គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សម្ដែងការព្រួយបារម្ភជុំវិញការបិទច្រកព្រំដែនជាឯកតោភាគីរបស់ថៃ ដោយមិនប្រាប់ជាមុន ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋាន ខណៈពលរដ្ឋនិងសង្គមស៊ីវិល អំពាវនាវដល់រដ្ឋាភិបាលនៃប្រទេសទាំង២ ដោះស្រាយបញ្ហាព្រំដែននេះឱ្យបានឆាប់ ដើម្បីឱ្យស្ថានភាពត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ។
យោងតាមសេចក្ដីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលជាស្ថាប័នរបស់រដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី២៦ ខែមិថុនានេះ ឱ្យដឹងថា គណៈកម្មការនេះ មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបិទច្រកព្រំដែនរបស់ថៃ ដែលបានប៉ះពាល់ដល់សិទ្ធិនិងសេរីភាពនៃការធ្វើដំណើរ សិទ្ធិមានជីវភាពរស់នៅសមរម្យ សិទ្ធិមានការងារធ្វើ សិទ្ធិទទួលព័ត៌មាន សិទ្ធិទទួលបានសុខភាពនិងការអប់រំ ថែមទាំងបង្កឱ្យមានអំពើជួញដូរមនុស្សទៀតផង។
សេចក្ដីថ្លែងការណ៍ បានគូសបញ្ជាក់ថា ការបិទព្រំដែនភ្លាមៗរបស់ថៃ បានប៉ះពាល់ដល់ពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ដើម្បីប្រកបរបរចិញ្ចឹមជីវិត រួមមាន អាជីវករ កម្មករ ពលករ ខណៈសិស្សានុសិស្ស និងអ្នកជំងឺ ក៏ប្រឈមនឹងបញ្ហាឯកសារផ្សេងៗ បើទោះបីជាត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ព្រំដែនក៏ដោយ។
ជាមួយគ្នានេះ គណៈកម្មាធិការនេះ ឱ្យដឹងថា ការបិទច្រកព្រំដែនដែលមានសុវត្ថិភាព និងស្របច្បាប់ ក៏បានបង្ខំឱ្យពលរដ្ឋជ្រើសរើសមធ្យោបាយឆ្លងកាត់ព្រំដែនខុសច្បាប់ ដែលនឹងបង្កើនហានិភ័យនៃការជួញដូរមនុស្ស ជាពិសេសក្រុមជនងាយរងគ្រោះ ដែលមានស្ត្រី កុមារ មនុស្សចាស់ និងជនមានពិការភាពជាដើម។
សេចក្ដីថ្លែងការណ៍ដដែល បានសង្កត់ធ្ងន់ថា ប្រទេសថៃ បាននិងកំពុងរំលោភលើកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋនិងនយោបាយ សិទ្ធិសេដ្ឋកិច្ច សង្គមនិងវប្បធម៌។
លោក ប៉ា ប៊ុណ្ណារ៉ាដា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថ្លែងថា សកម្មភាពរបស់ភាគីថៃដែលបានបិទច្រកព្រំដែននេះ បានធ្វើឱ្យប៉ះពាល់ដល់កម្មករ ពលករ និងអាជីវកររកស៊ីនៅតាមច្រកព្រំដែនយ៉ាងខ្លាំង ខណៈគណៈកម្មាធិការនេះ ក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការរំលោភបំពានសិទ្ធិមនុស្សបែបនេះ ដើម្បីមានវិធានការជាបន្តបន្ទាប់ទៀត។
លោកនិយាយថា៖ «យើងមានយន្តការរបស់យើង ដោយសន្តិវិធី ហើយនឹងការប្ដឹងទៅកាន់អន្តរជាតិ ដើម្បីឱ្យគេពិនិត្យនិងសម្រេចផងដែរ […] ចាំមើលសភាពការណ៍ជាក់ស្ដែងយ៉ាងម៉េច ហើយស្ថានភាពវាវិវត្តន៍យ៉ាងម៉េច អាហ្នឹងយើងមានការណែនាំ [ពីថ្នាក់លើ] មានវិធានការបន្តទៀត»។
អ្នកស្រី ជាន ដាវី វ័យ៣៩ឆ្នាំ ជាអាជីវករប្ដូរប្រាក់និងផ្ទេរប្រាក់ នៅក្រុងប៉ោយប៉ែត និយាយថា បន្ទាប់ពីមានការបិទច្រកព្រំដែនរវាងប្រទេសទាំងពីរ ចំណូលរបស់អ្នកស្រី បានធ្លាក់ចុះប្រមាណ៤០ភាគរយ ដែលបានមកពីការប្ដូរប្រាក់ ឱ្យកម្មករនិងអាជីវករតាមព្រំដែន។
ជាមួយគ្នានេះ អ្នកស្រីថា ពលរដ្ឋថៃដែលជួលបន្ទប់អ្នកស្រី ដើម្បីប្រកបរបរលក់ម្ហូបនៅខ្មែរ ក៏ជាប់គាំងនៅថៃមិនបានមកវិញ ពួកគេក៏ស្នើសុំអ្នកស្រីបញ្ចុះតម្លៃបន្ទប់២០ភាគរយ ក្នុងរយៈពេល ៥ខែ ដោយសារការបារម្ភជុំវិញភាពតានតឹងនេះ។
អ្នកស្រីនិយាយថា៖ «ប៉ះពាល់ការដូរលុយ កាលមុនជិត៥០ទៅ៦០នាក់ក្នុងមួយថ្ងៃ លូវសល់ជាង៣០នាក់។ […] ចង់ឱ្យត្រលប់មកដូចដើម ប្រសិនបើនៅតែអញ្ចឹងទៀត វាប៉ះពាល់ច្រើន ហាងរបស់បងខ្ញុំអី វាពិបាកកម្មង់ឥវ៉ាន់ [ពីថៃ] ចូលចឹង»។
ក្រៅពីនេះអ្នកស្រី ក៏សង្កេតឃើញដែរថា អាជីវកម្មនិងការលក់ដូរនៅក្រុងប៉ោតប៉ែត មានសភាពស្ងាត់ភ្ងៀវ នៅពេលដែលចរន្តមនុស្សចេញចូលលែងមានបន្តទៀត ខណៈសិស្សសាលានិងអ្នកជំងឺ ដែលអាចចេញចូលបាន តែត្រូវគោរពតាមពេលវេលាកំណត់ដែលជាការដាក់បន្ទុកដល់គ្រួសាររបស់ពួកគេបន្ថែមទៀត។
លោក ឌី ថេហូយ៉ា មន្ត្រីទទួលបន្ទុកផ្នែកពលករទេសន្តប្រវេសន៍នៃអង្គការសង់ត្រាល់ ទទួលស្គាល់ផងដែរថា ក្រោយការបិទច្រកព្រំដែននៃប្រទេសទាំងពីរ ពលរដ្ឋដែលប្រកបរបរ និងឆ្លងកាត់ព្រំដែនបានរងផលប៉ះពាល់យ៉ាងខ្លាំង។ លោកថា មានពលករខ្មែរដែលវិលត្រលប់មកពីថៃ បានជួលរថយន្តតម្លៃ១០០ដុល្លារ និងបង់ថ្លៃប្រមាណ៦ម៉ឺនរៀលទៅភាគីថៃ ខណៈពលករមានអីវ៉ាន់ច្រើនក៏ត្រូវជួលគេឱ្យជួយលើក ដែលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាព និងសិទ្ធិការងាររបស់ពួកគេ។
លោកបញ្ជាក់ថា៖ «សូមអំពាវនាវឱ្យមានដំណោះស្រាយសមស្របណាមួយ ដែលប្រជាពលរដ្ឋ មិនថាខ្មែរ ថៃ ឱ្យគាត់បានរស់នៅប្រចាំថ្ងៃប្រក្រតី។ បើមើលជីវិតរស់នៅអ្នកជាយដែនគាត់ហាក់មានទំនាក់ទំនងល្អនឹងគ្នា ការរកទទួលទានប្រចាំថ្ងៃ។ ចឹងកន្លែងណាដែលជាបញ្ហាសុំដោះស្រាយកន្លែងហ្នឹងទៅ កុំពង្រីកបញ្ហាបន្តទៀត»។
មន្រ្តីអង្គការសង់ត្រារូបនេះ ឱ្យដឹងថា តាមការចុះសង្កេតរបស់អង្គការសង់ត្រាល់ គឺមានពលករខ្មែរវិលត្រលប់មកពីថៃប្រមាណ ៣ពាន់នាក់ជារៀងរាល់ថ្ងៃ ក្រោយភាពតានតឹងបានកើតឡើង។
អង្គការសង់ត្រាល់ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា យោងតាមការសង្កេតផ្ទាល់ពីក្រុមការងារស្មា-SMA និងបណ្តាញពលករ ព្រមទាំងបានសាកសួរពលករខ្មែរខ្លះ ដែលមិនមានឯកសារ នៅល្ងាចថ្ងៃទី២៥ ខែមិថុនាម្សិលមិញ មានពលករប្រមាណ ១០៥នាក់ រួមទាំងក្មេងៗ កុមារតូចៗផង ត្រូវបានប៉ូលិសថៃ ទៅចាប់ដល់កន្លែងធ្វើការ និងបញ្ជូនមកខ្មែរយើងវិញ ហើយក៏មានពលករខ្លះទៀត ពួកគាត់បានដើរមកពីកន្លែងធ្វើការមកកាន់ច្រកព្រំដែនផងដែរ ដើម្បីរង់ចាំឲ្យថៃនាំមកខ្មែរវិញ.
សង់ត្រាល់ បន្តទៀតថា ហេតុការណ៍នេះ ក៏បង្កឱ្យមានការមើលឃើញថា កុមារ និងស្ត្រីមួយចំនួន ជាពលករខ្មែរ រងផលប៉ះពាល់ និងប្រឈមបញ្ហាសុខភាព ព្រមទាំងបំពានសិទ្ធិកុមារ និងសិទ្ធិស្ត្រី។
ភាពតានតឹងរវាងកម្ពុជាថៃកើតឡើងសារជាថ្មី ក្រោយការប៉ះទង្គិចគ្នានៅចុងខែឧសភា នៅចំណុចមុំបី ខេត្តព្រះវិហារ ដែលបណ្ដាលឱ្យកងទ័ពខ្មែរម្នាក់បានស្លាប់។ កាលពីយប់ថ្ងៃទី២៣ ខែមិថុនា យោធាថៃក៏បានសម្រេចបិទច្រកព្រំដែនទាំងអស់រវាងកម្ពុជា-ថៃដោយឯកតោភាគី ដោយអនុញ្ញាតឱ្យចេញចូលតែសិស្ស និងអ្នកជំងឺប៉ុណ្ណោះ៕