សហរដ្ឋអាមេរិក បានសម្រចកំណត់អត្រាពន្ធបដិការលើទំនិញនាំចូលពីកម្ពុជា មកនៅត្រឹម ១៩% ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ខែសីហានេះ ក្រោយប្រទេសកម្ពុជា និងថៃ បានអនុវត្តតាមកិច្ចព្រមព្រៀងបទឈប់បាញ់ ក្រោមការសម្របសម្រួលរបស់ប្រធានាធិតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។
យោងតាមសំណេររបស់លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោក នៅព្រឹកថ្ងៃទី១ ខែសីហានេះ ឱ្យដឹងថា សហរដ្ឋអាមេរិក បានសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់អាមេរិកមកនៅត្រឹម ១៩% គឺមានការថយចុះ ៣០% បើប្រៀបធៀបជាមួយនឹងអត្រាពន្ធពីដំបូង ៤៩% ។ លោកថា នេះជាដំណឹងដ៏ល្អមួយសម្រាប់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចកម្ពុជា ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិតទៅមុខ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា៖ «ខ្ញុំសូមអរគុណឯកឧត្តមប្រធានាធិបតី Donald Trump ដែលឯកឧត្តមបានយកចិត្តទុកដាក់ដោយផ្ទាល់ នៅក្នុងការផ្ដួចផ្ដើម និងជំរុញឲ្យមានការឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់ដោយផ្ទាល់ រហូតដល់មានសន្តិភាពជាអចិន្ត្រៃយ៍ និងប្រក្រតីភាពនៃទំនាក់ទំនងរវាងកម្ពុជា-ថៃនៅពេលខាងមុខ។ បន្ថែមលើនេះ ឯកឧត្តមប្រធានាធិបតី ក៏បានផ្ដល់នូវការយោគយល់សម្រាប់កម្ពុជា ដោយបានផ្ដល់នូវឱកាសក្នុងការបន្តពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជានិងសហរដ្ឋអាមេរិកបន្តទៅទៀត»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានរំលឹកពីការសន្ទនាតាមទូរសព្ទជាមួយ លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៦ និងថ្ងៃទី២៨ ខែកក្កដាកន្លងទៅនេះ។
លោកថា អំឡុងពេលនោះ លោកបានលើកឡើងអំពីសារៈសំខាន់នៃសន្តិភាព និងការអភិវឌ្ឍប្រទេស ដោយសារកម្ពុជាទើបងើបពីសង្គ្រាមរ៉ាំរ៉ៃជាង ៥០០ឆ្នាំមកហើយ ហើយនិងបានស្នើអាមេរិកផ្ដល់ការយោគយល់ សម្រាប់ការបន្ធូរអត្រាពន្ធលើទំនិញនាំចូលពីកម្ពុជា ឱ្យនៅត្រឹមអត្រាទាបណាមួយ ដែលជួយឲ្យកម្ពុជាមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសជាតិ និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
ក្នុងសន្និសីទសារព័ត៌មានស្តីពី លទ្ធផលនៃការចចាកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី០១ ខែសីហានេះ លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) លើកឡើងថា អត្រាពន្ធគយថ្មីនេះ នឹងជួយឱ្យកម្ពុជា អាចប្រកួតប្រជែងនឹងប្រទេសជិតខាងបាន ដោយសារតម្លៃចំណាយលើកម្លាំងពលកម្មទាបនៅកម្ពុជា បើប្រៀបនឹងប្រទេសក្នុងតំបន់។
លោកមានប្រសាសន៍ថា៖ «ប៉ុន្តែសួរថា១៩នេះ កម្ពុជាអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបានឬទេ? ចម្លើយថា ប្រកួតប្រជែងបាន! ហើយអាចឈ្នះទៀត។ ហេតុដូចម្តេចបានខ្ញុំនិយាយដូច្នេះ? ដោយសារអត្រាស្មើគ្នា ប៉ុន្តែតម្លៃពលករយើងទាបជាង ពលករយើងមានវ័យក្មេងជាង ប្រទេសយើងនៅក្នុងកណ្តាលមហាតំបន់មេគង្គដែលមានកម្ពុជា មានវៀតណាម មានថៃ មានឡាវ មានភូមា មានផ្នែកខាងត្បូងរបស់ប្រទេសចិន មានប្រជាពលរដ្ឋ២៥០លាននាក់! យើងនៅចំកណ្តាល»។
ស្របពេលជាមួយគ្នា លោកឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេស ត្រលប់ចូលមាតុភូមិវិញ ដើម្បីជួយក៏សាងសេដ្ឋកិច្ចជាតិ ដោយលោកយល់ឃើញថា ការធ្វើការនៅក្រៅប្រទេស មិនបានជួយដល់សេដ្ឋកិច្ចជាតិខ្លួននោះឡើយ។
ក្នុងនោះដែរ លោកអះអាងថា រដ្ឋាភិបាល នឹងមានវេទិកាជជែកជាមួយក្រុមហ៊ុនឯកជន និងបណ្តាប្រទេសដទៃទៀត ទៅលើបញ្ហាប្រឈមនិងកាត់បន្ថយនីតិវិថីស្មុគស្មាញផ្សេងៗ ដើម្បីបង្កើតការងារឲ្យបានច្រើនដល់ប្រជាពលរដ្ឋ។
ទន្ទឹមគ្នានេះ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង មានប្រសាសន៍ថា អត្រាពន្ធគយថ្មី១៩ភាគរយនេះ ជាឱកាសសម្រាប់កម្ពុជាក្នុងការប្រកួតប្រជែងជាមួយបណ្តាប្រទេសជិតខាង បើទោះជាថ្លៃដឹកជញ្ចូននៅកម្ពុជានាពេលបច្ចុប្បន្នខ្ពស់ជាងគេបន្តិច តែទីផ្សារពលកម្មកម្ពុជាមានតម្លៃសមរម្យជាង ដែលអាចទាក់ទាញវិនិយោគមកក្នុងប្រទេសបន្ថែមទៀត។
លោកថា៖ «ដែលយើងមាន១៩ភាគរយនេះ យើងអាចប្រកួតប្រជែងបាន ដូច្នេះខ្ញុំជឿថា ការវិនិយោគកើនឡើង កម្លាំងទីផ្សារពលកម្មយើងត្រូវការកាន់តែច្រើន ដូច្នេះខ្ញុំជឿថា ប្រាក់ខែរបស់កម្មករនិយោជិកទាំងអស់នឹងឡើងទៅតាមហ្នឹង»។
ការកំណត់ពន្ធគយថ្មី ដែលសេតវិមាន បង្ហោះផ្សាយជាផ្លូវការនៅលើគេហទំព័ររបស់ខ្លួន (The White House) នៅថ្ងៃទី៣១ ខែកក្កដា ធ្វើឡើងរយៈពេលបីថ្ងៃ ក្រោយបទឈប់បាញ់រវាងកម្ពុជា និងថៃ បានចូលជាធរមាននៅយប់ម៉ោង១២យប់ថ្ងៃទី២៨ ខែកក្កដាកន្លងទៅ។
ចំពោះមុខការបន្ថយអត្រាពន្ធគយមកនៅត្រឹមចំនួន ១៩ភាគរយ ពីសំណាក់អាមេរិកនៅពេលនេះ មេដឹកនាំសហជីព និងសង្គមស៊ីវិល យល់ឃើញថា ជារឿងល្អសម្រាប់កម្ពុជា ជាពិសេសសម្រាប់កម្មករ ខណៈពួកគេក៏ចង់ឃើញមានការគិតគូរបន្ថែមទៀតពីបណ្តាប្រទេសដែលនាំចូលទំនិញពីកម្ពុជា។
ប្រធានសហជីពស្មារតីកម្មករខ្មែរប្រចាំរោងចក្រសិនតៃហ្គាមេន លោក កឹម សុភេន បានបង្ហាញការសាទរចំពោះការកំណត់ពន្ធបដិការថ្មីរបស់សហរដ្ឋអាមេរិក សម្រាប់កម្ពុជានេះ ដោយលោកថា អត្រាពន្ធបដិការថ្មី នឹងអាចជួយឲ្យកម្មករ ឬអ្នកធ្វើការងារផ្នែកឧស្សាហកម្មកាត់ដេរ បន្តការងាររបស់ពួកគេទៅមុខទៀត។
លោកលើកឡើង៖ «ក្នុងនាមខ្ញុំជាកម្មករ តំណាងឲ្យបងប្អូនកម្មករ គឺសប្បាយចិត្តខ្លាំងមែនទែន! ដោយសារតែយើងមើលឃើញថា ១៩ភាគរយនេះ គឺនៅអាចរក្សាការងារបាន នៅអាចបន្តកិច្ចការងារវិស័យឧស្សាហកម្មកាត់ដេររបស់យើងបានតទៅទៀត”។
ចំណែកឯ អ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា (CATU) យល់ឃើញថា អត្រាពន្ធគយថ្មី១៩ភាគរយ ជាតួរលេខមួយ ដែលមានការប្រដមប្រសងគ្នាជាមួយប្រទេសក្បែរខាង តែក៏ស្ថិតនៅក្នុងភាពល្អប្រសើរជាងមុន បើប្រៀបធៀបទៅនឹងអត្រាពន្ធ ៣៦ភាគរយពីមុន។ បន្ថែមពីនេះ អ្នកស្រីមើលឃើញថា ការលើកស្ទួយផ្នែកប្រជាធិបតេយ្យ សិទ្ធិមនុស្ស សិទ្ធិការងារ និងសិទ្ធិផ្សេងៗ នៅតែជាគន្លឹះអាចជួយឲ្យកម្ពុជាទទួលបានអត្រាពន្ធល្អប្រសើរផងដែរ។
អ្នកស្រីលើកឡើងថា៖ «ចឹងបើសិនណាទៅមុខទៀត រដ្ឋាភិបាលលោកព្យាយាមនៅក្នុងការ អាចថា វាជាការព្យាយាមក្នុងការកែសម្រួល ឬក៏សម្បទាន ឬក៏កែឥរិយាបទមួយចំនួន ទៅលើសិទ្ធិការងារ សិទ្ធិជាមូលដ្ឋាន សិទ្ធិផ្សេងៗ ខ្ញុំគិតថា វាអាចមានលក្ខណៈកែប្រែគួរឲ្យកត់សម្គាល់ដែរ»។
បច្ចុប្បន្ន បើប្រប្រៀបធៀបទៅនឹងប្រទេសក្បែរខាងរបស់ខ្លួន កម្ពុជាទទួលបានការបន្ធូរបន្ថយពន្ធគយល្អជាងវៀតណាមចំនួន ០១ភាគរយ ប៉ុន្តែស្មើនឹងថៃ ដោយមានចំនួន១៩ភាគរយដូចគ្នា ខណៈល្អប្រសើរជាងឡាវ និងមីយ៉ាន់ម៉ា ត្បិតប្រទេសទាំងពីរនេះត្រូវសហរដ្ឋអាមេរិកយកពន្ធលើទំនិញនាំចូលចំនួន ៤០ភាគរយដូចគ្នា។ នេះបើយោងតាមតារាងពន្ធគយបដិការដែលផ្សព្វផ្សាយនៅលើគេហទំព័រសេតវិមានសហរដ្ឋអាមេរិក។
ចំពោះ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបេតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏យល់ថា អត្រាពន្ធគយដែលអាមេរិកកំណត់ត្រឹម ១៩%នេះ ជារឿងល្អសម្រាប់ស្ថានភាពជាក់ស្តែងនៅកម្ពុជា ព្រោះអាចទាក់ទាញឲ្យអ្នកវិនិយោគបន្តឈរជើងនៅកម្ពុជា។
លោកថា៖ «តែដើម្បីឲ្យប្រសើរជាងនេះ ទាល់តែទាក់ទងវិនិយោគទុនបរទេសដែលមានសុច្ចរិតភាព គោរពច្បាប់ គោរពសិទ្ធិកម្មករ គោរពសិទ្ធិសហជីព អត្រាប្រាក់ឈ្នួលវាសមទៅនឹងតម្លៃទីផ្សារ ចំណាយរបស់កម្មករ អាហ្នឹងទើបប្រសើរបាន»។
ជាមួយគ្នានេះដែរ លោក វន់ ពៅ យល់ថា ដើម្បីទាក់ទាញវិនិយោគមកកាន់កម្ពុជាបន្ថែមទៀត រដ្ឋាភិបាល គួរពិនិត្យមើលឡើងវិញចំពោះការចំណាយដែលអ្នកវិនិយោគ ជាពិសេសការប្រើប្រាស់អគ្គិសនី និងទឹកជាដើម គួរតែកំណត់តម្លៃសមរម្យ និងត្រូវចាត់វិធានការផ្នែកអំពើពុករលួយ។
របាយការណ៍បឋមរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលចេញផ្សាយកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ បង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក បានឈានដល់ ៥,៦៩ពាន់លានដុល្លារក្នុងរយៈពេល៦ខែឆ្នាំ២០២៥នេះ កើនឡើង ២៥,៧%។ ក្នុងចំណោមតួលេខនេះ ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក គឺមានចំនួន ៥,៥២ពាន់លានដុល្លារ កើនឡើង ២៥,៦ % ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ប្រភពដដែល បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិក នៅតែជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា ក្នុងអំឡុងខែមករា ដល់ខែមិថុនា ឆ្នាំ២០២៥។ ដោយឡែកដៃគូពាណិជ្ជកម្មកម្ពុជា ដែលជាប់ចំណាត់ថ្នាក់ លេខ២ គឺប្រទេសវៀតណាម ដែលមានទឹកប្រាក់នាំចេញ ២,១៩ពាន់លានដុល្លារ, ជប៉ុន ៧៥៣,៥៤លានដុល្លារ, ចិន ៧៥០លានដុល្លារ, កាណាដា ៦០៤,៤៨លានដុល្លារ និងអេស្ប៉ាញ ៥១១,០៥ លានដុល្លារ៕