ក្រសួងសេដ្ឋកិច្ចសហរដ្ឋអាមេរិកបានសម្រេចចាត់វិធានការលើទីតាំងឆបោកអនឡាញនៅតំបន់អាស៊ីអាគ្នេយ៍ដែលក្នុងនោះមាន១០ទីតាំងស្ថិតនៅក្នុងប្រទេសកម្ពុជា ដែលភាគច្រើន គឺជាកាស៊ីណូ ដែលកាន់កាប់ដោយជនជាតិចិន ក្រោយពីប្រទេសមហាអំណាចមួយនេះរកឃើញថា ពលរដ្ឋរបស់ខ្លួនបានខាតបង់ប្រាក់ជាង១០ពាន់លានដុល្លារ កាលពីឆ្នាំ២០២៤។
តាមរយៈសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសនៃក្រសួងសេដ្ឋកិច្ចសហរដ្ឋអាមេរិក បញ្ជាក់ថា ការចាត់វិធានការចំពោះបណ្ដាញឆបោកតាមអនឡាញនៅតំបន់អាស៊ីអាគ្នេយ៍រួមមាន៩ទីតាំងនៅប្រទេសមីយ៉ាន់ម៉ា និង១០ទីតាំងនៅប្រទេសកម្ពុជា ដែលទីតាំងទាំងនោះ ភាគច្រើនបានសាងសង់ជាកាស៊ីណូ ប៉ុន្តែបានប្រែក្លាយជាទីតាំងឆបោកលើការវិនិយោគរូបិយប័ណ្ណឌីជីថល។
នៅក្នុងចំណោមទីតាំងឆបោកនៅក្នុងប្រទេសកម្ពុជាដែលរងការចោទប្រកាន់មានកាស៊ីណូ Golden Sun Sky Casino and Hotel នៅក្រុងព្រះសីហនុ ដែលមានទំនាក់ទំនងជាមួយអ្នកជំនួញជនជាតិចិនឈ្មោះ Dong Lecheng ដែលកន្លងមកធ្លាប់ត្រូវបានកាត់ទោសពីបទលាងលុយនៅប្រទេសចិនកាលពីឆ្នាំ២០០៨។ ក្រុមហ៊ុនមួយទៀតឈ្មោះ KB Hotel ដែលកាន់កាប់ដោយឈ្មោះ Xu Aimin ដែលក៏ជាម្ចាស់គ្រប់គ្រងការិយាល័យ សណ្ឋាគារ និងកាស៊ីណូ ដែលជាកន្លែងប្រព្រឹត្តករណីឆបោករូបិយប័ណ្ណឌីជីថល។ ឈ្មោះ Xu Aimin ដែលទទួលបានសញ្ជាតិខ្មែរ ធ្លាប់ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល១០ឆ្នាំនៅប្រទេសចិនកាលពីឆ្នាំ២០១៣ ដោយសារបើកល្បែងអនឡាញខុសច្បាប់។
សេចក្ដីប្រកាសព័ត៌មានដដែលឱ្យដឹងទៀតថា អាមេរិកក៏កំពុងចាត់វិធានការលើករណីឆបោករូបិយប័ណ្ណឌីជីថល នៅក្រុងបាវិត នៃខេត្តស្វាយរៀងផងដែរ។ ឈ្មោះ Chen Al Len ជាសមាជិកនៃក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន K B Hotel ហើយក៏ជានាយកក្រុមហ៊ុន Heng He Bavet Property Co. Ltd. មានកាស៊ីណូ និងអគារមួយចំនួននៅក្រុងបាវិត ដែលជាប់ពាក់ព័ន្ធករណីឆបោករូបិយប័ណ្ណឌីជីថល និងការប្រើកម្លាំងពលកម្មដោយបង្ខំ។ សហនាយកនៃក្រុមហ៊ុននេះ គឺឈ្មោះ Su Liangsheng ដែលក៏មានតួនាទីនៅក្នុងក្រុមប្រឹក្សានាយកនៃក្រុមហ៊ុន M D S Heng He Investment Co. Ltd. ផងដែរ។
ក្រុមហ៊ុន M D S Heng He Investment Co. Ltd. គឺជាអ្នកបង្កើតឱ្យមានការឆបោករូបិយប័ណ្ណឌីជីថល នៅខេត្តពោធ៍សាត់ផងដែរ។ ប្រភពដដែលអះអាងថា ក្រុមហ៊ុននេះក៏ជាប់ពាក់ព័ន្ធនឹងលោកអ្នកឧកញ៉ា ទ្រី ភាព ដែលមានតួនាទីជាប្រធានក្រុមហ៊ុន។ ជាងនេះទៅទៀត ឈ្មោះ Chen Al Len និង Su Liangsheng គឺជាម្ចាស់ភាគហ៊ុនមួយផ្នែកធំនៅក្នុងក្រុមហ៊ុន HH Bank Cambodia plc (HH Bank) ជាគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា។
លោក John K. Hurley អនុរដ្ឋមន្ត្រីទទួលបន្ទុកផ្នែករតនាគារសម្រាប់អំពើភេរវកម្ម និងចារកម្មហិញ្ញវត្ថុ ត្រូវបានស្រង់សម្តីក្នុងសេចក្ដីប្រកាសព័ត៌មាននេះថា ករណីឆបោក ដែលមានមូលដ្ឋាននៅតំបន់អាស៊ីអាគ្នេយ៍នេះ បានធ្វើឱ្យពលរដ្ឋអាមេរិកខាតបង់ប្រាក់ជាង១០ពាន់លានដុល្លារកាលពីឆ្នាំ២០២៤ ដែលចំនួននេះបានកើនឡើង៦៦ភាគរយ បើធៀបនឹងឆ្នាំ២០២៣។
លោកបន្តថា៖ «ឧស្សាហកម្មឆបោកតាមប្រព័ន្ធអនឡាញ មិនត្រឹមតែបានគំរាមកំហែងសុខុមាលភាព និងសន្តិសុខហិរញ្ញវត្ថុរបស់ពលរដ្ឋអាមេរិកប៉ុណ្ណោះទេ តែឧស្សាហកម្មនេះ ថែមទាំងបង្ខំឲ្យពលរដ្ឋរាប់ពាន់នាក់ក្លាយជាទាសករសម័យទំនើប»។
ចំណាត់ការរបស់អាមេរិកបានបន្ថែមទម្ងន់ទៅលើការចោទប្រកាន់យូរមកហើយថា កម្ពុជាបានក្លាយជាទីតាំងមួយរបស់ក្រុមឧក្រិដ្ឋជនឆបោកអនឡាញនិងសកម្មភាពជួញដូរមនុស្ស។ កន្លងមកក្រុមអង្គការសិទ្ធិមនុស្សបានព្រមានថា ទីតាំងអាគារមួយចំនួននៅក្រុងព្រះសីហនុ ក្រុងបាវិតនិងនៅទីប្រជុំជនផ្សេងទៀតរក្សាទុកពលករបរទេសរាប់ពាន់នាក់ ដោយបង្ខំពួកគេឱ្យធ្វើសកម្មភាពឆបោកអនឡាញក្រោមការគំរាមប្រើហិង្សា។
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានប្រាប់ Press Start Cambodia កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ថា ការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមបច្ចេកវិទ្យា ឬ Online Scam គឺជាភារកិច្ចរបស់កម្ពុជា ដែលជាម្ចាស់ប្រទេស ប៉ុន្តែលោកស្រីក៏ផ្តល់សារៈសំខាន់ចំពោះកិច្ចសហការជាមួយសហរដ្ឋអាមេរិកនិងស្ថានទូតបរទេសផ្សេងទៀតផងដែរ។
លោកស្រីថា៖ «ខ្ញុំគិតថា រឿងសហប្រតិបត្តិការយើងមិនចេះតែធ្វើទេ រឿងការបង្រ្កាប គឺជាភារកិច្ចរបស់អាជ្ញាធរនៃម្ចាស់ប្រទេស”។
លោកស្រីបន្ថែមថា “យើងមិនសហការតែសហរដ្ឋអាមេរិកទេ សូម្បីតែស្ថានទូតនានា ក៏មានប្រជាជនគេត្រូវបានប្រមូលត្រូវបានរកឃើញ […] ចឹងកិច្ចសហការនៅក្នុងន័យដែល […] យើងបន្តធ្វើរហូត ដរាបណាមិនទាន់អស់យើងនៅតែធ្វើ»។
លោកស្រីបន្តថា ក្រសួងកំពុងរៀបចំសិក្ខាសាលាថ្នាក់ជាតិមួយ ដើម្បីទប់ស្កាត់បទល្មើឆបោកតាមអនឡាញដោយកំណត់យកយុទ្ធសាស្ត្រចំនួន៤ រួមមាន យុទ្ធសាស្ត្រទប់ស្កាត់ យុទ្ធសាស្ត្រអនុវត្តច្បាប់ ឬបង្ក្រាប យុទ្ធសាស្ត្រការពារជនរងគ្រោះ និងយុទ្ធសាស្ត្រកិច្ចសហការប្រតិបត្តិការជាតិ។
លោកស្រីមានប្រសាសន៍ថា៖ « យើងនឹងជំរុញការអនុវត្តន៍យុទ្ធសាស្រ្ត បង្ការទប់ស្កាត់របស់គណៈកម្មការជាតិនៅក្នុងចំណោមយុទ្ធសាស្រ្តទាំង៤ ព្រោះយើងយល់ថា ការបង្ការទប់ស្កាត់ គឺជារឿងដែលមានផលប្រយោជន៍ជាចម្បង បើសិនជាយើងអាចការពារបង្ការការទប់ស្កាត់បាន គឺយើងនឹងមិនមានជនរងគ្រោះ។ យើងនឹងមិនមានជនល្មើសដែលធ្វើឱ្យបាត់បង់ធនធានមនុស្ស»។
តាមរយៈរបាយការណ៍ក្រសួងព័ត៌មាន បញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចាប់ថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានចំនួន ៣០៧៥ នាក់ ដែលមានស្ត្រីចំនួន ៦០៦ នាក់។ ក្នុងចំណោមជនសង្ស័យទាំងនោះ មានជនជាតិចិនចំនួន ១០២៨ នាក់ មានស្ត្រីចំនួន ៨៩នាក់។ ក្នុងប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សមត្ថកិច្ចក៏បានបោសសម្អាតទីតាំងប្រព្រឹត្តបទល្មើសសរុបបានចំនួន១៣៨ ទីតាំង ដែលក្នុងនោះ១៧ទីតាំង ស្ថិតនៅរាជធានីខេត្ត រួមមាន រាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ កំពង់ស្ពឺ បន្ទាយមានជ័យ ក្រចេះ ពោធិ៍សាត់ កំពត កោះកុង ឧត្ដរមានជ័យ ស្ទឹងត្រែង មណ្ឌលគីរី ប៉ៃលិន តាកែវស្វាយរៀង សៀមរាប និងខេត្តត្បូងឃ្មុំ។
បើទោះបីជាមានការបោះជំហានទាំងនេះក៏ដោយ ក៏អង្គការសិទ្ធិមនុស្សជាច្រើននៅតែអះអាងថា កម្ពុជានៅតែបរាជ័យក្នុងការដោះស្រាយបញ្ហាទាំងនេះ។ របាយការណ៍ដែលមានចំណងជើងថា «ខ្ញុំជាកម្មសិទ្ធិរបស់អ្នកដទៃ» (“I Was Someone Else’s Property”) របស់អង្គការលើកលេងទោសអន្តរជាតិ ចេញផ្សាយខែមិថុនា ឆ្នាំ២០២៥ ចោទប្រកាន់ថា រដ្ឋាភិបាលកម្ពុជាមិនអើពើនឹងការរំលោភបំពានសិទ្ធិមនុស្ស ដូចជាការជួញដូរមនុស្ស ពលកម្មដោយបង្ខំ ពលកម្មកុមារ និងទាសភាពនៅក្នុងការស្រាវជ្រាវរយៈពេល១៨ ខែ លើទីតាំងឆបោកជាង៥០កន្លែង និងតាមរយៈបទសម្ភាសជាមួយជនរងគ្រោះ និងសក្ខីភាពជាច្រើននៅទូទាំងប្រទេស។ របាយការណ៍ដដែលនេះអះអាងថា ប្រតិបត្តិការទាំងនេះភាគច្រើនដឹកនាំដោយបណ្តាញជនជាតិចិន ហើយក្នុងករណីជាច្រើន អាជ្ញាធរខ្មែរអាចដឹង ឬមានការជាប់ពាក់ព័ន្ធ។
យោងតាមសារព័ត៌មានខេមបូចា បានចុះផ្សាយកាលពីថ្ងៃទី ១៧ ខែកក្កដា បានសម្ភាសន៍ លោក Jacob Sims ជាអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលអាស៊ីនៃសាកលវិទ្យាល័យ Harvard ដែលសិក្សាអំពីបណ្តាញបទល្មើសឆ្លងដែន និងការពាក់ព័ន្ធរបស់រដ្ឋក្នុងប្រតិបត្តិការឆបោកនៅកម្ពុជាលើកឡើងថា ការចាប់អារម្មណ៍ទៅលើករណីតូចៗ ហើយមិនប៉ះពាល់ទៅលើទីតាំងបទល្មើសធំៗ គឺជាយុទ្ធសាស្ត្រដែលរៀបចំ ដើម្បីបង្ហាញថា មានសកម្មភាព ប្រសិនបើពេលតែមួយ ក៏នៅតែរក្សាឧស្សាហកម្មស្នូល និងផលប្រយោជន៍របស់អ្នកពាក់ព័ន្ធដែលមានអ្នកមានឥទ្ធិពល។
លោក Jacob Sims បានលើកឡើងបន្ថែមថា៖ «ទីតាំងជាច្រើនត្រូវបានកត់ត្រាដោយអង្គការ Amnesty International, Cyberscam Monitor, ការស៊ើបអង្កេតផ្ទាល់ខ្លួនរបស់ខ្ញុំ និងអ្នកផ្សេងទៀត ហើយទីតាំងខ្លះថែមទាំងធ្លាប់ត្រូវបានអាជ្ញាធរចុះទៅត្រួតពិនិត្យដោយគ្មានលទ្ធផលគួរឱ្យកត់សម្គាល់អ្វីឡើយ។ ទោះជាយ៉ាងណា ទីតាំងដែលគ្រប់គ្រង ឬប្រតិបត្តិការដោយអ្នកមានឥទ្ធិពលធំៗ ដែលមានទំនាក់ទំនងនយោបាយនៅតែមិនទាន់រងផលប៉ះពាល់»។
ជុំវិញករណីនេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ សង្កេតឃើញថា បញ្ហាឆបោកតាមអនឡាញនៅកម្ពុជានៅតែរីករាលដាល ទោះសហរដ្ឋអាមេរិកកន្លងមកធ្លាប់បានស្នើសុំឱ្យកម្ពុជាចាត់វិធានការក្នុងការទប់ស្កាត់ និងបង្រ្កាបក៏ដោយ ដែលនេះទំនងជាមូលហេតុដែលអាមេរិកសម្រេចចាត់វិធានការលើការឆបោកតាមអនឡាញនាពេលនេះ។
លោក អំ សំអាត មានប្រសាសន៍ថា “ប្រសិនបើបទល្មើសឆរបោកតាមប្រព័ន្ធអនឡាញ និងការជួញដូរមនុស្សនៅតែបន្តកើតឡើងច្រើននៅកម្ពុជា គឺអាចប៉ះពាល់ដល់មុខមាត់កម្ពុជា ភ្ញៀវទេសចរណ៍អន្តរជាតិ ប៉ះពាល់ការវិនិយោគ និងប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាពក្នុងសង្គម”។
លោកបន្តថា កន្លងមករដ្ឋាភិបាលបានបង្កើតគណៈកម្មការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាច្រើន ព្រមទាំងយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបលើករណីឆបោកតាមប្រព័ន្ធអនឡាញ និងការជូញដូរមនុស្ស ប៉ុន្តែដើម្បីឱ្យការបង្ក្រាបករណីឆបោកតាមអនឡាញកាន់តែមានប្រសិទ្ធិភាព រដ្ឋាភិបាលត្រូវពង្រឹងការអនុវត្តន៍ច្បាប់ ដោយគ្មានការលើកលែង លុបបំបាត់អំពើពុករលួយ និងសហការជាមួយប្រទេសនានា ដើម្បីប្រឆាំងបទល្មើសទាំងនោះ។
លោកបន្តថា៖ «ដើម្បីឱ្យមានប្រសិទ្ធិភាពគឺ ត្រូវអនុវត្តច្បាប់ដោយប្រសិទ្ធភាពគ្មានការយោគយល់ លើកលែង ទោះជនទាំងនោះមានឋានន្តរស័ក្តិប៉ុណ្ណាក៏ដោយ ឱ្យតែពាក់ព័ន្ធការឆបោកតាមប្រព័ន្ធអីអនឡាញ និងការជួញដូរមនុស្សត្រូវតែអនុវត្តតាមច្បាប់”។
ស្រដៀងគ្នានេះដែរ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា សង្កេតឃើញថា រដ្ឋាភិបាលបានយកចិត្តទុកដាក់បង្ក្រាបករណីឆបោកតាមអនឡាញជារឿយៗមកហើយ ប៉ុន្តែនៅតែមិនទាន់អាចលុបបំបាត់បានទាំងស្រុងដែលទាមទារឱ្យរដ្ឋាភិបាលកម្ពុជាបន្តសហការជាមួយអាមេរិក ដើម្បីភាពល្អប្រសើរផងដែរ។
លោកមានប្រសាសន៍ថា៖«ហើយបើសិនជាកម្ពុជាខ្វះការឆ្លើយតបឬខ្វះកិច្ចសហប្រតិបត្តិការល្អ ខ្ញុំគិតថាវាមិនមានផលល្អសម្រាប់រដ្ឋាភិបាលនាពេលបច្ចប្បន្នទេ […] ហើយវាមិនស្របទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាលអាណត្តិទី៧ទេ ព្រោះបច្ចុប្បន្នកំពុងតែបង្កើនទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក»។
យោងតាមរបាយការណ៍ឆ្នាំ២០២៤ នៃ គម្រោងប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា (Cambodia Counter Trafficking in Persons Project – CTIP) បានប៉ាន់ប្រមាណថា មានកន្លែងឆបោកតាមអនឡាញយ៉ាងហោចណាស់៣៥០ ទីតាំងកំពុងដំណើរការនៅទូទាំងប្រទេសកម្ពុជា ដែលមានពលករបរទេសប្រមាណ ១៥ម៉ឺននាក់ ដោយគិតចាប់ពីពាក់កណ្តាលឆ្នាំ២០២១មក។ ពលករបរទេសទាំងនោះត្រូវបានបង្ខំឱ្យធ្វើសកម្មភាពឆបោកអនឡាញក្រោមការឃ្លាំមើលនិងគំរាមកំហែង។
លោក ម៉ែន អេង ជាអភិបាលរងខេត្តស្វាយរៀង និងជាអ្នកនាំពាក្យបានប្រាប់ Press Start Cambodia ថា លោកកំពុងប្រមូលឯកសារនិងទិន្ន័យពាក់ព័ន្ធបញ្ហានេះ ហេតុនេះ លោកមិនទាន់អាចអត្ថាធិប្បាយបាននៅឡើយទេ។
លោកមានប្រសាសន៍ថា៖« ខ្ញុំឆ្លើយតបត្រឡប់ជូន ព័ត៌មានត្រូវមានទិន្នន័យជាក់លាក់ផ្តល់ជូន មិនមែនគ្រាន់តែជាការឆ្លើយ ដោយមិនមានភាពច្បាស់លាស់។ ខ្ញុំសុំពេលតិចអោយក្រុមកាងារធ្វើរបាយការណ៍ជូន»។
លោក ឃាង ភារម្យ អ្នកនាំពាក្យខេត្តព្រះសីហនុ និង លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ មិនអាចសុំការអត្ថាធិប្បាយជុំវិញរឿងនេះបានទេ គិតមកត្រឹមថ្ងៃទី១៩ ខែកញ្ញានេះ។
កាលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញបញ្ជាទៅកាន់ក្រសួង ស្ថាប័ន និងអាជ្ញធរពាក់ព័ន្ធរួមមាន មន្ត្រីយោធា នគរបាលជាតិ ឆ្មាំព្រំដែន និយ័តករល្បែងស៊ីសង និងភ្នាក់ងារផ្សេងៗទៀត ដាក់គោលដៅបង្ក្រាបទីតាំងប្រតិបត្តិការឆបោក និងឧក្រិដ្ឋកម្មពាក់ព័ន្ធ ដូចជាការជួញដូរមនុស្សជាដើម។
បទបញ្ជានេះសរសេរថា៖ «ការមិនអនុវត្តតាមបទបញ្ជា ឬមិនសហការអនុវត្តក្នុងរូបភាពណាមួយ ត្រូវជាកម្មវត្ថុក្នុងរូបភាពវាយតម្លៃក្នុងការតែងតាំង ផ្លាស់ប្ដូរ ឬបញ្ចប់មុខតំណែង»។
ក្នុងទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សកាលពីថ្ងៃទី២០ ខែសីហា ២០២៥ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងថា កម្ពុជាតែងតែយកចិត្តទុកដាក់ក្នុងការបង្ក្រាបការឆបោកតាមអនឡាញ ឬឧក្រិដ្ឋកម្មឆបោកតាមបច្ចេកវិទ្យាជានិច្ច ដោយក្នុងរយៈពេល១ ខែកន្លះចុងក្រោយនេះ ជនបរទេសចំនួន១៨លើ១៨សញ្ជាតិត្រូវបានបញ្ជូនទៅប្រទេសដើមកំណើតរបស់ពួកគេវិញ ដែលមានចំនួនសរុបជាង២៨០០នាក់ និងជាង១៥០០នាក់ទៀតនឹងត្រូវបណ្តេញចេញនាពេលខាងមុខ។
លោកមានប្រសាសន៍ថា ទម្រង់នៃការឆបោតាមបច្ចេកវិទ្យានៅកម្ពុជាមានទម្រង់ដូចជាការបង្កើតគណនីក្លែងក្លាយ ការស្នើកម្ចីក្លែងក្លាយ ការទិញទំនិញក្លែងក្លាយជាដើម ដែលនេះបានធ្វើឱ្យកម្ពុជាខាតបង់ថវិកាអស់មួយចំនួនធំផងដែរ។
លោក ស សុខា មានប្រសាសន៍ថា៖ «ឆ្នាំមុននេះ កម្ពុជាបានខាតបង់ប្រមាណជាង១៣លានដុល្លារ ដូច្នេះការឆបោកតាមអនឡាញនេះ គឺជាបញ្ហាពិភពលោក។ កុំសង្កត់ ឬមួយចង្អុលថា ជាកម្ពុជាតែម្នាក់ឯងគត់ កម្ពុជាគ្រាន់តែជាកោសិកាមួយក្នុងចំណោម កោសិកាដែលអាចបង្រ្គប់គ្នាបានក្នុងការបង្កើតជាក្រុមឆបោកមួយ។ មេខ្លោងមិនមែននៅកម្ពុជាទេ»។
លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល បដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែម ដោយលោកថា កិច្ចការទាំងនេះ ត្រូវទុកឲ្យក្រសួងជំនាញពាក់ព័ន្ធធ្វើការសិក្សា។
លោកមានប្រសាសន៍ថា ៖«មិនមានអត្ថាធិប្បាយអី្វទេ ទុកឲ្យក្រសួងជំនាញគេសិក្សាសិនណា»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ទូច សុខៈ និងអ្នកនាំពាក្យអគ្គស្នងការនគបាលជាតិ លោក ឆាយ គឹមឃឿន មិនអាចសុំការអត្ថាធិប្បាយបានទេគិតត្រឹមថ្ងៃសុក្រ ទី១៩ ខែកញ្ញា៕