កម្ពុជាថា នឹងបើក​ការ​ចរចា​​ជាមួយ​ភាគីអាមេរិកឆាប់ៗ ខណៈអាមេរិក​​ពន្យាពេលអនុវត្តពន្ធ​គយ​​​

រដ្ឋាភិបាលកម្ពុជា តាមរយៈ​ក្រសួងពាណិជ្ជកម្ម ឱ្យ​ដឹងថា ក្រុមការ​ងារ​អន្តរក្រសួង​-ស្ថាប័ន​ចំពោះ​​​កិច្ច​កម្ពុជា និង​ភាគីសហរដ្ឋអាមេរិក នឹង​បើកការ​ចរចា​នាពេល​ឆាប់ៗខាងមុខ ក្រោយ​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាស​ព្យួរការអនុវត្ត​ពន្ធគយ​បរដិការ​របស់ខ្លួន មក​នៅត្រឹមអត្រា ១០ភាគរយ ក្នុងរយៈពេល ៩០ថ្ងៃ សម្រាប់គ្រប់ប្រទេសដែលបានស្នើ​សុំចរចាជាមួយអាមេរិក។

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា​​ ចុះ​​ថ្ងៃទី១០ ខែមេសា ឆ្នាំ​​២០២៥​​នេះ បានឱ្យដឹងថា អត្រាពន្ធគយរបស់​កម្ពុជា មានតែ១០ភាគរយប៉ុណ្ណោះ សម្រាប់ទំនិញដែលនាំចូលទៅ​សហរដ្ឋអាមេរិក ក្រោយប្រធានាធិបតីអាមេរិក​ លោក ដូណាល់ ត្រាំ បានប្រកាសព្យួរ​ការអនុវត្តពន្ធគយរបស់ខ្លួន មកត្រឹម១០ភាគរយ ក្នុងរយៈពេល៩០ថ្ងៃ សម្រាប់ប្រទេសទាំងអស់ដែលបានសុំចរចាស្វែងរកដំណោះស្រាយ ក្នុងនោះមានកម្ពុជាផងដែរ។

ប្រភពដដែរ បន្តថា ក្រោយពីរដ្ឋាភិបាលកម្ពុជា បានដាក់លិខិតសុំ​បើកការ​ចរចា​ស្វែងរក​ដំណោះស្រាយ​រួម និងបញ្ចុះពន្ធគយ​ពីអត្រា ៣៥ភាគរយ មកត្រឹម​៥ភាគរយ លើ​ ១៩ក្រុម​មុខ​ទំនិញ​របស់សហរដ្ឋអាមេរិក​នាំចូលមកកម្ពុជានោះ គឺកម្ពុជា បាន​ទទួលចម្លើយ​ជា​វិជ្ជ​មាន​ពីភាគីអាមេរិក ជុំវិញ​សំណើរ​សុំចរចានេះ។

ក្រសួងបាន​បញ្ជាក់ថា៖ «ក្រុមការងារ​អន្តរក្រសួង-ស្ថាប័ន​ចំពោះកិច្ច​ ដឹកនាំ​ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយក​រដ្ឋមន្ត្រី និងជា​អនុប្រធាន​ទី​១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ និងភាគី​អាមេរិក នឹងបើកការចរចានាពេលខាងមុខឆាប់ៗខាងមុននេះ»។

Newsroom Cambodia មិនអាចសុំការបញ្ជាក់បន្ថែមជុំវិញ​ករណីនេះ ពី​អ្នកនាំពាក្យក្រសួងសេដ្ឋ​កិច្ច លោក មាស សុខសេនសាន និងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានទេនៅថ្ងៃនេះ។

សេតវិមាន កាលពី​ថ្ងៃពុធ ទី​០៩ ខែមេសា ដែលត្រូវនឹងថ្ងៃព្រហស្បតិ៍​​នៅកម្ពុជា បានប្រកាសពន្យា​ពេលក្នុងការដាក់ពន្ធគយលើបណ្ដាប្រទេសទាំងអស់ ក្នុងនោះមានកម្ពុជា​ផងដែរ​​ ក្នុងរយៈពេល៩០ថ្ងៃ ដោយការ​កំណត់​បន្ទាត់ពន្ធនោះ ត្រូវបានកម្រិតមកត្រឹម១០ភាគរយស្មើ​គ្នា លើកលែង​តែ​ប្រទេស​ចិន ដែលការកណត់ពន្ធបានកើនឡើងបន្ថែម​​ពី ៣៤ភាគរយ ទៅដល់ ១២៥ភាគរយ។  

សេតវិមាន អះអាងថា ការសម្រេចនេះ ក្រោយមានប្រទេសចំនួន៧៥ បានសុំចរចាជាមួយសហរដ្ឋអាមេរិក ជុំវិញការដំឡើងពន្ធគយនេះ។

កាលថ្ងៃទី២ ខែមេសា ដែលត្រូវនឹងថ្ងៃទី៣ ខែមេសា នៅកម្ពុជានេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានចុះហត្ថលេខា​លើគោលនយោបាយ «ពន្ធគយ» ដ៏ខ្លាំងក្លា ដែលបានដាក់លើប្រមាណ ១៦០ប្រទេស ជុំវិញពិភពលោក។

ក្រោមគោលនយោបាយពន្ធគយនេះ កម្ពុជាបានរងការដាក់ពន្ធធ្ងន់ជាងគេ បើប្រៀបធៀបប្រទេស​ក្នុងតំបន់ ពោលគឺ ៤៩ភាគរយ ខណៈអាមេរិក​យក​ពន្ធនាំចូលពី​​​​ប្រទេសឡាវ ៤៨ភាគរយ ​វៀត​ណាម​៤៦​ភាគ​រយ ភូមា៤៤ភាគរយ ​ប្រទេស​ថៃ៣៦​ភាគ​រយ ឥណ្ឌូនេស៊ី៣២​ភាគរយ។

ការរំកិលពន្ធគយមកលើទំនិញកម្ពុជារហូតដល់៤៩ភាគរយនេះ ដោយលោក ត្រាំ បានអះអាងថា ជាការឆ្លើយតបចំពោះកម្ពុជាដែលបានគិតពន្ធលើទំនិញនាំចូល​ពីសហរដ្ឋអាមេរិក ក្នុង​កម្រិត ៩៧%។

យ៉ាងណា រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្មកម្ពុជា​​ លោក​​​ស្រី ចម និម្មល​ បានថ្លែងក្នុងបទសម្ភាសន៍មួយកាលពីយប់ថ្ងៃទី០៣ ខែមេសា ដោយច្រានចោលការចោទថា កម្ពុជាបានយកពន្ធគយលើទំនិញរបស់អាមេរិក៩៧ភាគរយនោះ។

លោកស្រី បានបន្ថែមថា កម្ពុជានៅក្នុងនាមជាសមាជិក WTO ក៏ដូចគ្នាទៅនឹងសហរដ្ឋអាមេរិក និងប្រទេស ១៦៦ផ្សេងទៀតដែរ គឺ​​មាន​ការ​កំណត់​នូវ​បន្ទាត់​ពន្ធ​គយ​ជាមួយ​គ្នា​ជា​រួម ក្នុ​ង​នោះ​កម្ពុជា​បាន​កំណត់​នៅ​ក្នុង​កាតព្វ​កិច្ច​របស់​ខ្លួន តាមរយៈ​ការយកពន្ធនៃ​ផលិតផលនាំ​ចូល​ក្នុង​​ចន្លោះ​​​ពី ០% រហូត​ដល់ខ្ពស់បំផុត​​​ ៣៥%។

ក្នុងឆ្នាំ២០២៤ ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកមាន​ចំនួន ៩ ៩១៦លានដុល្លារ ខណៈការនាំចូលពីអាមេរិកមកកាន់កម្ពុជា មានតែ ២៦៤លានដុល្លារប៉ុណ្ណោះ។

លោក ឃុន ថារ៉ូ ប្រធានគ្រប់គ្រង​​កម្មវិធីការងារ​​​នៃអង្គការសង់ត្រាល់ យល់ថា វិស័យវាយន​ភណ្ឌ នៅតែរងផលប៉ះពាល់ខ្លាំង ហើយមុនគេ បើសិនជាបញ្ហាពន្ធគយរបស់អាមេរិកមិនមានដំណោះស្រាយទេនោះ។ 

លោកបន្ថែមថា កម្ពុជាទំនងត្រូវផ្លាស់ប្ដូរឥរិយាបថនយោបាយរបស់ខ្លួន ដើម្បីអាចលួងលោមចិត្តរបស់អាមេរិកនៅចំពោះមុខបញ្ហាពន្ធគយនេះ។

លោកថា៖ «ប្រសិនបើយើងអាចផ្លាស់ប្ដូរលើឥរិយាបថ ឬក៏ការបង្ហាញនូវឆន្ទៈផ្នែកនយោបាយណាមួយ ការតាំងចិត្តណាមួយដើម្បីឱ្យសហរដ្ឋអាមេរិកអាចជឿទុកចិត្តបាន ខ្ញុំគិតថា វាក៏ជាវិធីសាស្រ្តដើម្បីសម្រាលកុំឱ្យមានបញ្ហា ដែលយើងជួបប្រទះពន្ធនាំចូលសហរដ្ឋអាមេរិកនេះនៅក្នុងស្ថានភាពមួយដែលប្រសើរដែរ»

សហគមន៍អាស៊ាននៅព្រឹកថ្ងៃទី១០ ខែមេសា ក៏បានបើកកិច្ចប្រជុំតាមអនឡាញមួយថ្នាក់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ជុំវិញដំណោះស្រាយចំពោះការដាក់ពន្ធគយរបស់អាមេរិកផងដែរ។

យោងតាមសេចក្ដីថ្លែងការណ៍រួមរបស់អាស៊ាន ឱ្យដឹងថា សហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍នេះ ប្ដេជ្ញានឹងមិនដាក់វិធានការសងសឹកណាមួយជាការឆ្លើយតបនឹងការយកពន្ធរបស់សហរដ្ឋអាមេរិកឡើយ ក្រោមហេតុផលថា ជាការបង្ហាញពីចេតនាក្នុងការចូលរួមក្នុងកិច្ចសន្ទនាដោយស្មោះត្រង់ និងស្ថាបនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយកង្វល់ទាក់ទងនឹងពាណិជ្ជកម្ម៕

……………………

អត្ថបទ៖ វ៉ា សុភានុត

អត្ថបទគួរឱ្យចាប់អារម្មណ៍