សហព័ន្ធកីឡាប្រដាល់គុនខ្មែរសម្រេចលុបសេចក្តីជូនដំណឹង ដែលហាមឃាត់មិនឱ្យកីឡាករប្រដាល់គុនខ្មែរត្រកូល “អេ” ២រូប ប្រកួតរយៈពេល៦ខែ បន្ទាប់ពីមានសំណើរបស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយរង់ចាំដោះស្រាយនៅពេលកីឡាករទាំង២ និងគណៈប្រតិភូដឹកនាំកីឡាករត្រឡប់មកពីក្រៅប្រទេសវិញ។
តាមសេចក្តីជូនដំណឹងរបស់ខ្លួនចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានជូនដំណឹងសាធារណជន ស្ថានីយ៍ទូរទស្សន៍ ដៃគូអភិវឌ្ឍ សមាគម និងក្លឹបប្រដាល់គុនខ្មែរទាំងអស់អំពីការសម្រេចលុបសេចក្តីជូនដំណឹងចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ របស់ខ្លួនវិញ។
ដែលក្នុងនោះ សហព័ន្ធសម្រេចផ្អាកការចាប់គូប្រកួតសម្រាប់កីឡាករ អេ វិរៈខាំឈិតភូថង និង អេអាំ ម៉ារីនភូថង រយៈពេល៦ខែ។
នៅព្រឹកថ្ងៃសុក្រនេះ លោក ហ៊ុន សែន បានសរសេរសារបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក ដោយស្នើឱ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរលុបចោលសេចក្ដីជូនដំណឹងនេះវិញ ដោយរង់ចាំដោះស្រាយនៅពេលកីឡាករទាំងពីរ និងគណៈប្រតិភូត្រឡប់ចូលប្រទេសវិញ។
លោក ហ៊ុន សែន បានសរសេរថា ៖ “ខ្ញុំសូមសំណូមពរដ៏ទទូចឱ្យខាងសហព័ន្ធលុបចោលសេចក្តីជូនដំណឹងនេះសិន ព្រោះវាទាក់ទិនជាមួយកិត្តិយសជាតិផងនិងវិធីដោះស្រាយបញ្ហារបៀបរបបនៃការងារផ្ទៃក្នុងសហព័ន្ធផង“។
លោកបានបន្ថែមទៀតថា ការដោះស្រាយបញ្ហាផ្សេងទៀតត្រូវរង់ចាំឱ្យទាំងកីឡាករពីររូបនិងគណៈប្រតិភូត្រឡប់ចូលប្រទេសវិញ ទើបដោះស្រាយបន្តប្រកបដោយស្មារតីសាមគ្គីភាពនិងការយោគយល់គ្នា។
លោក គឹម ស៊្រុនកុសល ដែលគេស្គាល់ថា លោក Tommy Kim ជាអ្នកដឹកនាំប្រតិភូកីឡាករប្រដាល់គុនខ្មែរត្រៀមប្រកួតនៅប្រទេសអង់គ្លេសនៅថ្ងៃទី២៨ ខែកុម្ភៈនេះ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក ដើម្បីថ្លែងអំណរគុណចំពោះលោក ហ៊ុន សែន ដែលបានស្នើសុំឱ្យសហព័ន្ធលុបចោលបម្រាមលើកីឡាករទាំងពីរ។
លោកសរសេរថា ៖ “កូនគ្មានអ្វីតបស្នងជូនលោកទេ។ ពួកកូនប្តូរផ្តាច់ថា នឹងធ្វើឱ្យល្អបំផុត មិនឱ្យសម្តេចពុក និងសម្តេចម៉ែខកចិត្ត ខកបំណងឡើយ”។
កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានចេញសេចក្តីជូនដំណឹងដល់សាធារណជនពីការផ្អាកចាប់គូប្រកួតទាំងក្នុង និងក្រៅប្រទេស រយៈពេល៦ខែ ចំពោះកីឡាករ អេ វិរៈខាំឈិតភូថង និង អេអាំ ម៉ារីនភូថង ដែលជាយោធិនសេរី មិនគោរពអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦៕
អត្ថបទដោយ សារី លីហ្សា

