នៅព្រឹកថ្ងៃចន្ទនេះ តុលាការកំពូលសម្រេចបដិសេធសំណើរសុំដោះលែងឱ្យមានសេរីភាពរបស់សកម្មជនចលនាមាតាធម្មជាតិទាំ៥រូប ដែលត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារពី៦ ទៅ៨ឆ្នាំ ដោយតម្កល់សេចក្តីសម្រចរបស់សាលាឧទ្ធរណ៍ទុកជាបានការដដែល។
ចៅក្រមនៃតុលាការកំពូល លោក សាលី ធារ៉ា បានសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការ ដោយបដិសេធមិនដោះលែងសកម្មជនបរិស្ថានទាំង ៥រូប។ កាលពីថ្ងៃទី២៣ ខែកុម្ភៈ តុលាការកំពូលបានបើកសវនាការជំនុំជម្រះលើបណ្តឹងសារទុក្ខរបស់សកម្មជនចលនាមាតាធម្មជាតិទាំង៥រូប។
ក្នុងចំណោមសកម្មជនទាំង៥ លោក យឹម លាងហ៊ី និងលោក ថុន រដ្ឋា បានបង្ហាញវត្តមានក្នុងបន្ទប់សវនាការ ខណៈសកម្មជន៣រូបទៀត មិនបានបង្ហាញមុខ អំឡុងពេលប្រកាសសាលដីកាព្រឹកនេះទេ។
អ្នកនាង ស៊ុន រដ្ឋា ជាសមាជិកម្នាក់ក្នុងចំណោមសមាជិកចលនាមាតាធម្មជាតិ១០ រូប ដែលសាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសកាលពីថ្ងៃ ០២ ខែកកក្កដា ឆ្នាំ២០២៤ និងកំពុងគេចខ្លួនបានប្រាប់ Press start Cambodia ថា ស្ថានភាពនេះ ធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាមើលឃើញកាន់តែច្បាស់ និងកាន់តែបាត់បង់ជំនឿលើប្រព័ន្ធតុលាការ។
អ្នកនាងនិយាយថា ៖“តុលាការកាន់តែបង្ហាញឱ្យប្រជាពលរដ្ឋកម្ពុជាមើលឃើញកាន់តែច្បាស់និងអស់ជំនឿចិត្តកាន់តែខ្លាំងឡើងពីប្រព័ន្ធតុលាការ ហើយជាពិសេសឱ្យមើលឃើញកាន់តែច្បាស់ពីប្រព័ន្ធដឹកនាំរបស់កម្ពុជាថា តើប្រព័ន្ធតុលាការនៅកម្ពុជាមានទំនោរទៅខាងណា ”។
លោក ឡូយ យីម វ័យ ៦៩ឆ្នាំ ជាឪពុកលោក យឹម លាងហ៊ី ដែលបានចូលស្តាប់ការប្រកាសសាលដីកាយល់ថា ការចោទប្រកាន់នេះ គឺជាការបំបិទសំឡេង ជំនួសឱ្យការលើកទឹកចិត្តនិងគាំទ្រពួកគេ។
លោកនិយាយថា ៖“ពេលដែលចោទនេះ គឺដូចជា គឺថាដូចមិនមានភស្តុតាង ច្បាស់លាស់ទេ ។ ចោទហ្នឹងដូចថា មានកំហឹងឈឺចាប់ តូចចិត្តនឹងយុវជនដែលគ្នាបានខំធ្វើការហើយមានទាំងពានរង្វាន់ពិភពលោកគេឱ្យ ហើយដូចថា មិនលើកទឹកចិត្តគ្នាបែរទៅចាប់កំហុសគ្នា ។ ចឹងបានន័យថា ធ្វើបំបាក់ទឹកចិត្តយុវជន បំបិតមាត់យុវជន ចឹងមិនល្អទេ”។
លោកបន្តថា លោកនឹងនៅតែគាំទ្រកូនប្រុសរបស់លោកជានិច្ចមិនហាមឃាត់ទេ ឱ្យតែកូនមានឧត្តមគតិស្នេហាជាតិមាតុភូមិច្បាស់។
អ្នកស្រី ប៉ាត រស្មី ជាភរិយារបស់លោក ថុន រដ្ឋា បានបង្ហាញអារម្មណ៍សោកស្តាយ និងខកចិត្តចំពោះសេចក្តីសម្រេចរបស់តុលាការកំពូលនៅព្រឹកនេះ។
អ្នកស្រីនិយាយថា ៖“ពិតជាមានអារម្មណ៏សោកស្តាយនិងឈឺចាប់ ឈឺចាប់ខ្លាំងមែនទែន ព្រោះយើងដឹងហើយថា កន្លងមកគាត់ធ្វើការងារ ដើម្បីតែបរិស្ថានសង្គមជាតិ ដើម្បីតែប្រទេសជាតិរបស់យើង ហេតុអីក៏ត្រូវនៅបន្តដាក់គាត់នៅពន្ធនាគារទៀត។ វាជារឿងអយុត្តិធម៌មែនទែន” ។
កាលពីដើមខែកក្កដា ឆ្នាំ២០២៤ សកម្មជនចលនាមាតាធម្មជាតិទាំង៥រូប មានកញ្ញា ឡុង គន្ធា លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី លោក លី ចាន់ដារ៉ាវុទ្ធ និងលោក យឹម លាងហ៊ី ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារពី៦ ទៅ៨ឆ្នាំ ពីបទ “រួមគំនិតក្បត់” និងបទ “ព្រះមាថចំពោះអង្គព្រះមហាក្សត្រ”។
កញ្ញា ហេង គឹមសួ មន្រ្តីគោលនយោបាយនិងតស៊ូមតិ នៃអង្គការភាពជាដៃគូរ ដើម្បីបរិស្ថាននិងការអភិវឌ្ឍ យល់ថា មិនមែនជារឿងថ្មីទេ ដែលតុលាការបដិសេដការស្នើសុំរបស់សកម្មជន ហើយថា ការបន្តចាប់អ្នកការពារបរិស្ថាននិងអ្នកការពារសិទ្ធិមនុស្ស ជះឥទ្ធិពលអាក្រក់ដល់សង្គមកម្ពុជាទៅវិញទេ។
កញ្ញានិយាយថា ៖“ចំពោះខ្ញុំមិនប្លែកអារម្មណ៌អីទេ ពីព្រោះកន្លងមក គឺយើងឃើញថា ការដែលស្នើសុំនៅក្រៅឃុំតែងតែទទួលបានការបដិសេដ ពីប្រព័ន្ធតុលាការកម្ពុជា”។
លោក រស់ សារ៉ាត់ អ្នកសម្របសម្រួលគម្រោង នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ដែលបានចូលរួមស្តាប់ប្រកាសសាលដីកានេះ ក៏បានសម្តែងការសោកស្តាយផងដែរចំពោះសេចក្តីសម្រេចនេះ ព្រោះសកម្មភាពរបស់សកម្មជនបរិស្ថាន គឺធ្វើដើម្បីប្រយោជន៍ពលរដ្ឋទូទៅ។
លោកនិយាយថា ៖“សកម្មភាពដែលពួកគាត់ធ្វើកន្លងមក គឺតែមួយទេ គឺក្នុងន័យការពារធនធាន ន័យការពារធម្មជាតិ ដើម្បីឱ្យជាប្រយោជន៏ដល់ប្រទេសកម្ពុជា ដល់ប្រជាជន ពលរដ្ឋកម្ពុជារបស់យើង”។
គួររំលឹកផងដែរ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ អង្គការ CIVICUS ជាសម្ព័ន្ធសង្គមស៊ីវិលពិភពលោកបានដាក់សកម្មកម្មជនទាំងប្រាំរូប ក្នុងយុទ្ធនាការ “ Stand As My Witness” ដោយអំពាវនាវឱ្យមានការដោះសកម្មជនបរិស្ថាន ដែលកំពុងជាប់ពន្ធនាគារ៕

