មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ចាត់ទុកការបន្ធូរបន្ថយអត្រាពន្ធមកលើទំនិញកម្ពុជាពី៤៩ភាគរយមកត្រឹម៣៦ភាគរយ គឺជាជោគជ័យធំធេង ប៉ុន្តែសហជីព និងអ្នកវិភាគសង្គម យល់ឃើញថា អត្រាពន្ធគយថ្មីនេះ នៅតែមានកម្រិតខ្ពស់ហើយថា វាអាចប៉ះពាល់ដល់ភាពប្រកួតប្រជែងរបស់កម្ពុជា និងវិស័យការងារទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីពន្ធបដិការរបស់អាមេរិក នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាល្ងាចថ្ងៃទី០៨ ខែកក្កដានេះ លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងជាប្រធានក្រុមការងារចំពោះកិច្ចចរចាពន្ធបដិការជាមួយអាមេរិក បានអះអាងថា អត្រាពន្ធគយថ្មី ៣៦% ដែលអាមេរិកដាក់លើកម្ពុជា គឺជាជោគជ័យធំមួយសម្រាប់ជំហានដំបូងរបស់កម្ពុជា ក្នុងនោះលោកបានប្រៀបធៀបថា កម្ពុជាទទួលបានការបន្ធូរបន្ថយពន្ធខ្ពស់ជាងប្រទេស១៤ផ្សេងទៀត។
លោកមានប្រសាសន៍ថា៖ «យើងទទួលបានជោគជ័យណាស់ ជោគជ័យក្នុងការចរចា ហើយការទទួលបានជោគជ័យនេះ គឺដោយសារយើងចរចាដោយសុចរិត ដោយស្មោះត្រង់»។
លោកឧបនាយករដ្ឋមន្ត្រី បន្ថែមថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើដំណើរចរចាផ្ទាល់ ឬចរចាតាមប្រព័ន្ធអនឡាញ ដើម្បីបន្ថយអត្រាពន្ធបដិកាខាងលើនេះបន្ថែមទៀតឲ្យបានមុនថ្ងៃទី១ ខែសីហា ខាងមុខ។ បន្ថែមពីនេះ លោកបានអំពាវនាវឲ្យមានការជឿជាក់ លើរាជរដ្ឋាភិបាលផងដែរ។
ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែសីហា សហរដ្ឋអាមេរិកនឹងបន្ថយអត្រាពន្ធលើទំនិញរបស់កម្ពុជាពី ៤៩ភាគរយ មកត្រឹម ៣៦ភាគរយវិញ។ នេះបើយោងតាមលិខិតដែលលោកប្រធានាធិបតីអាមេរិកផ្ញើរជូនរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី០៧ ខែកក្កដា។ ការបន្ធូរបន្ថយពន្ធនេះ គឺជាផ្នែកមួយនៃការកែសម្រួលគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ដែលប៉ះពាល់ប្រទេសជាច្រើននៅតំបន់អាស៊ី។
ប៉ុន្តែមេដឹកនាំសហជីពនិងអ្នកឃ្លាំមើល អះអាងថា អត្រាពន្ធថ្មីនេះ ស្ថិតនៅកម្រិតខ្ពស់នៅឡើយ បើធៀបនឹងដៃគូប្រកួតប្រជែងក្នុងតំបន់ដូចជាវៀតណាម ដែលប្រឈមនឹងអត្រាពន្ធគយត្រឹម ២០ភាគរយ។ ពួកគេបានសម្តែងការព្រួយបារម្ភថា គម្លាតនេះអាចធ្វើឱ្យវិនិយោគិនបរទេសពិចារណាបង្វែរប្រតិបត្តិការរបស់ខ្លួន ទៅបណ្តាប្រទេសផ្សេងទៀត ដែលមានអត្រាពន្ធទាបជាងកម្ពុជា និងអាចបណ្តាលឱ្យបិទរោងចក្រ ឬផ្អាកប្រតិបត្តិការ។
លោក កឹម សុភេន ប្រធានសហជីពស្មារតីកម្មករខ្មែរប្រចាំរោងចក្រសិនតៃហ្គាមេន យល់ថា អត្រាពន្ធគយដែលដាក់មកលើកម្ពុជា ចំនួន៣៦ភាគរយពីសំណាក់អាមេរិកនៅតែស្ថិតនៅតួរលេខមួយខ្ពស់ដដែល។
លោកលើកឡើងថា៖ «បើសិនជាជិតខាងយើងទាបជាងយើង អ្នករកស៊ីត្រូវការប្រាក់ចំណេញ គេឈប់រកស៊ីជាមួយយើង គេទៅរកស៊ីជាមួយអ្នកដទៃ ដើម្បីគេបានផលប្រយោជន៍ ផលចំណេញរបស់គេច្រើន អ្នកដែលរងគ្រោះ គឺបងប្អូនកម្មករហ្នឹងហើយ»។
ប្រាប់ Press Start Cambodia នៅព្រឹកថ្ងៃអង្គារនេះ លោកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា(CATU) បានយល់ស្របនឹងការលើកឡើងរបស់លោក កឹម សុភេន និងព្រមានថា អ្នករកស៊ីមួយចំនួនអាចនឹងចាកចេញពីកម្ពុជា ដែលជាហេតុបណ្តាលឲ្យប៉ះពាល់ដល់កម្មករនិយោជិតក្នុងស្រុក ដែលប្រឈមនឹងបញ្ហាអត់ការងារធ្វើ។
លោកស្រីលើកឡើងថា៖ «ផលប៉ះពាល់ដែលអាចជះទៅដល់កម្មករនិយោជិត អាចថាក្រុមហ៊ុនមួយចំនួននឹងព្យួរការងារ ផ្តាច់កិច្ចសន្យាកម្មករ ឬក៏អាចឈានដល់ដំណាក់កាលក្នុងការបិទទ្វារជាដើម បើសិនជាក្រុមហ៊ុនទាំងអស់នោះទប់ទល់នឹងបញ្ហាពន្ធនេះមិនរួច»។
បច្ចុប្បន្ន សេដ្ឋកិច្ចកម្ពុជាពឹងផ្អែកខ្លាំងលើការនាំចេញនៃវិស័យកាត់ដេរ ដែលមានប្រមាណ ៤៤,៥៩ភាគរយនៃការនាំចេញសរុបរបស់ខ្លួន ដែលមានតម្លៃប្រហែល ១១,៦៨ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ នេះបើយោងតាមអគ្គនាយកដ្ឋានពន្ធគយនិងរដ្ឋាករ (GDCE)។
ថ្លែងក្នុងពិធី “អបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាលជាមួយកម្មករនិយោជិក នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ” កាលពីថ្ងៃទី២២ ខែឧសភាកន្លងទៅ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្នកម្ពុជាមានកម្មករប្រមាណ ១,៨៧លាននាក់ ដែលកំពុងបម្រើការងារនៅរោងចក្រ – សហគ្រាស ជាង៤ ម៉ឺនកន្លែង។
លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានបង្ហាញការព្រួយបារម្ភថា អ្នកវិនិយោគមួយចំនួន អាចនឹងងាកទៅវិនិយោគនៅប្រទេសដទៃ ដែលមានអត្រាពន្ធគយទាបជាងកម្ពុជា ដូចជាវៀតណាមជាដើម ដែលអាចបណ្តាលឲ្យកម្មករ-កម្មការនី ប្រឈមនឹងការបាត់បង់ការងារធ្វើ និងរាលដាលទៅដល់អ្នកដែលធ្វើការផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។
លោកលើកឡើងថា៖ «កាលណាកម្មករអត់ការងារធ្វើ គឺរាលដាលទៅដល់អ្នកធ្វើការសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ហ្នឹង! អ្នកលក់មុខរោងចក្រ ផ្នែកដឹកជញ្ចូនអី សព្វបែបយ៉ាង!»។
មន្ត្រីរដ្ឋាភិបាលនិងមជ្ឈដ្ឋានខ្លះ លើកឡើងថា ការតម្លើងពន្ធរបស់អាមេរិកមិនពាក់ព័ន្ធនយោបាយ និងថា ជាការគិតគូរផ្នែកពាណិជ្ជកម្មសុទ្ធសាតក៏ដោយ សម្រាប់លោក វ៉ន ពៅ និងលោក កឹម សុភេន យល់ថា ការកែលម្អរបញ្ហាសិទ្ធិមនុស្ស សិទ្ធិការងារនិងលំហប្រជាធិបតេយ្យអាចត្រួសត្រាយផ្លូវ ដើម្បីទទួលបានលក្ខខណ្ឌពាណិជ្ជកម្មមួយដែលប្រសើរជាងនេះ។
រីឯ លោក ឯម សុវណ្ណារ៉ា អ្នកវិភាគសង្គម បានប្រាប់ Press Start Cambodia នៅថ្ងៃអង្គារថា អត្រាពន្ធ៣៦ភាគរយ ដែលអាមេរិកដាក់មកលើទំនិញនាំចូលពីកម្ពុជា គឺជាបន្ទុកដ៏ធំមួយសម្រាប់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយ ដោយលោកបានប្រៀបធៀបគម្លាតពន្ធគយរវាងវៀតណាមនឹងកម្ពុជាថា មួយផ្នែកអាចបណ្តាលមកពីវិធីសាស្ត្រនៃការចរចាជាមួយអាមេរិក និងមួយផ្នែកទៀត ដោយសារកម្ពុជាមិនទាន់មានអ្វីដែលទាក់ទាញ ឬផលប្រយជន៍សម្រាប់ដោះដូរដែលឲ្យអាមេរិកបន្ទាបពន្ធបាន។
លោកថ្លែងថា៖ «ថ្នាក់ដឹកនាំវៀតណាម តូ ឡាំ ទៅផ្ទាល់ជាមួយនឹង លោក ដូណាល់ ត្រាំ ដោយឡែកកម្ពុជាយើងលក្ខណៈប្រមុខរដ្ឋាភិបាល អត់មានទៅជួបលក្ខណៈទ្វេភាគីទេ! យើងអត់ទាន់មានលក្ខណៈសម្បិតិ្តគ្រប់គ្រាន់កន្លែងហ្នឹង!»។
លោកក៏សម្តែងការព្រួយបារម្ភផងដែរថា វិស័យវាយនភ័ណ្ឌនៅកម្ពុជា អាចនឹងរងផលប៉ះពាល់ខ្លាំងជាងគេ ដ្បិតវិស័យមួយនេះនាំមុខគេក្នុងការនាំទំនិញទៅលក់ទៅសហរដ្ឋអាមេរិក ហើយដើម្បីទាក់ទាញវិនិយោគិនក្នុងស្រុកដែលមានស្រាប់ រាជរដ្ឋាភិបាលកម្ពុជាគួរតែ មានប្រព័ន្ធអនុគ្រោះ ឬផ្តល់តម្លៃអនុគ្រោះណាមួយ ដើម្បីឲ្យវិនិយោគិនបរទេសអាចបន្តរកស៊ីនៅកម្ពុជា។
តែផ្ទុយពីការលើកឡើងខាងលើ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ Press Start Cambodia នៅថ្ងៃអង្គារថា កម្រិតពន្ធគយដែលអាមេរិកដាក់មកលើកម្ពុជានៅពេលនេះ មិនមែនជាបញ្ហាធំដុំប៉ុន្មាននោះទេ បើប្រៀបធៀបទៅនឹងប្រទេសជិតខាងដូចជាប្រទេសថៃដែលស្ថិតក្នុងចំនួន៣៦ភាគរយដូចគ្នា។
លោកបន្តថា ពេលនេះ គេនៅមិនទាន់អាចវាយមតម្លៃបានទេ ថាកម្ពុជានឹងទទួលផលប៉ះពាល់បែបណានោះ ដោយត្រូវរង់ចាំមើលការអនុវត្តន៍ពន្ធនៅខែក្រោយសិន។ ជាងនេះទៅទៀត លោកមើលឃើញពីផលវិជ្ជមានពីការ ដែលវៀតណាមទទួលបានពន្ធគយទាបជាងកម្ពុជា ដោយសង្កត់ធ្ងន់ថា កន្លងមកវៀតណាមត្រូវការវត្ថុធាតុដើមច្រើន ដើម្បីផលិតទំនិញសម្រាប់នាំចេញ ហើយដែលកម្ពុជាអាចទាញយកផលប្រយោជន៍បានពីការនាំចូលទៅក្នុងប្រទេសនេះ។
លោកថា៖ “កន្លងមកវិស័យកសិកម្មយើង, វត្ថុធាតុដើមកសិកម្មយើង គឺហូរទៅវៀតណាមហ្នឹងហើយដែលច្រើនជាងគេ ច្រើនជាងថៃទៅទៀត!”។
ជុំវិញអត្រាពន្ធគយថ្មីរបស់អាមេរិកដែលដាក់មកលើកម្ពុជា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ នៅព្រឹកថ្ងៃអង្គារ បានបដិសេធមិនធ្វើការអត្ថាធិប្បាយដោយបង្វែរអ្នកយកព័ត៌មានឲ្យរង់ចាំស្តាប់ការធ្វើសន្និសីទការសែតរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលធ្វើឡើងនៅរសៀលថ្ងៃដដែលទៅវិញ។
លិខិតដែលប្រមុខដឹកនាំក្រុងវ៉ាស៊ីតោន ផ្ញើរមកកាន់លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី០៧ ខែកក្កដា លោកដូណាល់ត្រាំបញ្ជាក់ថា ពន្ធគយដែលអាមេរិកបានដាក់មានគោលបំណងដើម្បីជំរុញការផលិតក្នុងស្រុក បង្កើនការងារនៅអាមេរិក និងកាត់បន្ថយឱនភាពពាណិជ្ជកម្មជាដើម។ លោកក៏បានព្រមានកម្ពុជាជាមុនផងដែរ ថា អាចនឹងជួបប្រទះការតម្លើងពន្ធគយដែលមានអត្រាខ្ពស់ជាងនេះ បើហ៊ានចាត់វិធានការតបតមកលើអាមេរិក។
នៅក្នុងចំណោមប្រទេសទាំង១៤ ដែលសេតវិមានប្រកាសឲ្យដឹងពីការយកពន្ធថ្មី កាលពីថ្ងៃទី០៧ ខែកក្កដា មានប្រទេសអាស៊ានចំនួនប្រាំមួយដូចជា ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី កម្ពុជា ឡាវ និងមីយ៉ាន់ម៉ាជាដើម។ ក្នុងនោះកម្ពុជាទទួលបានការបន្ធូរបន្ថយពន្ធមកនៅ ៣៦% ថៃនៅ ៣៦% ដដែល ឡាវចុះមក ៤០% មីយ៉ាន់ម៉ា ចុះមក ៤០% ម៉ាឡេស៊ីកើនឡើងមក២៥% ខណៈឥណ្ឌូណេស៊ីស្ថិតនៅ៣២% ដដែល៕