រដ្ឋា​ភិ​បាល​​​​​កំ​ពុង​​រៀប​ចំ​ច្បាប់​ប្រ​ឆាំង​​បទ​ល្មើស​​ឆបោក​​តាម​ប្រ​ព័ន្ធ​បច្ចេក​វិទ្យា​​​

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា រដ្ឋាភិបាល​កំពុងរៀបចំច្បាប់ប្រឆាំងបទល្មើស​ឆ​បោ​ក​​​​តាម​ប្រព័ន្ធបច្ចេកវិទ្យា​ ដែលនឹងកំណត់ការទទួលខុសត្រូវរបស់​ម្ចាស់ទីតាំង និងអ្នក​ពាក់ព័ន្ធក្នុង​សកម្ម​ភាព​ឆបោក​នេះ​ផងដែរ​​។

ថ្លែង​ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ របស់​អាជ្ញាធរជាតិ​ប្រ​យុទ្ធ​​ប្រឆាំង​គ្រឿង​​ញៀន​​កាល​ពីថ្ងៃទី​៦ ខែ​មីនា​ ឆ្នាំ​២០២៦​ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត មាន​ប្រសា​ស​ន៍ថា បញ្ហា​ឆបោក​​អនឡាញ​នេះកើត​ឡើង​​គ្រប់កន្លែង​ មិន​មែនជា​បញ្ហា​របស់​កម្ពុជាតែម្នាក់​ឯង​នោះទេ ហើយ​កម្ពុជា​ត្រូវ​បាន​ជន​បរទេស​ប្រើប្រាស់​ជា​ទីតាំង​ ដើម្បី​ប្រព្រឹត្ត​បទល្មើស​ឆបោ​ក​​​តាម​អនឡាញ​ ​​​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខ​មាត់​ប្រទេសកម្ពុជា​។ ទោះបី​ជា​យ៉ាង​ណា លោក​ទទួល​ស្គាល់​ថា កម្ពុជា​ពិតជា​មាន​បញ្ហា​នេះ ប៉ុន្តែ​ក៏​កំពុង​បោសសម្អាត​ជា​បន្តបន្ទាប់​ រួម​ទាំង​​កំ​ពុង​​រៀប​​ចំ​ច្បាប់​ប្រឆាំង​នឹង​បទល្មើស​ឆបោក​តាម​អនឡាញនេះ​ផង​ដែរ។

លោក​មាន​ប្រសាសន៍ថា៖ “មិន​ត្រឹមតែ​អនុវត្ត​ប្រតិបត្តិការទេ ឥឡូវ យើងកំពុង​តែរៀបចំ​ច្បាប់​ប្រឆាំង​ស្គេម​អនឡាញ​ (scam online) ។ ច្បាប់​នេះ នឹង​ចងកាតព្វកិច្ច​មួយ​ចំនួន​។ ម្ចាស់ទីតាំង​ក៏​ទទួល​ខុស​ត្រូវ​ដែរ ”។​

លោក​បាន​រំឭក​ថា ការ​បង្ក្រាប​បទល្មើស​ឆបោក​តាម​អនឡាន​នេះ មិន​មែន​ជារឿង​ថ្មី​ទេ ហើយថា រដ្ឋា​​ភិបា​ល​បានខិតខំធ្វើ​តាំង​ពីចុង​អា​ណត្តិ​មុន​មក​ម៉្លេះ ហើយ​នឹង​ប្តេជ្ញាចិត្ត​ធ្វើ​បន្ត​ទៀត​ ដោយ​លោកអំពាវនាវ​ឱ្យ​មាន​ការ​ចូល​រួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ​និង​ប្រជាពលរដ្ឋ​ផងដែរ។​ ​

លោកមាន​ប្រសាសន៍ថា “អ្វីខ្ញុំ​បញ្ជាក់​ថ្ងៃនេះ គឺជា​ការ​ប្តេជ្ញា​ចិត្ត​របស់យើង។ នឹង​អនុវត្ត​រហូត​ជា​ប្រ​ចាំ​ ដើម្បីកុំឱ្យ​បញ្ហានេះ ប៉ះពាល់​ទៅ​ដល់​មុខ​មាត់​ប្រទេស​របស់​យើង​”។ លោកបន្តថា ៖ “មាន​ការ​ចូល​រួម​ទាំង​អស់​ បើ​មិន​ចឹង​ទេ យើង​អត់​មាន ​ប្រសិទ្ធភាពនៅមានកម្រិត​និង​និរន្តរភាព​មានកម្រិត”។​​

លោកមេធាវី សុក សំអឿន ​ទីប្រឹក្សា​ច្បាប់​មេធាវី​អមរិន្ទ មាន​ប្រសាសន៍ថា ​ករណី​ឆបោកតាមអន​ឡាញ គឺអាចមានគ្រោះថ្នាក់ជាងការឆបោកធម្មតា ប៉ុន្តែយើងអត់មានច្បាប់ច្បាស់លាស់ហើយតុលាការក៏ចោទ​ពី​បទ​ឆបោកធម្មតា ដែលបទល្មើសអាចមានត្រឹម ៦ខែ ទៅ ៣ឆ្នាំ ហើយថា ករណី​ខ្លះក៏មានការចាប់រាល​ដាលទូទៅពេក នៅ​ពេល​បង្ក្រាបតំបន់ណាមួយនោះ ដោយ​អ្នក​ដែលរស់នៅទីនោះ ឬស្នាក់នៅទីនោះទាំងប៉ុន្មាន គឺត្រូវ​ក្តោបយកទាំងអស់ក៏មាន ដែលជាការមិនយុត្តិធម៌នោះទេ។

លោកមាន​ប្រសាសន៍​ថា ៖​” ជាការល្អហើយ ដែលរាជរដ្ឋាភិបាលចង់ឱ្យមានច្បាប់​ [ប្រឆាំង​] ឆបោក​តាម​អនឡាញ។ ព្រោះយើងសព្វថ្ងៃមានការពិបាកក្នុងការបង្រ្កាបបទល្មើសនេះណាស់ ដោយសារយើងមិនមានច្បាប់ចែងលម្អិត​ពីអំពើទាំងនេះ”។

លោកបន្តថា ដូចនេះ ប្រសិនបើមានច្បាប់ចែងឱ្យច្បាស់ថា តើសកម្មភាពអ្វី​ខ្លះទៅដែលជាបទឆបោកតាមអនឡាញនោះ ទើបជាការផ្តល់យុត្តិធម៌និងអាច​ទទួលការសាទរ​ទូទៅពីពល​រដ្ឋ​។

កញ្ញា យុន ផល អាយុ ២៣ឆ្នាំ ជានិស្សិតឆ្នាំទីបីផ្នែក​ប្រវត្តិវិទ្យា​ កំពុងសិក្សានៅរាជធានីភ្នំពេញប្រាប់ Press Start Cambodia ថា ​រឿងឆបោក​តាម​អនឡាញ គឺ​ជារឿងដែលគួរឲ្យបារម្ភណា​ស់ ដោយ​សារ​បច្ចុប្បន្នបច្ចេកវិទ្យាទំនើប សូម្បីតែលុយកាក់ ព័ត៌មានរបស់យើងផ្ទាល់ខ្លួនក្នុងទូរ​ស័ព្ទដៃ ក៏ត្រូវ​ប្រុង​ប្រយ័ត្ន​និង​គួរ​បារម្ភដែរ​​ ហើយ​ការបង្កើតច្បាប់ជារឿង​ល្អ​ប្រសើរ ព្រោះមានការកើន​​ឡើង នៃករណី​ឆបោកតាម​​ប្រព័ន្ធ​ឌីជីថល​ច្រើន​។

កញ្ញា យុន ផល និយាយថា​ ​៖​“វាជារឿងល្អដែរ គួរត្រូវបានធ្វើ ព្រោះឥឡូវគឺសម្បូរស្គេម​ណាស់”​

Press Start Cambodia ពុំ​អាចទាក់ទង​សុំការពន្យល់បន្ថែមពីលោក សេង ឌីណា អ្នកនាំពាក្យក្រ​សួងយុត្តិធម៌បានទេ។​ ខណៈ​លោក ជិន ម៉ាលីន រដ្ឋ​លេ​ខាធិការ​​ក្រសួង​យុត្តិធម៌​បាន​​បង្វែរសំ​ណួរ​ទៅ​អ្នក​នាំពាក្យ​វិញ។​

លោក ប៉ែន បូណា អ្នក​នាំពាក្យ​រដ្ឋាភិបាល​ បាន​ប្រាប់​ Press Start Cambodia ថា វា​ពិតជា​ចាំ​បាច់ក្នុងការ​មាន​ច្បាប់​សម្រាប់​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​និង​តម្លាភាព​។​

លោកមាន​ប្រសាសន៍ថា ៖ “នៅក្នុងប្រទេសនីតិរដ្ឋ អ្វីៗត្រូវប្រព្រឹត្តទៅក្រោមច្បាប់ដើម្បីឱ្យការអនុវត្តមានប្រសិទ្ធភាព តម្លាភាព និងសង្គតភាព”។

គួររំឭកថា លោក ចេន ហ្ស៊ី ជា​ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Prince Holding Group រួមជា​​មួយ​​ជនជាតិចិនពីរនាក់ទៀត គឺឈ្មោះ​ Xu Ji Liang និង Shao Ji Hui ត្រូវបានចាប់​​ខ្លួន និងធ្វើមាតុ​ភូមិនិវត្តន៍ទៅកាន់ប្រទេសចិន ក្នុងប្រតិបត្តិការរួមគ្នាមួយកាល​ពី​ថ្ងៃ​ទី៦ ខែមករា ឆ្នាំ២០​២៦ ក្រោយសហ​រដ្ឋអាមេរិកបានការដាក់ទណ្ឌកម្មថា ក្រុមហ៊ុនព្រីនស៍ ជាអង្គការឧក្រិដ្ឋកម្មឆ្លង​ដែនដ៏ធំបំផុតមួយនៅអាស៊ី​។

របាយការណ៍​ឆ្នាំ​២០២៣ របស់​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​​មនុស្ស ​បានប៉ាន់ប្រមាណ​ថា មាន​មនុស្ស​យ៉ាងតិច​ ១០០ ០០០នាក់​មក​ពីប្រទេសជា​ច្រើន​​ត្រូវ​បាន​បង្ខំ​ឱ្យ​ធ្វើ​ការ​នៅក្នុង​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ​​នៅកម្ពុជា​ក្នុង​ឆ្នាំនោះ​​ ដែល​ភាគ​ច្រើន​ត្រូវ​បាន​គេចោទប្រកាន់​ថា ដំណើរ​​ការ​ដោយ​ក្រុម​ឧក្រិដ្ឋ​ជន​ជនជាតិ​ចិន​។​ បណ្ដាញ​ស្រដៀង​គ្នា​នេះ ​បាន​រីក​រាល​ដាល​ពាស​ពេញ​អាស៊ី​អាគ្នេយ៍ រួម​ទាំង​ប្រទេស​មីយ៉ាន់ម៉ា និង​​ឡាវ ដោយ​បាន​បោក​ប្រាស់​ប្រាក់​ពី​ជន​រង​គ្រោះ​នៅ​ទូទាំង​ពិភព​លោក​​ប្រមាណ​ពី១៨ ពាន់​លាន​​ដុល្លារ ទៅ ៣៧ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ៕

អត្ថបទគួរឱ្យចាប់អារម្មណ៍