បទយកការណ៍៖ មនុស្សចាស់​​​​មួយ​ចំនួន​​​នៅបន្ត​​ប្រកប​​របរ​​ចិញ្ចឹម​​ជីវិត ខណៈ​​​សេវា​គាំពា​រ​សង្គម​​​ហាក់​​​នៅ​​​មាន​​​កម្រិត​

នៅលើដងវិថី​មួយចំនួន​​​ក្នុង​រាជធានីភ្នំពេញ គេ​សង្កេត​ឃើញមានផ្ទះ អគារ​​​ខ្ពស់ទាប​ ហាង​លក់ដូរ​ និង​​​យានយន្ត​គ្រប់ប្រភេទ​បើក​បរ​ទៅមក​​មិន​ដាច់ ដែលជួនពេលខ្លះក៏មាន​ស៊ីក្លូមួយ​ៗនៅលើ​ដង​ផ្លូវ​ផង​ដែរ។ ក្រៅពីនោះ គេ​ក៏ឃើញពលរដ្ឋ​មួយ​ចំនួន ក្នុងនោះ​ក៏មានមនុស្ស​វ័យ​ចំណាស់​​​ផង​ដែរ​​ ដោយ​មាន​អ្នក​ខ្លះ​​រុញ​រទេះ និង​ខ្លះ​ទៀត​​ទូលកញ្ច្រែង​​​​ល្អី ដើរ​លក់របស់របរ​ប្រើប្រាស់ បន្លែ​បង្ការ និង​នំ​​ចំណី​​ ដូច​ជា នំខ្មែរ ការ៉េម សណ្តែក​​ដីស្ងោរ​​ និង​ពោតស្ងោរ ​ជា​ដើម។ ​​

សម្រាប់​អ្នកលក់ដូរ​ដែលជា​មនុស្ស​វ័យ​ចំណាស់ បាន​លើកឡើងពីផល​លំបាកក្នុង​ការ​ដើរ​លក់​ដោយ​សារ​មិន​សូវ​មានកម្លាំង​ ខណៈជីវភាព​មានការ​ខ្វះ​ខាត​ ដែល​តម្រូវ​ឱ្យ​ពួកគាត់​ត្រូវ​ដើរ​រក​ប្រាក់​ចំណូល​ចិញ្ចឹម​ជីវិត និង​ទុក​ទិញថ្នាំ​សង្កូវ​ពេល​ឈឺម្តងៗ។

កំពុង​ដើរ​រុញ​រទេះ​លក់​​ការ៉េម នៅម្តុំផ្សារ​កណ្តាល ខណ្ឌ​​ដូន​​ពេញ រាជ​ធានីភ្នំពេញ ​​​បុរស​​វ័យ ៧២ឆ្នាំ លោក តាំង​ សុជាតិ បាន​ប្រកប​របរ​នេះ អស់​រយៈ​ពេល ៣៣ឆ្នាំ​មក​ហើយ។ លោក​​ចាប់ផ្តើមចេញពីផ្ទះ​នៅ​ម្តុំ​ផ្សារ​សេរីភាព ខណ្ឌ​៧មករា នៅ​ម៉ោង​៨ព្រឹក ហើយ​ដើរលក់​តាម​ដង​ផ្លូវ​នានា​ រហូតដល់​ម៉ោង​ ៩យប់​។ 

​លោក​ សុជាតិ ឱ្យ​ដឹងថា ពីមុន នៅពេល​មានកម្លាំងកាយ​ពេញ​​​ លោក​​អាច​​ដើរ​​លក់​​បាន​​ឆ្ងាយ ដែល​​អាច​​រក​បាន​ប្រាក់បាន​គ្រាន់​បើ​ក្នុងការ​​ចិញ្ចឹម​ជីវិត ប៉ុន្តែ​​​បច្ចុប្បន្ន ​​មាន​វ័យ​​កាន់​តែ​ចាស់ មិន​អាច​​ដើរ​លក់បាន​​​ឆ្ងាយដូចមុន​​ ហើយ​​​​ស្រប​ពេល​​​​ប្រទេស​​​មាន​ការ​អភិវឌ្ឍ​ ហាងលក់​ចំណី​អាហារ​​ព្រោង​ព្រាត​​ និ​ងស្ថិត​ក្នុង​សម័យ​ឌីជីថលផង​នោះ​ បាន​ធ្វើ​ឱ្យ​របរ​ដូចជា​រូប​លោក មិន​អាច​លក់​ដាច់​ដូចមុន។​

លោក​ថា៖ «បើកាល​មុនរក​បាន​មួយ​ថ្ងៃ​ ៥ទៅ​៦ម៉ឺន[រៀល]​ដែរ។ លក់មួយ​ថ្ងៃបាន ២ទៅ​៣ម៉ឺន[រៀល​] កាល​​​នៅមាន​​​កម្លាំង​​ចេះ​​​តែ​​ដើរ​​បាន​​​ឆ្ងាយ កាល​មុន​​​រាង​​ស្រួល​​​លក់ ឥឡូវ​​​​រាង​​​ពិបាក​។ ណាមួយ​​​​កម្លាំង​​យើងដល់ ដើរ​វាមិនបាន​ឆ្ងាយ​ណា ដើរ​បាន​តែ​ក្បែរៗហ្នឹង ពី​មុន​ទៅ​ដល់​ម្តុំ​ទួលគោក កួច​កាណុង​​ឯណោះ។ បើ​​ភ្លៀង​​ដឹ​ង​​តែ​លក់​មិន​ដាច់​ហើយ ឥឡូវ​មេឃត្រជាក់​​ ក៏លក់​មិន​សូវ​ដាច់​ដែរ»។

បុរស​ដែល​​មានសក់​ស្កូវ​ដោយ​ដុំ​​ ស្បែក​​ជ្រីវជ្រួញ​​​​ទៅហើយនោះ បាន​និយាយ​ថា ​បើ​ទោះជា​​ការ​លក់​​ដូរ​មិន​សូវ​ដាច់​ដូច​មុន ប៉ុន្តែ​លោក​នៅ​តែ​បន្ត​មុខ​របរនេះ ដោយសារ​មិនមាន​ជំនាញ​អ្វី​ផ្សេង ខ្លួន​​ក៏​កាន់​តែ​ចាស់ ហើយ​ជីវភាព​ខ្លួនឯងនិង​​​កូន​​ចៅ​ក៏​​មិន​​ធូរ​ធា។

លោក​​ថា​៖ «បើមិន​ដើរ​លក់​ មាន​តែ​ដាច់​​បាយ។ កូន​មាន​ជីវភាព​យ៉ាប់​ដែរ​ គ្រាន់​តែ​ទប់​ទល់​នឹង​គ្រួសារគេរួច តែ​អត់​សល់​អី​។ ចុះ​បើយើង​មិន​ធ្វើ[ដើរ​លក់​ការ៉េម]​ បាន​​លុយ​កាក់​អី​យក​ទៅ​ដោះ​ស្រាយ[ជីវភាព]​។ ​យើង​អត់​ចេះ​របរអី​ផ្សេង​​ផង អត់​មាន​​ជំនាញ​​​អី​​ផ្សេង​ ពេល​បែក​​អាពត[ក្រោយ​សម័យ​ប៉ុល​ពត]មក​ មាន​​បាន​​រៀន​​សូត្រ​ហ្នឹង​​​គេ​​ទេ​ បើ​បាន​​រៀ​ន​​សូត្រ​​ចេះ​​ដឹង​​ទៅ ចេះ​តែ​​មុជ​​ទៅ​​​ជ្រៅ​​ទៅ។ ហើយ​កូន​​​ចៅ​​​គេ​​ធូរ​ធា គេ​​ចេះ​​តែ​​ឱ្យ​​ពុក​​ម្តាយ​​គេ​​ឈប់​​ទៅ ខ្ញុំ​​កូន​​ចៅ​​វា​អត់​ធូរ​ធា​»។

ទោះ​​​មាន​អាយុជាង ៧០ហើយ​​ក៏ដោយ ប៉ុន្តែ​លោកពុំ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​សម្រាប់​​មនុស្ស​ចាស់ បើទោះ​ជា​​លោក​​​មាន​បណ្ណសមធម៌ក៏ដោយ ព្រោះលោក​មិន​​ដឹងបាន​​ពីនីតិវិធីស្នើសុំ ហើយ​អាជ្ញាធរ​មូលដ្ឋាន ក៏​មិន​បានលើកឡើង​ពីរឿង​នេះប្រាប់ទៅគ្រួសារ​គាត់​​​ដែរ។

លោកថា​៖ «ខ្ញុំ​មិន​ដឹង​ស្នើសុំ​អីគេ​ទេ។ គេ​ជួយ​ហ្នឹង​​មិន​​បាន​​អី​​ច្រើន​ទេ។ បាន​ដែរ បាន​សំបុត្រ​ទៅ​​​ពេទ្យ​​​មិន​​​បាច់​​អស់​លុយ​​ប៉ុណ្ណឹង​[មានប​ណ្ណ​សមធម៌] តែ​​​មិន​​ដែល​​បាន​ទៅ​ពេទ្យ​​​​ផង​ហ្នឹង ភាគ​ច្រើន​​ឈឺ​តិច​តួច​​ទិញ​ថ្នាំ​លេប​​ខ្លួន​ឯង។​ ចេះ​តែ​ចង់​បាន​​ហើយ[ប្រាក់​ឧបត្ថម្ភ] តែគ្មាន​បាន​អី​ទេ មួយ​ខែ​ទល់​មួយ​ខែ។ ​ដល់​ចឹង​​ខ្ញុំ​មិន​​ដឹង​ស្នើសុំ​អី​ទេ ឱ្យ​តែ​លក់​ដាច់​ហ្នឹង​ វា​បាន​​ហើយ»។​​​

កាលពីឆ្នាំ​២០១៧ រាជរដ្ឋាភិបាល បាន​ដាក់ចេញ​នូវ​គោល​នយោយ​បាល​​ជាតិ ស្ដីពី មនុស្សចាស់ ឆ្នាំ​​២០១៧-២០៣០ ដែល​​ការ​​គាំពា​​រ​​មនុស្ស​​ចាស់ និង​ចាស់ជរា គឺ​ធ្វើ​ឡើង​តាម​រយៈ​គ្រួសារ​​ដែល​​​មាន​​​បណ្ណ​សមធម៌។ តាម​រយៈ​កម្ម​វិធីជា​តិជំ​នួយ​សង្គម​សម្រាប់​កញ្ចប់​គ្រួសារ គឺ​​គ្រួសារ​ដែល​មាន​បណ្ណ​សម​ធម៌ អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន ២៨ ០០០ រៀល​ក្នុង​​មួយ​ខែ សម្រាប់​មនុស្ស​ចាស់​ដែល​មា​ន​អាយុ​​ចាប់​ពី ៦០​ឆ្នាំ​ឡើង​ នឹង​ទទួល​បាន​ការ​ពិនិត្យ​ព្យាបាល​តាម​មន្ទីរ​ពេទ្យរ​ដ្ឋ​ឥត​គិត​ថ្លៃ​ជា​ដើម​។

កំពុង​អង្គុយលក់​​​​​សណ្តែក​​​​ដី​​ស្ងោរ​​ក្នុ​​ងប​រិវេណ​ផ្សារ​​ដើម​​គ រាជ​ធានីភ្នំពេញ ​អ្នកស្រី លាង អាន បាន​ឱ្យដឹងថា រូបគាត់នៅមិនទាន់មាន​បណ្ណ​សមធម៌​នៅឡើយ ដូច្នេះ​​គាត់ក៏​មិន​​ទទួលបាន​ប្រាក់​ឧមត្ថម្ភសម្រាប់​មនុស្ស​ចាស់​​ដែរ។   ​​ 

អ្នកស្រីបន្តថា រូបគាត់​ចង់​បាន​បណ្ណ​សមធម៌(ឬបណ្ណក្រីក្រ) ​ទុក​គ្រាន់​​ពេល​ឈឺ​បាន​ទៅ​ព្យាបាល​​​​​ជំងឺ​នៅ​ពេទ្យ​រដ្ឋ​ដោយមិន​អស់​លុយ ប៉ុន្តែ​នីតិវិធីនៃ​ការ​ធ្វើ​មាន​រយៈ​ពេល​យូរ ខណៈ​ដែល​គាត់​ត្រូវដើរ​​​លក់​សណ្តែក​​ដីជារៀង​​​រាល់​ថ្ងៃ ដើម្បីរក​ប្រាក់​មក​ដោះស្រាយជីវភាព​ដែលខ្វះ​ខាត។ ​

ស្ត្រីវ័យ​​ ៦៨ឆ្នាំរូប​នេះ​ បន្ត​ទៀត​ថា ភូមិ-ឃុំ​ ពុំ​ដែល​បាន​ផ្សព្វផ្សាយ​​ ហើយ​រូប​អ្នក​​ស្រី​ផ្ទាល់​ក៏​មាន​បទ​ពិសោធន៍​​ធ្លាប់​ទៅ​ទទួល​សេវា​សាធារណៈមួយ​ចំនួន​ផង​ដែរ តែ​ហាក់​បី​ដូច​ជា​ចំណាយពេល​យូរ ដែល​ធ្វើ​ឱ្យ​ខ្លួន​លែង​ហ៊ាន​ទៅ​ធ្វើ​បណ្ណក្រក្រី​ និង​លែង​ចង់​បាន​ បើ​ទោះ​បី​ជា​បណ្ណនោះ​មាន​អត្ថប្រយោជន៍​​សម្រាប់​អ្នក​ស្រី​ក៏​ដោយ។

អ្នក​ស្រី លាង អាន ​​និយាយ​​​ថា​៖ «ចង់​តើ ចង់(ស្នើបណ្ណក្រីក្រ) តែ​មិន​បាន​ទៅ​ធ្វើ​ទេ​ វាខាតពេលវេលា​រក​ស៊ី​ យើង​​​ដើរ​​ទៅ ដើរ​​មក ធាក់​​កង់​​ទៅ ធាក់​​កង់​​មក​ ហើយ​សណ្តែក​ដី​ចេះ​តែ​លក់​មិន​បាន​​លុយ​​ឱ្យ​​គេ បើ​​មិន​ខំ​លក់​បាន​លុយ​ដើម​ឯណា​ឱ្យ​គេ​។ អត់​ដែល​បាន​ទៅ(ធ្វើបណ្ណក្រីក្រ) ហើយ​ក៏គ្មាន​នរណាគេ​មក​ហៅ​ដែរ​។វា​ខាត​ពេល​វេលា​រក​ស៊ី វា​មិន​មែន​​មិន​​ចង់បាន​​ទេ តែ​​ពេល​​​​​ទៅ​​ធ្វើទៅ​​ សណ្តែក​ដីនៅ​​សល់​​មួយ​កំណាត់​​​​កញ្រ្ជែង ខាត​លក់​​មួយ​​កំណាត់​​ថ្ងៃ ខាត​​លុយ​ អ៊ីចឹង​​​បាន​លុយ​​ឯ​ណាសងគេ ថ្លៃផ្ទះ ថ្លៃហូប​​ចុក […] វាខាត​ពេលវេលាហ្នឹង តិចៗ​គេ​ហៅ​ទៅ ដូច​តុលាការ​ណាត់​ជួប​អ៊ីចឹង អត់​ចង់​ទៅ​តែ​​ម្តង​ហ្នឹងណា។ បើគេហៅ​តែ​ម្តងទៅ​​មាន​អី ដូច​ធ្វើ[សៀវ​ភៅ​]​គ្រួសារ​​អ៊ីចឹង ទម្រាំ​​បាន​​រាប់ខែ​​ ធុញ​​តែ​​ម្តង»។

អ្នកស្រី លាង អាន បច្ចុប្បន្ន​មានទីលំនៅម្តុំផ្សារ​ដើមគរ ខណ្ឌ​ទួល​គោក ជាស្ត្រីមេម៉ាយ ដោយ​មាន​កូន​ចំនួន​​៤នាក់ក្នុង​បន្ទុក​ ខណៈ​​ស្វាមី​​របស់​​គាត់​​បា​ន​​ស្លាប់​​នៅ​​សម័យ​​ប៉ុល​ពត។  

អ្នក​ស្រីបន្ត​ថា​៖ «បើធូរធាមិន​ដើរ​អូសកញ្ជ្រែងលក់​បែបនេះទេ​​​ មាន​​ម៉ូតូ​ជិះ​​បាត់​​​ទៅ​​ហើយ ក៏​មិន​​ជួល​​បន្ទ​ប់​​គេ​​នៅ​​ដែរ។ សព្វថ្ងៃបង់​ផ្ទះ​មួយ​ខែ២០ម៉ឺនរៀល​ លក់​ពេល​ខ្លះ វាបង់ផ្ទះ​មិន​គ្រប់​ទេ ជួន​​​ក៏​ខ្វះ​​គេ​ខ្លះ ជួន​ក៏​អត់ ថ្ងៃ​ណា​បាន[លក់ដាច់​​] ​សង​​គេ​​ទៅ​។ ពឹងកូន​អី​ គេ​នៅ​ស្រុក​ឯណោះ។ មិន​ចង់បាន​អី​ពី​វាទេ ឱ្យ​តែវា​ចិញ្ចឹម​តែ​ខ្លួន​ឯង​រស់​ទៅ អ៊ំក៏អាច​រក​ស៊ីបាន​ដែរ។ កុំ​ឱ្យ​តែ​មក​ពឹង​យើង​​ថែម។​ ចេះ​តែ​ធ្វើទៅ កម្លាំងអស់​ពេល​ណា​ ឈប់​ពេល​ហ្នឹង​ទៅ»។

ចំណែក ​ស្រ្តីវ័យ​ចំណាស់​ម្នាក់​ទៀត ​អ្នកស្រី ម៉ន អ៊ីន អាយុ​ ៧០​ឆ្នាំ មាន​កូន​២នាក់ ក្នុងនោះ​មាន​​ម្នា​ក់​​រស់​​នៅ​ជាមួយគាត់​ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ​ ដោយប្រកប​របរ​លក់ដូរ​តាមចញ្ចើម​​​ផ្លូវ និង​ម្នាក់​ទៀត​រៀបការ​រស់នៅជាមួយ​គ្រួសារ​នៅខេត្ត។

ជារៀងរាល់​ថ្ងៃ អ្នកស្រី ម៉ន អ៊ីន បាន​​​ដើរ​លក់​ពោត​ស្ងោរដាក់​​​​តាម​កង់​ នៅម្តុំ​មាត់​ទន្លេ​ និង​មុខ​ព្រះ​បរម​រាជវាំង​ ដោយ​​រក​​ចំណូល​​បាន​ក្នុងមួយ​ថ្ងៃពី ៣ម៉ឺន ទៅ​៤ម៉ឺន​​រៀល។ អ្នក​ស្រីបាន​ប្រកប​របរនេះ​​ជាង ៣០ឆ្នាំ​មក​ហើយ។ អ្នកស្រីនិយាយ​ថា បើទោះជាគាត់​​មាន​កូន​​នៅ​​​ជាមួយ​ក៏​ដោយ ប៉ុន្តែ​​ដោយ​​សារ​កត្តា​ជីវភា​ព​​គ្រួសារ​​​ក្រីក្រ​ និងគ្មាន​ផ្ទះសម្បែង​ ទើបធ្វើ​​ឱ្យ​​អ្នកស្រី​​​នៅតែ​​​បន្តប្រកប​របរ​លក់​ពោត​ស្ងោរនេះ​​មក​ដល់​សព្វថ្ងៃ ទោះជាអ្នកស្រី​មានវ័យ​ចំណាស់​ក៏ដោយ។​​​  ​

​បើតាម​ អ្នកស្រី ម៉ន អ៊ីន រូបគាត់​ និង​ស្វាមី មាន​បណ្ណ​សម​ធម៌ និង​​​​​ទទួល​​​បាន​​ប្រាក់​ឧបត្ថម្ភ​​សម្រាប់​​​​មនុស្ស​ចាស់​ ពីរាជរដ្ឋាភិបាល ​ប៉ុន្តែ​​ថវិកា​​នោះ អ្នកស្រីថា ហាក់​តិច​​តួច​ដែល​មិន​អាច​​​ផ្គត់​ផ្គង់​ការ​រស់​នៅ​បាន​ ដោយ​សារ​អ្នក​ស្រី​ត្រូវ​​ចំណាយ​​ច្រើន ដូចជា​ ផ្ទះជួល បង់​ទឹកភ្លើង​ ម្ហូបអាហារ និង​ការ​ចំណាយ​ផ្សេង​​។

អ្នកស្រី​និយាយ​​ថា៖ «ឥឡូវ​​បាន​​​តែ​​ម្នាក់ ​៣ម៉ឺន[រៀ​ល​] កូន​ខ្ញុំ​​​ទៅ​​បើក គេ​​ឱ្យ​​តែ​ ៣​ម៉ឺន បើក​​តាម​​វីង​ ពី​មុន​​បាន​ ១៤​ ២០០០ពាន់ ពីរ​នាក់​​តា[ម្នាក់​បាន ៧ ១០០០រៀល​]។ មិន​​ដឹង​​ម៉េច គេ​​ផ្តាច់  […] ចាយ​​មិន​​គ្រាន់​​​ទេ​​ប៉ុណ្ណឹង​​នោះ [៣ម៉ឺនរៀល] បើ​​ថ្នាំ​​មួយ​​កំប៉ុង ៤០​ដុល្លារ​ លេប​​បាន​​តែ​​កន្លះ​ខែ​​ទេ មិន​​គ្រាន់​​ទេ អ៊ីចឹងបាន​ខ្ញុំ​ចេះ​តែមក​លក់​​ហ្នឹង​​ណា បើ​បាន​ដូចមុន វាបា​ន​​ទប់​​ទល់​​ជាមួយ​ជំងឺ​​​យើង​ ដល់​​មក​​បាន​​​តែ​​ ៣ម៉ឺន ​ខ្ញុំ​​មិន​​ដឹង​​ថាម៉េ​ច ទុក​​​ឱ្យ​​តា[ប្តីរបស់អ្នកស្រី​]​ទាំង​​អស់​​ទៅ បើ​​តា​​ឈឺ​​ដែរ​​ហ្នឹង»​។

អត្ថបទមួយ​​របស់​​អង្គការ​អុកស្វាមកម្ពុជា បានលើកឡើងថា ចំនួន​ប្រជាជន​វ័យ​ចំណាស់ នឹង​មាន​ការ​កើន​ឡើង​ ខណៈ​​អត្រា​កំ​ណើត​​មាន​​ការ​ធ្លាក់​​ចុះ​។ យោង​​តាម​​តួ​លេខ​​បច្ចុប្បន្ន ​ប្រជាជន​វ័យ​​ចំណាស់​នៅ​កម្ពុជា​មាន​ចំនួន​ប្រមាណ ​១.៣​លាន​នាក់​ (ប្រហែល​៨%​ នៃ​ប្រជាជន​សរុប​)​។ ចំនួន​នេះ​ ត្រូវ​បាន​គេ​ព្យាករ​ថា​នឹង​កើន​ឡើង​ដល់​១១%​ នៅ​ឆ្នាំ​២០៣០​ និង​ប្រមាណ២១% ដែលមានចំនួន​៥​លាន​នាក់​ នៅ​ឆ្នាំ​២០៥០​។

យោងតាមការសិក្សាមួយរបស់អង្គការអុកហ្វាមកម្ពុជា ដែលផ្សព្វផ្សាយ​កាលពីពេលថ្មីៗនេះ ឱ្យដឹងដែរ​ថា មនុស្ស​វ័យ​ចំណាស់ ​​ជួប​ប្រទះ​បញ្ហា​ជា​ច្រើន​ ដូច​ជា ​ការ​ប្រឈម​ខ្ពស់​នឹង​​ជំងឺ​បាក់​​ទឹក​​ចិត្ត​ និង​ជំងឺ​មិន​ឆ្លង​ជា​ដើម​។

ការ​សិក្សាដដែលបន្តថា ភាព​ក្រីក្រ​​ក៏​ជា​បញ្ហា​ចម្បង​ ដែល​រារាំង​មនុស្ស​ចាស់​​ក្នុង​ការ​​ទទួល​បាន​សេវា​ថែ​ទាំ​សុខភាព​ ដោយ​ជា​ទូទៅ​ ឱកាស​ការងារនៅ​​មាន​កម្រិត​ និង​​មិន​​មាន​ការ​​ផ្ដល់​​ប្រាក់​​សោធន​និវត្តន៍​ពី​រដ្ឋាភិបាល​​​ដល់​​មនុស្ស​​វ័យ​ចំណាស់​ឡើយ​ ដែល​មិន​ធ្លាប់​ធ្វើ​ជាមន្ត្រីរាជ​ការ​​នោះ​ឡើយ។

ចំណែកឯ​ការសិក្សាមួយដែលធ្វើឡើងដោ​យអង្គការ​​ UNDP ក្នុងឆ្នាំ​​២០២២ ស្តីពី លទ្ធភាពនៃការកសាងប្រព័ន្ធប្រាក់សោធន​និវត្តន៍​មនុស្ស​​ចាស់​ចម្រុះ​ក្នុង​ប្រទេស​កម្ពុជា បានរកឃើញថា ៥០% នៃមនុស្សវ័យ​​ចំណាស់នៅកម្ពុជា មិនមានការងាររកប្រាក់​បៀវត្សរ៍ មាន​ន័យ​ថា ពួក​គេងាយ​រងគ្រោះក្នុងការពឹងផ្អែកផ្នែកហិរញ្ញវត្ថុលើអ្នកដទៃ។

ប្រភពដដែល​បន្តថា ​សម្រាប់​មនុស្ស​ចាស់​ដែល​ត្រូវ​បាន​គេ​យល់​ឃើញ​ថា ​ជា​បន្ទុក​ផ្នែក​សេដ្ឋកិច្ច ពួកគេ​ស្ថិត​​ក្នុង​គ្រោះថ្នាក់​នៃ​ការ​មិន​រាប់​បញ្ចូល ការ​រើសអើង និង​ការ​​បំពាន ខណៈ​ស្ត្រីវ័យចំណាស់មានហានិភ័យខ្ពស់ ជាពិសេសអ្នក​ដែលរស់នៅជាមួយពិការភាព។

នាយក​​ប្រតិបត្តិអង្គការមនុស្សចាស់​​កម្ពុជា លោក ទុំ វីរ៉ា ធ្លាប់​បាន​​លើកឡើង​​​ថា មនុស្សមានវ័យ​​ចំណាស់ បាននិងកំពុង​ប្រឈមមុខនឹងបញ្ហាជា​ច្រើន ទាក់​ទង​នឹង​កត្តាការ​ថែទាំសុខភាព និង​កត្តាជីវភាព ដោយ​សារ​តែ​ពួក​គាត់​មិនអាចរកចំណូល​បាន​ដូចមនុស្ស​​វ័យក្មេង។ លោកបន្ត​ថា ទន្ទឹមនឹងការមិនមាន​ឱកាស​ក្នុងការរកប្រាក់ចំណូល​របស់មនុស្ស​វ័យចំណាស់នេះ​ ការចំណាយប្រចាំថ្ងៃរបស់ពួកគាត់ ក៏​កាន់តែមានការ​កើន​ឡើង​ផង​ដែរ​ ហើយ​គោលនយោបាយរបស់រដ្ឋ ក្នុងការ​​គាំពារពួក​គាត់ ក៏នៅ​​មិនទាន់ត្រូវបានអនុវត្តដោយ​មាន​ប្រសិទ្ធិភាពពេញលេញនៅឡើយដែរ។

លោក ទុំ វីរ៉ា បានថ្លែង​ថា៖ «ខ្ញុំចង់លើកអំពីប្រព័ន្ធគាំពារ​របស់​មនុស្សចាស់ទូទៅ ដែលយើងមើលឃើញ​ថា​នៅកម្ពុជា​យើង​អត់ទាន់មានទេ យើង​មាន​សម្រាប់គ្រួសារក្រីក្រ ដែលគេទទួលបាន​តាមរយៈកញ្ចប់គាំ​ពារ​​សង្គម ប៉ុន្តែទាំងអស់នេះមិនទាន់បានគ្រប់គ្រាន់ទេ។ […] ដល់ចឹងពេលគាត់ឈឺពេលអី គាត់អត់ហ៊ាន​ទៅពេទ្យទេ ដោយ​សារអត់​មាន​លុយ​ បើ​សិនជាគាត់មានប័ណ្ណអនុគ្រោះអីចឹ​ង​ គឺមិនអីទេ»។

ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍​នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា ​លោក ឈត ប៊ុនថង សង្កេត​ឃើញ​​​ថា មនុស្ស​វ័យ​​មួយចំនួន​​នៅ​​កម្ពុជា​ មិនមាន​​​​សល់​​លុយ ឬ​ទ្រព្យ​​សម្បត្តិ​​ច្រើន​​ ហើយ​អ្នកខ្លះ​​ក៏​​មិន​​មាន​​កូន​​ចៅ​មើល​​​ថែ​រក្សាថែម​ទៀត​ ខណៈអ្នកខ្លះទៀតត្រូវ​ដើរ​លក់ដូរ​​បន្តិច​បន្តួច​ និង​ដើរ​សុំ​ទាន​តាម​ដង​ផ្លូវ និង​ផ្សារនានាជា​ដើម​។

ការណ៍នេះ ​លោក​​មើល​​ឃើញ​​ថា ​កិច្ច​គាំពារសង្គម និង​​​សន្តិសុខ​​​សម្រាប់​​​មនុស្ស​​​ចាស់​​​នៅ​​​កម្ពុជា ​​នៅ​​មាន​​កម្រិត​​នៅឡើយ។

លោក​ថ្លែង​​​ថា៖ «ជារួម​មក​ដល់​ពេល​នេះ ​រដ្ឋ​ហាក់បី​ដូច​ជា​មិន​មាន​ការទទួល​ខុសត្រូវ​អី​ធំ​ដុំ​ទេ។ ការ​ទទួល​ខុស​ត្រូវ​របស់​មនុស្សចាស់​ហ្នឹង ​​មួយ​ផ្នែក​ធំ ​គឺ​ទៅលើ​កូនចៅ​ហ្នឹង​​ហើយ ហើយ​បើសិន​​ជាកូន​ចៅ​ហ្នឹង​​​ធូរធាទៅ ​ក៏​ជួយ​បាន តែ​បើកូនចៅ​ហ្នឹង​​មិន​ធូរធាទៅ គាត់​ក៏​នៅ​តាម​យ​ថាកម្ម​​គាត់​ហ្នឹង​ទៅ​។ ទាក់ទង​នឹង​ការ​ជួយ​ពី​រដ្ឋ​ យើងហាក់បីដូច​ជាឃើញ​​​​នៅ​មាន​កម្រិត​នៅ​ឡើយ យើង​បាន​ឃើញ​​ដែរ ថា​ឥឡូវ​​នេះ​ ​មានបណ្ណសមធម៌ មាន​អី​ចឹង​ដែរ។ បន្ទុក​ធ្ងន់​​គឺ​លើមនុស្ស​​ចាស់​ហ្នឹង​ខ្លួន​ឯង និង​ទៅ​លើ​កូន​ចៅ​ហ្នឹង​ហើយ យើង​អត់​ទាន់​មាន​មណ្ឌល​ចាស់​ជរា មិន​​ទាន់​មាន​ការរ៉ាប់រង​ថា​ ​អ្នក​អត់​មាន​កូន​​ចៅ​ហ្នឹង​គិត​​យ៉ាង​​ម៉េច ហើយ​រដ្ឋ​រ៉ាប់រង​ទទួល​បន្ទុក​ ចិញ្ចឹម​​អី​ យើង​ដូច​ជា​មិន​ទាន់​មាន​នៅឡើយ»។

តែយ៉ាងណា សម្រាប់​​មនុស្ស​ចាស់​ដែល​ធ្លាប់ជា​អតីត​មន្ត្រី​រាជ​ការ ទាំង​ស៊ីវិល និង​កង​កម្លាំងប្រដាប់អាវុធ គឺពួកគាត់​មាន​​ប្រាក់​សោធនិវត្តន៍ដែល​ផ្តល់​ដោយ​រដ្ឋ​​ ខណៈវិស័យឯកជន រដ្ឋាភិបាល​ទើប​នឹង​មានការ​ចាប់ផ្តើម​គិត​គូរ​ផ្តល់​ឱ្យ​ពួកគាត់​។

លោក​ថា​៖ «យើង​ចាំ​មើល​ថា​តើ​អ្នក​ធ្វើ​ការ​នៅ​វិស័យ​ឯក​ជន​ទាំង​អស់​ហ្នឹង ​ពេល​គាត់​ចូលនិវត្តន៍​​​​ទៅ ពួក​គាត់​ទទួល​បាន​យ៉ាង​​ម៉េច? ព្រោះ​ឥឡូវ​ ដូច​ទើប​តែ​ចាប់​ផ្តើម​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ វា​អត់​ទាន់​បាន​ទទួល​ផង​​ទេ តែ​យ៉ាង​ណា​យើង​ឃើញ​ការ​ចាប់​ផ្តើម​ហើយ​»។

ទោះយ៉ាងណា លោក ឈត ប៊ុនថង រំពឹងថា រដ្ឋាភិបាល នឹង​បន្តគិតគូរ និ​ងបង្កើន​ការ​យក​ចិត្ត​ទុក​ដាក់បន្ថែម​​លើ​មនុស្សចាស់ ដោយសារ​តែ​ពេលពួកគាត់នៅមានកម្លាំង​បំពេញមុខ​របរ និង​​ការ​ងារ​ផ្សេង​ៗ ក៏ពួកគាត់​បាន​បង់​ពន្ធ​ជូន​រដ្ឋ​ ដូច្នេះ​រដ្ឋគួរ​មានការ​តបស្នងទៅពួកគាត់​វិញ នៅ​​​ពេល​វ័យ​ចាស់ ដូចបណ្តាប្រទេស​អភិវឌ្ឍន៍​ និងជឿន​លឿន​ផ្សេង​ទៀត។​

លោក តូច ចាន់នី អ្នក​នាំ​ពាក្យ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មាន​ប្រសាសន៍​​ថា មនុស្ស​ចាស់​អាយុ ចាប់​ពី ៦០​ឆ្នាំ​ឡើងទៅ​ អាច​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​កម្មវិធី​ជាតិ​ជំនួយ​សង្គម លុះត្រា​​តែ​ពួក​គាត់​មាន​បណ្ណ​ក្រីក្រ ហើយ​​សម្រាប់​​មនុស្ស​​ចាស់​​ដែល​​មិន​​ទាន់​ទទួល​​បាន ពួកគាត់ត្រូវស្នើសុំ​ទៅអាជ្ញាធរ​មូល​ដ្ឋាន​(ភូមិ-ឃុំ)។

លោក​ថា​៖ «ជាក់​ស្តែង ឥឡូវ​ហ្នឹង​យើង​មាន​សហគមន៍ មូលនិធិ​ជំនួយ​​សង្គម សម្រាប់​ជួយ​ពួក​គាត់។​ បើ​សិន​ជាគាត់​មាន​គ្រួសារ​ មានបណ្ណក្រក្រី អាហ្នឹង​​គាត់​​ទទួល​​បាន​​អត្ថ​ប្រយោជន៍ពី​​មូលនិធិ​ជាតិ​ជំនួយ​សង្គម​​​ហើយ​។ តែបើ​សួរ​ថា​មនុស្ស​ចាស់​ ធ្វើ​ម៉េច​ទើប​គាត់​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ លុះ​ត្រាណា​តែ​គាត់​មាន​ទី​លំនៅ​ពិត​ប្រាកដ​​ច្បាស់​​លាស់​ បាន​យើង​ធ្វើ​បណ្ណ​ជូន​គាត់​បាន​ បើ​គាត់​ចល័ត​រហូត​អ៊ីចឹង​ យើង​ជួយ​គាត់​អត់​បានទេ អាជ្ញាធរក៏​ជួយ​មិន​បាន​ដែរ។ គាត់​ទទួល​បាន​បណ្ណ​ក្រី​ក្រ​ លុះ​ត្រាណា​គាត់​មាន​អាស័យ​ដ្ឋាន​ពិត​ប្រាកដ​ ហើយ​គាត់​ស្នើសុំ​ទៅ​អាជ្ញាធរ​ គេ​នឹង​ចុះទៅ​វាយ​តម្លៃហើយ​ ថា​យើង​នឹង​ទទួល​បាន​ឬ​អត់។ ចំណែក​ក្នុង​​គោលនយោ​បាយ​​សម្រាប់​មនុស្សចាស់ និង​អត្ថប្រយោជន៍​ផ្សេង​ទៀត យើង​បាន​សរ​សេរ​​សព្វ​​គ្រប់​អស់​ហើយ»។

យ៉ាងណា ​រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី ក្នុងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ​២០២៥ បានលើកឡើង​ថា មនុស្សវ័យចាស់នៅកម្ពុជា បាន​ទទួល​អត្ថ​ប្រយោជន៍​ជាច្រើ​ន ពី​ការ​អនុវត្ត​កម្មវិ​ធីកា​រងា​រ​របស់​ក្រសួង​សង្គមកិច្ច​​ ស្ថាប័ន​ពាក់​ព័ន្ធ អង្គ​ការ​មិន​មែន​រដ្ឋាភិ​បាល និង​ដៃ​គូអ​ភិវឌ្ឍន៍​នានា តាម​រយៈ​ការ​អនុវត្ត និងការ​ធ្វើ​បរិយាបន្ន​កម្ម​វិធី​ជាមួយ​នឹង​មនុស្ស​វ័យ​ចាស់។

លោក​បន្តថា ​មនុស្សវ័យចាស់ត្រូវបានយកចិត្តទុកដាក់ តាមរយៈការបង្កើតឱ្យមានសមាគមមនុស្ស​ចាស់នៅតាមឃុំ-សង្កាត់ ចំនួន១,៦៤៦ ដែលមានសមាជិកសរុប ៣០២,៨៥៤នាក់ ដោយមានកម្មវិធីថែទាំ​សុខភាព ធនាគារស្រូវ និងបេឡាមរណ​សង្គ្រោះ សំដៅជួយសម្រួលទុក្ខ​លំបាក និងជួយគ្នាទៅវិញទៅមក នៅពេលមានធុរៈ។

ចំណែក ​មនុស្សវ័យចាស់​ដែល​ក្រីក្រ​គ្មាន​ទីពឹង និង​គ្មាន​ទីជម្រក​ជាច្រើន លោកថា ​ក៏​ត្រូវ​បាន​ផ្តល់​ទីជ​ម្រក​យ៉ាងស​មរម្យ​ តាម​រយៈ​ការ​អនុវត្ត​គម្រោង​នានា​របស់រាជរដ្ឋាភិបាល សមាគមអតីយុទ្ធជន និងនិវត្តជន​កម្ពុជា ក្រុមការ​ងារ​រាជរដ្ឋាភិបាល​ចុះជួ​យមូ​ល​ដ្ឋាន អង្គការដៃគូរ និងសម្បុរសជននានា។

ជាមួយ​គ្នានេះ រដ្ឋមន្ត្រីក្រសួង​សង្គម​កិច្ច​ ក៏​បាន​​​​ជំរុញ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៅ​លើ​​មនុស្ស​ចាស់​ ​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ ដោយ​​បន្ត​ពង្រឹង​និង​​ពង្រីក​សមាគម​មនុស្សចាស់​នៅ​តាម​សហគមន៍ ឃុំ សង្កាត់ និង​លើក​ទឹក​ចិត្ត​ឱ្យមា​ន​​ការ​អប់រំ​បណ្តុះ​បណ្តាល​បង្កើន​ចំណេះដឹ​ង​អំពី​ផល​ប៉ះ​ពាល់នៃ​បម្រែ​បម្រួល​អាកាស​ធាតុ និងការ​​​​​បណ្តុះ​បណ្តាល ផ្សព្វផ្សាយអំពីការត្រៀមខ្លួនឈានចូលវ័យ​ចាស់ ជូនដល់សហគមន៍នៅមូល​ដ្ឋាន និង​អត្ថប្រយោជន៍ផ្សេង​ទៀត។

ត្រឡប់មកកាន់​មនុស្ស​វ័យ​ចំណាស់ ដែល​ Press Start Cambodia បានជួបសម្ភាសន៍ ពួកគាត់ស្នើ​ដល់​​​រាជ​រដ្ឋាភិបាល បង្កើន​កា​រយកចិត្ត​ទុកដាក់​​បន្ថែម​ទៀត ជាពិសេស​​ផ្តល់​ភាព​ងាយ​ស្រួល​ក្នុងស្នើ​សុំបណ្ណ​សមធម៌ បង្កើនកា​រផ្តល់​កិច្ចគាំពារ​សង្គម​ និង​​បង្កើន​​ប្រាក់​​​សោធននិវត្តន៍​ដែល​អាច​​ទ្រង់​​ទ្រង់​ការ​រស់នៅបាន​ប្រសើរជាង​នេះ៕