រដ្ឋាភិបាលកម្ពុជាសម្រេចដកថវិកាចំនួន ២០លានដុល្លារ ចេញពីកញ្ចប់ហិរញ្ញវត្ថុពិសេសរបស់ខ្លួន ដើម្បីផ្តល់ជាទុនដល់រោងម៉ាស៊ីនកិនស្រូវ ក្នុងការប្រមូលទិញស្រូវពីប្រជាកសិករក្នុងតម្លៃសមរម្យបន្ទាប់ពីកសិករជាច្រើនត្អូញត្អែរពីតម្លៃស្រូវធ្លាក់ចុះខ្លាំង។
លោក អូន ព័ន្ធមុនីរ័ត្ន ជាឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសដាក់ចេញវិធានការនេះ អំឡុងកម្មវិធី បិទមហាសន្និបាតបូកសរុបការងារ និងបិទបញ្ចប់អាណត្តិទី៤ របស់សហព័ន្ធស្រូវ-អង្ករកម្ពុជា កាលពីថ្ងៃទី២៦ សីហា កន្លងទៅ ដោយបានអនុញ្ញាតឱ្យធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដកថវិកាចំនួន ២០ លានដុល្លារអាម៉េរិកពីមូលនិធិចំនួន ៧០ លានដុល្លារអាមេរិកដែលដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ២០២៤ កន្លងទៅ ដើម្បីផ្តល់ជាទុនបង្វិលដល់រោងម៉ាស៊ីនកិនស្រូវ ក្នុងការប្រមូលទិញស្រូវពីប្រជាកសិករក្នុងតម្លៃសមរម្យ។
ទោះបីជាយ៉ាងម្ចាស់រោងម៉ាស៊ីនកិនស្រូវបានលើកឡើងថា មូលនិធិនេះមិនទាន់ធ្លាក់ដល់ដៃរបស់ពួកគាត់នៅឡើយទេ។
លោក តុង ភាព ជាម្ចាស់រោងម៉ាស៊ីនកិនស្រូវ តុង ភាព មកពីខេត្តបាត់ដំបង បានលើកឡើងថា លោកបានដឹងខ្លះៗដែរ អំពីការសម្រេចផ្ដល់ថវិកាចំនួន ២០ លានដុល្លារអាម៉េរិក ពីមូលនិធិហិរញ្ញប្បទានពិសេស ឱ្យធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មរបស់រដ្ឋាភិបាល ដើម្បីធ្វើជាជាទុនបង្វិលដល់រោងម៉ាស៊ីនកិនស្រូវ ក្នុងការប្រមូលទិញស្រូវក្នុងតម្លៃសមរម្យពីប្រជាកសិករ។ លោកបន្តថា តែមកដល់ថ្ងៃនេះ ទុនបង្វិលទាំងនោះ មិនទាន់បានធ្លាក់ដល់ដៃពួកលោកនៅឡើយ។
លោក តុង ភាព បន្តថា កន្លងទៅ ខាងសហព័ន្ធស្រូវ-អង្ករបានប្រាប់ពួកលោក ឱ្យទិញស្រូវក្នុងតម្លៃសមរម្យ ហើយខាងសហព័ន្ធស្រូវ-អង្ករ នឹងជួយទិញអង្ករពីពួកលោកវិញ តែចុងក្រោយ បែរជាស្ងាត់ទៅវិញ លោកក៏ទិញទៅតាមលទ្ធភាពជាក់ស្ដែង ពោលគឺទិញថោក លក់ថោក។
លោកនិយាយថា “សព្វថ្ងៃ ខ្ញុំទិញ ៧១០៛ ពីកសិករអត់ចំណេញទេ។ ហ៊ឺមខាតណាស់។ ខ្ញុំអ្នកកណ្ដាល វាមិនសូវអីទេ ខាតតែប្រជាកសិករ “។
លោក ព្រំ ម៉ៅ ជាកសិករមកពីខេត្តកំពង់ធំ បានលើកឡើងថា តម្លៃស្រូវបច្ចុប្បន្ន គឺលក់បានត្រឹមតែ ៦៥០៛ទេ ក្នុងមួយគីឡូហើយបើតម្លៃស្រូវនៅតែបន្តបែបនេះ ប្រជាកសិករច្បាស់ជានៅតែខាត។
លោកបន្តថា មុនផ្ទុះសង្រ្គាមព្រំដែនខ្មែរ-ថៃ ស្រូវលក់បានមួយគីឡូ៨០០៛ ប៉ុន្តែជិតមួយខែកន្លងមកនេះ តម្លៃស្រូវមានតម្លៃ ៦៥០៛ ថេរ ហើយថា បើលក់បានក្នុងតម្លៃ ១ គីឡូ៨០០៛ លោកអាចសល់ប្រាក់ចំណេញខ្លះគ្រាន់ចាយវាយប្រចាំថ្ងៃ តែបើតម្លៃ ៦៥០៛នេះ កសិករខាតទាំងស្រុងតែម្ដង។
លោកនិយាយថា «បើតម្លៃសមរម្យ ឱ្យតែបាន១០០០រៀល ឬ៨៥០រៀល ទៅ៩០០រៀល អី យើងអាចសល់លុយខ្លះតិចតួចចាយ តែបើ៨០០រៀលចុះ អត់ចំណេញទេអូនអើយ »។
លោក នៅ ភាព អាយុ៥៥ឆ្នាំ ជាកសិករមកពីខេត្តកណ្តាល បាននិយាយថា តម្លៃស្រូវនៅក្នុងឆ្នាំ២០២៥នេះនៅក្នុងតំបន់រស់លោកធ្លាក់មកត្រឹម៦០០រៀល ហើយថា តម្លៃខ្ពស់បំផុត គឺ១២០០រៀល ជាតម្លៃមួយ ដែលខ្ពស់បំផុត ហើយជាស្រូវដែលច្រូតភ្លាមយកភ្លាមហៅថា ស្រូវថ្មី។ លោកថា ការធ្លាក់នេះ ទើបកើតមានប៉ុន្មានខែកន្លងទៅនេ ដែលអាចពាក់ពន្ធ័បញ្ហាសង្រ្គាមរវាងកម្ពុជានិងថៃនៅព្រំដែនដែរ។
លោកនិយាយថា “ចន្លោះពីខែមិថុនាមក ប៉ុន្មានខែមកនេះ បានឡើងដល់៦៥០រៀលទៅ៦៧០រៀលតម្លៃប៉ុនហ្នឹង គឺទាបពេកសម្រាប់រូបលោកនិងរាល់កសិករទាំងអស់គ្រប់បណ្តាខេត្ត”។
ជុំវិញការទម្លាក់ថវិកាចំនួន២០លានដុល្លារ ដើម្បីជាទុនបង្វិលក្នុងការប្រមូលទិញស្រូវពីកសិករ លោក នៅ ភាព អះអាងថា មិនបានដឹងទេ។
លោកស្រី អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម និងរុក្ខាប្រមាញ់និងនេសាទ បដិសេធមិនធ្វើអត្ថាធិប្បាយហើយបានបង្វែរសំណួរទៅលោក ឃឹម ហ្វីណង់ ជាអ្នកនាំពាក្យក្រសួងកសិកម្មនិងរុក្ខាប្រមាញ់និងនេសាទម្នាក់ទៀត ដែលមិនអាចទាក់ទងបានដោយសារទូរស័ព្ទជាច្រើនសារតែមិនលើក ខណៈសារតាមតេលេក្រាមលោកបានចូលមើលតែមិនឆ្លើយតប។
បើយោងតាម លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ បានបញ្ជាក់សារជាថ្មីថា យន្តការសហគមន៍កសិកម្មទំនើប ជួយសម្របសម្រួលបន្ថយថ្លៃដើមផលិត និងបញ្ហាទីផ្សារជូនប្រជាកសិករ ដែលធានាពីទីផ្សារទុកជាមុន និងស្ដារនូវលទ្ធភាពផលិតកម្មរបស់ប្រជាកសិករឡើងវិញ។
លោក បានលើកឡើងថា ការចូលរួមរបស់ធនាគារ ជីប ម៉ុង គឺជាការចូលរួមដ៏សំខាន់នៅក្នុងវិស័យកសិកម្ម ជាពិសេសការគាំទ្រដល់សហគមន៍កសិកម្មទំនើប ដើម្បីអនុញ្ញាតឱ្យបងប្អូនប្រជាកសិករដែលជាសមាជិក អាចមានដើមទុនជាកម្ចីដែលមានអត្រាការប្រាក់ទាប ដោយមិនចាំបាច់មានវត្ថុធានា។លោកក៏បានរំលេចបន្ថែមពាក់ព័ន្ធនឹងបញ្ហាថ្លៃស្រូវនេះ ដំណោះស្រាយបន្ទាន់របស់ក្រសួង គឺក្រសួងបាននិងកំពុងធ្វើកិច្ចសហការជាមួយរោងម៉ាស៊ីនដៃគូ ចំនួន ២០ទីតាំង ដើម្បីប្រមូលទិញស្រូវក្នុងរង្វន់ ២០ ទៅ៣០ម៉ឺនតោន ក្នុងទិសដៅអូសតម្លៃស្រូវឱ្យមានភាពប្រសើរឡើងវិញ និងធ្វើយ៉ាងណាកុំឱ្យមានការកកស្ទះស្រូវនៅទីវាល។
បន្ថែមពីនោះ មន្ត្រីកសិកម្មឃុំ ក៏បានជួយសម្របសម្រួលបងប្អូនប្រជាកសិករ រកមធ្យោបាយដឹកជញ្ជូន សម្របសម្រួលទីផ្សារ និងដោះស្រាយបញ្ហាបន្ទាន់ភ្លាមៗ៕
រាយការណ៍បន្ថែមដោយ ឈឺន ឈន់