រដ្ឋាភិបាលសម្រេចផ្អាកការ​ប្រារព្ធព្រះរាជពិធីបុណ្យអុំទូកនៅ​រាជធានីភ្នំពេញ

ដោយៈ

Press Start Avatar

រដ្ឋាភិបាលសម្រេចផ្អាកការ​ប្រារព្ធព្រះរាជពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញនៅឆ្នាំនេះ​ ដោយ​សារ​រដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ខ្ពស់​លើស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បញ្ហាជន​ភៀសសឹក និង​ពលករខ្មែរដែលវិលត្រឡប់មកពីប្រទេស​ថៃ។

ទោះបីជាយ៉ាងណា ការ​រៀប​ចំ​ពិធី​បុណ្យ​អុំទូក​ បណ្តែត​ប្រទីប​និង​សំពះព្រះខែ​ អកអំបុក​នៅតាម​​បណ្តា​ខេត្ត​នានា​នៅតែ​អាច​ប្រព្រឹត្ត​ទៅជាធម្មតា​ ហើយ​ថ្ងៃឈប់​សម្រាក​រយៈ​ពេល​បីថ្ងៃ​សម្រាប់​មន្ត្រីរាជការ​ និយោជិត​ កម្មករ​នៅរក្សា​ដដែល​ នេះបើ​តាម​សារាចរ​របស់​រដ្ឋាភិបាល​ចុះថ្ងៃទី​​២៧​ ខែ​សីហា​ ឆ្នាំ​២០២៥។​

លោក អ៊ុំ ឈុនស្រេង ជា​ប្រធាន​គណៈកម្មាការរៀបការប្រណាំងទូកនៅឃុំឫស្សីជ្រោ​យ ស្រុកមុខ​កំពូល ខេត្ដកណ្ដាល បានអះអាង​ថា លោក​បាន​ដឹងពី​ការ​​​សម្រេច​​របស់​រដ្ឋាភិបាល​​​ផ្អាក​ការ​ប្រារព្ធព្រះរាជពិធី​បុណ្យ​​ប្រពៃណីនេះ ហើយ លោកពិតជាមានអារម្មណ៍សោកស្ដាយ ដែលមិនបានរៀបចំកម្មវិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ ខណៈជារៀងរាល់ឆ្នាំតែងតែប្រារព្ធឡើងដើម្បីទាក់ទាញភ្ញៀវ​​ជាតិ និងភ្ញៀវទេសចរអន្ដរជាតិ តាមរយៈការផ្សព្វផ្សាយតាមបណ្ដាញសង្គម​​។ ទោះបីជា​យ៉ាងណា​ លោក​យល់​ស្របដែល​ថា ​ការធ្វើបែបនេះ គឺ​ជារឿងត្រឹមត្រូវ ព្រោះប្រទេសជាតិកំពុងមានបញ្ហា​។

លោក ឈុនស្រេង មានប្រសាសន៍​ថា “រយៈពេលហ្នឹងបានត្រៀមតែទូកទេ តែកីឡាករមិនទាន់​បានហាត់ទេ ខែ១០ឯណោះ ទើបចាប់ផ្ដើមហាត់រាល់ឆ្នាំ។ បើទោះ​បីជា​នៅភ្នំពេញមិនបានប្រារព្ធ ក៏ពួកយើងបានប្រារព្ធនៅខេត្តដែរ”។

លោក ខែម វ៉ា អាយុ៣៦ឆ្នាំ ជាអាជីវករលក់ភេសជ្ជៈកំប៉ុងតាមបណ្ដោយមាត់ទន្លេ​​​យល់ឃើញថា ការសម្រេចចិត្តផ្អាកព្រះរាជពិធី​បុណ្យ​អុំ​ទូក​​របស់រដ្ឋាភិបាល ​គឺ​ជារឿងត្រឹមត្រូវ ព្រោះខាងប្រជា​ពលរដ្ឋ​នៅ​តំបន់​ព្រំ​ដែនកំពុងជួបការ​លំបាក ដូច្នេះ​ប្រជាពលរដ្ឋ​នៅ​រាជធានីភ្នំពេញក៏មិនអាចសប្បាយបានដែរ។

លោកបន្ថែមថា ជាទូទៅ អំឡុង​ពិធីបុណ្យអុំទូក លោកមានលុយផ្ទាល់​ខ្លួនខ្លះ និងខ្ចីពីបងប្អូនខ្លះ ដើម្បីធ្វើដើមទុនទិញភេសជ្ជៈពី​ ២ទៅ៣លានរៀល ហើយលោក​អាច​រក​ប្រាក់​ចំណេញ​បាន​ប្រហែល១លានរៀលក្នុងមួយថ្ងៃ ដូច្នេះការផ្អាកពិធីបុណ្យអុំទូនាពេលខាងមុខនេះ ប៉ះពាល់ដល់ចំណូលលោកមួយផ្នែក​ដែរ ដោយសារប្រជាពល​រដ្ឋត្រឡប់ទៅខេត្តច្រើន។ ទោះ​បីជា​យ៉ាង​ណា​ លោក​នឹង​នៅតែលក់ដូរ​ដូច​​ធម្មតា​។​

លោក ខែម វ៉ា បាននិយាយថា៖ “[ ខ្ញុំ ] ត្រូវតែលក់ យើងអ្នកអត់មិនអាចឈប់បានទេ…ឆ្នាំនេះ ខ្ញុំត្រៀមខ្លួនរួចហើយ បានតិច បានច្រើន ខ្ញុំមិនដឹងទេ ដឹងតែថាត្រៀមលក់”។

អាជីវករលក់ភេសជ្ជៈកំប៉ុងម្នាក់​ទៀត​ គឺ​អ្នកស្រី លី ចាន់ដា អាយុ៣៦ឆ្នាំ​ យល់ឃើញថា ការ​ផ្អាក​ព្រះរាជពិធីបុណ្យអុំទូកនៅ​ឆ្នាំនេះ មិនមានអ្វីជាបញ្ហា​ចោទសម្រាប់អ្នកស្រីទេ ព្រោះកន្លងមក រដ្ឋាភិបាលក៏​ធ្លាប់​ផ្អាកពិធីបុណ្យអុំ​ទូក​រឿយៗដែរ​ ទើបតែប្រារព្ធ​ឡើងវិញ​បាន​ប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ ហើយឆ្នាំនេះ ផ្អាកពិធីបុណ្យម្តង​ទៀត ក៏មិនមានបញ្ហាអ្វីនោះដែរ។

អ្នកស្រី ចាន់ដា និយាយថា «បើទោះបីមិនមានពិធីបុណ្យអុំទូក ក៏នៅតែមានអ្នកដើរលេងដែរ។​ បើទោះបីមិនមានពិធីបុណ្យអុំទូក ក៏ខ្ញុំនៅតែលក់ដែរ» ដោយ​បន្ថែម​ថា អ្នកស្រីទិញមួយថ្ងែសម្រាប់​លក់មួយថ្ងៃ ព្រោះអ្នកស្រីមិនមានដើមទុនទិញអី​វ៉ាន់​តម្កល់ទុកច្រើននោះទេ ហើយ​ថា​​ “រកមួយថ្ងៃ រស់មួយថ្ងៃ ខ្វះមុខខ្វះក្រោយជួនកាលចងការប្រាក់គេ ដើម្បីយកធ្វើទុនក៏មាន”។

កន្លងមក​ រដ្ឋាភិបាល​ធ្លាប់​​ផ្អាក​ការ​ប្រារព្ធព្រះរាជពិធីបុណ្យ​អុំទូក​ច្រើន​លើកមក​ហើយ​ដែរ ហើយ​​ទើបចាប់ផ្តើម​ប្រារព្ធធ្វើ​ឡើងវិញ​បាន​ពីរឆ្នាំជាប់គ្នា​ គឺនៅឆ្នាំ​២០២៣និង​ឆ្នាំ​២០២៤​ បន្ទាប់ពី​ខកខាន​មិនបាន​ប្រារព្ធធ្វើ​​អស់រយៈ​ពេល​បីឆ្នាំ​ជាប់​គ្នា ​គឺនៅ​ឆ្នាំ​២០២០ ២០២១ និង​ឆ្នាំ​២០២២​ ដោយ​សារ​ការ​រីករាល​ដាលនៃជំងឺកូវីដ-១៩​។​

លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលបានបដិសេធ​មិន​ធ្វើសេចក្ដី​អត្ថាធិប្បាយ ​ដោយ​លោក​​ប្រាប់ឱ្យ​ទៅ​មើល​ខ្លឹមសារនៃ​សារាចរ​របស់​រដ្ឋាភិបាល ​ដែល​បាន​ចេញកាល​ពីសប្តាហ៍​មុន​​​នោះវិញ​។

​នៅ​ក្នុង​សារាចរដដែលនេះ រដ្ឋាភិបាលក៏​​បាន​ណែនាំផងដែរ​ឱ្យ​ក្រុម​ការ​ងារ​ចុះមូលដ្ឋាន​រាជធានី ខេត្ត​​បន្ត​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​បញ្ហា​ស្បៀង​ ជម្រក​ ជូន​ជនភៀស​សឹក​ ឱ្យ​ក្រសួង​ការ​​ងារ​បន្ត​យក​ចិត្ត​ទុក​ដាក់​សម្របសម្រួល​ដល់​ការ​ស្វែង​រក​ការងារ​របស់​ពលករ​ខ្មែរ​ទើប​វិល​ត្រឡប់​​មក​​ពីប្រទេសថៃ​ ឱ្យ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​យក​ចិត្ត​ទុកដាក់​ពង្រឹងនិងជំរុញ​សេដ្ឋ​កិច្ច​មូល​ដ្ឋាន ធានាស្ថិរភាព​ថ្លៃ​ ខ្សែច្រវាក់​ផលិតកម្មនិង​ការ​ផ្គត់ផ្គង់​​ និង​បន្ត​យក​ចិត្ត​ទុកដាក់​ខ្ពស់​លើការ​ងារត្រៀម​បង្ការ​គ្រោះ​ធម្មជាតិនានា​ ជា​ពិសេសទឹកជំនន់​ ក៏ដូចជា​ថែរក្សា​ ការពារសន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​។

​កម្ពុជា​និង​ថៃ​បាន​ទទួល​យក​បទឈប់បាញ់​កាល​ពី​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥ ​នៅ​ប្រទេសម៉ាឡេស៊ី​ បន្ទាប់ពី​ការប្រយុទ្ធគ្នា​យ៉ាងខ្លាំងក្លា ដែលបាន​ចាប់ផ្តើម​កាលពីថ្ងៃទី​២៤ ខែកក្កដា​ បន្ទាប់ពី​មាន​ភាពតានតឹង​ជុំវិញ​តំបន់​​ព្រំ​ដែនមាន​ជម្លោះ​។ ពលរដ្ឋ​ជាង​ ៣០.០០០០នាក់ ​បានភៀសខ្លួន​ពីផ្ទះសម្បែង​និង​មាន​មនុស្ស​ជា​ង៤០​នាក់​បាន​បាត់បង់​ជីវិត​ដោយ​សារការ​វាយ​ប្រ​យុទ្ធ​គ្នានេះ៕​

អត្ថបទ​ដោយ ឈឺន ឈន់ និង​ រម៉ាម ណាម​​

អត្ថបទគួរឱ្យចាប់អារម្មណ៍