលាច្រើនគ្រប់គ្រាន់ក្នុងការសម្រាកនិងហ្វឹកហាត់។
លោកមានប្រសាសន៍ថា៖ “យើងបានត្រៀមលក្ខណៈបានល្អប្រសើរបំផុតដោយសារយើងមានពេលសម្រាកដល់ ១៣ថ្ងៃសម្រាប់ការប្រកួតពាននេះ” ។ លោកបន្តថា នេះជាលើកដំបូងហើយសម្រាប់ក្លឹប ព្រោះកន្លងមកត្រូវប្រកួតច្រើនប្រកួតជាប់គ្នា នេះក៏ដោយសារក្លឹបរួមលីគមានការយោគយល់ក្នុងការលើកពេលប្រកួតជាដើម។
ការប្រកួតរវាងក្រុមព្រះខ័នរាជស្វាយរៀងនិងក្រុម FC Arkadag នឹងធ្វើឡើងនៅពហុកីឡាករដ្ឋានមរតកតេជោចាប់ពីម៉ោង ៧យប់តទៅ។ មកទល់ពេលនេះមានខេត្តចំនួន៨ហើយដែលបានរៀបចំផ្ទាំងអិលអ៊ីឌី (LED) សម្រាប់ចាក់ផ្សាយផ្ទាល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាងព្រះខ័នរាជស្វាយរៀង និង FC Arkadag។ នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកម្ពុជាជាម្ចាស់ផ្ទះរៀបចំការប្រកួតវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League ហើយក៏អាចជាលើកដំបូងដែលក្លឹបកម្ពុជា និងក្លឹបព្រះខ័នរាជស្វាយរៀងផ្ទាល់អាចលើកពានក្នុងកម្រិតទ្វីបអាស៊ីនេះ។
សូមជម្រាបជូនថា ក្លឹបព្រះខ័នរាជស្វាយរៀងជាក្លឹបទី២របស់កម្ពុជា ដែលឈានដល់វគ្គផ្ដាច់ព្រ័ត្រពានទ្វីបអាស៊ី បន្ទាប់ពីភ្នំពេញក្រោនធ្លាប់ធ្វើបានកាលពី២០១១ ពេលនោះបានត្រឹមជើងឯករងក្រោយបរាជ័យក្រោមថ្វីជើងម្ចាស់ផ្ទះ Taipower FC (មកពីកោះតៃវ៉ាន់) ៣-២ នៅកីឡាដ្ឋានជាតិ Kaohsiung (Kaohsiun National Stadium) ដែលហៅថា ពានរង្វាន់ AFC President’s Cup ៕