ក្រសួងអប់រំ យុវជននិងកីឡាប្រតិកម្មទៅនឹងវីដេអូខ្លីមួយ ដែលគេបង្ហោះនិងចែកចាយបន្តនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយក្រសួងចាត់ទុកថា ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់អ្នកគ្រូជាប់កិច្ចសន្យាមួយរូបនៅសាលាបឋមសិក្សាមួយ ក្នុងខេត្តពោធិ៍សាត់។
ក្រសួងអប់រំបានចាត់ទុកសកម្មភាពថតវីដេអូ និងការប្រើពាក្យសំដីមិនសមរម្យរបស់បុគ្គលមួយរូប ដែលបានចូលធ្វើសកម្មភាពរំខានដល់ការបំពេញការងារ និងការរៀនសូត្ររបស់សិស្សនៅក្នុងបរិវេណសាលារៀន គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់កិត្តិយសមន្ត្រីរាជការ ជាពិសេសគ្រូបង្រៀនជាស្ត្រី។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងអប់រំ យុវជននិងកីឡា ចុះថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។
សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា ក្រសួងអបរំ យុវជននិងកីឡា និងរាជរដ្ឋាភិបាលតែងតែផ្តល់តម្លៃ និងការគោរពចំពោះមន្ត្រីរាជការ បុគ្គលិកអប់រំទាំងអស់ ជាពិសេសគ្រូបង្រៀនជាស្ត្រី ទាំងមន្ត្រីក្របខណ្ឌ និងមន្ត្រីជាប់កិច្ចសន្យា។
សេចក្តីថ្លែងការណ៍នេះសរសេរថា ៖ “ក្រសួងមិនអាចទទួលយកបានជាដាច់ខាតនូវសកម្មភាពណាមួយ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់គ្រូបង្រៀន”។
តាមរយៈសេចក្តីថ្លែងការណ៍នេះ ក្រសួងអប់រំក៏បានស្នើឱ្យម្ចាស់គណនីហ្វេសប៊ុក និងអ្នក ដែលបានចែកចាយបន្តលុបវីដេអូនេះចេញជាបន្ទាន់ពីគ្រប់បណ្តាញសង្គមនិងបានអំពាវនាវដល់សាធារណជនទាំងអស់ ចៀសវាងរាល់សកម្មភាពណាមួយ ដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់អ្នកគ្រូ លោកគ្រូ និងមន្ត្រីអប់រំ។
ក្រសួងអប់រំក៏បានព្រមានផងដែរថា ក្នុងករណីមានសកម្មភាពដូចនេះ ឬសកម្មភាពទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់គ្រូបង្រៀន ជាពិសេសសកម្មភាពអសីលធម៌ក្នុងបរិវេណសាលារៀន ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។
សូមបញ្ជាក់ថា ថ្មីៗនេះ មានការបង្ហោះនិងចែកចាយយ៉ាងទូលំទូលាយនូវវីដេអូខ្លីមួយ ដែលក្នុងនោះ បុរសដែលគេមិនស្គាល់អត្តសញ្ញាណម្នាក់បានចូលក្នុងបរិវេណសាលារៀនមួយកន្លែង ដោយបានថតរូបអ្នកគ្រូបង្រៀនម្នាក់និងមានការប្រើពាក្យសំដីមិនសមរម្យបែបស្តីបន្ទោសផងដែរ ជុំវិញការចូលទៅបញ្ចេញមតិនៅក្នុងបណ្តាញសង្គមរបស់បុរសរូបនោះ៕
អត្ថបទដោយ៖ ញ៉ សៀវម៉ី

