តុលាការកំពូល​បដិសេធ​សំណើ​សុំដោះលែង​លោក កើត សារ៉ាយ ឱ្យ​មាន​សេរី​ភាព

តុលាការ​កំពូល បាន​បដិសេ​ធសំណើ​សុំ​ដោះ​លែង​ប្រធាន​សមាគម​សម្ពន្ធ​និសិ្សត​បញ្ញ​វន្ត​ខ្មែរ (KSILA) លោក កើត សារ៉ាយ ឱ្យមានសេរីភាព ខណៈសាច់ញាតិ និង​សង្គមស៊ីវិល ​បង្ហាញការ​សោកស្តាយចំពោះ​ការ​សម្រេច​នេះ ដោយ​ថាសកម្មភាព​​របស់ប្រធាន​សមាគមរូបនេះ ធ្វើ​ឡើង​​ដើម្បីជួយ​ពលរដ្ឋ​មានបញ្ហា​ដីធ្លី សង្គម​ជាតិ និង​បរិស្ថាន​។

តុលាការកំពូល ​បាន​បើកសវនាការ​​លើសំណើសុំដោះលែង ​លោក កើត សារ៉ាយ កាល​ពី​ថ្ងៃ​ទី៦ ខែ​តុលា ឆ្នាំ​២០២៥ និង​ត្រូវប្រកាស​សាលដីកា នៅថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២៥នេះ​។

អ្នកនាំពាក្យតុលាការកំពូល អ្នកស្រី ម៉ៅ ធីតា មានប្រសាសន៍​ប្រាប់ Press Start Cambodia​ នៅរសៀល​ថ្ងៃ​ទី​១៣​ ខែតុលា ឆ្នាំ២០២៥នេះថា តុលាការកំពូលបានចេញដីការ​តម្កល់សាលដីកា​សាលាឧទ្ធរណ៍​​​ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល ដែល​បាន​បដិសេធ​សំណើ​សុំ​ដោះ​លែង​ លោក កើត សារ៉ាយ ឱ្យមានសេរីភាព។ យ៉ាងណា អ្នកស្រី មិនបានបញ្ជាក់ពីមូលហេតុ​ដែលតុលាការ​សម្រេច​មិនដោះលែង​លោក កើត សារ៉ាយ​ នេះ​ទេ។​

អ្នកស្រីថា៖ «ក្រុម​ប្រឹក្សា​សម្រេច​តម្កល់​សាលដីកា​របស់​សាលា​ឧទ្ទរណ៍»។

សាលាឧទ្ធរណ៍ បានបដិសេធសំណើសុំដោះលែង​ចំពោះ​ លោក សារ៉ាយ កាលពីខែកក្កដា ឆ្នាំ២០២៥។

បងស្រីបង្កើតរបស់លោក កើត សារ៉ាយ គឺអ្នកស្រី កើត យី វ័យ​៣៥ឆ្នាំ បង្ហាញ​ការ​​​សោក​​ស្ដាយ​ដែល​តុលាការ​កំពូល​បដិសេធ​សំណើ​​​ដោះ​លែង​ប្អូន​ប្រុស​គាត់​ឱ្យ​មាន​សេរី​ភាព ដោយ​អ្នកស្រីអះអាង​​ថា​ ​លោក សារ៉ាយ មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​ការ​ចោទ​ប្រកាន់​​នោះ​ទេ ហើយ​សកម្មភាពដែល​ប្អូន​របស់គាត់​បានធ្វើ គឺដើម្បីជួយ​ប្រជាពលរដ្ឋរង​គ្រោះ​​ និង​សង្គម​ជាតិ​តែប៉ុណ្ណោះ។​

អ្នកស្រីថា៖ «ខ្ញុំក៏មានការសោកស្ដាយដែរ ខ្ញុំសង្ឃឹមថា សាលក្រមប្រកាសថ្ងៃនេះ នឹង​ឱ្យ​ប្អូន​ខ្ញុំ​នៅ​ក្រៅឃុំ ​ផ្ទុយទៅវិញសាលក្រមបានបដិសេធ ខ្ញុំមានការអស់សង្ឃឹម […] សុំ​​ឱ្យ​តុលាការ​ឱ្យ​គាត់​​ស្នើ​ឱ្យ​ប្អូន​ខ្ញុំ​​បាន​​នៅ​ក្រៅ​​ឃុំ​ ​ឱ្យ​គាត់​មាន​សិទ្ធិ​សេរីភាព ​ឱ្យ​គាត់​បាន​បន្ត​ធ្វើ​ការ​ជួយ​សង្គម​បន្ត​ទៅ​ទៀត»។​

លោក កើត ​សារ៉ាយ ត្រូវបានសាលា​ដំបូងរាជធានីភ្នំពេញ សម្រេច​​ផ្តន្ទា​ទោស​ដាក់ពន្ធនាគារ រយៈ​ពេល ៤ឆ្នាំ និង​បង្គាប់​ឱ្យ​សងសំ​ណង​ចំ​នួន ៥០០​ដុល្លារ​អាមេរិក ឬ (២ ០០០ ០០០ រៀល) ក្រោម​ការ​ចោទ​ពី​បទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ឬបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមបញ្ញតិ្តមាត្រា៤៩៤ និង​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីលោក​បានបញ្ចេញមតិទាក់ទងនឹងបញ្ហាជម្លោះដីធ្លី​មួយ​​នៅ​​​ឃុំ​​ស្រយង់ ​និង​​​ឃុំ​​ភ្នំ​​ត្បែង​​ពីរ ​ស្រុក​​គូលែន ​ខេត្ត​​ព្រះ​វិហារ ។ លោក​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពីដើម​​ខែមេសា ឆ្នាំ២០២៤ នៅការិយាល័យសមាគមសម្ពន្ធនិសិ្សតបញ្ញវន្តខ្មែរ (KSILA) ក្នុង​​រាជធានី​ភ្នំពេញ។

ពលរដ្ឋនៅភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ដែលមានជម្លោះដីធ្លីកាលពីឆ្នាំ២០២៤ សុំមិន​បញ្ចេញ​ឈ្មោះ បានលើកឡើង​ថា នេះជារឿងអយុត្តិធម៌​ចំពោះលោក កើត សារ៉ាយ ដែលតុលាការបន្តឃុំខ្លួនគាត់។

ពលរដ្ឋរូបនេះអះអាងថា លោក កើត សារ៉ាយ ជាមនុស្សល្អ ព្រោះកាលពេលមានជម្លោះដីធ្លី ពលរដ្ឋ​ត្រូវ​ការ​ជំនួយ​ ទើប​លោក សារ៉ាយ ចុះទៅជួយ ហើយលោកមិនបានញុះញង់ពលរដ្ឋឱ្យ​បះបោរ​នោះទេ។

ពលរដ្ឋ​រូបនេះ និយាយ​ថា៖ «គាត់រងអយុត្តិធម៌​មែន ព្រោះគាត់ជួយសង្គមតើ គាត់ជួយប្រជាពលរដ្ឋដែល​រងគ្រោះ​លំបាក​ពិតប្រាកដមែន ហើយដល់ពេលអ៊ីចឹងគេចោទ គេធ្វើបាបគាត់អ៊ីចឹងវាអយុត្តិធម៌សម្រាប់​មនុស្ស​ល្អ​ណាស់ […] សំណូមពរឱ្យរាជរដ្ឋាភិបាលហ្នឹង បើយកដីធ្លីប្រជាជនអស់ហើយ កុំបាច់ធ្វើបាប លោកគ្រូ កើត សារ៉ាយ ទៀត ដោះលែងគាត់ទៅ ព្រោះរាល់​ថ្ងៃនេះ ក៏មិនមានប្រគល់ដីធ្លីឱ្យប្រជាជនដែរ គេទទួលយកអស់​ហើយ​ អ៊ីចឹងប្រជាជនអត់មានពីណាមួយទៅតវ៉ាអីទៀតទេរាល់ថ្ងៃនោះ»។

នាយកទទួលបន្ទុកការងារទូទៅនៃអង្គការការ​ពារ​សិទ្ធិមនុស្ស​​លីកាដូ លោក អំ សំអាត ដែល​តាម​ដានសំណុំ​រឿង​នេះ មានប្រសាសន៍ថា តុលាការ​​កំពូល ​បាន​​​សម្រេច​​បដិសេធ​​ដោះ​លែង លោក កើត សារ៉ាយ ក្រោម​​ហេតុ​​ផល​​ថា រក្សា​ទុក​ជន​​ជាប់​​ចោទ ដើម្បី​ឱ្យ​​សាលា​ឧទ្ធរណ៍​​​ដំណើរ​ការ​​តាម​​នីតិវិធី ស្របពេល​​សវនាការ​លើ​​​អង្គ​​សេចក្តី​​របស់​​លោក កើត សារ៉ាយ កំពុង​ស្ថិត​ក្នុង​ដៃ​សាលា​​ឧទ្ធរណ៍​​។

ទោះយ៉ាងណា លោក អំ សំអាត យល់ថា ការងារ ក៏ដូចជាសកម្មភាព​របស់​លោក កើត សារ៉ាយ នាពេល​​កន្លង​មក ធ្វើ​ឡើង​ដើម្បី​ការ​ពារ​សិទ្ធិមនុស្ស បរិស្ថាន និ​ងជួយ​ស្វែងរក​ដំណោះស្រាយ​ជូន​​​​ប្រជា​ពលរ​ដ្ឋ​​រង​​គ្រោះ​​​ដោយ​​សារ​បញ្ហា​ដីធ្លី​ប៉ុណ្ណោះ ដែលគួរណា​តុលាការ​ពិចារណា​ក្នុងការ​ដោះលែង​រូបគាត់។​

លោកបន្ថែមថា៖ «មិនគួរត្រូវបាន​បន្ត​ឬក៏ផ្ដន្ទាទោសទៅលើ លោក កើត សារ៉ាយ នោះទេ ហើយសាលដីកានេះ ក៏វាជាសារមួយធ្វើឲ្យបាក់ទឹកចិត្ត និងស្មារតីដល់យុវជន​ដែលចង់ចូលរួមនៅក្នុងកិច្ចការពារបរិស្ថានធន​ធាន​ធម្ម​ជាតិ​សិទ្ធិ​មនុស្ស ក៏ដូចជា​ជួយប្រជាពលរដ្ឋរងគ្រោះដោយសារបញ្ហាដីធ្លី»។

គួររម្លឹកដែរថា លោក កើត សារ៉ាយ ក៏ធ្លាប់​ត្រូវ​បា​នតុលាការ​ផ្តន្ទាទោសដាក់ពន្ធនាគារម្ដងហើយ កាល​ពីថ្ងៃ​​ទី២៦ ខែ​តុលា ឆ្នាំ២០២១ ដោយពេលនោះសាលាដំបូងរាជធានីភ្នំពេញ បាន​កាត់​ទោស​លោក​ដាក់​​ពន្ធនាគារ​​​រយៈពេល ២០ខែ និង​ពិន័យជា​ប្រាក់​ចំនួន ២លានរៀល ពីបទញុះ​ញង់​បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តែត្រូវអនុវត្តទោសក្នុងពន្ធនាគារ​ចំនួន ១៤​ខែ ខណៈ​ទោសសេស​សល់ត្រូវព្យួរសាក​ល្បង​​រយៈពេល២ឆ្នាំ៕

អត្ថបទគួរឱ្យចាប់អារម្មណ៍