បទយកការណ៍៖កម្មករអះអាងពីផលលំបាកផ្នែកជីវភា​ពបើទោះប្រា​ក់​ខែ​គោ​ល​ឡើង​បាន​២ដុ​ល្លា​របន្ថែម

ដោយៈ

Press Start Cambodia Avatar

ជម្រកជាន់ផ្ទាល់ដីបិទបាំងដោយជញ្ជាំងឈើ ប្រក់ពីស័ង្កសីគឺហាក់មានសភាពទ្រុឌទ្រោមដោយអន្លើទៅហើយ។រីឯ​នៅ​​ពីខាងមុខឯណេះវិញ នៅជាប់នឹងជញ្ជាំងមានព្យួរអំបោសមួយ និងថង​ពណ៌ស​។​នៅ​​​​មិនឆ្ងាយប៉ុន្មានពីកន្ត្រក់ដាក់ត្រនាប់ជើងធ្វើពីផ្តៅ ដែលស្បែកជើងរបាត់រប៉ា​យ និ​​ងមើលទៅហាក់មិនមានសណ្ឋាប់ធ្នាប់ គេនឹងឃើញគ្រែធ្វើពីឈើក្តាបន្ទះ ដែលមានទំហំតូចល្មម និ​ង​រា​ង​​ទ្រេ​ត​បន្តិចកល់នឹងចង់ដួល កំពុងតែផ្ទុកចានឆ្នាំង និងសម្ភារៈផ្ទះបាយខ្លះៗ។តាមពិតទៅ ទីនេះគឺជាផ្ទះរបស់​ស្រ្តីមេម៉ាយម្នាក់ ដែលកំពុងប​ម្រើ​​ការនៅក្នុងរោងចក្រកាត់ដេរមួយកន្លែងក្បែរក្រុងភ្នំ​ពេ​​ញ​ ដែ​ល​​​នាងប្រឹងចិញ្ចឹមកូន៣នាក់នៅក្នុងបន្ទុក ក្រោយពីស្វាមីចាកចេញទៅសា​​ង​ទ្រនំថ្មី។

មានសម្បុរស្រអែម រង្វង់ភ្នែកចាប់ផ្ដើមស្រ​អាប់ ផ្ទៃមុខមានស្នាមជ្រួញ នាងប្រាប់គេហទំព័រ Press St​art Cambodia កាលពីថ្ងៃទី១៥ ខែ តុលា ថា រូបនាងមានឈ្មោះ ឃុន ណារី។​ហើយ​ផ្ទះ​ដែលអ្នក​ស្រី​រស់​នៅ ស្ថិតក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ស្ថិតក្នុង​សម្លៀ​កបំ​ពា​ក់​​​​​ចម្រុះពណ៌ និ​ង​​កំពុងអង្គុយលើកៅអីជ័រពណ៌ខៀវ ណារី រៀបរាបថា ចាប់តាំងពីស្វាមីចាកចេញទៅ ប​​ន្ទុក​ក្នុង​គ្រួ​សា​រ​​គឺរូបគេជាអ្នករែកពុនទាំងស្រុង។ណាមួយ ការសិក្សាមុជមិនជ្រៅទៅមិនឆ្ងាយផង ម៉្លោះ​​​ហើ​យ​មិន​អាចរកការងារណាដែលមានប្រាក់ឈ្នួលបានខ្ពស់នោះទេ។ប៉ុន្តែជាសំណាងល្អ បើទោះ​ជា​រូប​​នាង​បាន​បញ្ចប់ការសិក្សា នៅកម្រិតបឋមសិក្សាក្តី ក៏ ណារី អះអាងថារូបគេអាច​រកចំណូលបា​ន​ប្រមា​ណ ២៣​៧​ដុល្លារ អាមេរិក ក្នុងមួយខែ ពីវិស័យរោងចក្រកាត់ដេរ។តែសម្រាប់ ឃុន ណារី ប្រា​ក់ថា​ចំ​​ណូ​​លនេះ មិនអាចជួយឱ្យគ្រួសាររបស់នាង ដែលមានកូន៣នាក់ នៅក្នុងបន្ទុកមានជីវភាព​រស់​នៅ​​ដោ​​​យ​ស​ម​រម្យ​នោះឡើយ ព្រោះការចំណាយប្រចាំថ្ងៃ ក៏មានទំហំធំជាងនេះដែរ។

អ្នកស្រីនិយាយថា៖ « ការចំណាយប្រចាំថ្ងៃ គឺជាផលលំបាកខ្ញុំក៏ខ្លាំងដែរ បើយើងអត់លុយ គឺយើងនឹងអត់អាហារហូបហើយ នឹងមានអាហារមកពីណាសម្រាប់ផ្គត់ផ្គង់ប្រចាំថ្ងៃរបស់យើងហេ ចឹងអឺគឺសំខាន់ជាងគេ ញុមចង់បានតែអឺប្រាក់ខែច្រើន ហើយអឺផលវិបាកខ្លាំងជាងគេគឺបំណុលនឹងម៉ង ដែ​លផលលំបាកធំរបស់ញុម បានចប់ថ្នាក់ទី១២  ជាប់ មិនជាប់អីចឹងហ្ហាស់! ឱ្យត្រឹមថ្នាក់ទី១២នឹងទៅ  ព្រោះអត់លទ្ធភាពឱ្យរៀនតទៀតទេ »

Screenshot

ក្រោយស្វាមីចុះចោលផ្ទះរយៈពេល៣ឆ្នាំមកនេះ អម្រែកគ្រួសារទំាងអស់ត្រូវធ្លាក់ទៅលើអ្នកស្រី​ជាអ្នករាប់រង និង​រែក​ពុនតែ​ម្នាក់​ឯង​។នៅក្នុងផ្ទះ ដោយគ្មានស្វាមីជាខ្នងបង្អែក បានធ្វើឱ្យជម្រកមួយនេះ ហាក់មិនសូវរឹងម៉ាំដូចគេ ដូចឯងប៉ុន្មាននោះទេ។អ្នកស្រីបន្តតស៊ូរស់ក្រោមដំបូលផ្ទះធ្វើពីឈើមួយខ្នង ដែលមានសភាពទ្រុឌទ្រោមបន្តិចទៅហើយ។ហើយ​ផ្ទះដែលបាំងដោយជញ្ជាំងធ្វើពីឈើមានកា​ន់​ស្លែ​​​​​ដោយ​អន្លើផងនោះ គេសង្កេតឃើញមានស្នាមប្រះ និងធ្លុះធ្លាយ ដែលសឹង​អាចមើលឃើញ​ពីជ្រុង​ម្ខាង​​ទៅ​ជ្រុ​ងម្ខាងទៀតបាន។

រីឯដំបូលដែលប្រកពីស័ង្កសីពណ៌ក្រហម អមដោយទទឹកនៅពីខាងមុខវិញ មើលទៅស្ទើរនឹងធ្លា​ក់​​ចុះក្រោមទៅហើយ។ក្រៅពីសោភណ្ឌភាពផ្ទះ ដែលមានរបស់របរនៅរាយប៉ាយ ផ្នែកខាងមុខហើយ យូ​រ​ៗ​គេឮសំឡេងធុងប៉ាស់ បានបន្លឺសំឡេងដ៏កងរំពងចេញពីជ្រុងម្ខាទៀត ជះចូលក្នុងបរិវេណផ្ទះ ដែ​ល​​នាំ​​ឱ្យទីនេះមា​នស​ភា​​ពអ៊ូរអរ និងខុសសព្វមួយដង។​នៅមិនឆ្ងាយពីទីតាំងនេះប៉ុន្មាន គេសង្កេ​ត​​ឃើ​ញ​អគារជាច្រើនកំពុងតែរីកដុះដាលស្គឹមស្កៃ តូចធំ ខ្ពស់ទាបគួរជាទីគយគន់ ដែលខុសពីផ្ទះរ​បស់​អ្ន​ក​​ស្រី ឃុ​ន ណារី។

ជាកម្មការិនីរោងចក្រ ខ្វាន់ទុម ក្លូស៊ីង ជិត២០ឆ្នាំមកនេះ ណារី រៀបរាបថា រូបនាងបាន​ប្រឡូក​ក្នុងវិ​ស័​យ​វាយនភណ្ឌនេះ តាំងពីឆ្នាំ២០០៨មកម៉្លេះ។តាំងពីចូលបម្រើការងារ នៅក្នុងរោងចក្រកាត់ដេរ និង​សំ​​លៀកបំពាក់នៅឆ្នាំ២០០៨ មកដល់ពេលនេះ ចំណូលដែលបានមកពីវិស័យមួយ​នេះ នៅតែមិនទា​ន់​ឆ្លើ​​យតបទៅនឹងទំនិញចេះតែបន្តឡើងថ្លៃនៅលើទីផ្សារបាននៅឡើយ។និយាយបណ្តើរ ទឹកភ្នែក​ហូ​រ​​កា​ត់ផែនថ្ពាល់ទាំងគូររបស់នាងបណ្តើរ ណារី ឱ្យដឹងថា រាល់ថ្ងៃនេះ ក្រុមគ្រួសាររបស់នាងខំ​ចាយវា​យ​​ត្បិតត្បៀត និងបេះប៉ោចបំផុតហើយ ព្រោះតែចំណាយធំជាងចំណូល។ក្រៅពីនេះទៀត បន្ទុកកាន់​តែ​​​ធ្ងន់​​គឺនៅពេលកូនៗត្រូវប្រឈមមុខនឹងជំងឺឈើថ្កាត់ ឬដល់ពេលរដូវបុណ្យទៀនម្ដងៗ ចាំបាច់ត្រូវឆក់លិចឆក់កើត ដែលជាមូលហេតុត្រូវបង្ខំចិត្តឱ្យអ្នកស្រី ងាកទៅចងការឯកជនជារើយៗ។ហើយរូ​ប​​ភា​​ពបែបនេះកើតឡើងស្ទើររាល់ខែ។ដោយ​សា​រតែអំរែកដ៏ធ្ងន់បែបនេះហើយ នាំឱ្យ ឃុន ណារី ចេះតែបា​រម្ភពីបញ្ហាបំណុល ដែលអាចប្រឈមនឹងការមិនមានអ្វីដើម្បីដោះស្រាយបន្ទុកនេះបាននៅថ្ងៃ​ខាង​មុ​ខ។ 

អ្នកស្រីបន្តថា៖ « [..] ពេលដែលកូនឈើ ពេលដែលកូនអីក៏ពិបាកខ្លាំងដែរ ខ្ញុំផលលំបាកធំខ្លាំង និយាទៅ គឺផលលំបាកដែលខ្វះខាតប្រចាំថ្ងៃហ្នឹងតែម្តង។ជួនកាលខ្លះក៏មានពេលដាច់បាយដាច់ម្ហូប ហូ​​បតែបាយអត់ម្ហូបអញ្ចឹងក៏មានដែរ។យើងខ្វះពេក យើងខ្វះលុយទិញ។ បើយើងខ្វះលុយទិញហើយ យើងក៏អត់ហ៊ានទៅរកគេទៀត អញ្ចឹងយើងសុខចិត្តហូបតែបាយក៏បានដែរ ឱ្យតែមានទឹកត្រីញិចម្ទេស ហើយនឹងបុកអំពិល ខ្ញុំធ្លាប់ពេលដែលខ្ញុំដាច់លុយខ្លាំងគឺខ្ញុំបុកអំពិលម្ទេសខ្ទឹម ហើយអឺ​មានព​ងទាមួយគ្រាប់អីហ្នឹង ហើយខ្ញុំដាក់ទឹកត្រីទៅ ហើយខ្ញុំហូបបាយមួយកូនទៅចាស ផលលំបាកខ្លាំងរបស់ខ្ញុំ »

កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួង​ការ​ងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ ​បានចេញប្រកាសស្តីពីការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ស​ម្រាប់​កម្មករ​និយោជិត​ផ្នែក​វាយ​នភណ្ឌ កាត់​ដេរ ផលិត​ស្បែក​ជើង និង​ផលិត​ផលិត​ផល​ធ្វើ​ដំណើរ ​និង​កាបូប សម្រាប់​ឆ្នាំ​២០២៦។តាមរយៈសេចក្តីប្រកាសនេះ រដ្ឋា​ភិ​បាលសម្រេច​បន្ថែម​ទឹក​ប្រាក់​ចំនួន ២ដុល្លារអាមេរិក លើប្រាក់ខែគោល​ចំនួន ២០៨ ដុល្លារ​អាមេរិក ដែល​បាន​កំណត់​ដោយ​​​ក្រុម​ប្រឹក្សា​ប្រាក់​ឈ្នួលអប្បបរមា សម្រាប់ប្រាប់ឈ្នួល​​​កម្មករនិយោជិត​នៅ​ឆ្នាំ​២០២៦។ហើយការកំណត់ប្រាក់ឈ្នួល​អប្បបរមា​ថ្មី​នេះ នឹងត្រូវចាប់​អនុវត្ត​ចាប់ពី​ថ្ងៃទី​០១ ខែ​មករា ឆ្នាំ​២០២៦ តទៅ។

មិនមែនមានតែអ្នកស្រី ឃុន ណារី ទេដែលត្អូញត្អែរពីផលលំបាក ព្រោះតែចាយមិនគ្រប់ ដោយសារ​តែ​​ចំ​​ណូ​ល​ទាបជាងចំណាយ។កំពុងអង្គុយនៅបង់មុខផ្ទះ នាថ្ងៃសម្រាកពីការងារ ស្របពេលមេឃស្រ​អាប់ ពន្លឺព្រះអាទិត្យរៀបនឹងលិចផងនោះ ឃុត សុខា ឱ្យដឹងថា ក្រោយស្វាមីចុះចោលផ្ទះមក បាន​បន្ស​​​ល់​កូន៣នាក់ ដូច ឃុន ណារី ដែរ​នៅក្នុងបន្ទុករបស់អ្នកស្រីជា​អ្នករាប់រងទាំងស្រុ​ង។

ហាក់មិនខុ​សគ្នា​ពី​ ​ឃុន ណារី ប៉ុន្មាន​ដែ​រទេ ជាអ្នកភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ មេ​ម៉ាយកូនបីរូបនេះ រៀបរាប់ទៀត​ថាស​ព្វថ្ងៃ​នេះ រូបគេកំពុងបម្រើការឱ្យ​ចក្រកាត់ដេរសម្លៀកបំពាក​មួ​យ​​កន្លែងឈ្មោះ ជា ស៊ីណាត់ ដែលនៅមិ​នឆ្ងាយប៉ុ​ន្មា​ន​ពីផ្ទះនោះឡើយ។និយាយដោយសម្ដីម៉ាត់ៗ ហើ​យយូរៗគេឃើញ​ស្នាមជ្រួញនៅ​ត្រង់​ក​ន្ទុ​​​​​យ​ភ្នែកទាំងគូរ នៅពេលនាងញញឹមម្តងៗ ដោ​យ​ស្រដី​ថា​រូបគេពិតជាមាន​ភា​ព​​កក់ក្ដៅនឹងការងារនេះព្រោះវានៅកៀកនឹងផ្ទះស្រាប់។​ប៉ុន្តែបើពឹងផ្អែកលើ​ប្រា​ក់​​ខែ​គោ​ល២១០ដុល្លារ​អាមេរិ​​កមិនអាច​ដោះ​​​ស្រា​​យ​ជី​វភាប្រចាំថ្ងៃបានឡើយ ប្រសិនបើ សុខា មិន​ប្រឹ​ង​ថែ​មម៉ោង និងពុះ​ពា​រ​រកអ​ត្ថប្រយោជន៍​ផ្សេ​ង​ទៀ​​​​​​តមកជួយទប់នោះទេ។​សំខាន់ទាំងថ្លៃ​សិក្សា​របស់​កូ​ន​​ៗ និងការចាយ​វា​យ​ប្រចាំថ្ងៃ នៅលើ​រូប​គេ​ទាំ​ង​ស្រុង។ហេតុនេះ បើរដ្ឋាភិបាល តម្លើង​ប្រាក់​ខែ​គោ​ល​​ឱ្យបាន​ខ្ពស់​ជាង​នេះ​ប​ន្តិ​ចទៀត វាកាន់តែ​ប្រ​សើ​​រសម្រាប់ជីវិតអ្នកបម្រើការនៅក្នុងរោងចក្រ សហ​គ្រា​ស។

អ្នកស្រីបន្តថា៖« ប្រាក់ខែបើសិនបើបានច្រើនជាងនឹងតិចក៏វាល្អដែរ ព្រោះអីខ្ញុំ កូនខ្ញុំបីនាក់ ហើខ្ញុំរកម្នាក់ឯង កូនរៀនទំាងអស់ អញ្ចឹងហើយចំណាយលុយរៀន ចំណាយអីសព្វបែបយ៉ាង អឺការហូបចុកអីអញ្ចឹងហ្ហា យើងត្បិតត្បៀយបំផុត ហើយអត់ចង់គ្រប់ទៀតក្នុងមួយខែៗ »។

សព្វថ្ងៃនេះ មិនមែនមានតែកម្មកររោងចក្រ ដែលបានផ្តល់បទសម្ភាសន៍នេះទេ ដែលកំពុងជួប​បញ្ហា​ផ្នែ​កសេដ្ឋកិច្ចគ្រួសារ។ក្នុងន័យនេះ មានកម្មករជាច្រើននាក់ទៀត ដែលឆ្លងកាត់ការ​សម្ភាស​ន៍ឱ្យ​គេ​ហ​ទំ​ព័រ Press Start Cambodia ឱ្យដឹង​ក៏សុទ្ធ​តែ​​​បានអះអាងប្រ​ហាក់ប្រហែល​គ្នាថាចំនួនដែ​លរដ្ឋាភិបា​លកំ​ណ​​​ត់ប្រាក់ខែគោ​លក្នុងបរិមាណ​២ដុ​ល្លា​​រអាមេរិក ដូចឆ្នាំ២០២៦នេះ គឺ​មិនអាចឆ្លើ​យតបចំពោះ​អ​តិ​​ផរ​ណា​ នៃទំនិញនៅលើ​ទីផ្សារដែលចេះតែបន្ត​ឡើងថ្លៃឥតឈប់នេះ​បា​ន​​ឡើយ។

ងាកមកលំនៅឋានរបស់អ្នកស្រី ឃុត សុខា ឯណេះវិញ។ផ្ទះដែលសង់នៅតាមបណ្ដោយផ្លូវជាតិលេខ១ ចេញពីម្តុំច្បារអំពៅទៅ នៅពេលនេះជញ្ជាំងក្តារដែលធ្លាប់តែរឹងម៉ាំ បានប្រែពណ៌ទៅជាស្លកដោយ​ឥទ្ធិព​ល​​​អាកាសធាតុ។ណាមួយ ខ្លួនជាស្រ្តីមេម៉ាយផង ម៉្លោះហើយពិតជាមិន​មានកម្លាំងម៉ាំ​ទំាដូច​ជា​បុរស ក្នុងការថែទាំផ្ទះសម្បែងប៉ុន្មាននោះឡើយ។​រីឯនៅជ្រុងម្ខាងនៃផ្ទះដែលហ៊ុំព័ទ្ធ​ទៅដោយដើមចេ​ក​​ស្អេ​កស្កះ បង្កើតបានជាពណ៌បៃតងខៀវខ្ចី ដ៏សែ​ន​​មនោរម្យ នាសិសិររដូវនេះ។

ជុំវិញការត្អូញត្អែររបស់កម្មករ នៅក្នុងវិស័យវាយនភណ្ឌរោងចក្រកាត់ដេរនេះ អ្នកនាំពាក្យក្រសួងកា​រ​ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  ​លោក ស៊ុន មេសា បដិសេធក្នុងការផ្តល់ការអត្ថាធិប្បាយ ដោយលោ​ក​​​អះ​អាងដោយខ្លីថា ទាកទិនស្ថានភាពការកំណត់ប្រាក់ឈ្នួលនេះ ខ្លួនធ្លាប់បានលើកឡើងច្រើនដង​ម​កហើយ។បន្ថែមពីលើនេះ អ្នកនាំពាក្យរូបនេះ ស្នើឱ្យទៅពិនិត្យមើល អ្វីដែលលោកបាននិយាយ នៅលើបណ្តាញសង្គមវិញចុះ វាមានភាពពិស្តារជាង ហើយអាចយកជាការបានផង។

លោកបន្តថា៖ « ចង់សួរពីប្រាក់ឈ្នួលកម្មករចាយគ្រប់គ្រាន់ឬអត់? អាចទៅដកស្រង់ខ្លឹមសារពីហ្វេកប៊ុកខ្ញុំបាន »។

ប្រធានសម្ព័ន្ធ​សហជីព​កម្ពុជា ​(CATU) លោកស្រី យ៉ាង សោភ័ណ្ឌ អះអាងថា ប្រាក់​ឈ្នួល​បច្ចុប្បន្ន​​​របស់​​កម្មករនេះ នៅ​​ពុំ​​ទា​ន់ឆ្លើ​យ​តប​ទៅ​នឹង​ការរស់នៅរបស់ពួកគេនៅឡើយទេ ព្រោះកម្មករត្រូវទទួលខុស​ត្រូវ​ចំពោះ​គ្រួសារលើការចំណាយ មិនមែនត្រឹមតែដើម្បីជីវភាពរបស់ពួកគេនោះទេ។លើសពីនេះទៅ​ទៀ​ត​កម្មករកាន់​តែ​កើ​នបំណុល ស្រ​​បពេលដែលប្រាក់ខែកម្មករមិនទាន់បានតម្លើងឱ្យសមរម្យ។

បើតាមលោកស្រី យ៉ាង សោភ័ណ្ឌ ក្នុងនាមសហជីពដែលការពារផលប្រយោ​ជន៍សម្រាប់កម្មករនិ​យោ​​ជិត ស្នើឱ្យមានយន្តការជាក់លាក់មួយ ទៅលើបញ្ហាប្រ​ឈម និងតម្រូវការរបស់កម្មករនិយោជិតជាក់ស្ដែង ក្នុងការធានាតម្លាភាពដល់ពួ​ក​គេ និងបង្ហាញសុក្រឹតភាពនៃភាគីពាក់ព័ន្ធ។

ប្រភពបន្តថា៖« [..] កម្មករនិយោជិតទទួលបានប្រាក់ឈ្នួលហ្នឹងគាត់អឺ ផ្គត់ផ្គង់ជីវភាពអ្នកនៅក្នុងប​ន្ទុ​កគ្រួសាររបស់គាត់ ត្រូវមើលថែទាំពេលគាត់ឈឺថ្កាត់ ត្រូវចំណាយការសិក្សា ការស់នៅរបស់គាត់ អា​ហា​រហូបចុកផ្សេងៗ គួរតែមានការសិក្សាស្រាវជ្រាវត្រីភាគីឱ្យបានច្បាស់លាស់ ដើម្បីធ្វើការតម្លើងប្រា​ក់​ឈ្នួលរបស់កម្មករនិយោជិតវាស្របទៅនឹងច្បាប់ ស្របទៅនឹងបរិបទ បច្ចុប្បន្នភាព អឺនៃស្ថានភា​ព​ប​ច្ចុ​ប្បន្ន អីចឹងទៀត ដែលធ្វើឱ្យយើងអាចនិយាយបានថា នៅពេលយើងសិក្សាច្បា​ស់លា​ស់​ចឹង​​ទៅ ក​ម្ម​​ករនិយោជិតរបស់យើងទទួលយក »

ទាក់ទិនគោលនយោបាយ នៃការកំណត់ប្រាក់ឈ្នួលសម្រាប់កម្មករនិយោជិត នៅក្នុងវិស័យវាយ​នភ័​ណ្ឌ​​រោងចក្រកាត់ដេរនេះ កាល​ពី​ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ អង្គការ​សង្គមស៊ីវិល និង​សហជីពចំនួន ២៧​ស្ថាប័ន បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​​ពិចារណា​ដំ​ឡើង​ប្រាក់​ឈ្នួល​អប្បរមាកក្នុងកម្រិតដែលទាប ២៣២​ដុល្លារ​អា​មេរិក​ ក្នុងមួយខែសម្រាប់​ឆ្នាំ​២០២៦។ការទាមទារនេះ ដោយពួកគេលើក​ហេតុ​ផលថា ​ប្រាក់​ឈ្នួលប​ច្ចុប្បន្ន មិន​ទាន់​អាច​បង្គ្រប់ត​ម្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​កម្មក​រ​និយោជិ​ត​បាន​នៅ​ឡើយ​ទេ។

ត្រឡប់ទៅរក អ្នកស្រី ឃុត សុខា​​ ឯណេះវិញ នៅពីក្រោយអម្រែកនៃ​ការរាប់រងការចំណាយជាច្រើនរប​ស់កម្មករ អ្នកស្រីចង់ឃើញ រដ្ឋាភិបាល និងភាគីពាក់ព័ន្ធពិនិត្យមើល និងជួយអន្តរាគមពីទុក្ខលំ​បាករ​បស់កម្មករដែលកំពុងតែជួបបញ្ហាប្រឈមឱ្យទទួលបានការរស់នៅសមរម្យផង។បើមិនដូចនោះទេ កម្មករនឹងកាន់តែលំបាក ហើយអ្វីដែលសំខាន់នឹងត្រូវប្រឈមការជាប់បំណុលថែមទៀត។

នាងនិយាយថា៖ « មានតែសំណូមពរដល់រដ្ឋាភិបាល ក្រសួងពាក់ព័ន្ធហ្នឹង ឱ្យឡើងប្រាក់ខែសមរម្យឱ្យ​​ពួកខ្ញុំជាកម្មករឱ្យរស់បានស្រួលដូចគេហង! ហត់ណាស់ធ្វើការ៨ម៉ោង ដល់ពេលប្រាក់ខែប៉ុណ្ណឹ​ង ធើការមិនទាន់ឱ្យគេជេរ គេស្ដីឱ្យយើងទៀត។ មិនមានអីទេ មានតែសំណូមពរដល់ពួកគាត់ ឱ្យ​ជួយមើ​​លដល់ពួកខ្ញុំផងជាកម្មករ»

អត្ថបទដោយ៖ យ៉ឹង នីម, ឈឺន ឈន់ និងឃុត ពិសី