យុវជនជិត២០០នាក់ មកពីសាកាលវិទ្យាផ្សេងៗគ្នាក្នុងក្រុងភ្នំពេញ បានដាក់ក្តីបារម្ភថាពួកគេហាក់មិនសូវមានសុវត្ថិភាពឡើយ ក្នុងការបញ្ចេញមតិខណៈសិទ្ធិនេះ ត្រូវរងការរិះគន់ថាកំពុងតែរួមតូច និងកាន់តែចង្អៀតដែលងាយនឹងរងគ្រោះ ប្រសិនបើការនិយាយទៅហើយនាំឱ្យភាគីម្ខាងទៀតមិនសប្បាយចិត្ត ហើយអាចប្រើប្រាស់តុលាការ ក្នុងការដាក់បន្ទុកប្រឆាំងការប្រើប្រាស់សិទ្ធិនេះ ក្នុងហេតុផលផ្សេងវិញ។
ការលើកឡើងដូចនេះ នៅចំពេលដែលក្រុមយុវជន ចូលរួមនៅក្នុងវេទិកាសម្រាប់យុវជនអន្តរជាតិលើកទី២៦ កាលពីថ្ងៃទី១៣ កញ្ញា។វេទិកាដែលរៀបចំដោយសមាគមបណ្តាញយុវជនកម្ពុជា (CYN) ក្នុងទីក្រុងភ្នំពេញ ស្តីពី« ការពង្រឹងសិទ្ធិអំណាចយុវជន ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍សង្គមក្នុងសម័យឌីជីថល » នេះមានយុវជនចូលរួមដែលមកពីតាមបណ្តាខេត្ត និងភ្នំពេញជិត២០០នាក់(១៨៩) បានបង្ហាញនូវបញ្ហា និងភាពប្រឈម ដែលពួកគេបានជួបប្រទះ។
យុវតី អុល ស្រីធាន ជានិស្សិតច្បាប់ មកពីសាកលវិទ្យាល័យមួយក្នុងទីក្រុងភ្នំពេញ បានលើកឡើងថាសព្វថ្ងៃនេះ រូបគេពិតជាមានក្តីបារម្ភចំពោះការបញ្ចេញមតិនៅលើបណ្ដាញសង្គម ព្រោះវាអាចប្រឈមនឹងការចោទប្រកាន់តាមផ្លូវច្បាប់។ប្រភពបន្តថាយុវជនចង់ប្រើប្រាស់សំឡេង និងអនុវត្តសិទ្ធិបញ្ចេញមតិពីបញ្ហាសង្គមជាតិរបស់ពួកគេនៅលើបណ្ដាញសង្គម ហើយថារដ្ឋាភិបាលមិនគួរចោទប្រកាន់យុវជនតាមផ្លូវច្បាប់ទេ ព្រោះយុវជនគ្រាន់តែបង្ហាញពីសម្លេងរបស់ពួកគេដើម្បីជាចំណែកនៃការចូលរួមអភិវឌ្ឍន៍សង្គម។
ប្រភពបន្តថា « បើគ្រាន់តែការដែលយើងបញ្ចេញមតិនៅលើបណ្ដាញសង្គម បង្ហាញពីក្ដីកង្វល់របស់យើងនៅលើបណ្ដាញសង្គម ត្រូវបានគេចោទពីបទញុះញង់ ត្រូវបានគេចោទពីបទក្បត់ជាតិ តើយុវជនជំនាន់ក្រោយ ពន្លកដែលយើងបណ្ដុះអ្នកដែលចង់បង្ហាញសំឡេងរបស់ខ្លួនឯងទៅកាន់ជាតិ តើពួកគាត់នឹងហ៊ានដែរទេ? ច្បាស់ណាស់ពួកគាត់នឹងមិនហ៊ានបញ្ចេញមតិរបស់ពួកគាត់នោះទេ »។
ហាក់មិនខុសគ្នាឡើយ យុវជន ជា បញ្ញា ជានិស្សិតផ្នែកទំនាក់ទនងអន្តរជាតិ ឱ្យដឹងដែរថា តាមការមើលឃើញសេរីភាពបញ្ចេញមតិនៅកម្ពុជានាពេលបច្ចុប្បន្ន មានការរឹតត្បឹតច្រើន និងការគំរាមកំហែងនូវរូបភាពផ្សេងៗ។ទាំងអស់នេះហើយ បានធ្វើឱ្យប្រជាពលរដ្ឋ ឬយុវជនមានការបារម្ភពីការបញ្ចេញមតិណាមួយដែលពាក់ពន្ធនិងសង្គម ឬបញ្ហាជាតិ។
ប្រភពបន្តថា៖ «មិនគួឱ្យមានរូបភាពបែបនេះកើតឡើងទៀតទេ ព្រោះវាជាកំសោយក្នុងការចូលរួមគ្នា ក្នុងការផ្ដល់មតិយោបល់។ មិនមែនទាល់តែមន្តី្ររាជការ ឬជាអ្នកមានតួនាទី កាតព្វកិច្ចដោះស្រាយបញ្ហាណាមួយកើតឡើងហ្នឹង សុទ្ធតែជាអ្នកពូកែទាំងអស់ទេ គឺត្រូវដឹង ត្រូវស្វែងយល់ថា តើអ្នកនៅក្នុងប្រទេស ក្នុងសហគមន៍ហ្នឹង តើគាត់មានចំណាប់អារម្មណ៍ មតិ ឬវិធីសាស្រ្តក្នុងការដោះស្រាយបែបណាចំពោះបញ្ហានៅក្នុងសហគមន៍ និងប្រទេសមួយនេះ »។
របាយការណ៍ របស់អង្គការ ការពារសិទ្ធិមនុស្ស លីកាដូ ( Licadho ) ស្តីពី«អ្នកជាប់ឃុំដោយប្រើសិទ្ធិ » កត់ត្រាទុកនូវទិន្នន័យ បានបង្ហាញថាពលរដ្ឋមិនតិចនាក់ទេដែលត្រូវសមត្ថកិច្ចចាប់ខ្លួន បើគិតមកដល់ពេលនេះមានជនសង្ស័យប្រមាណ៨០នាក់កំពុងឃុំខ្លួននៅក្នុងពន្ធនាគារ។
ក្នុងចំណោមពួកគេ ក្រៅពីអ្នកនយោបាយ សកម្មជនការពារបរិស្ថាន សហជីព និងអ្នកសារព័ត៌មានហើយ អ្នកដែលប្រើប្រាស់សិទ្ធិនៅលើបណ្តាញសង្គម តាមរយៈការបញ្ចេញមតិក៏ជាផ្នែកមួយនៃគោលដៅ ចំពោះការចាប់ខ្លួន និងចោទប្រកាន់តាមផ្លូវតុលាការ ក៏សកម្មនេះដែរ។
ក្រៅពីនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ក៏ធ្លាប់បានចេញរបាយការណ៍ស្តីពីការធ្លាក់ចុះ នៃសិទ្ធិសេរីនៃការបញ្ចញមតិដូចគ្នានេះដែរ។តាមរយៈរបាយការណ៍របស់ខ្លួន CCHR កត់សំគាល់ឃើញថា ដើម្បីបង្រ្កាប់ទៅលើសិទ្ធិ នៃការបញ្ចេញមតិនេះ ឱ្យមានប្រសិទ្ធិភាព រដ្ឋាភិបាល កាលពីខែកក្កដា ឆ្នាំ២០២៣ បានបង្គាប់ឱ្យក្រុមហ៊ុនផ្តល់សេវាអ៊ិនធើណិតបិទការចូលប្រើគេហទំព័រ និងគណនីបណ្តាញផ្សព្វផ្សាយសង្គមរបស់កាសែត ខេមបូឌា ដេលី វិទ្យុអាស៊ីសេរី និងមូលដ្ឋានទិន្នន័យ Kamnotra ជាដើម។
ចំណែក លោក ម៉ើ ចាន់ដារ៉ា ប្រធានប្រតិបត្តិនៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN) បានអះអាងថា គោលបំណងសំខាន់នៃការរៀបចំវេទិកានេះ គឺផ្ដលឱកាសឱ្យយុវជនទទួលបានការរៀនសូត្រពីបច្ចុប្បន្នភាពនៃបច្ចេកវិទ្យាថ្មីៗ បច្ចេកទេសការផ្ទៀងផ្ទាត់ព័ត៌មាន និងការប្រើប្រាស់បញ្ញាសប្បនិម្មត ដើម្បីផ្ដល់ជាចំណេះដឹងដល់យុវជនក្នុងការបញ្ចេញមតិដោយសុវត្ថិភាព និងជៀសផុតពីការចោទប្រកាន់តាមផ្លូវច្បាប់ផ្សេងៗ។
លោកបន្តថា៖«យុវជននៅតែជាបញ្ហាអទិភាពសម្រាប់ការអភិវឌ្ឍជាតិហើយបញ្ហារបស់ពួកគាត់អ្នកប្រើប្រាស់រាល់ថ្ងៃនេះ ទោះបីបច្ចេកវិទ្យាបានដំណើរការទៅមុខដោយរលូន មានការវិវឌ្ឍរហូតដល់៥G ផ្សេងៗ ប៉ុន្តែយើងមើលឃើញសមត្ថភាពប្រើប្រាស់របស់យុវជនសព្វថ្ងៃហ្នឹងក៏នៅមានកម្រិតនៅឡើយដែរជាពិសេសយុវជននៅតាមជនបទដែលគាត់មិនសូវទទួលបានព័ត៌មានទាក់ទងនឹងការបច្ចុប្បន្នភាពទាក់ទងទៅនឹងការវិវត្តទៅនឹងបច្ចេកវិទ្យាថ្មីៗ »។
គេហទំព័រ Press Start Cambodia នៅមិនទាន់អាចទាក់ទង អ្នកនាំពាក្យក្រសួងព័ត៌មានលោក មាស សុភ័ណ្ឌ បាននៅឡើយទេ។
ជុំវិញរឿងនេះ និយ័តករទូរគមនាគមន៍កម្ពុជា កាលពីខែកក្កដា ធ្លាប់បានចេញលិខិត ដែលបញ្ជាឱ្យបិទតំណភ្ជាប់ទាំងអស់ នៃ Twitter, Instagram, YouTube របស់សារព័ត៌មាន The Cambodia Daily រួមទាំងតំណភ្ជាប់ទាំងអស់របស់វិទ្យុអាស៊ីសេរី និងតំណភ្ជាប់របស់គេហទំព័រ kamnotra។
ដូចគ្នានេះដែរ លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន ក៏ធ្លាប់បញ្ជាក់ពីជំហរប្រាប់អ្នកសារព័ត៌មានក្នុងស្រុកចំពោះការរាំងខ្ទប់ តំណភ្ជាប់ទៅកាន់គេហទំព័រ នៃប្រព័ន្ធផ្សព្វផ្សាយឯករាជ្យទាំងនោះ គឺធ្វើឡើងក្រោមហេតុផល ដើម្បីបញ្ចៀសការផ្សាយព័ត៌មានមិនពិត និងក្លែងក្លាយ។
យ៉ាងនេះក្តី បណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID) បាននិយាយថា នៅក្នុងប្រទេសកម្ពុជាយុវជនមានប្រមាណជាពី៦៣ ឬ ៦៤ភាគរយ គឺតម្រូវឱ្យពួកគេយល់ដឹងពីឌីជីថលប្រកបដោយមានទំនួលខុសត្រូវ និងមានសុវត្ថិភាព ដើម្បីមានសមត្ថភាព មានភាពជឿជាក់ក្នុងការធ្វើកិច្ចការងារ និងការចូលរួមចំណែកនៅក្នុងសង្គម។លោកបន្តរថា ជាក់ស្ដែងនៅក្នុងវេទិការនេះ យុវជនបានចែករំលែកពីកង្វះខាតក្នុងការរៀនសូត្រនូវអក្ខរកម្មឌីជីថល និងអក្ខរកម្ម AI ដែលទាមទាឱ្យភាគីដែលពាក់ព័ន្ធត្រូវបង្កើនការយកចិត្តទុកដាក់ និងផ្ដល់ឱកាសក្នុងការរៀនសូត្រ។
លោកបន្តថា៖ « ក្រសួងអប់រំគួរតែពង្រីកនូវកម្មវិធីអប់រំអក្ខរកម្មផ្នែកឌីជីថលឱ្យបានទូលាយជាងមុន ហើយមិនត្រឹមតែបង្រៀននៅក្នុងថ្នាក់ទេប៉ុន្តែត្រូវមានកម្មវិធីអប់រំបន្ថែមទាក់ទងនឹងជំនាញហ្នឹង។ ក្រៅពីនោះ អង្គការសង្គមស៊ីវិលក៏ចូលរួមចំណែកនៅក្នុងបណ្ដុះបណ្ដាលជំនាញអក្ខរកម្មឌីជីថលដល់យុវជនយើងផងដែរ »។
រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ក្នុងបញ្ញត្តិមាត្រា ៣១ កំណត់ថាកម្ពុជាទទួលស្គាល់ និងគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស កតិកាសញ្ញា ព្រមទាំអនុសញ្ញាទាក់ទងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។បើទោះជាបែបណា សម្រាប់របាយការណ៍ប្រចាំឆ្នាំ របស់ក្រុមអង្គការ ការពារផ្នែកសិទ្ធិមនុស្ស រកឃើញថាមានជនសង្ស័យជាច្រើន ត្រូវរងគ្រោះ ព្រោះតែពួកគេមានមតិផ្ទុយពីជំហរបស់រដ្ឋាភិបាល។ហើយចុងក្រោយអ្នកទាំងនោះ ត្រូវចោទប្រកាន់ ក្រោមបទល្មើសព្រហ្មទណ្ឌទៅវិញ។
បន្ថែមពីលើនេះ ប្រភពដដែលក៏បានបង្ហាញពីនូវតួលេខអ្នកដែលត្រូវចាប់ខ្លួន និងការធ្វើទុកបុកម្នេញ ទៅលើអ្នកនយោបាយបក្សជំទាស់ អ្នកការពារសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានជាដើម ក្រោមការចោទប្រកាន់ពីបទល្មើស «បរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់»។ហើយភាគច្រើន បទចោទទាំងនោះត្រូវគេសង្កេតឃើញ ជនសង្ស័យច្រើនតែប្រើប្រាស់សិទ្ធិនៃការបញ្ចេញមតិ នៅលើបណ្តាញសង្គម រិះគន់ពីភាពអសកម្ម និងភាពចន្លោះប្រហោង នៃការអនុវត្តគោលនយោបាយ ដែលមិនមានតម្លាភាពជាដើម។ម្យ៉ាងវិញទៀត បទល្មើសភាគច្រើន វាហាក់មិនស៊ីសង្វាក់គ្នាទៅនឹងធាតុផ្សំនៃបទល្មើសដែលមិនស្ថិតក្រោមយុត្តាធិការ នៃបទចោទញុះញង់ ឬបរិហារកេរ្តិ៍នោះថែមទៀត៕
អត្ថបទដោយ៖ ឃុត ពិសី និងយ៊ឺង នីម