សហរដ្ឋអាមេរិក អំពាវនាវឱ្យប្រទេសកម្ពុជា និងថៃ បន្តរក្សាស្ថិរភាព និងអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាព ដែលប្រទេសក្បែរខាងគ្នាទាំងពីរ បានចុះហត្ថលេខា កាលពីខែតុលាកន្លងទៅ ដោយមានប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ធ្វើជាសាក្សី។
ការអំពាវនាវរបស់សហរដ្ឋមអាមេរិក បានធ្វើឡើងក្រោយពីភាគីថៃ បានអះអាងថា ទាហានរបស់ខ្លួនចំនួន ៣នាក់ បានរងរបួសក្នុងហេតុការណ៍ជាន់មីន នៅថ្ងៃទី១០ ខែវិច្ឆិកា នៅតំបន់ព្រំដែន ក្បែរតំបន់ភ្នំទ្រព្យ ហើយរដ្ឋាភិបាលថៃសម្រេចផ្អាកអនុវត្តកិច្ចព្រមព្រៀងសន្តិភាព។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា អាមេរិកកំពុងប្រមូលព័ត៌មានបន្ថែមអំពីហេតុការណ៍ដែលទាហានថៃត្រូវជាន់មីននៅតាមព្រំដែនជាប់នឹងកម្ពុជា។
មន្ត្រីរូបនេះ បានបន្ថែមថា វាជារឿងសំខាន់ដែលប្រទេសជិតខាងទាំងពីរ ត្រូវបន្តអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាព និងទប់ស្កាត់ភាពតានតឹងនៅតាមព្រំដែន ដើម្បីធានាឱ្យមានសន្តិសុខ និងស្ថិរភាពក្នុងតំបន់។
កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កម្ពុជានិងថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅ ក្នុងអំឡុងពេលកិច្ចប្រជុំអាស៊ាននៅប្រទេសម៉ាឡេស៊ី ដោយមានប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជាប្រធានកិច្ចប្រជុំកំពូលអាស៊ានប្តូរវេន ធ្វើជាសាក្សី។
ក្នុងកិច្ចព្រមព្រៀងនោះ បានបញ្ជាក់ពីការដោះលែងទាហានខ្មែរ ចំនួន ១៨នាក់ ដែលភាគីថៃបានចាប់ឃុំខ្លួន ការដកហូតអាវុធធុនធ្ងន់ពីតំបន់ព្រំដែន និងការជួយសហការដោះស្រាយបញ្ហាមីនសល់ពីសង្គ្រាម ព្រមទាំងពង្រឹងសន្តិភាពតាមបណ្តោយព្រំដែន និងសហការក្នុងការដោះស្រាយជម្លោះដោយសន្តិភាព។
Press Start Cambodia មិនអាចសុំការអត្ថាធិប្បាយជុំវិញរឿងនេះ ពីអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា និងអ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា បានទេនៅថ្ងៃទី១២ ខែវិច្ឆិកានេះ។
អ្នកវិភាគកិច្ចការសង្គម និងជាប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក ប៉ា ចាន់រឿន សង្កេតឃើញថា វាជារបត់ដដែលៗ ដែលភាគីថៃប្រើប្រាស់រូបភាពនៃការជាន់មីនរបស់ទាហានខ្លួន ជាហេតុផលបញ្ឆេះឲ្យបញ្ហាព្រំដែនមានភាពក្តៅគគុកជាថ្មី។
លោកមានប្រសាសន៍ថា៖ «ទាំងសកម្មភាព ក៏ដូចជាសាររបស់នាយករដ្ឋមន្ត្រីថៃ គឺសុទ្ធតែឆ្លុះបញ្ចាំងថាពួកគេស្រេកឃ្លានសង្គ្រាម មិនមែនជាអ្នកសន្តិភាពនិយមទេ»។
អ្នកវិភាគកិច្ចការសង្គមរូបនេះ បន្តថា ការបង្ហាញសារជាសាធារណៈរបស់មេភូមិភាគទី២ ដែលបានបដិសេធមិនអនុវត្តតាមការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីថៃ នាពេលកន្លងមក ក៏បានបង្ហាញឲ្យឃើញពីភាពមិនចុះសម្រុងគ្នាផ្ទៃក្នុងរដ្ឋាភិបាលថៃ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាផងដែរ។ លោកថា បញ្ហានេះ មិនត្រឹមតែមានភាពតានតឹងជាមួយប្រទេសជិតខាងនោះទេ ប៉ុន្តែថៃក៏កំពុងប្រឈមនឹងការខ្វែងគំនិតផ្ទៃក្នុងខ្លួនឯងផងដែរ។
លោកថ្លែងថា៖ «ចំណុចមួយទៀត ដែលខ្ញុំអាចមើលឃើញនោះ គឺខាងភាគីថៃមិនមានសុឆន្ទៈនៅក្នុងការអនុវត្ត ទាំងកិច្ចព្រមព្រៀងបទឈប់បាញ់ ក៏ដូចជាកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះកាលពីពេលថ្មីៗនេះទេ។ ជាក់ស្តែង ការពន្យាពេលដោះលែងទាហានខ្មែរទាំង ១៨រូប ដែលត្រូវបានថៃចាប់ខ្លួន និងបន្តឃុំខ្លួនដោយអយុត្តិធម៌ បំពានទាំងច្បាប់អន្តរជាតិ និងសិទ្ធិមនុស្ស»។
លោក ប៉ា ចាន់រឿន បានបន្តទៀតថា រាជរដ្ឋាភិបាលថៃ កំពុងព្យាយាមបន្តជម្លោះជាមួយកម្ពុជា ដើម្បីបង្រួបបង្រួមសាធារណជន បញ្ឆេះចលនាជាតិនិយម និងបង្វែរចំណាប់អារម្មណ៍ពីបញ្ហាផ្ទៃក្នុង ដោយបម្រើផលប្រយោជន៍នយោបាយរបស់ខ្លួន ខណៈដែលការបោះឆ្នោតជាតិ ត្រូវបានកំណត់ឲ្យប្រារព្ធឡើងនៅដើមឆ្នាំក្រោយ។
លោកបានបន្ថែមទៀតថា ក្នុងអំឡុងពេលនេះ កម្ពុជាត្រូវតែប្រុងប្រយ័ត្ន និងផ្តល់ការយកចិត្តទុកដាក់កាន់តែច្រើនចំពោះស្ថានភាពបច្ចុប្បន្ន ព្រមទាំងគួរតែពង្រឹងប្រព័ន្ធនយោបាយការទូតរបស់ខ្លួន ដោយជំរុញឲ្យមានការចូលរួមពីសហគមន៍អន្តរជាតិ ដើម្បីបង្កើនសម្ពាធឲ្យភាគីថៃអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពឲ្យបានត្រឹមត្រូវ។
ជាមួយគ្នានេះដែរ អ្នកស្រី ដេង មាស អាយុ ៦៨ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅខេត្តព្រះវិហារ បានថ្លែងប្រាប់ Press Start Cambodia នៅរសៀលថ្ងៃពុធនេះថា អ្នកស្រីនៅតែបន្តរស់នៅក្នុងភាពភ័យខ្លាច ខណៈភាគីថៃមិនបានបង្ហាញសញ្ញាណវិជ្ជមាននៅក្នុងការបញ្ចប់ជម្លោះព្រំដែនជាមួយកម្ពុជា។
អ្នកស្រីថ្លែងថា៖ «ខ្លាចតែមិនចប់ ភ័យដែរ ព្រោះយាយចាស់ហើយ មិនដឹងរត់ទៅណារួច បើគេបាញ់មកម្តងទៀត។ បើសិនជាវាប៉ះពាល់គ្នាទៀតហ្នឹង វាពិបាក ចេះតែភ័យខ្លាច។ ចង់បានតែសន្តិភាពទេ យាយឆ្លងកាត់គ្រប់រសជាតិហើយតាំងពីជំនាន់ប៉ុលពតមក វេទនាណាស់រឿងសង្គ្រាមមួយនេះ»។
បន្ទាប់ពីហេតុការណ៍ទាហានថៃជាន់មីនរងរបួសនេះ រដ្ឋាភិបាលថៃ បានប្រកាសផ្អាកការអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដោយចោទកម្ពុជាថា បានដាក់មីនថ្មី តាមបណ្តោយព្រំដែន។
នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចានវីរាគុល បានអំពាវនាវឱ្យក្រសួងការពារជាតិខ្លួន ផ្អាកការអនុវត្តគ្រប់ចំណាត់ការដែលទាក់ទងនឹងកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដោយមិនកំណត់ពេល។
ចំណែក ក្រសួងការពារជាតិ និងក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃម្សិលមិញ បានច្រានចោលការចោទប្រកាន់របស់ថៃ ដោយបញ្ជាក់ថា កម្ពុជា មិនដែលដាក់មីនថ្មីនៅតាមព្រំដែនឡើយ ហើយបានអំពាវនាវឱ្យភាគីថៃ ត្រូវមានការប្រុងប្រយ័ត្ន ដោយមិនធ្វើការល្បាតនៅតំបន់ដែលមានមីនសល់ពីសម័យសង្គ្រាម។
ភាគីកម្ពុជា តាមរយៈក្រសួងការពារជាតិ បានបញ្ជាក់ផងដែរថា កម្ពុជាបន្តប្តេជ្ញាចិត្តធ្វើការជាមួយថៃ ដើម្បីរក្សាសន្តិភាព និងស្ថិរភាព ស្របតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
ភាពតានតឹងតាមបណ្តោយព្រំដែនកម្ពុជា–ថៃ បានកើតឡើងឡើងវិញចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីមានការប៉ះទង្គិចយោធា និងការបាញ់ប្រហារយ៉ាងខ្លាំងនៅតំបន់មួយចំនួននៅតាមបណ្តោយព្រំដែន រួមមាន ប្រាសាទតាមាន់ធំ ប្រាសាទព្រះវិហារ និងតំបន់ភ្នំទ្រព្យ ដែលបង្កការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសន្តិសុខក្នុងតំបន់។
គួរបញ្ជាក់ផងដែរថា កម្ពុជា និងថៃ បានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិក និងអាស៊ាន ម្តងរួចមកហើយ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ ប៉ុន្តែភាពតានតឹងនៅតែបន្តកើតមាននៅតាមតំបន់ព្រំដែន ដោយសារទាហានថៃបានរាយបន្លាលួស ដាក់សំណាញ់ នៅតំបន់មួយចំនួន ចូលដែនអធិបតេយ្យភាពរបស់កម្ពុជា៕

