ក្រ​សួង​​ម​ហា​ផ្ទៃ​​អះ​អាង​ថា ពល​រដ្ឋ​ភៀស​សឹក​ជាង​ ៩៤%​​ បាន​វិល​ត្រ​ឡប់​ទៅលំ​នៅ​ឋាន​វិញ​

ពលរដ្ឋភៀសសឹក ២៦២នាក់បន្ថែមទៀត បានវិលត្រឡប់ទៅលំនៅឋានវិញ ធ្វើ​ឱ្យ​ចំនួន​សរុប​​កើន​ដល់​​ជាង ៦ សែន ១ម៉ឺន​នាក់​ ឬជាង​៩៤​ភាគរយ​ ក្នុង​ចំណោម​ពលរដ្ឋភៀសសឹក​សរុប​ជាង ៦សែន ៤ម៉ឺននាក់ ខណៈ​ពលរដ្ឋចំនួន ៣៦.៧២៣នាក់ទៀត (ស្រ្តី១៩.០៤៥នាក់ និង កុមារ ១២.២៧៤នាក់) ពុំទាន់អាច​​​​វិលទៅលំនៅឋានវិញ គិតត្រឹមម៉ោង ៦ព្រឹក ថ្ងៃទី១៤ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០​២៦​។ នេះបើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រសួង​មហាផ្ទៃ​ចុះថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០២៦។​​

សេចក្តីប្រកាសព័ត៌មាន​​បានបន្ថែមថា សាលារៀន​សរុប​១៣ និង​មន្ទីរ​ពេទ្យ​/មណ្ឌល​សុខ​ភាព​​សរុប​ ៦​កន្លែង​ បន្តផ្អាក​ដំណើរ​ការ​នៅក្នុង​ខេត្ត​ឧត្តរមានជ័យ​ និង​ខេត្ត​ប​ន្ទាយ​មាន​ជ័យ​។ ខណៈ​ខេត្ត​ព្រះវិហារ​មាន​សាលារៀន​៧​កន្លែង​ និង​មន្ទីរ​ពេទ្យ​/មណ្ឌល​សុខភាព​ ២ នៅ​បន្តផ្អាក។​ គិតចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ការខូចខាតទ្រព្យ សម្បត្តិសាធារណៈ និងឯកជន ដោយសារជម្លោះកម្ពុជាថៃពុំទាន់មានរបាយការណ៍ថ្មីបន្ថែមលើករណីដែលក្រសួងបានកត់ត្រាទុកនៅឡើយទេ។

ក្រសួងមហាផ្ទៃ ប្រកាសគាំទ្រអំពីគោលជំហរដោះស្រាយបញ្ហាព្រំដែន ដ៏ច្បាស់លាស់របស់រាជរដ្ឋាភិបាល ដោយគោរព និងអនុវត្តយ៉ាង ម៉ឺងម៉ាត់តាមស្មារតី នៃសេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងផ្សេងទៀត ដែលមានស្រាប់ ដើម្បីអនុញ្ញាតឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) បានធ្វើការងារឱ្យឆាប់បំ​ផុត ដោយមិនរង់ចាំរហូត ដល់ក្រោយពិធីបុណ្យចូលឆ្នាំថ្មីឡើយ។

សេចក្តីប្រកាសព័ត៌មាន​ដដែល​បន្តថា កម្ពុជាបានដាក់សំណើជាផ្លូវការ ទៅកាន់ភាគីថៃ ចំនួន​៥លើក ដើម្បីចាត់បញ្ជូនក្រុមការងារចម្រុះចុះវាស់វែងព្រំដែនលើដីជាក់ស្តែង ខណៈភាគីថៃ បានពន្យារពេលម្តងហើយម្តងទៀត៕​

អត្ថបទគួរឱ្យចាប់អារម្មណ៍