តុលាការកំពូល​ច្រាន​ចោល​សំណើរ​សុំ​នៅ​ក្រៅ​ឃុំ​​របស់​សមាជិក​​សមាគម​​សម្ព័ន្ធ​និស្សិត​​បញ្ញ​វន្ត​​ខ្មែរ

តុលាការកំពូល នៅថ្ងៃទី២៦ខែឧសភា បាន​​សម្រេច​​បដិសេ​​ធ​សំណើរ​​​សុំ​​នៅ​​ក្រៅ​​ឃុំ​​ជា​​បណ្តោះ​​​អាសន្ន​​របស់​​​​​សមា​ជិក​​សមាគម​​សម្ព័ន្ធ​និស្សិត​​បញ្ញ​វន្ត​​ខ្មែរ កញ្ញា រៀម ស្រីពេជ្ររតនា និង លោក ធី ថន​។

អ្នកទាំងពីរ ត្រូវបាន​ចាប់ឃុំ​ខ្លួន​កាល​ពី​ខែសី​ហា​ ឆ្នាំ​២០២៤​ ដោយ​ចោទ​ប្រកាន់​ពី​បទ​ «រួមគំនិត​ក្បត់» យោង​តាម​មាត្រា​៤៥៣ នៃក្រម​ព្រហ្ម​ទណ្ឌ​ ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​នៃ​ការ​បង្ក្រាបទ្រង់​​ទ្រាយ​​ធំ​​លើ​​មនុស្ស​​ជាង ១០០​នាក់ ដែល​អ្នក​ទាំង​នោះ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា បានបញ្ចេញ​មតិ ឬគ្រោងនឹងប្រមូលផ្តុំគ្នាទាក់ទងនឹងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា វៀតណាម និងឡាវ (CLV-DTA) ដែលជាកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងតំបន់ ហើយដែលកម្ពុជាទើបតែសម្រេចដកខ្លួនចេញកាលពីពេលថ្មីៗនេះ។ នេះបើតាមការផ្សព្វផ្សាយលើបណ្តាញ​សង្គម​របស់អង្គការសិទ្ធិមនុស្សលីកាដូ។

ប្រភពដដែលបន្តថា ​ក្រោយពីបាន​បើកសវនាការ​នាពេលកន្លងមក នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ​២០២៥នេះ តុលា​ការកំពូល បាន​សម្រេច​​​ច្រានចោល​​បណ្តឹង ​ស្នើសុំបដិសេធ​សេចក្តីសម្រេច​​ឃុំ​ខ្លួន​បណ្តោះអាសន្ន​របស់​យុវជនទាំង​​ពីរ​រូបនេះ។

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការ​ទូទៅនៃ​អង្គការ​ការ​ពារសិទ្ធិ​មនុស្សលីកា​ដូ​ បាន​សម្តែងនូវការខកចិត្ត​ចំពោះការសម្រេចនេះ​ បើ​ទោះ​បី​ជា​ពួកគេបា​នបំពេញ​គ្រប់លក្ខ​ខណ្ឌ​ហើយ​ក៏​ដោយ។

លោកបានថ្លែង​ថា៖ «​មើលទៅករណីនេះ មិនគួរត្រូវបន្ត​ឃុំខ្លួន​ពួក​គាត់​ទេ ដោយ​សារ​តែ​អ្នក​ទាំង​ពីរ​មានអាសយ​ដ្ឋាន មាន​លក្ខ​ខណ្ឌ​គ្រប់​គ្រាន់​នៅក្នុ​ងកា​រ​នៅ​ក្រៅ​ឃុំ។ […] ហើយករណីហ្នឹងក៏មើល​ទៅ ក៏ដូចជាមិនមានអីស្មុគស្មាញទេ ព្រោះអីយើង​មើលទៅករណីដូច​ឬ​ស្រដៀង​គ្នា​ហ្នឹង មាន​ការ​ដោះលែ​ង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអា​សន្នច្រើនគ្នាហើយ។»

លោក អំ សំអាត បានអំពាវនាវដល់​តុលាការ​កំពូល​ គួរ​តែ​បន្ត​ការ​តាម​ដាន ត្រួត​ពិនិត្យ​ករណី​នេះ​ឡើង​វិញ ដើម្បី​ផ្តល់ឱកាស​ដល់​សកម្មជន​ទាំង២រូប​​​ ​ដែល​ជា​បញ្ញា​វ័ន្ត។​

លោកថា៖ «មើលពួកគាត់ទាំងពីរសុទ្ធតែនៅ​បន្តការសិក្សា ហើយក៏ជាអ្នកដែលចូលរួម​យ៉ាងសកម្មនៅក្នុងកិច្ចការ​ងារ​សង្គម​ទៅទៀត អ៊ីចឹងយើងមានការសោកស្តាយ។ […] ​យើងក៏រង់ចាំមើលការសម្រេចបន្តទៀត ប៉ុន្តែយើងមិនទាន់ដឹងថាការជំនុំជម្រះ​បន្ទាប់នឹងកើតឡើង​នៅពេលណានៅឡើយទេ»។

អ្នកនាំពាក្យតុលាការ​កំពូល អ្នកស្រី ម៉ៅ ធីតា មិនអាចសុំការអត្ថាធិប្បាយ​បាន​ទេ។​

ជុំវិញករណីនេះ លោក សេង ឌីណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើង​ថា នៅក្នុង​សង្គម​នីតិ​រដ្ឋ កាល​ណា​ប្រព្រឹត្តិ​អំពើ​ខុស​ច្បាប់ គឺ​ត្រូ​វ​តែ​មាន​ការ​ទទួល​ខុស​ត្រូវ​តាម​ផ្លូវច្បាប់​ជា​ធរមាន មិន​ថា​អ្នក​នោះ​ជា​សកម្ម​ជន​នយោបាយ សកម្ម​ជន​សិទ្ធិ​មនុស្ស ឬ​ជានរណា​នោះ​ទេ។

លោកក៏បាន​​ច្រានចោល​ផងដែរ ចំពោះ​​​លើក​ឡើង​កន្លង​មក​ដែល​ថា ការ​ចាប់​ខ្លួន​អ្នក​ទាំងពីរ​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។

លោកថា៖ «ទាក់ទងនឹងការលើក​ឡើងថា ការ​ចាប់ខ្លួនអ្នកទាំងពីរជាការបំបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ គឺជារឿងមិនត្រឹមត្រូវទេ ព្រោះថាការចាប់ខ្លួននេះ មិនមានពាក់ព័ន្ធនឹងសកម្ម​​ភាពបញ្ចេញ​មតិ​ណា​មួយ​នោះ​ទេ ហើយក៏មិនមែនចាប់ខ្លួន​ដោយសារពួកគាត់ជាសកម្មជន​​អ្វី​នោះ​ដែរ ប៉ុន្តែ​គឺចា​ប់​ខ្លួន​ដោយ​សារ​តែ​ពួក​គាត់​បាន​ប្រព្រឹត្តិ​អំពើ​ដែល​ល្មើស​នឹងច្បាប់»។

កាលខែកុម្ភៈ ឆ្នាំ២០២៥ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចពន្យារ​​ការឃុំ​ខ្លួន​បណ្តោះ​អាន្នទៅលើ​ កញ្ញា រៀម ស្រីពេជ្ររតនា និង លោក ធី ថន រយៈ​ពេល៦ខែ​បន្ថែម​ទៀត ក្រោយ​ពី​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​អស់​រយៈ​ពេល ៦​ខែ​រួច​មក​ហើយ។ ក្រោយមកសាលា​ឧទ្ធរណ៍ក៏បាន​តម្កល់​កា​រសម្រេច​របស់​តុលាការ​ជាន់ទាបនេះ​ទុកជា​បាន​ការ កាលពីថ្ងៃទី២៤ ខែ​មីនា ឆ្នាំ​២០២៥។

ក្រៅពីកញ្ញា រៀម ស្រីពេជ្រ​រតនា និងលោក ធី ថន ក៏នៅមាន​​យុវជន​​សមាគម​​សម្ពន្ធ​និស្សិត​​បញ្ញ​វន្ត​​ខ្មែរចំនួន  ៣រូបទៀត ​ត្រូវបាន​ជាប់ឃុំនៅពន្ធនាគារ​ផ្សេងៗ​គ្នា​នោះទេ ដោយក្នុងនោះ យុវជន២នាក់​​​​ត្រូវបានតុលាការ​ចោទ​ប្រកាន់ពីបទ «រួមគំនិតក្បត់» និង​យុវជនម្នាក់​ទៀត​​ជាប់ចោទ​ពី​បទ«ញុះញង់»។

ចំណែក ​ប្រធាននៃសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ ក៏កំពុងតែអនុវត្តទោសក្នុង​​ពន្ធនាគាររយៈពេល ៤ឆ្នាំ បន្ទាប់​ពី​ការ​ចាប់​ខ្លួន​កាល​ពី​ខែ​មេសា ឆ្នាំ២០២៤ ពីបទ “ញុះ​ញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍” និង​បទ “មិន​រាង​ចាល​ក្នុង​បទ​មជ្ឈិម​បន្ទាប់​ពី​ការ​ផ្តន្ទាទោស​បទ​មជ្ឈិម” យោងតាមមាត្រា ៤៩៤, ៤៩៥ និងមាត្រា៨៨ នៃក្រម​ព្រហ្មទណ្ឌ ទាក់​ទងនឹង​​ការបញ្ចេញមតិ​ ជុំវិញការបណ្តេញចេញដោយ​ហិង្សា​មួយ​នៅ​ក្នុង​ខេត្ត​ព្រះវិហារ៕

អត្ថបទគួរឱ្យចាប់អារម្មណ៍