គិតចាប់ពីម៉ោង ៦ព្រឹក ថ្ងៃទី៨ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ មានពលរដ្ឋភៀសសឹកចំនួន ១៥៧នាក់ បន្ថែមទៀតបានបន្តវិលត្រឡប់ទៅលំនៅដ្ឋានវិញ ធ្វើឱ្យចំនួនជនភៀសសឹកដែលបានវិលត្រឡប់ទៅលំនៅឋានវិញ កើនដល់ ៦ សែន ៣ ពាន់នាក់ ឬជិត៩៣ ភាគរយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦។
សេចក្តីប្រកាសព័ត៌មានបន្តថា មានពលរដ្ឋចំនួន៤.៥៨៣១នាក់ទៀត មិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាន ដែលក្នុងនោះមានស្ត្រី ២.៤០១០នាក់ និងកុមារ ១៥.១៧៤នាក់។
សេចក្តីប្រកាសព័ត៌មាននេះបន្តទៀតថា សាលារៀនសរុបចំនួន ១៣ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព ៦នៅខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យបន្តផ្អាក ខណៈខេត្តព្រះវិហារមានសាលារៀនចំនួន ២៩ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព ១៤ បន្តផ្អាក។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា សន្តិភាពនៅតែជាគុណតម្លៃស្នូលរបស់កម្ពុជា ហើយកម្ពុជាអំពាវនាវឱ្យមានការអនុវត្តយ៉ាងពេញលេញ និងដោយស្មោះត្រង់នូវកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា-ថៃ ការដោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនិងសន្និសញ្ញានានាជាធរមាន ដើម្បីបញ្ចប់ភាពស្រពិចស្រពិល នៃខ្សែបន្ទាត់ព្រំដែន ដោយជនស៊ីវិលអាចវិលត្រឡប់ទៅផ្ទះសម្បែងរស់នៅដោយសុវត្ថិភាព គ្មានការគំរាមកំហែង ឬប្រើប្រាស់កម្លាំងដោយខុសច្បាប់៕

