ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈអំពាវនាវអ្នកសិល្បៈ និងអ្នករៀបចំពិធីគោរពនិងការអនុវត្តតាមពិធីដើមនៃពិធីបុកល័ក្ត ក្រោយពីរកឃើញមានការប្រើពាក្យពេចន៍ កាយវិការ និងសម្លៀកបំពាក់មិនសមរម្យ ដែលនាំឱ្យប៉ះពាល់ដល់តម្លៃអាពាហ៍ពិពាហ៍និងទំនៀមទម្លាប់សាសនាឥស្លាម។
ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈបានចេញសេចក្ដីអំពាវនាវកាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៦ លើកឡើងថា ទោះបីជាពិធីនេះ ស្ថិតក្នុងក្រោមទម្រង់ណាមួយក៏ដោយ ក្នុងន័យ ដើម្បីចូលរួមរក្សាតម្លៃ ជំនឿសាសនា និងរបៀបរបបប្រពៃណីរបស់អាពាហ៍ពិពាហ៍ខ្មែរ ក្រសួងសូមអំពាវនាវដល់អ្នកសិល្បៈ និងអ្នករៀបចំពិធី ឱ្យចៀសវាងការកែច្ឆៃ ការប្រើប្រាស់ពាក្យសម្ដី កាយវិការ និងសម្លៀកបំពាក់ទាំងឡាយ ដែលប៉ះពាល់ដល់ប្រពៃណី ទំនៀមទម្លាប់នៃជំនឿ និងសាសនារបស់សហគមន៍ និងជាតិសាសន៍នានា។
នាពេលថ្មីនេះ ពិធីបុកល័ក្តនោះត្រូវបានលើកយកមកសម្ដែងដោយក្រុមសិល្បៈរបស់លោក ដួង សុខគា នៅក្នុងពិធីមង្គលការមួយ ដោយក្នុងនោះ មានការសម្ដែងជាតួអង្គដែលកាន់សាសនាឥស្លាម ដោយនិយាយភាសាដែលអាចនាំឱ្យមានការយល់ច្រឡំ និងធ្វើកាយវិការថ្វាយបង្គំ និងស្លៀកសម្លៀកបំពាក់មិនសមរម្យ ក្នុងលក្ខណៈកំប្លែងដែលធ្វើឱ្យមានការប៉ះពាល់ដល់តម្លៃអាពាហ៍ពិពាហ៍ខ្មែរផង និងដល់ទំនៀមទម្លាប់សាសនាឥស្លាមផង។
លោក ដួង សុខគា បានចេញវីឌីអូរជាសាធារណលើបណ្ដាញសង្គម សូមអភ័័យទោសដល់បងប្អូនខ្មែរឥស្លាមសាសនិក និងប្រជាពលរដ្ឋខ្មែរ ដោយទទួលស្គាល់ពីកំហុសរបស់ខ្លួន ដែលអះអាងថា ពិធីបុកល័ក្តតែងមានតួអង្គខ្មែរឥស្លាមចូលរួម ហើយលោកក៏បានធ្វើពិធីនេះឡើងតាមគេដោយមិនបានគិតដិតដល់។ លោកក៏បានសន្យាថា មិនឱ្យមានរឿងដូច្នេះកើតឡើងទៀតទេ។ លោកបានសង្កត់ថា៖ “ខ្ញុំនឹងមិនឱ្យមានរឿងស្រដៀងៗហ្នឹងឬចឹងៗដដែលកើតឡើងទេ” ។
បើតាមសេចក្តីប្រកាសរបស់ក្រសួងបានពន្យល់ថា ពិធីបុកល័ក្ត គឺជាផ្នែកមួយដ៏សំខាន់នៃពិធីអាពាហ៍ពិពាហ៍ខ្មែរ ឬត្រូវបានគេស្គាល់ថា ជាពិធី “ធ្វើធ្មេញ ឬធ្វើធ្មេញបំពេញល័ក្ត ឬបុកល័ក្ត” ក្នុងន័យជានិមិត្តរូបបំពេញកិច្ចឱ្យកូនប្រុស កូនស្រី ត្រូវទទួលនូវពាក្យផ្អែមល្វីង ជូរ ចត់ ហឹរ ប្រៃ ក្នុងជីវិតប្តីប្រពន្ធ ហើយថា ពិធីនេះតែងមានការចូលរួមពីបងប្អូនញាតិមិត្ត ដោយមិនប្រកាន់ពណ៌សម្បុរ ឬសាសនានោះឡើយ រីឯការសម្តែងជាសិល្បៈ ភាគច្រើន គឺពាក់ព័ន្ធនឹងសកម្មភាពនៃដំណើររកល័ក្ត ដោយជួបជាតិសាសន៍ផ្សេងៗ ។ ក្រសួងបន្ថែមទៀតថា ការអនុវត្តជាក់ស្តែង ពិធីនេះ អាចប្រែប្រួលតាមទម្រង់ផ្សេងៗទៅតាមតំបន់ឬទៅតាមលទ្ធភាពនានា៕
ដោយ គីម ផាគ្រី

