សាលាឧទ្ធរណ៍ភ្នំពេញគ្រោងបើកសវនាការជំនុំជម្រះលើសំណុំរឿងរបស់លោក រ៉ុង ឈុន ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសកាលពីខែឧសភា ឆ្នាំ២០២៥ ឱ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំនិងដកហូតសិទ្ធិបោះឆ្នោតពីបទ “ញុះញង់” នៅដំណាច់ខែមីនានេះ។
យោងតាមដីកាកោះចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ លោក អ៊ឹម សុផាន អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បានបង្គាប់ឱ្យលោក រ៉ុង ឈុន ចូលរួមសវនាការនៅម៉ោង២ រសៀល ដើម្បីជំនុំជម្រះពីបទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម (ការមិនរាលចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម)”។
លោក រ៉ុង ឈុន ជាសកម្មជនសិទ្ធិការងារ និងនយោបាយ បានប្រាប់ Press Start Cambodia នៅរសៀលថ្ងៃពុធនេះថា លោកបានទទួលដីកាកោះហៅរួចហើយ ដែលបញ្ជូនមកដល់ផ្ទះរបស់លោកកាលពីព្រឹកថ្ងៃពុធនេះ ហើយថា លោកនឹងចូលរួមតាមដីកាកោះរបស់សាលាឧទ្ធរណ៍ភ្នំពេញ ហើយថា ករណីរបស់លោកមិនមានអ្វីខុសច្បាប់ទេ។
លោក រ៉ុង ឈុន មានប្រសាសន៍ថា “បើតុលាការឈរលើយុត្តិធម៌ ឯករាជ្យចំពោះករណីខ្ញុំ វាមិនមានអ្វីដែលខុសច្បាប់ទេ ហើយមួយទៀត បើតុលាការគិតតម្កល់នូវផលប្រយោជន៍ជាតិជាធំ នៅថ្ងៃ៣១ នេះ ត្រូវទម្លាក់រឿងខ្ញុំចោលទាំងអស់តែម្តង”។
កាលពីខែឧសភា ឆ្នាំ២០២៥ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសលោក រ៉ុង ឈុន ឱ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ និងដកហូតសិទ្ធិបោះឆ្នោត និងឈរឈ្មោះបោះឆ្នោតជាអចិន្ត្រៃយ៍ និងពិន័យជាប្រាក់ ៤លានរៀលផងដែរ ពីបទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទមិនរាងចាល បន្ទាប់ពីការផ្តន្ទាទោសពីបទមជ្ឈិម។ ការផ្តន្ទាទោសនេះ ធ្វើឡើង បន្ទាប់ពីតាមចោទថា លោក រ៉ុង ឈុន បានបញ្ចេញមតិទាក់ទិននឹង ករណីឆបោកតាមប្រព័ន្ធអ៊ីនធើណិតនិងបញ្ហាព្រំដែនកម្ពុជា- វៀតណាម។
អំឡុងខែសីហា ឆ្នាំ២០២១ លោក រ៉ុង ឈុន ក៏ធ្លាប់ត្រូវបានតុលាការសម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ និងពិន័យជាប្រាក់ ២លានរៀល និងបង្គាប់ឱ្យរួមគ្នាជាមួយសកម្មជនពីរនាក់ផ្សេងទៀត សងជំងឺចិត្តគណៈកម្មាធិការ ព្រំដែនកម្ពុជាប្រមាណ១០ម៉ឺនដុល្លារ ពីបទ “ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” ជុំវិញការអត្ថាធិប្បាយអំពីបញ្ហាបោះបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម។ កាលពីខែមេសា ឆ្នាំ២០២៥ សាលាដំបូងរាជធានីភ្នំពេញបានចេញដីការឹបអូសទ្រព្យសម្បត្តិរបស់លោក រ៉ុង ឈុន រួមទាំងផ្ទះរបស់លោកនៅរាជធានីភ្នំពេញផងដែរ ដោយសារតែការខូចខាតទាំងនោះមិនទាន់ ត្រូវបានបង់សងទៅភាគីដើមបណ្តឹង៕

