បទយកការណ៍៖ កម្មករកម្មការិនី​​រំពឹង​ថានឹង​មានការ​​ដំឡើង​ប្រាក់ឈ្នួល​​គោលនៅឆ្នាំ​២០២៦​ ​ដើម្បី​​សម្រួល​​ដល់​ជីវភាព​ពួកគេ

នាវេលាម៉ោង១២ថ្ងៃត្រង់ ជាពេលសម្រាក​​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់ គេ​សង្កេតឃើញ​មនុស្ស​ម្នា​ជាច្រើន​បាន​​ចេញពីកន្លែងធ្វើការ​ ក្នុងនោះក៏មានកម្មករ​-កម្មការិនី​​ធ្វើ​ការ​នៅ​រោង​ចក្រ​ផ្នែក​វាយនភណ្ឌ​កាត់ដេរ​​​មួយចំនួន ​ក្នុង​​ខណ្ឌ​ព្រែកព្នៅ រាជធានីភ្នំពេញ​ផង​ដែរ​។ កម្មករ​-កម្មការិនីទាំងនោះ បាន​រូត​រះដើរចេញពីបរិវេណ​រោង​​ចក្រ ​​តម្រង់ទៅកាន់​តូប​​លក់​​អាហារ​ ដែលលក់​នៅ​ក្បែរនោះ និ​ងខ្លះ​ទៀត​បាន​ទៅ​ទទួល​ទាន​បាយ និ​ងបាន​សម្រាក​នៅផ្ទះ មុននឹង​បន្ត​ការ​ងារ​នា​ពេល​រសៀល​ទៀត​។

កំពុងទិញ​អាហារ​ថ្ងៃត្រង់ នៅមុខ​រោង​ចក្រ​ស្បែកជើង ជេអេដាប់បែលយូ (JAW) ស្ថិត​​ក្នុងសង្កាត់​​​គោក​រកា កម្មការិនី យ៉ោម លក្ខិនេ អាយុ ៣៨ឆ្នាំ ដែលធ្វើការនៅទីនោះរយៈពេល ៥ឆ្នាំ​មក​ហើយនោះ បានឱ្យដឹងថា កញ្ញាបានចំណាយលុយចំនួន ៥០០០៛ សម្រាប់អាហារ​មួយ​ពេល ដែល​តម្លៃអាហារ​​​ប៉ុណ្ណេះ គឺ​ពុំ​សូវ​មាន​ជីវជាតិ​នោះ​ទេ។

កញ្ញាបន្តថា ក្នុង​ឆ្នាំ​២០២៥នេះ ប្រាក់ឈ្នួលអប្បបរមា​សម្រាប់កម្មករនិយោជិត​នៃវិស័យវាយន​ភណ្ឌ​​​កាត់​ដេរ ផលិតស្បែកជើង និង​ផលិតផលធ្វើដំណើរនិង​កាបូប​ មាន​ចំនួន ២០៨ដុល្លារ​ក្នុ​ង​​​​មួយខែ ហើយ​ប្រសិន​បើ​កម្មករ​​ធ្វើការ​ថែម​ម៉ោង អាច​នឹង​​ទទួលបានប្រាក់ឈ្នួលចន្លោះពី៣០០ ទៅ ៣២០ ដុល្លារ ដែល​ចំនួន​នេះ សម្រាប់គាត់ គឺមិន​អាច​ចំណាយគ្រប់គ្រាន់​សម្រាប់ជីវភាពនោះទេ។

លក្ខិនេ បានឱ្យដឹងថា ក្រៅពីការ​ចំណាយទៅលើ​ម្ហូបអាហារ កញ្ញាក៏ត្រូវ​ចំណាយ​ទៅលើថ្លៃ​​​ផ្ទះជួល​ ថ្លៃទឹកភ្លើង និង​ចំណាយផ្សេងៗ ខណៈដែល​កញ្ញា​ក៏មាន​ជាប់បំណុលធនាគារ​ដែល​ត្រូវ​បង់​សងប្រចាំ​ខែ​ផង​ដែរ​។ ​

ក្នុងដៃកាន់បានមួយកញ្ចប់ និង​ម្ហូប​មួយ​ប្រអប់ កម្មការិនី លក្ខិនេ ​​និយាយ​​​ថា៖ «ប្រាក់ខែយើងទាបពេក ចឹង​បង​មិន​ហ៊ាន​ញុំា​ឆ្ងាញ់​ទេ​ បាន​តែ​បាយ​ម្ហូប​មុខ​រោង​ចក្រ​ម្ហូប ២០០០រៀល​ បាយ១០០០រៀល​ បើ​ហ៊ាន​តែ​ញុំា​លើស​​ហ្នឹង​ដឹង​តែ​ពិបាក​ខ្លាំង​ហើយ​ញុំា​ចឹង​ផង នៅ​មាន​ពេល​ខ្លះ​ចង​ការ​លុយគេចាយផង។ ចឹង​ហើយ​ទីមួយ​ ពេល​ទិញ​ម្ហូប​​អាហារ​អី​ វា​ថ្លៃ​ចឹង យើង​ទិញ​តែ​លើ​រទេះ​បន្លែ​ តែ​វា​សល់​[លុយ​ខ្លះ] អីចឹង​ណា បើ​ត្រី​សាច់​​អីរឹត​តែ​មិន​សូវ​ហ៊ាន​ទិញ​ច្រើន​ទៀត​ហើយ ទិញ​តែ​ ៥០០០រៀល អីនិង​ហូប​ពីរ​ពេល​អី ហើយ​បើនិ​យាយ​​​ពី​របស់​ប្រើ​ប្រាស់វិញ​ បើ​មិន​ចាំបាច់​គឺ​មិន​ហ៊ាន​ទិញ​ទេ ហើយ​មុន​និង​ធ្វើអី​ ឬច​ង់ទិ​ញ​អីមួយ​ គឺ​គិត​គូរ​ច្រើន​ណាស់​ ខ្លាច​អត់​​លុយ​ចាយ​ដល់ខែ​ខ្ចី​គេ​ច្រើន​ពេក ខ្លាចបើកលុយមកសងគេមិនគ្រប់គេ»។

ករណីនេះ កម្មការិនី​​ លក្ខិនេ បានស្នើ​ដល់​រដ្ឋាភិបាល​ជួយ​សម្របសម្រួល​ធ្វើយ៉ាងណា ឱ្យ​ការ​ចរចា​​​ប្រាក់ឈ្នួល​ក្នុង​ឆ្នាំ​២០២៦ បានឡើងដល់ ២១៨ដុល្លារ​​ ដើម្បីឱ្យជីវភាព​កម្មករ-​កម្មការិនី​មានភាពប្រសើរជាងបច្ចុប្បន្ន ខណៈតម្លៃ​ទំនិញ​លើទីផ្សារ​ខ្ពស់​ ហើយ​ថ្លៃ​ផ្ទះជួលក៏​អាចនឹង​មានការ​ឡើងទៅតាម​ប្រាក់ឈ្នួល​ផង​ដែរ។​​

កញ្ញាថា៖ «[បើប្រាក់ខែគោលឡើង]បាន១០ដុល្លារពីលើហ្នឹងល្អ បើឡើងបាន១០ដុល្លារ ថ្លៃផ្ទះឡើង​៥ដុល្លារ​យើងនៅសល់៥ដុល្លារ ថ្លៃម្ហូបតិចតួចអីយើងអាចសល់​បាន២ទៅ៣ដុល្លារដែរ វាគួបផ្សំនឹងការសន្សំរបស់ពួកយើង ចុះបើឡើងតែ៤ដុល្លារ [ថ្លៃជួល]ផ្ទះឡើង៥ដុល្លារ ហើយចុះនៅម្ហូបទៀត»។

ការ​លើកឡើ​ងរបស់កម្មការិនីរូបនេះ បានធ្វើ​ស្របពេល​ដែលរ​ដ្ឋាភិបាល តាមរយៈក្រសួង​ការ​ងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមាឆ្នាំ​២០២៦ សម្រាប់​កម្មករ​និយោ​ជិត​ក្នុ​ងវិស័​យវាយនភណ្ឌ​កាត់​ដេរ ផលិត​​ស្បែកជើង និងផលិត​ផល​ធ្វើដំណើរ​និងកាបូប។

យោងតាម​សេចក្តីប្រកាសព័ត៌មាន​របស់ក្រសួងការងារ ឱ្យ​ដឹង​ថា គិត​មកដល់ថ្ងៃទី​០៣ ខែកញ្ញា​នេះ កិច្ចប្រជុំ​​​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួលអប្បបរមា ​បាន​ប្រជុំ​ដល់ជុំទី២​ ជាមួយ​​សហជីព ម្ចាស់​​រោង​​ចក្រ និ​ង​​ភាគី​​​ពាក់​​ព័ន្ធ​​ផ្សេងៗ ដោយ​ក្នុង​នោះ​ ភាគី​តំណាង​កម្មករ​បាន​ស្នើ​ឲ្យ​បន្ថែមប្រាក់​ឈ្នួល​អប្បបរមា ១០​ដុល្លារ​លើ​តួលេខ​បច្ចុប្បន្ន ២០៨ដុល្លារ ខណៈតំណាង​ភាគីនិយោជក​ បាន​ស្នើឲ្យ​រក្សា​តួលេខ​​​ដដែល គឺ ២០៨​ដុល្លារ។

យ៉ាងណាមិញ ក្រុមប្រឹក្សាបានកំណត់ថា នឹងបន្តកិច្ចពិភាក្សា​ជាថ្មីទៀត នៅ​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ​២០២៥ ខាង​មុខ​នេះ។

កំពុងអង្គុយសម្រាក​ក្រោយអាហារថ្ងៃត្រង់ នៅមុខ​រោង​ចក្រមួយ​ក្នុង​រាជធានីភ្នំពេញ កម្មការិនី​ សឿង ភឿន បាននិយាយថា​ តួលេខប្រាក់ឈ្នួល​បច្ចុប្បន្ន ២០៨ដុល្លារក្នុងមួយ​ខែ មិន​អាច​ជួយ​ឱ្យ​ជីវភាព​​​របស់ពួកគាត់បានល្អប្រសើរនោះទេ ត្បិត​តម្លៃ​ទំនិញលើ​ទីផ្សារ​​ខ្ពស់ បូករួមនឹងបន្ទុក​គ្រួសារ ដែលធ្វើឱ្យពួកគាត់​រស់​ទាំង​ត្រដរខ្យល់​ បើទោះជាពួកគាត់ព្យាយាមធ្វើការ​ថែម​ម៉ោងក៏ដោយ។

កម្មការិនីរូបនេះ និយាយ​ថា៖ «ចឹង​ប្រាក់​​ខែ​យើង​ប៉ុណ្ណឹង[ជាង៣០០ដុល្លារទាំងថែមម៉ោង​​]​ យើង​អត់​អាច​ទប់​ទល់​បាន ចុះ​នៅ​ម្តាយ​យើង ចុះនៅ​យើង​ចំណាយ​សព្វ​គ្រប់​បែប​យ៉ាង បើសម្រាប់បង​ គឺបងចង់បានប្រាក់ខែច្រើនចាប់ពី ៤០០ដុល្លារ​ជាង។ បើ​៤០០​ដុល្លារ​ជាង ដូច​ជា​៤៥០ដុល្លារ​​អី​​ទៅ អាហ្នឹង​យើង​អាច​សល់​​ខ្លះ ផ្គត់​ផ្គង់​ទៅគ្រួ​សារ អាហ្នឹង​មួយ​សមរម្យ។ ធនាគារបង់១ខែ ៩០ដុល្លារ ហើយផ្ញើទៅម្តាយ​៥០​ដុល្លារ ចឹងអស់១៥០ដុល្លារហើយ ហើយនៅថ្លៃផ្ទះជួលទឹកភ្លើង៥០ដុល្លារ ទៀតអស់២០០ដុល្លារ ចុះចំណែក​គ្រឿងគ្រូវ[សម្ភារៈផ្ទាល់ខ្លួនយើងទៀត[…]អូនឯង​ដឹងអត់​អ្នក​រោង​ចក្រតែង​តែ​ឈឺ ដោយ​សារ​អី​ គ្នា​​រិះ​​ថាំ ខ្លាច​អត់​សល់​លុយ ចំណាយ​ច្រើន​ពេក ចឹង​បើ​យើង​ខ្ជះ​ខ្ជាយ​អត់​សល់​លុយ​ទេ»។

មិនខុស​គ្នានេះ​ដែរ ​កម្មករ​ធ្វើការ​នៅរោង​ចក្រ​ផលិត​ស្បែក​ជើងមួយ ​ក្នុង​រាជធានីភ្នំពេញ លោក អឿង រ៉ាន់ អាយុ ៣៣ឆ្នាំ និយាយថា ជារឿង​ល្អដែល​រាជរដ្ឋាភិបាល បាន​ជួយ​សម្រប​សម្រួល​​ឱ្យ​​មាន​ការ​ជជែកកំណត់​​អត្រា​​ប្រាក់​ឈ្នួល​​គោល​ សម្រាប់​កម្មករ​និយោជិតក្នុងវិស័យវាយន​ភណ្ឌ​​កាត់​ដេរ ​ជារៀង​រាល់ឆ្នាំ។ ប៉ុន្តែ​​លោក​សង្កេត​ឃើញថា ការ​កំណត់​ប្រាក់ឈ្នួល​នោះ ហាក់​មាន​ការ​ដំឡើ​ងតិច​តួច ដែលមិន​ស្របទៅ​នឹង​អតិផរណា​ទំនិញលើ​ទីផ្សារដែល​កើនឡើង​ ដែល​ធ្វើ​ឱ្យ​​កម្មករ​​និយោជិត នៅ​តែ​​មិន​អាច​​ផ្គត់​ផ្គង់ជីវភាព​​ប្រចាំ​ថ្ងៃឬប្រចាំ​ខែរបស់ពួកគេ​បាន។

លោកយល់ថា៖ «ដូចជាមិនរំពឹងខ្ពស់នោះទេ បើរដ្ឋាភិបាលគាត់មើលដូចរាល់ឆ្នាំចឹង ខាងកម្មករដាក់សំណើរ​​ទៅ ១៥​ដុល្លារ​ បើឲ្យវិញ​គឺតិចម៉ង ខាងនិយោជកហ៊ានឲ្យតែ​១ដុល្លារ ចឹង​តវ៉ាច្រើនដងឡើងខ្ពស់បំផុតឡើង២ដុល្លារ ៤ដុល្លារ ខាង​​រដ្ឋ​ឲ្យ ២ដុល្លារទៀត បាន​៤ដុល្លារ មកវិញថ្លៃផ្ទះជួលក៏ឡើង សម្ភារៈក៏ឡើង ចឹងទៅវាតិចមែនទែនសម្រាប់កម្មករ»។

យ៉ាងណា លោក​រំពឹង​ថា កា​រចរចាប្រាក់ឈ្នួល​សម្រាប់ឆ្នាំ​២០២៦ នឹង​មានការកើនឡើងបន្ថែម​ចន្លោះពី១០ ទៅ​១៥​ដុល្លារ​ លើ​ប្រាក់ឈ្នួល​គោល​បច្ចុប្បន្ន​ ដើម្បីជួយសម្រួល​ និង​​ដោះស្រាយ​​បញ្ហា​ជីវ​ភាពប្រចាំ​ថ្ងៃរបស់​កម្មករ​និយោជិត​​។

លោក​​​ថា៖ «សំណូមពរ​ខាងអ្នក​ពាក់ពន្ធ័ឲ្យជួយខាងកម្មករ ព្រោះកម្មករបានប្រាក់ខែតិច មានតែ​ពឹងទៅ​លើ​រាជរដ្ឋាភិបាលឱ្យ​​គាត់ជួយឲ្យបានច្រើន កម្មករសប្បាយ​ចិត្តតាមហ្នឹង​ ធូរមួយកម្រិតដែរ»។

កាល​ពី​ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ អង្គការ​សង្គមស៊ីវិល និង​សហជីពចំនួន ២៧​ស្ថាប័ន បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​​ពិចារណា​ដំ​ឡើង​ប្រាក់​ឈ្នួល​អប្បរមា យ៉ាង​តិច​ដល់ ២៣២​ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ​២០២៦ ដោយពួកគេលើក​ហេតុ​ផលថា ​ប្រាក់​ឈ្នួលប​ច្ចុប្បន្ន មិន​ទាន់​អាច​បង្គ្រប់តម្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​កម្មក​រ​និយោជិ​ត​បាន​នៅ​ឡើយ​ទេ។

សេចក្តីថ្លែងការណ៍ដដែលនេះ បានឱ្យដឹងទៀត​ថា គម្លាតរ​វាង​ប្រាក់​ឈ្នួល និង​ការ​ចំណាយ​ខុស​គ្នា​បាន​រុញ​ច្រាន​កម្មករ​និយោជិត​ ​ឱ្យ​ប​ង្កើន​បំណុល​កាន់​តែ​ច្រើន ខណៈ​ពួក​គេ​ត្រូវ​បង្ខំ​ចិត្តកាត់​​បន្ថយ​ការ​ចំណាយ​លើ​ថ្លៃហូប​ចុក ការ​ថែទាំ​សុខ​ភាព និង​ការ​អប់រំ​រ​បស់​កូនៗ។

សេចក្តីថ្លែងការណ៍ បានគូសបញ្ជាក់​​ថា៖ «គម្លាត​រវាង​​ប្រាក់ឈ្នួល និង​ការ​ចំណាយ​នេះ បន្ត​​រុញ​ច្រាន​កម្មករ​​និយោជិត​​​ឱ្យកាន់តែ​ធ្លាក់​ក្នុង​​បំណុល​ ​និង​ភាព​ក្រីក្រ​ និងបង្ខំ​ឱ្យ​ពួកគេ​កាត់បន្ថយ​ការ​ចំណាយ​លើ​ថ្លៃ​អាហារ​ ការ​ថែទាំសុខភាព និង​ការ​អប់រំ​»។

ក្នុងន័យនេះ អង្គការសង្គមស៊ីវិលទាំង ២៧ស្ថាប័ន យល់​​ឃើញ​ថា កម្មករនិយោជិតដែលជាឆ្អឹងខ្នង​សេដ្ឋ​កិច្ច​របស់ប្រទេសកម្ពុជា គួរទទួលបានការរស់នៅក្នុងជីវភាពមួយសមរម្យ ខណៈវិស័យ​នេះ បន្តទាក់ទាញការវិនិយោគទុនអន្តរជាតិ និងផ្តល់ប្រាក់ចំណេញច្រើនដល់ក្រុមហ៊ុនម៉ាកយីហោល្បីៗ ក៏ដូចជាថៅកែរោងចក្រ។

ប្រធានសម្ព័ន្ធ​សហជីព​កម្ពុជា​(CATU) អ្នកស្រី យ៉ាង សុភ័ណ្ឌ ​សង្កេត​ឃើញ​ថា ប្រាក់​ឈ្នួល​បច្ចុប្បន្ន​​​របស់​​កម្មករ នៅ​​ពុំ​​ទា​ន់ឆ្លើ​យ​តប​ទៅ​នឹង​តម្លៃ​​ទំនិញ​​ទីផ្សារនៅ​​ឡើយ។

អ្នកស្រីថា៖ «ខ្ញុំអាចនិយាយបានថា ប្រាក់ឈ្នួលដែលគាត់ទទួល​បាន​សព្វ​ថ្ងៃ​នេះ គឺ​អត់​ឆ្លើយ​តប​ទៅ​នឹង​ការ​រស់​នៅរបស់​គាត់​ទេ​ ព្រោះទី​១​យើង​មើល​អតិផរណា​ទីផ្សារ តម្លៃ​ទំនិញ​ផ្សេងៗ […] កម្មករ​និយោជិក​របស់​យើង​ ពេល​ដែល​គា​ត់ទទួល​បាន​ប្រាក់​ឈ្នួល​ហ្នឹង គាត់មិន​មែនចិញ្ចឹម​តែខ្លួនឯងទេ គាត់ចិញ្ចឹមអ្នកនៅក្នុងបន្ទុករបស់គាត់ទៀត គាត់ចិញ្ចឹមខ្លួនគាត់ ហើយចិញ្ចឹមអ្នកនៅក្នុងបន្ទុករបស់គាត់ទៀត តែសួរថាប្រាក់ឈ្នួល ២០០ជាង ដែលគាត់ទទួលបានហ្នឹង​ចិញ្ចឹម​ខ្លួនគាត់​ចិញ្ចឹម​អ្នក​នៅ​ក្នុង​គ្រួសារ​គាត់​ទៀត សួរ​ថា​គាត់​អាច​រស់​នៅបា​ន​អត់ អត់​បាន​ទេ។ គាត់​បង្ខំ​ចិត្ត​នៅ​ក្នុង​ការ​រស់​នៅ​ផ្ទះបន្ទប់​តូច ជួល​ផ្ទះ បង់​ភ្លើង ហូប​ចុក​ត្បិត​ត្បៀត»។

អ្នកស្រីបន្តថា ស្របពេលដែល​កម្ពុជា​កំពុង​មាន​បញ្ហា​ជម្លោះព្រំដែនជាមួយ​ប្រទេស​ថៃ ដែល​ធ្វើ​ឱ្យ​ពលករ​ខ្មែរ​រាប់​ម៉ឺននាក់​ត្រឡប់មក​កម្ពុជាវិញនោះ ប្រាក់​ឈ្នួល​អប្បបរមារបស់​កម្មករ​និយោ​ជិត​ គួរ​ដំឡើង​ដល់ ២៣០​ដុល្លារ ដើម្បី​ឆ្លើយ​តប​ទៅនឹ​ង​ជីវភាព និង​តម្រូវ​ការ​ជាក់ស្តែង​របស់ពួកគាត់ ព្រមទាំង​ជាវិធាន​ការ​មួ​យ​រក្សា​កម្លាំ​ងពលកម្ម​​​នៅ​​ក្នុង​​ស្រុក កុំ​ឱ្យ​​ពលរដ្ឋ​ខ្មែរ​​​ចំណាក​ស្រុក​​​ទៅ​​ប្រទេស​​ជិត​​ខាង​​ទៀត​។

អ្នកស្រីថា៖ «គួរតែមានការដំឡើង​​​ហ្នឹងឱ្យបានច្រើន​ជាង​ប្រាក់​ឈ្នួល​របស់​កម្មករឆ្នាំ​ចាស់ ពីព្រោះ​អី​ខ្ញុំ​គិត​ថា​ វា​ជា​ឱកាស​​មួយ​ដែល​អំណោយ​ផល​ដែរ ដែល​ប្រជាពលរដ្ឋ​យើង ដែល​គាត់​បាន​វិល​ត្រឡប់​មក​ពី​ថៃ​អី​ផ្សេងៗ ព្រោះយើងចង់រក្សាកម្លាំងពលកម្ម នៅពេលដែលកម្មករនិយោជិករបស់យើង​ដែលគាត់វិលមកធ្វើការងារវិញនេះ បើតាមអ្វីដែលជាបទពិសោធន៍របស់ខ្ញុំ ដែលខ្ញុំព្យាយាមក្នុងការជជែកគ្នាជាមួយគាត់ ព្យាយាមនៅក្នុងការសិក្សាមួយចំនួនទៅអ្វីដែលគាត់ទៅធ្វើការនៅប្រទេសជិតខាង ទីមួយដោយសារកត្តាប្រាក់ឈ្នួលរបស់គាត់ ទី២កត្តាលក្ខខណ្ឌ​ការងាររបស់គាត់ […] ចឹងខ្ញុំគិតថា បើសិនណាប្រាក់ឈ្នួលរបស់យើង កែសម្រួលមកបានប្រសើរជាងនេះ ខ្ញុំគិតថា ប្រាកដណាស់កម្មករនិយោជិករបស់យើង​នឹង​ធ្វើការងារនៅទីនេះ គាត់មិនចង់ចាកចោលពីប្រពន្ធកូនគ្រួសាររបស់គាត់ទេ»។

អគ្គលេខាធិការនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) លោក ខេន លូ បានបដិសេធ​អត្ថាធិប្បាយ​ នៅពេល​សួរ​ពីមូលហេតុ​ដែល​ខាងភាគីនិយោជក ដាក់តួលេខ ២០៨ដុល្លារ ដដែល​សម្រាប់ការ​ចរចា​​ប្រា​ក់​ឈ្នួល​គោល​​​នៅ​​ឆ្នាំ​២០២៦។

លោកនិយាយ​​ថា៖ «ឥឡូវយើងមើលតាម press release ឬ statement [សេចក្តីថ្លែងការណ៍​] ហ្នឹង​ទៅ statement សរសេរ​ច្បាស់​ហើយ […] មើលសកម្មភាពទៅ អាចដឹងថាសកម្មភាពអត់ល្អហើយ»

ចំណែក ​លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ក៏សុំមិន​អត្ថាធិប្បាយ​អ្វី​ដែរ ជុំវិញការ​ស្នើ​របស់​តំណាង និង​កម្មករ​និយោជិត ដែលស្នើ​សុំ​ដំឡើង​ប្រាក់​ឈ្នួល​គោលនៅ​​ឆ្នាំ​២០២៦។

យ៉ាងណា សម្រាប់​ក្រុមកម្មករ​និយោជិត ​សហជីព និង​អង្គការសង្គមស៊ីវិល​មួយ​ចំនួន​​ សង្ឃឹម​ថា​ ការ​ចរចា​​ប្រាក់​ឈ្នួល​​គោល​​អប្បបរមា​​​សម្រាប់​ឆ្នាំ​២០២៦​ខាង​មុខ នឹង​មាន​លទ្ធផលជា​វិជ្ជមាន ដែលមានការ​ដំឡើងប្រាក់ឈ្នួលខ្ពស់ជាង​ពេល​បច្ចុប្បន្ន ​ដើម្បីជួយ​សម្រួល និង​​លើក​កម្ពស់​ដល់​ជីវភាព​​របស់​កម្មករ​និយោជិត ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា៕

អត្ថបទគួរឱ្យចាប់អារម្មណ៍