បទយកការណ៍​៖ ​អាជីវករលក់ដូរនៅក្បែរ​ប្រាសាទ​​កោះកេរ ត្អូញត្អែរចំណូលធ្លាក់ចុះក្រោយមាន​វិវាទ​ព្រំដែន​កម្ពុជា-ថៃ

ម៉ោងប្រហែលជា ៧ព្រឹក ព្រះទិនករកំពុងតែរះ​ជះ​ពន្លឺ​មក​កាន់​ស្លឹក​ឈើ ​ចាំង​ធ្លុះ​មក​ប៉ះ​នឹង​ថ្មប្រាសាទ ដែលបង្ហាញពីទិដ្ឋភាព​ដ៏​ស្រស់ត្រកាល​ នា​​​​​​ព្រឹកព្រលឹម​​ នៅប្រាង្គ​ប្រាសាទមួយ​ ដែល​​មាន​​ឈ្មោះ​​ក្នុងបញ្ជី​សម្បត្តិ​បេតិកភណ្ឌពិភពលោក នោះ​គឺប្រាសាទកោះកេរ។

កោះកេរ ជាអតីតរាជធានី “​ឆោ​កគ​គ៌្យ​រ​” របស់ខ្មែរក្នុងសតវត្សរ៍ទី១០ (៩២៨-៩៤២) មានអាយុកាលជាង​១ពាន់​ឆ្នាំមកហើយ ហើយត្រូវបានកសាងដោយព្រះបាទជ័យវរ្ម័នទី៤ នៅពេលផ្លាស់ប្តូររាជធានីពីក្រុងអង្គរ​មក​តំបន់កោះកេរ។ ប្រាសាទនេះ កសាងឡើងតាមរចនាបទកោះ​កេរ​ ដែល​មាន​រាងស្រដៀង​នឹង​ពីរ៉ាមីត។ ​កោះកេរ ត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌវប្បធម៌ពិភពលោក​របស់អង្គ​ការ​យូណេ​ស្កូ កាល​ពីថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ២០២៣។

ប្រាសាទកោះកេរ​ដែលធ្លាប់ពោរពេញដោយក្រុមទេសចរ​ជាតិ និងអន្តរជាតិ ទាំងពេលព្រឹក និងរសៀល ឥឡូវនេះបែរជាស្ងប់ស្ងាត់ ស្ទើរតែមិនឃើញមាន​ដានជើងភ្ញៀវទេសចរចូល​ទស្សនា​​​នោះ​ឡើយ។

​​នៅជាប់ផ្លូវចូលទៅកាន់​ប្រាសាទកោះកេរ គេ​សង្កេត​ឃើញ​មានតូបលក់​​ដូរ​សំលៀក​បំពាក់ វត្ថុ​អនុស្សាវរីយ៍​ និង​ចំណីអាហារ​ផ្សេង​ៗជាហូរ​ហែរ ប្រមាណជា ២០តូប​​ ខណៈអាជីវករ​ខ្លះមិនមាន​​​តូប ក៏រៀបចំ​​​ដាក់​លក់​ផលិតផល​របស់​ខ្លួន​នៅក្នុង​ចង្អេរ ល្អី ដោយមានធុងមួយ​ទ្រាប់ពីក្រោម។

អាជីវករលក់​សម្លៀក​បំពាក់​ និងវត្ថុ​អនុស្សាវរីយ៍នៅតំបន់រមណីយដ្ឋាន​ប្រាសាទកោះ​កេរ តាំងពីឆ្នាំ​២០០៨​មក​ អ្នកស្រី ស៊ឹម ដារី បានរៀបរាប់ថា កន្លងមក អ្នក​ស្រី​សង្កេត​ឃើញ​មាន​​​ភ្ញៀវទេសចរ​ជាតិ និង​អន្តរ​ជាតិ បាន​ទៅទស្សនាប្រាសាទនេះច្រើន​កុះករ ដែលធ្វើ​ឱ្យ​ការ​លក់​ដូររបស់​គាត់ អាចរកចំណូលបាន​គ្រាន់នឹង​ចិញ្ចឹម​ជីវភាព​ប្រចាំ​បាន​ស្រួល​។

តែយ៉ាងណា អ្នកស្រីថា ចាប់តាំងពីមានបញ្ហាជម្លោះព្រំដែន​កម្ពុជា ចាប់ពីអំឡុង​ខែ​កក្ក​ដា ឆ្នាំ​២០២៥​មក បាន​ធ្វើ​ឱ្យ​បរិវេណប្រាសាទ មានសភាពស្ងប់ស្ងាត់ ដោយសារ​តែ​មិនមានភ្ញៀវទេសចរ​មកលេង​ដូចមុន ហើយ​​បញ្ហា​នេះ បាន​ធ្វើ​ឱ្យ​អាជីវករ​ដែលក់ដូរ​នៅ​តំបន់​នោះ ក៏​ប្រឈម​នឹង​បញ្ហា​ជីវភាព​ផងដែរ។ 

អ្នកស្រី​ថា៖ «អត់សូវសម្បូរភ្ញៀវទេឥលូវ តាំង​ពីមា​ន​បញ្ហា​មក ដូច​​ស្ងាត់​​ភ្ញៀវ​​ខ្មែរ​​យើង មិន​​សូវ​​មាន​​ភ្ញៀវ​​ដូច​​រាល់​​ដង […] វាប៉ះពាល់ ពេល​​អត់​​សូវ​​មាន​​ភ្ញៀវ​​មក ព្រោះ​លក់​អត់​សូវ​ដាច់ ថ្ងៃ​ខ្លះ​ក៏​អត់​ដាច់​តែ​ម្តង ថ្ងៃ​ខ្លះ​ក៏​ដាច់​បាន​ខ្លះ​ចឹង​ទៅ​»។

ស្ត្រី​​​វ័យ ៣៩​​ឆ្នាំ​​រូបនេះ ឱ្យដឹង​​ថា មុន​ពេល​មាន​​ការ​ផ្ទុះ​សព្វា​វុធ​​ក្នុង​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា​-ថៃ ​អ្នកស្រីអាច​រក​​ចំណូលដោយ​ការ​លក់​​សម្លៀក​បំពាក់ និង​វត្ថុ​អនុស្សាវរីយ៍​នេះ បាន​ចន្លោះ​ពី ១០​​ម៉ឺន​​រៀល ដល់​២០ម៉ឺន​រៀល​ក្នុងមួយ​ថ្ងៃ ប៉ុន្តែ​ក្រោយ​មាន​បញ្ហា​ព្រំដែន​មក អ្នកស្រី​អាចរក​ចំណូល​​​​បានចម្លោះពី ២ម៉ឺនរៀល ទៅ ៥ម៉ឺន​រៀល​ប៉ុណ្ណោះ។​

​អ្នកស្រីថ្លែងថា៖ « មុនសង្គ្រាមគឺថាអាចលក់ដូរបានដាច់ខ្លះៗចឹង តែពេលក្រោយមានសង្គ្រាមមក គឺលក់​អត់​ដាច់​តែម្តង​[…] វាប៉ះពាល់ខ្លាំង ព្រោះ​យើងធ្លាប់មានលុយលក់ដាច់ កូនរៀន កូនអីចឹងទៅស្រួល ហើយ​ឥលូវកូនរៀនក៏មិនសូវគ្រប់គ្រាន់ដែរ» ។

សម្រាប់អ្នកស្រី ដារី គ្រួសារ​របស់គាត់​មិនមាន​មុខ​របរ​អ្វី​ផ្សេង​ ក្រៅពីកា​រលក់ដូរ​នេះ​ឡើយ ខណៈ​ការ​ធ្វើស្រែ​ក៏ខាត ដែលធ្វើឱ្យ​គ្រួសារ​គាត់​ឈប់​​ធ្វើស្រែតាំងពីឆ្នាំ​២០២៤មក។​

កំពុង​​អង្គុយនៅ​​​ក្រោម​​ដើម​ឈើមួ​យ​នៅ​ផ្លូវ​ចូលទៅ​​ប្រាសាទ​កោះ​កេរ អាជីវករ​លក់​ផ្លែឈើ​ព្រៃ និង​ថ្នាំ​បុរាណ​ អ្នកស្រី សូត សារ៉ន សង្កេត​ឃើញថា បច្ចុប្បន្ន​​នេះ ភ្ញៀវ​​ទេស​ចរ​ជាតិ​​ ដែល​​មក​ទស្សនា​នៅ​ប្រាសាទ​នេះ​កាន់​តែតិចទៅ ខណៈភ្ញៀវទេស​ចរ​បរទេស​ដែលភាពច្រើន​ជា​ជន​ជាតិ​ស្បែក​ស ដែល​ទៅទស្សនា​នៅប្រាសាទ​​នោះ ពុំ​សូវ​ទិញ​ម្ហូប​អាហារ​ ឬផ្លែឈើ និង​​​វត្ថុ​អនុស្សាវ​រីយ​ ដូចភ្ញៀវទេស​ជាតិ​នោះទេ​។ អ្នកស្រីបន្ត ​ប្រសិន​បើ​ស្ថាន​ភាព​បែប​​​នេះនៅបន្ត​ នោះ​​​នឹ​ង​​ធ្វើ​ឱ្យ​ជីវភាព​របស់​ពួកគាត់ត្រូវ​ប្រឈមនឹង​ការ​ខ្វះខាត​។

ស្ត្រី​ដែល​​មាន​កូន​ប្រុសស្រីចំនួន ៣នាក់​ក្នុង​បន្ទុក​រូបនេះ និយាយ​​​ថា៖ «ថ្ងៃនេះ ទើបលក់បានស្រម៉នេះទើប​តែបានពីរកំប៉ុង​ទេ ស្រម៉នេះ​ពេលយើងលក់មិនដាច់ ក៏យើងយកហាលឱ្យគ្រៀមទៅ ហើយភាគច្រើនខ្មែរទិញ […] ខ្ញុំចង់ឱ្យភ្ញៀវមកលេងឱ្យច្រើន បានលក់ដាច់។ ជួនណាលក់មិនដាច់ទេ មួយថ្ងៃមិនបានបីទៅបួន​ពាន់រៀល​​ទេ ថ្ងៃណា​មិនដាច់​ គឺ​អត់​ដាច់​សោះ មិន​មាន​ភ្ញៀវ បើ​បរទេស​ដឹង​តែ​ចប់​ហើយ ចង់​ឱ្យ​ខ្មែរ​មក​លេង​ច្រើន ហើយ​ជួយ​ទិញ​ផលិត​ផល​អ្នកលក់​ផង បើល​ក់​មិន​បាន​ចឹង វា​ប៉ះពា​ល់​គ្មាន​លុយ​ឱ្យកូ​នរៀន​ទេ បើល​ក់​អត់​ដាច់​ក៏​អត់​កូន​រៀន​ណា៎ យ៉ាប់​ដែរ​ជីវភាព បើយើង​នៅ​តំបន់​ព្រៃ» ។

ទោះយ៉ាងណា ក្រៅពី​កា​រលក់ដូរ​ផ្លែឈើ និង​ឬសឈើថ្នាំបុរាណ​នេះ អ្នកស្រី​ សារ៉ន ដែលមាន​វ័យ ៣៩ឆ្នាំ ក៏​ឆ្លៀត​ពេល​ទៅ​ប្រកប​របរ​ធ្វើស្រែផង​ដែរ គ្រាន់នឹង​ចិញ្ចឹម​ជីវិត​។ 

កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ​២០២៥ មាន​ការ​ផ្ទុះ​សព្វា​​​វុធដាក់គ្នា​រ​វាង​កង​កម្លាំង​​​កម្ពុជា និង​កង​កម្លាំង​​ថៃ នៅ​​​តាម​​បណ្តោយ​​ព្រំដែន​​ ក្នុង​ភូមិ​សាស្ត្រ​​ខេត្ត​ឧត្តរ​មាន​ជ័យ តំបន់​មុំបី រហូត​ដល់ខេត្ត​ព្រះ​វិហារ។ បើតាមក្រសួង​ការពារជាតិកម្ពុជា ហេតុការណ៍នេះ បង្កឡើង​​​ដោយ​កង​កម្លាំង​ថៃ បាន​បើក​ការ​បាញ់​ប្រហារ​មក​លើ​កម្ពុជា​មុន ហើយ​ជាបន្តបន្ទាប់ ក៏មាន​ករណី​នៃការ​រាយ​បន្លា​​លួសនៅ​តំបន់ព្រំដែនមួយ​ចំនួន និង​​​​ការ​បាញ់ប្រហារ​មកលើ​ជន​ស៊ីវិល​ខ្មែរពីសំណាក់​យោធាថៃ បើទោះជាប្រទេស​ទាំងពីរ​មាន​កិច្ច​ព្រម​ព្រៀងបទឈប់​បាញ់ និង​កិច្ចព្រម​ព្រៀង​សន្តិ​ភាព​ក៏​ដោយ។

អាជីវករ​មួ​យរូបទៀត​ ដែលលក់​ផ្លែឈើព្រៃ នៅ​ក្បែរ​ប្រាសាទ​កោះកេរ​ អ្នកស្រី យិន នឿន ក៏​បាន​ត្អូញត្អែរពីបញ្ហា​ប្រឈម​ក្នុងជីវភាព នៅពេល​មាន​​​ការ​ធ្លាក់ចុះនៃ​ភ្ញៀវ​ទេស​ចរទៅកាន់​រមណីយ​ដ្ឋាន​ប្រាសាទកោះកេរ​នេះ​ដែរ។ អ្នកស្រី​បាន​ស្នើឱ្យ​អាជ្ញាធរ​ជួយ​ធ្វើ​យ៉ាង​ណា ឱ្យ​មានភ្ញៀវ​មក​ទស្សនា​តំបន់​នេះ​កាន់​តែ​ច្រើន។

អ្នកស្រីនិយាយ​ថា​៖ «គេខ្លាច គេ​មិន​ហ៊ាន​មក ភ្ញៀវ​ថយ​តាំង​ពី​មាន​ជម្លោះ[ព្រំដែនកម្ពុជា-ថៃ]មក បើ​អត់​ទាន់​មានជម្លោះ​អី ភ្ញៀវ​ខ្មែរ​យើង​ច្រើន បើ​ភ្ញៀវ​ខ្មែរ បើ​មក​ ឃើញ​យើង​អត់ ក៏​ជួយ​ទិញ បើ​បរទេស​មិន​ចេះ​ហូប គឺ​មិន​ជួយ​ទិញ​យើង​ទេ បើល​ក់​មិន​ដាច់​ចឹង គឺ​ខ្វះ​លុយ​កាក់​ឱ្យ​កូន​រៀន​សូត្រ សព្វ​គ្រប់​ហ្នឹង​ឯង ស្រូវ​អង្ករ​ក៏​លក់​មិន​បាន​ថ្លៃ[…] ខ្ញុំច​ង់​ឱ្យ​អាជ្ញាធរ​ជួយ​ឱ្យ​បាន​ភ្ញៀវ​មក​កុះក​រ សម្រាប់​យើង​នៅ​តាមជន​បទ​នេះ លក់​ដូរ​បាន​ដាច់ បាន​របស់​ព្រៃ​មក​គឺ​លក់​ដាច់»។

យ៉ាងណា​ ទាំង​អ្នកស្រី យិន នឿន និង​អាជីករ​ផ្សេង​ទៀតនៅ​តំបន់​ប្រាសាទ​កោះកេរ បាន​អះអាង តំបន់ប្រាសាទ​នេះ នៅឆ្ងាយ​ពីព្រំដែន​ដែល​មាន​ជម្លោះ ដូច្នេះ​ការ​ទៅទេសចរណ៍​នៅ​តំបន់​ប្រាសាទ​នេះ មិ​ន​មាន​ហានិភ័យ​ណា​មួយ​ដល់​សុវត្ថិភាព​របស់អ្នកទេស​ចរ​នោះទេ។

អ្នកស្រី យិន នឿន និយាយ​​ថា៖ «នៅទីនេះ​ឆ្ងាយ​ព្រំដែន គឺ​សុវត្ថិ​ភាព ភ្ងៀវ​អាច​មក​លេង​បាន គ្រាប់​អី​ក៏​មិន​លឺ​ដែរ គឺ​សុវត្ថិ​ភាព​គ្មាន​អី​មក​ដល់​ទេ ឆ្ងាយ​ព្រំដែន​ទេ»។

រមណីដ្ឋានប្រាសាទកោះកេរ មានទីតាំងស្ថិតនៅក្នុង​ភូមិ​ស្រយ៉ង់​ជើង ឃុំ​ស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះ​វិហារ មានចម្ងាយជាង ៧០​​គីឡូ​ម៉ែត្រ ពីទីរួមខេត្តព្រះវិហារ និងមានចម្ងាយ​ប្រមាណ ១៣០គីឡូម៉ែត្រ ពីច្រក​ព្រំដែន​​តាថាវ នៃខេត្តព្រះវិហារ ជាប់​ព្រំដែនថៃ​។ រមណីយ​ដ្ឋាន​នេះ ស្ថិត​​​​នៅ​​លើ​​ផ្ទៃ​ដី​​ប្រមាណ ៨ពាន់ហិកតា ដែល​​មានប្រាសាទ​ជាង​៧០ ក្នុងនោះមានប្រាសាទ​ធំ​មួយ ដែល​ត្រូវបា​ន​ចាត់​ទុក​ជា​ពីរ៉ាមីត​នៅ​អាស៊ី​អាគេ្នយ៍។

អគ្គនាយករងនៃអាជ្ញាធរជាតិព្រះវិហារ លោក​ ឃូ អៀងហួត ទទួលស្គាល់ថា ពិត​ជា​មានការ​ធ្លាក់​ចុះនៃ​ចំនួន​​ភ្ញៀវ​​ទេស​ចរ​ ទៅកាន់​ប្រាសាទ​កោះកេរ ដែល​​អាច​បណ្តាល​​មក​ពី​ប្រទេស​កម្ពុជា​មាន​តំបន់​ទេស​ចរណ៍ច្រើន បញ្ហា​ជម្លោះព្រំដែន​កម្ពុជា-ថៃ និង​​និន្នាការ​នៃ​ការ​ធ្លាក់​ចុះភ្ញៀ​វ​ទេសចរ​នៅក្នុង​ប្រទេស​ផង​ដែរ។

លោកថ្លែងថា៖ «ជា​ការពិត​ផល​ប៉ះពាល់​ក៏ដោយ​សារ​តែ​រឿង​បញ្ហា​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ​ដែរ បើ​យើង​ពិនិត្យ​មើល​ទេសចរណ៍​ក្នុង​ស្រុក ឱ្យ​តែ​និយាយ​ពី​ខេត្ត​ព្រះ​វិហារ ​គា​ត់​មាន​ភាព​ខ្លាច​រអារ​ដែរ ព្រោះ​បើ​គាត់​នៅ​ភ្នំពេញ ឬ​នៅ​ខេត្ត​ផ្សេង​គាត់​មិន​សូវ​បាន​ដឹង​អំពី​ភូមិ​សាស្ត្រ​ពិត​ប្រាកដ​ទេ ទោះ​បី​ជា​យើង​បាន​ផ្សព្វ​ផ្សាយ​​ក៏ដោយ […] មិន​មែន​តែ​នៅ​កោះ​កេរ​ទេនៅ​តំបន់​អង្គរ​គឺ​ដូច​គ្នា ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​មក​លេង​ គឺគា​ត់​អត់​សូវ​ចាយ​លុយ​ទេ ចឹង​យើង​គិត​ថា​ វា​ជា​រឿង​មួយ​ទៀត​ដែល​យើង​គិត​ថា វា​ភ្ជាប់​ទៅ​នឹង​វិបត្តិ​ពិភព​លោក​ដែរ ពេល​ខ្លះគា​ត់​មាន​ថវិកា​សម្រាប់​ដើរ​លេង ប៉ុន្តែ​ថវិកា​សម្រាប់​ចំណាយ​នេះ គឺ​គាត់​រឹត​ត្បិត​ដែរ សូម្បី​តែ​ពលរដ្ឋ​ខ្មែរ​យើង​ក៏មាន​ការ​រឹត​ត្បិត​នៅ​ក្នុង​ការ​ចាយ​វាយ​ដែរ ចឹង​បូក​រួម​នឹង​ការ​ថយ​ចុះនៃ​ចំ​នួន​ភ្ញៀវ​ទេស​ចរ​ទៀត ការ​លក់​ដូរ​នេះ​មិន​សូវ​បាន​បើ​ធៀប​នឹង​ឆ្នាំ​មុនៗ»។

ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ លោកថា អាជ្ញាធរជាតិព្រះ​វិហារ បាន​នឹងកំពុងខិតខំរិះរក​មធ្យោ​បាយ ឬ​វិធីសាស្ត្រមួយ​ចំនួន​ ក៏​ដូច​ជាកា​រ​រៀប​ចំ​ព្រឹត្តិ​ការណ៍​ផ្សេងៗ ដើម្បី​ទាក់ទាញ​​ភ្ញៀវទេស​​ចរទៅ​ទស្សនា និង​បញ្ជាក់​ថា ​​​តំបន់​រមណីយ​ដ្ឋាន​ប្រាសាទ​កោះ​កេរ​នេះ គឺ​​មាន​​សុវត្ថិ​​ភាព​​សម្រាប់​​ទេសចរណ៍។

កាលពីថ្ងៃទី​២១ ខែវិច្ឆិកា​ ឆ្នាំ​​២០២៥ថ្មីៗនេះ នៅតំបន់រមណីយដ្ឋានប្រាសាទកោះកេរ ក៏​​មានរៀប​ចំ​បុណ្យ​ភូមិមានជើង ដែល​មាន​កម្មវិធី​រត់​ដើម្បីកុមារជាដើម ដើម្បីបញ្ជាក់​ថាតំបន់​នោះ​សុវត្ថិ​​ភាព ​ដោយ​​មាន​អ្នក​ចូល​រួម​ជាច្រើន​ពាន់​នាក់។

យោងតាម​របាយការណ៍​របស់អាជ្ញាធរ​ជាតិព្រះវិហារ ឱ្យ​ដឹង​ថា នៅ​ឆ្នាំ​២០២៤ រមណីយដ្ឋាន​​ប្រាសាទ​កោះ​កេរ បាន​ទទួល​ភ្ញៀវ​ទេសចរ​សរុប ១២៥ ៩៨៧នាក់ ខណៈរបាយការណ៍​ប្រចាំ​ខែ​​និមួយ​ៗក្នុងឆ្នាំ​២០២៥នេះ មានភ្ញៀវទេស​ចរ​ជាតិ​ចន្លោះពី ៦ពាន់​ ទៅ​ ៩ពាន់​នាក់​ក្នុង​មួយ​ខែ លើក​លែង​តែ​ខែមេសាដែលមានពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ដែលមានភ្ញៀវទេស​ចរជាង ២ម៉ឺន​នាក់​។

ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា លោក ហូ វណ្ឌី មាន​ប្រសាសន៍​​ថា ដើម្បីបង្កើនឱ្យមានភ្ញៀវទេស​ចរទៅ​ទស្សនាប្រាសាទ​កោះកេរ ឬតំបន់​ទេស​ចរណ៍​ផ្សេង​ទៀត ឱ្យ​កាន់​តែ​ច្រើន គឺទាល់តែ​មាន​ការ​រៀប​ចំ​បដិសណ្ឋារ​​កិច្ច​ល្អ។ លោកបាន​ជំរុញ​​ដល់​សហគមន៍ ក៏​ដូច​ជា​អ្នក​ដែលទទួល​បាន​អត្ថ​ប្រយោជន៍​ដោយ​ប្រយោល​ពីតំបន់​ទេសចរណ៍​​ ពង្រឹង​ផ្នែក​សេវាកម្ម ជួយ​ថែ​រក្សា​​​​អនាម័យ​​ និង​សណ្តាប់​​ធ្នាប់​​សាធារណៈ ព្រម​ទាំង​រៀប​ចំ​ចំណត​យាន​យន្ត​ឱ្យ​បាន​ត្រឹម​ត្រូវ។

លោកមានប្រសាសន៍ថា​៖ «ដើម្បី​បង្កើន​ឱ្យ​មាន​ភ្ញៀវ​ទេសច​រ​ច្រើន គឺយើង​ត្រូវ​ពង្រឹង​សមត្ថ​ភាព​របស់​ពួក​គាត់ ជាពិសេស​សេវា​កម្ម ការធ្វើអ្វីឱ្យមាន​គុណភាពជូនភ្ញៀវទេសចរ ម៉្យាង​គឺ​ធ្វើ​ការ​ទំនាក់​ទំនង​ជាមួយ​ក្រុម​ហ៊ុន​ទេស​ចរណ៍ ដែលជា​អ្នក​នាំ​ភ្ញៀវ»។

នៅពេល​ថ្ងៃ​បាក់រសៀល​​ចូល​មក​ដល់ សភាព​ផ្លូ​វចូល​ទៅកាន់​ប្រាសាទកោះ​កេរ​ កាន់តែ​មានសភាព​ស្ងប់​ស្ងាត់ អាជីវករ​បាន​នាំគ្នា​រៀបចំ​របស់​របរ និង​ឥវាន់​របស់​ខ្លួន​ទុក ដោយ​ក្នុង​ចិត្ត​គិត​រំពៃ​ថា តើ​​ថ្ងៃ​ស្អែក​ អាច​នឹង​​ភ្ញៀវទេស​ចរ​មក​ទស្សនា​នៅទីនេះ​ច្រើន​ទេ។

បើទោះជា​មានភ្ញៀវទេស​ចរតិច​ឬ​ច្រើន ក៏​​អាជីវករ ស៊ឹម ដារី នៅ​តែ​មាន​ក្តីសង្ឃឹមថា ក្រោយ​បញ្ហា​ជម្លោះព្រំ​ដែន​កម្ពុជា-ថៃ ដោះស្រាយ​ចប់​នា​ពេល​ខាង​មុខ ភ្ញៀវទេស​ចរ​ជាតិ និង​អន្តរ​ជាតិ នឹង​ទៅទស្សនា និង​កម្សាន្ត​​លេង​​នៅតំបន់​ប្រាសាទកោះ​កេរ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោកមួយ​នេះ ដោយ​មិន​ទុក​ឱ្យ​ប្រាសាទ​​នេះ​ស្ថិតក្នុងភាពឯកានោះទេ ហើយ​ពេល​នោះ អាជីវករ​​នឹង​​អាច​រកប្រាក់​​​​ចំណូលបាន​ដូច​​ពេល​មុន​វិញ។​​

អ្នកស្រី​និយាយ​​ថា៖ «ខ្ញុំសង្ឃឹម​ថា ប្រហែល​ជា​មាន​ភ្ញៀវ​ច្រើន​នៅ​ពេល​ដែល​ស្រុក​យើង​ស្រួល​បួល និយាយ​​ទៅ​​ឱ្យ​តែ​​មា​​នភ្ញៀវ​មក​មើល​ច្រើន ទោះ​បី​ថា​លក់​ដាច់​ ឬ​​មិន​​ដាច់ ក៏​អ្នក​លក់​មាន​អារម្មណ៍​ថា ត្រេក​អរ​​មាន​ភ្ញៀវ​មាន​អីចឹង​»៕