ស្ត្រីមកពីវិស័យផ្សេងៗគ្នា បានប្រមូលផ្តុំប្រារព្ធទិវានារីអន្តរជាតិលើកទី១១៥ ក្រោមប្រធានបទ “អនុវត្តសិទ្ធិសេរីភាព ដើម្បីយុត្តិធម៌ និងសេចក្តីថ្លៃថ្នូរសម្រាប់ស្ត្រី និងក្មេងស្រី” នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងរាជធានីភ្នំពេញ ដោយអំពាវនាវឱ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ដោះស្រាយបញ្ហាប្រឈមនានា ដែលពួកគេកំពុងជួបប្រទះនៅក្នុងវិស័យការងារ សេដ្ឋកិច្ចនិងសិទ្ធិសេរីភាព។
នៅក្នុងការប្រារព្ធពិធីនាព្រឹកថ្ងៃអាទិត្យនេះ ដែលមានអ្នកចូលរួមប្រមាណ ៥០០នាក់ ក៏មានការចូលរួមការសម្ដែងមតិ ចែករំលែកបទពិសោធន៍ និងលើកសំណូមពរទៅកាន់រដ្ឋាភិបាលនិងភាគីពាក់ព័ន្ធពីតំណាងសហជីព និងសមាជិកសហជីព ដែលមកពីស្ថាប័នខុសៗគ្នា រួមមានកម្មករផ្នែកសេវាកំសាន្ដ កម្មករផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ កម្មករផ្នែកសេវាកម្មនិងទេសចរណ៍ កម្មករវិស័យសំណង់ កម្មកររោងចក្រកាត់ដេរ សហគមន៍ក្រីក្រ និងយុវជនផងដែរ។
កញ្ញា ជួប រដ្ឋា តំណាងកម្មករមកពីវិស័យទេសចរណ៍ និងជាកូដករណាហ្គាវើលបានរៀបរាប់ទុក្ខលំបាករបស់ខ្លួនទាំងទឹកភ្នែកថា ក្នុងការធ្វើកូដកម្មអស់រយៈពេល៤ឆ្នាំមកនេះ កញ្ញានិងកូដករផ្សេងទៀតរងការធ្វើបាបពីសំណាក់អជ្ញាធរ ហើយមកដល់ពេលនេះ នៅមិនទាន់ទទួលបានដំណោះស្រាយនៅឡើយ។ កញ្ញា រដ្ឋា បន្តថា ការសម្របសម្រួលនិងដោះស្រាយកន្លងមកហាក់ដូចជាធ្វើដើម្បីបង្គ្រប់កិច្ចតែប៉ុណ្ណោះ។
កញ្ញា ជួប រដ្ឋា និយាយថា ៖ «ក្នុងនាមខ្ញុំជាកម្មករដែលធ្វើការនៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៍ជាមួយនឹងកូដករដទៃទៀត ដែលភាគច្រើនសុទ្ធតែជាស្រ្ដី គឺរងការធ្វើបាប ការរារាំងពីអជ្ញាធរ សមត្ថកិច្ចរបស់រដ្ឋខ្លាំងមែនទែន ហើយមានទាំងស្ត្រី ដែលគាត់ត្រូវបាត់បង់កូននៅក្នុងផ្ទៃ ហើយមានទាំងអ្នកដែលត្រូវអជ្ញាធរវ៉ៃឱ្យដួលសន្លប់នៅកណ្ដាលថ្នល់អីជាដើម» ។
អ្នកស្រី ប៉េង សុខឃីម ជាតំណាងកម្មករសំណង់បានឡើងថ្លែងនៅលើវេទិកាបញ្ចេញមតិទាក់ទងនឹងផលលំបាកនៅក្នុងវិស័យការងាររបស់អ្នកស្រីដែរ ដោយអ្នកស្រីត្អូញត្អែរអំពីបញ្ហាការទទួលបានប្រាក់ឈ្នួលយឺតយ៉ាវ ការគ្មានប័ណ្ណ ប.ស.ស និងកង្វះខាតឧបករណ៍ការពារសុវត្ថិភាពផ្សេងៗ។
អ្នកស្រីនិយាយថា ៖ «តំណាងឱ្យបងប្អូនទាំងអស់គ្នាព្រោះអត់មានប័ណ្ណ ប.ស.ស ច្រើនណាស់ ហើយប្រាក់ឈ្នួលក៏រាងយ៉ាប់យឺនដែរ ព្រោះគាត់បោកប្រាស់ចឹង។ ខាងសំណង់អត់មានអីត្រូវនិយាយទេ សូម្បីគ្រឿងសុវត្ថិភាពក៏អត់សូវមានឱ្យពួកខ្ញុំប្រើប្រាស់ដែរ»។
អំឡុងពេលប្រារព្ធទិវានេះដែរ ក៏មានការត្អូញត្អែរនិងអំពាវនាវពីអ្នកចូលរួមជាស្រ្តីជាកម្មការិនីរោងចក្រអំពីការរឹតត្បិតសេរីភាព ការរើសអើង បញ្ហាសុខភាព បញ្ហាសេដ្ឋកិច្ច ដែលពួកគាត់ជួបប្រទះផងដែរ។
អ្នកស្រី យន់ សាវី អាយុ៣៥ ជាកម្មការិនីរោងចក្រកាត់ដេរ បានប្រាប់ Press Start Cambodia ថា អ្នកស្រីចូលរួមប្រារព្ធទិវានារីអន្តរជាតិជារៀងរាល់ឆ្នាំតាមរយៈសហព័ន្ធសហជីពកម្ពុជា (CATU) ហើយថា អ្នកស្រីមកចូលរួមទិវានេះ ដោយសារចង់រក្សាការពារសិទ្ធិមួយនេះ ព្រោះជាស្រ្តីឬក្មេងស្រីតែងតែមានការប្រឈមនឹងការគំរាមកំហែងពីអ្នកដទៃ និងមានការមាក់ងាយច្រើន។ អ្នកស្រីស្នើឱ្យរដ្ឋាភិបាលមានដំណោះស្រាយចំពោះបញ្ហាទាំងនេះ។
អ្នកស្រី យន់ សាវី និយាយថា៖«ចង់ឱ្យគាត់ដោះស្រាយ រឹតត្បិត ព្រោះមិនចង់ឱ្យស្រ្តីនិងក្មេងស្រីរងការគំរាមកំហែង។ សិទ្ធិនារីជាមាតាពិភពលោក»។
អ្នកស្រី វ៉ាន់ ថាណា ជាកម្មការិនីរោងចក្រម្នាក់ទៀតបាននិយាយថា នេះ គឺជាឱកាសល្អមួយ ដែលមានការប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិលើកទី១១៥ ហើយក៏ចង់ឱ្យបងប្អូនផ្សេងទៀតមកចូលរួម ដើម្បីការពារសិទ្ធិនារី និងចង់ឱ្យសិទ្ធិនារីមានការរីកចម្រើនជាងនេះ ដោយមិនចង់ឱ្យមានតែក្នុងច្បាប់ ប៉ុន្តែចង់ឱ្យមានការអនុវត្តជាក់ស្តែងផងដែរ។
មិនខុសពីអ្នកចូលរួមផ្សេងទៀត អ្នកស្រី វ៉ាន់ ថាណា បានត្អូញត្អែអំពីប្រឈមក្នុងសេដ្ឋកិច្ចគ្រួសារ ព្រោះការចំណាយលើម្ហូបហារ និងថ្លៃឈ្នួលផ្ទះខ្ពស់ បើទោះបីជាអ្នកស្រីខំប្រឹងប្រែងធ្វើការដេរយកបុងខោ ដើម្បីបានប្រាក់ចំណូលច្រើនក៏ដោយ។
អ្នកស្រី វ៉ាន់ ថាណា និយាយថា៖«ប្រាក់ចំណូលច្រើន តែនៅតែមិនគ្រប់គ្រាន់ក្នុងការចំណាយច្រើនលើការហូបចុក ផ្ទះជួល»។ អ្នកស្រីបន្តថា៖«នៅកន្លែងការងារស្ទើរតែគ្មានពេលទៅបន្ទប់ទឹកផង។ ម្នាក់ៗខំប្រឹង ដើម្បីរកចំណូលឱ្យបានច្រើន។ ចឹងវាប្រឈមបញ្ហាសុខភាព»។
ស្រ្តីរូបនេះក៏បានអំពាវនាវទៅកាន់ក្រសួងពាក់ព័ន្ធនិងរដ្ឋាភិបាលឱ្យចុះទៅត្រួតពិនិត្យសួររកព័ត៌មានជាក់ស្តែងពីបងប្អូនកម្មករ និងយកកង្វល់របស់ពួកគាត់មកដោះស្រាយ។
កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពក្រុមហ៊ុនណាហ្គា វើលដ៍ (LRSU) ក៏បានលើកឡើងអំពីបញ្ហាវិវាទការងារនៅណាហ្គាវើលដ៍ផងដែរ ដែលបានអូសបន្លាយរយៈពេល៤ឆ្នាំមកហើយ ដោយសំណូមពរឱ្យមានដំណោះស្រាយ ដូចអ្វីដែលរដ្ឋាភិបាលតែងរំឭកអំពីការមិនទុកស្រ្តីណាម្នាក់ចោល និងផ្តោតសំខាន់លើវត្តមានរបស់ស្រ្តីនោះ។
កញ្ញា ស៊ីថរ បន្តថា វិវាទនៅណាហ្គាវើលនេះ បានធ្វើឱ្យប្រទេសកម្ពុជាមានកេរ្តិ៍ឈ្មោះមិនល្អនិងសូមឱ្យរាជរដ្ឋាភិស្វែងរកដំណោះស្រាយ ដោយទូទាត់សំណង ដើម្បីកសាងកេរ្តិ៍ឈ្មោះប្រទេសឡើងវិញ។
កញ្ញា ឈឹម ស៊ីថរ និយាយថា៖« សូមឱ្យរាជរដ្ឋាភិបាលដោះស្រាយវិវាទនៅណាហ្គានេះ។ ស្រួលទេ គឺឱ្យគាត់ចូលធ្វើការវិញឱ្យអស់ ទូទាត់ប្រាក់សំណងឱ្យគាត់ចាប់ពីថ្ងៃដែលគាត់ចេញបាតុកម្មរហូតដល់ថ្ងៃគាត់ចូលធ្វើការវិញ។ រឿងអ្វីៗនឹងត្រូវបានកែប្រែ។ មុខមាត់របស់ប្រទេសយើងនឹងល្អឡើងវិញ»។
ចំណែកប្រធានសហព័ន្ធសហជីពកម្ពុជា លោកស្រី យ៉ាង សុភ័ណ្ឌ បានលើកឡើងថា ស្ត្រីកំពុងប្រឈមនឹងបញ្ហាមួយចំនួនរួមមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិស្ថិតក្នុងការរឹតត្បិតនៅឡើយ និងលំហក្នុងការអនុវត្តសិទ្ធិជាមូលដ្ឋាននៅមានភាពតូចចង្អៀត។
លោកស្រីនិយាយថា ៖ « ការរើសអើងប្រឆាំងលើស្ត្រីនៅតែកើតឡើងបន្ដបន្ទាប់ ដែលជាបញ្ហាត្រូវទាមទារឱ្យមានការយកចិត្តទុកដាក់» ។
លោកស្រីបន្តថា ក្រោយសេដ្ឋកិច្ចមានការធ្លាក់ចុះ កម្មការិនីរោងចក្រកាត់ដេរ និងនិយោជិកជាច្រើននាក់បាត់បង់ការងារធ្វើ ឬ ត្រូវបានបញ្ឃប់ពីការងារដោយមិនទទួលបានសំណងស្របនឹងច្បាប់ការងារ ដែលធ្វើឱ្យមានបញ្ហាជីវិភាពនិងខ្លះបង្ខំចិត្តខ្ចីប្រាក់ពីក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុឯកជនធ្វើឱ្យបំណុលកើនឡើង។
ឆ្លើយតបនឹងសំណូមនិងការលើកឡើងរបស់អ្នកតំណាងទាំងនេះ លោកស្រី សួស ស៊ីនួន ជាអនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវីជ្ជាជីវៈ ដែលមានវត្តមាននៅកម្មវិធីផ្ទាល់ បានឆ្លើយតបថា លោកស្រីនឹងទទួលយកការលើកឡើងផ្សេងៗ ហើយខាងក្រសួងនឹងយកបញ្ហានេះទៅសិក្សាបន្ដដើម្បីរកដំណោះស្រាយសម្រាប់គ្រប់ភាគី។
លោកស្រីមានប្រសាសន៍ថា៖ “យើងនឹងធ្វើការរួមគ្នា ហើយសម្លេង ដែលបងប្អូននិយាយថ្ងៃនេះ ត្រូវបានឮ ហើយពួកយើងនឹងមានការសហការ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាអាណាព្យាបាល។ យើងតែងតែយកចិត្តទុកដាក់គ្រប់យន្តការទាំងអស់“។
គិតត្រឹមឆ្នាំ២០២៥ ឧស្សាហកម្មកាត់ដេរ និងដេរស្បែកជើងនៅកម្ពុជាបានរួមចំណែកច្រើនជាង១ភាគ៣ នៃផលិតផលសរុបក្នុងស្រុក ហើយនៅតែជាវិស័យដែលស្រូបយកកម្លាំងពលកម្មច្រើនបំផុត ដោយរោងចក្រសរុប ១៦០៨ កន្លែង ផ្តល់ការងារដល់កម្មករ ៩៣០ ០០០នាក់ ដែលក្នុងនោះជិត ៧០ ០០០០នាក់ គឺជាស្ត្រី។ នេះបើយោងតាមរបាយការណ៍វិនិយោគអាស៊ានឆ្នាំ២០២៥៕
អត្ថបទដោយ៖ រ៉ា ជឺយ៉ាង& សារី លីហ្សា

