បទ​យកការណ៍៖ ​ពលករ​​​​ខ្មែរមកពីថៃ​​​​​មួយ​ចំនួ​ន​​​នៅ​ខេ​ត្ត​ជាប់​​ព្រំដែន​​ ត្អូញ​ត្អែរ​ពី​ការ​​លំបាក​​ដោយ​សារ​​មិន​ទាន់​រក​​​កា​រ​​ងារ​​ធ្វើបាន​

បញ្ហា​ជម្លោះព្រំដែនរវាង​កម្ពុជា ដែលឈានដល់ការ​ផ្ទុះអាវុធដាក់គ្នា​នៅតាម​បណ្តោយព្រំដែន រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី​​​២៤ ខែ​កក្កដា រហូត​​ដល់​​មាន​​​កិច្ច​​ព្រម​​ព្រាង​​បទ​​ឈប់​​បាញ់​ នៅ​យប់​​​​​​អាធ្រាត្រ​ឈាន​ចូល​​​ថ្ងៃ​ទី​២៩ ​​ខែ​កក្កដានោះ ​​​បាន​​ធ្វើ​​ឱ្យ​​​ពលករ​​ខ្មែរ​​​​ប្រមាណជិត ១លាន​នាក់​​​ ដែល​​កំពុង​​ធ្វើ​​ការ​​​​នៅ​​​ប្រទេស​​ថៃ​ ​ត្រលប់​​មក​មាតុប្រទេស​វិញ។

ការ​​​​​វិល​មក​​ដល់​ស្រុក​កំណើត​វិញយ៉ាងគំហុក​នៅពេល​នេះ បានធ្វើឱ្យ​ពលករ​ទាំងនោះ ជួបនូវ​ទុក្ខកង្វល់ជាខ្លាំងពីជុំវិញ​ការ​រក​ប្រាក់ចំណូល ដើម្បីដោះស្រាយជីវភាពប្រចាំ​ថ្ងៃ និង​បញ្ហាបំណុល​​។ ក្នុ​ង​មួយ​រយៈពេលនៃការត្រលប់​មក​វិញ ប្រមាណជិត​១ខែនេះ មាន​ពលរដ្ឋខ្លះ បាន​ស្វែងរកការងារ​ធ្វើ​បានភ្លាមៗ តាមការ​ជួយ​សម្របសម្រួល និង​កា​រប្រកាសពីឱកា​ស​ការ​ងារ​​​​របស់​​​រដ្ឋាភិ​បាល​ ​ប៉ុន្តែក៏​​នៅមានពលរដ្ឋ​​​ខ្លះ​​ទៀត ជាពិសេស​​ពលរដ្ឋ​រស់នៅខេត្ត​ជាប់ព្រំដែនថៃ​ នៅ​​មិន​ទាន់​​រក​​ការ​ងារ​​ធ្វើ​​បាន​​នៅ​​ឡើយ​​ ដោយ​​​សារ​​​តែ​​​បញ្ហា​​​​​ខុស​​​ជំនាញ​ កត្តា​អាយុ និង​លក្ខ​ខណ្ឌ​​មួយចំនួន​​​ ខណៈ​​​នៅបណ្តា​ខេត្ត​ទាំងនោះក៏​ពុំមាន​រោ​ងចក្រសហគ្រាស​វាយនភណ្ឌ​កាត់​ដេរ​​​ ទៅ​វិនិយោគបង្កើត​រោង​ចក្រ​​​ ដោយ​សារតែ​ជាតំបន់ផ្នែក​កសិកម្ម។​​

អ្នក​ស្រី​ ម៉ៅ ជីវា រស់​នៅ​ភូមិ​តាដួល ឃុំ​​ផ្គាំ ស្រុក​ស្វាយ​ចេក ខេត្ត​បន្ទាយ​មានជ័យ​ គឺ​ជា​ពលករ​ដែល​ទើប​ត្រលប់​មក​ពី​​​​ប្រទេស​ថៃ​​​ កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​​កក្កដា​ ​អំឡុង​ពេល​ដែល​​​​​កម្ពុជា និង​​ថៃ បាន​​​​ផ្ទុះ​​អាវុធ​​​​ដាក់​​គ្នា​នៅ​តាម​​ព្រំដែន​។ អ្នកស្រីឱ្យ​ដឹងថា គិត​មក​ដល់ពេល​នេះ មានរយៈពេល​ជិត​ ១ខែមក​ហើយដែលអ្នកស្រីបាន​មក​ដល់​ស្រុកកំណើត​វិញ​ ប៉ុន្តែអ្នកស្រី​នៅ​មិន​ទាន់រក​ការ​ងារ​​​ធ្វើ​បាន​​នៅ​ឡើយ។

ស្ត្រីវ័យ ៤៣ឆ្នាំ​រូប​នេះ បន្តថា អ្នកស្រីបានព្យាយាម​ស្វែងរកការងារ តាមសេចក្តីប្រកាស​របស់​ក្រសួង​ការ​ងារ ដែលជា​សេនាធិការ​របស់រាជរដ្ឋាភិបាលដែរ ប៉ុន្តែឱកាស​​ការ​ងារ​ទាំងនោះ​ភាគច្រើន​​ ស្ថិត​ក្នុង​វិស័យ​វាយនភណ្ឌកាត់ដេរ ហើយ​លក្ខខណ្ឌនៃ​ការ​ជ្រើស​រើស​​ ក៏តម្រូវ​ឱ្យ​អ្នក​ដាក់ពាក្យ​ចូល​ថ្មី ត្រូវ​តែ​ចេះផ្នែក​ដេរ ដែលធ្វើឱ្យ​អ្នកស្រីជួបការ​លំបាក ដោយសារ​តែ​អ្នកស្រី​ចេះ​តែផ្នែកការងារ​សំណង់។

​កំពុង​អង្គុយ​ ហូប​បាយ​​​​​​​ ​ជា​មួយប្ដីនិងកូនប្រុស​​ ​ក្រោម​​ផ្ទះ​​​ឈើ​​​ ​​ដែល​ប្រក់​ស័ង្កសី​​​ អ្នកស្រី ម៉ៅ ជីវា បាននិយាយ​​ថា​​៖ ​«​​ពិបាក​​រក​​ការ​ងារ​​​ធ្វើ​​ណាស់​​សព្វ​ថ្ងៃ​នេះ​។​ ចង់​ធ្វើ​ការ​រោងចក្រ​ដែរ​​ ប៉ុន្តែ​គេ​​រើស​​​តែ​​អ្នក​​ដែល​ចេះ​​ដេរ​​ខោ​អាវ​​ស្រាប់​។​ ចំណែក​​រោង​ចក្រ​​ខ្លះ​​​ទៀត គេ​​​យក​​ទាំង​​​អ្នក​​អត់​ចេះ​ដេរ និង​អ្នក​ចេះ​ដែរ​​ ប៉ុន្តែ​គេ​កំណត់​​អាយុ ខ្ញុំ​ខល​​សួរ​​​គេ​មិន​ក្រោម១០រោងចក្រទេ គឺ​គេ​រើស​តែ​អ្នក​អាយុ​​១៨​ឆ្នាំ ​ដល់​៤០ឆ្នាំ​​​ ឬ​៣៨ឆ្នាំ​ចុះ។ ឥឡូវ​ ខ្ញុំ​វា​ហួស​​អាយុ​គេ​ ត្រូវ​ការ​​។​ ពិបាក​ណាស់​ មិន​ដឹង​​បាន​​លុយ​​​ឯណា​​ចិញ្ចឹម​​កូន និង​​ដោះ​​បំណុល​​អង្គការ​​[ធនាគារ]​​ទេ​»។

​អ្នកស្រី ម៉ៅ ជីវា ដែលជា​ជនមានពិការ​ភាព​ភ្នែក​ម្ខាង​ផ​ងនោះ បាន​ឱ្យ​ដឹង​ទៀត​​​ថា​​​​ បច្ចុប្បន្ន​អ្នកស្រីក៏ទទួលបានព័ត៌មាន​ពីឱកាស​ការ​ងារ​ផ្នែក​សំណង់ខ្លះ​ដែរ ដូចជា នៅក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មានជ័យ ខេត្តព្រះសីហនុ និ​ងខេត្ត​កោះកុង​ជា​ដើម ប៉ុន្តែការងារ​ផ្នែកនេះគេច្រើន​ជ្រើស​​​រើស​កម្មករ​ជាបុរស ហើយមាន​​​ប្រាក់ឈ្នួល​ទាប ដែល​មិន​អាចឱ្យ​អ្នកស្រី និងគ្រួសារ​​ រក​ប្រាក់​ចំណូល​ដើម្បី​​​ទប់​ទល់​​នឹង​ការ​​ចំណាយ​ខ្ពស់ ដូច​ជា ការ​​ជួល​បន្ទប់ស្នាក់នៅ និង​ការ​ចាយ​វាយ​ប្រចាំ​ថ្ងៃ ខណៈដែលគ្រួសារអ្នកស្រីក៏ត្រូវការរក​​ប្រាក់​ខ្លះ ដើ​ម្បីដោះបំណុល​ដែល​ជំពាក់​ធនាគារ ដែល​ត្រូវ​បង់ប្រចាំខែប្រមាណ ២០០ដុល្លារ​​ក្នុង​មួយ​ខែ​​​ផង​ដែរ។​

អ្នកស្រីនិយាយ​ថា៖ «ពិបាកណាស់អូនអើយ!.. នៅខ្មែរយើងប្រាក់ខែបានតិចណាស់ អ្នកធ្វើសំណង់។ ថ្ងៃមុនខ្ញុំបានខលនិយាយជាមួយអ្នកម៉ៅការសំណង់នៅប៉ោយប៉ែត គេថាឱ្យតម្លៃខ្ញុំ ប្រហែលជា ២ម៉ឺន​លើស​តិចតួច តាមសមត្ថភាពការងារ។ ប្រុសៗអាចបានយ៉ាង​​ច្រើន​៣ម៉ឺន(រៀល)។ តម្លៃឈ្នួលប៉ុណ្ណឹង​ចាយ​មិន​គ្រប់​ទេ ព្រោះថ្លៃ​បន្ទប់​ជួល​ផង ថ្លៃ​កូនចាយ​ផង និង​ថ្លៃ​ផ្ញើ​មក​អ្នក​ផ្ទះស​ងបំ​ណុល​ផង គឺ​មិន​គ្រប់​ទេ»។​

​បើតាមអ្នកស្រី ម៉ៅ ជីវា ក្រៅពីអ្នកស្រី និង​គ្រួសារ ក៏នៅមាន​​​បង​ប្អូន​សាច់​​ញាតិ​​​​​​​​របស់​អ្នកស្រី​ជាង ២០នាក់​ទៀត ដែល​​ទើ​ប​​តែ​​ត្រលប់​​ម​ក​​ពី​​​​ថៃ​ ក៏នៅ​ពុំ​ទាន់​រក​ការងារ​ធ្វើ​​​​បាននៅឡើយ​ដែរ​។​​​​​

ជំទប់​​ទី​២​​​​នៃ​​​​​​សមាជិក​​ប្រឹក្សា​​​​​​ឃុំ​​ផ្គាំ ​ស្រុក​​​ស្វាយ​​​ចេក​ ​ខេត្ត​​​បន្ទាយ​​​មាន​​ជ័យ​ លោក លីន ប៊ុនឡាវ ​ សង្កេត​ឃើញដែរថា​ ​ពលរដ្ឋក្នុង​ឃុំនេះ ​​​ដែល​ត្រលប់​មក​ពី​ប្រទេស​​ថៃ​វិញមួយ​ចំនួនធំ​ ពិត​ជា​នៅ​មិន​ទាន់​ស្វែងរក​ការ​ងារ​ធ្វើបាននៅឡើយ ខណៈមាន​ពលរដ្ឋ​ខ្លះ បាននាំគ្នា​ទៅធ្វើការ​នៅ​រាជ​ធានី​ភ្នំពេញ និង​តាមបណ្តា​ខេត្ត​ផ្សេង​ៗ។

បើតាម​មន្ត្រីអាជ្ញាធរ​​រូបនេះ ​ក្នុ​ងឃុំផ្គាំ​​​ ​​មាន​ប្រជា​​ពលរដ្ឋ​​រស់​​នៅជាង ៤ពាន់គ្រួសារ​ ក្នុងនោះមានពលរដ្ឋ​ប្រមាណ ៩០ភាគរយ​ បាន​នាំគ្នា​ធ្វើចំណាក​ស្រុក​ទៅធ្វើការ​នៅ​ប្រទេសថៃ​ មុន​ពេល​កម្ពុជា​-ថៃ មាន​ជម្លោះព្រំដែន​ជាថ្មីទៀត​នេះ។ ​លោក​បន្ត​ថា ចាប់​តាំង​ពី​មានការ​​​​ផ្ទុះ​​អាវុធ​នៅ​​តាមបណ្តោយ​​​​​ព្រំដែន​​នៃប្រទេស​ទាំង​ពីរមក​ ​​ពលរដ្ឋទាំង​នោះ​ក៏បាន​ត្រឡប់​ម​ក​​ស្រុក​​កំណើត​​​វិញ​​ច្រើនដែរ ​ប៉ុន្តែ​លោក​ពុំ​បាន​ដឹង​ចំនួន​​ជាក់លាក់​នោះ​ទេ​។​

លោក លីន ប៊ុនឡាវ និយាយថា៖ «ចំពោះ​បញ្ហា​អត់​ការងារ​ធ្វើ ខ្ញុំ​បាន​លើក​ទឹក​ចិត្ត​ឱ្យ​ពួក​គាត់​ទាក់​ទង​ទៅ​ក្រសួង​​ការងារ​ ហើយ​​ករណី​​ដែល​​ពួ​ក​​គាត់​​ពុំ​​អាច​​រក​​ការ​ងារ​​បាន​​ដដែល​ នេះ​​ខ្ញុំ​​មិន​​ដឹ​ង​​ថា​​ត្រូវ​​ដោះ​ស្រាយ​​បែប​​​ណា​​ទេ ​​​ព្រោះ​​ថា​ ​ពលរដ្ឋ​​ភាគ​​ច្រើន កំពុង​​តែ​​ជួប​​ផល​​លំបាក​​ដូច​​គ្នា​​ ដូច្នេះ​ជំរុញ​​ប្រឹង​ប្រែង​​ឱ្យ​អស់​លទ្ធភាព​​»។

លោក ឈឿន គឹម រស់នៅ​ឃុំ-ស្រុក​ចុង​កាល ខេត្ត​ឧត្តរ​មានជ័យ ដែលជា​​ពលករខ្មែរ​ ដែល​​​បាន​ត្រឡប់មកពី​ប្រទេស​ថៃដែរនោះ ​បានលើកឡើង​ថា លោកបាន​​វិល​ត្រលប់​មក​កម្ពុជា​វិញ ចាប់តាំងពី​​​ថ្ងៃទី​១ ខែ​កក្កដា ឆ្នាំ​២០២៥ ដែល​​បញ្ហា​​ជ​ម្លោះ​ព្រំដែន​​កម្ពុជា-ថៃ ផ្តើម​មាន​ភាព​​តាន​តឹង​​​មក ដោយសារ​តែ​លោក​បារម្ភពីសុវត្ថិភាព។

នៅពេលមក​ដល់ស្រុក​កំណើត​វិញ លោក ឈឿន គឹម ​​បាន​ព្យាយាម​ស្វែង​រក​ការ​ងារ​ខ្លួនឯង​ផង និងតាមរយៈក្រសួង​ការងារ​ផង ប៉ុន្តែ​នៅតែ​រកពុំទាន់រក​បាននៅឡើយ ដោយ​សារ​តែ​ឱកាស​​​​ការ​ងារ​ដែលក្រសួង​​បានរក​ឱ្យ ភាគច្រើន​ជាការ​ងារ​​នៅ​ក្រុមហ៊ុន ឬ​​រោង​ចក្រ​កាត់ដេរ​​ ដែល​ពុំត្រូវ​នឹង​ជំនាញរបស់លោក ដែលជា​អ្នកមាន​បទ​ពិសោធន៍ការ​ងារ​​​ផ្នែកសំណង់។ ​ចំណែក​​​​ឯ​រោង​ចក្រ​​​​​ដំឡើង​កំពូល​​ភ្លើង​ និង​​វេច​ខ្ចប់​អីវ៉ាន់ជាដើម ដែលប្រកាស​ជ្រើស​រើស​បុគ្គលិក​ដែរនោះ លោក​ថា ​ភាគច្រើន​គេ​​រើ​​ស​​​បុគ្គលិក​​ដែល​មាន​អាយុចន្លោះពី ១៨ឆ្នាំ ដល់​៣០ឆ្នាំ​ ខណៈដែល​រូបលោក​មាន​វ័យ​ ៤៩ឆ្នាំ​ទៅហើយនោះ។  ​ ​

លោក ឈឿន គឹម លើកឡើងយ៉ាងដូច្នេះ«តាម​ពិត​មួយរយៈ​ពេលចុងក្រោយនេះ ខ្ញុំ​បានឃើញគេបង្ហោះរឿងការងាររោងចក្រតាមហ្វេសប៊ុកច្រើនដែរ ហើយបានទាក់ទងទៅក្រុមហ៊ុនទាំងនោះ គឺគេរើសបុគ្គលិកដែរ តែគេយកតែអ្នកក្មេងៗ ចាប់ពីអាយុ១៨ឆ្នាំ​ដល់៣០ចុះ។ ចំណែកខ្ញុំអាយុជិត៥០ឆ្នាំហើយហ្នឹង គេមិនយកទេ។ ខ្ញុំបានស្នើសុំគេដែរ តែគេថាមិនយក។ អ៊ីចឹង ខ្ញុំមិនដឹងត្រូវធ្វើម៉េចទេ មាន​តែ​រក​ការ​ងារ​ណាដែ​ល​គេមិ​ន​កំណត់​អាយុ ដូច​ជា​ ការងារសំណង់​ជា​ដើម»។​

បើតាម​ លោក ឈឿន គឹម ​​​កាល​​ពី​​​​​ដើម​ខែ​សីហានេះ​​​ រូប​​លោក​ និង​​អ្នក​​ភូមិ​​​​​ជិត​​១០​​នាក់ទៀត​​​​ ​បាន​​​នាំគ្នា​​ឡើង​​​​​ទៅ​​រក​ការងារ​​​សំណង់​នៅ​​ខេត្ត​​កំពង់​ស្ពឺ​​​ដែរ ក្រោយលឺថាមាន​​ថៅកែជា​​​ជន​​ជាតិ​ចិន​ ត្រូវ​ការ​ជ្រើស​រើសជាង​សំណង់​១៥នាក់ ប៉ុន្តែនៅពេលទៅដល់​ខាង​ក្រុមហ៊ុននោះក៏ឈប់​ជ្រើស​រើសវិញ ដែលធ្វើឱ្យពួកគាត់ត្រូវ​ខាតសោហ៊ុយ​ធ្វើដំណើរ និងការ​ស្នាក់នៅ។

បុរសមានសម្បុរស្រអែមរូបនេះ និយាយថា ពេលនេះ​លោកកំពុង​តែ​ជួប​បញ្ហា​​ដា​ច់​ស្បៀង​ គ្មានលុយ​ទិញ​​អង្ករ និង​​ម្ហូប​​សម្រាប់​បរិភោគ​ ដែលការណ៍នេះ​​ លោក​បាន​ដើរ​ខ្ចី​អង្ករ​បង​ប្អូន និង​អ្នក​ភូមិ​ជិត​ខាង​គ្រាន់​ដោះស្រា​យ​បាន​មួយ​គ្រាៗ។

លោក ឈឿន គឹម បាន​ទទូច​ដល់​រដ្ឋាភិបាល ជួយ​សម្រប​សម្រួល​ទៅ​ខាង​ក្រុមហ៊ុន​​រោង​ចក្រ​សហគ្រាស​ទាំង​​អស់ មិន​គួរ​កំណត់​​អាយុ​​អ្នក​ធ្វើ​ការ​តិច​ពេក​នោះ​ទេ ដោយ​​គួ​​រ​​តែ​​​ផ្ដល់​ឱកាស​​ត្រឹម​​អាយុ​​ ​៥០ឆ្នាំ​​ចុះ ដោយ​សារ​​ពលករ​​ដែល​ត្រលប់​​​មក​ពី​​​ប្រទេស​ថៃ​វិញ មិន​មែន​​មាន​តែយុវជន​​វ័យ​ក្មេង​នោះ​ទេ គឺ​មាន​ទាំង​​មនុស្ស​​​វ័យ​ចំណាស់​​។ លោកថា នៅប្រទេសថៃ ការងារគេពុំសូវ​រឹតត្បិតផ្នែកអាយុនោះឡើយ គឺឱ្យតែមានកម្លាំងធ្វើការឱ្យគេ ពួកគាត់អាចចូលធ្វើបានទាំង​អស់។

ចំណែក​​ ពលរដ្ឋ​ម្នាក់ទៀត​រស់​នៅ​ភូមិ​ផ្គាំ ស្រុក​ស្វាយ​ចេក ខេត្ត​បន្ទាយ​មាន​ជ័យ អ្នកស្រី​ រឿង ផល្លា ដែលជា​ពលករខ្មែរ​ត្រឡប់មកពីថៃដែរនោះ បាន​និយាយថា គ្រួសារ​អ្នក​ស្រីកំ​ពុង​តែ​ជួប​ការលំបាកក្នុង​ជីវភាព ដោយ​សារ​តែ​ការ​រក​ចំណូល​ តិច​ជាងការ​ចំណាយ ខណៈសមាជិក​គ្រួសារ​ដែលអ្នកស្រីត្រូវរាប់រ៉ង មាន​កូន​២នាក់ និង​ឪពុកម្តាយ​ដែលមានវ័យ​ចាស់ជរា។  

អ្នកស្រីថា បច្ចុប្បន្ន រូបគាត់បាន​​ដើរ​ស៊ី​ឈ្នួល​ធ្វើ​ជា​កម្មករ​សំណង់​នៅ​តាម​ភូមិ​បន្តិច​បន្តួ​ច គ្រាន់បាន​​ថវិកា​ខ្លះ​​ចំណាយ​​​លើ​ការ​ហូប​ចុកប្រចាំ​ថ្ងៃ ប៉ុន្តែមិនអាច​ដោះស្រាយបញ្ហាបំណុល​បាន​។

អ្នកស្រីថា៖ «ខ្ញុំមិនរើសការងារទេ ឱ្យតែខ្ញុំអាចធ្វើបាន រកចំណូលបាន ដោះស្រាយជីវភាព គឺខ្ញុំធ្វើទាំងអស់។ រាល់ថ្ងៃគ្រួសារខ្ញុំលំបាកទាក់ទងរឿងការងារធ្វើ ព្រោះខ្ញុំ និងប្ដីអត់ចេះអក្សរ ហើយ​ទូរសព្ទ​​ដែល​មាន មិន​អាច​ប្រើ​ហ្វេស​ប៊ុក​បាន មិន​ដឹង​ត្រូវ​ទាក់​ទង​គេ​របៀប​ម៉េច។ ខ្ញុំ​បាន​ទៅ​សួរ​នាំ​អ្នក​ភូមិ ដែល​​​គេ​ចេះប្រើ​ហ្វេស​ប៊ុក​ច្រើន​ដង​ដែរ​ថា បើសិន​ជា​ពួក​គេរ​កកា​រងា​រ​​បា​ន​​អី ​​ឱ្យ​ហៅពួ​ក​ខ្ញុំ​ទៅ​ផង​ ប៉ុន្តែ​ពួក​​​គេ​ក៏​​នៅ​មិនទា​ន់មា​ន​ការ​ងារ​ធ្វើ​​ដែរ»។

រីឯ​​ពលករ​ខ្មែរ​​​មក​ពី​ប្រទេស​ថៃ ទើ​​បតែ​បា​នមួ​យស​ប្ដាហ៍ ដោយ​​បារម្ភ​ពីកា​រ​​រើស​​អើង​​ជាតិ​សាសន៍​​​​បើ​​​នៅ​បន្ត​​ធ្វើការ​នៅ​ប្រទេសនោះទៀត​ លោក ឆាត់ ហុក បាន​និយាយថា បច្ចុប្បន្ន រូប​លោក​និង​ភរិយា នៅមិនទាន់​រក​ការ​ងារ​ធ្វើបាន​នៅឡើយ។ ​លោក​​ និង​ភរិយា ​​បាន​​ព្យាយាម​​​​​​ដាក់​​​​ពាក្យ​​​ធ្វើ​​​ការ​​​នៅ​​​រោង​​ចក្រ​​កាត់​ដេរ​មួយ​ នៅ​ខេត្តកណ្តាល ប៉ុន្តែ​ដោយសារ​តែ​ឯកសារសំបុត្រ​​​កំណើត និង​អត្តសញ្ញាណប័ណ្ណ​ មាន​​សភាព​ចាស់ និង​រហែក​ផ្នែក​ខ្លះ ដូច្នេះ​ខាង​ក្រុមហ៊ុន​តម្រូវ​ពួកគាត់ទៅបញ្ជាក់ឯកសារ​ទាំងនៅ​ជាមួយ​ភូមិ​ឃុំវិញ​។

លោក​បន្តថា បញ្ហានេះ បានក្លាយជា​ឧបសគ្គមួយ​សម្រាប់គ្រួសារ ដោយសារ​តែ​ត្រូវ​ការ​ចំណាយ​​​សាហ៊ុយ​ចុះឡើង ទើបលោក​សម្រេច​ចិត្ត​មិន​ដាក់ពាក្យ​ធ្វើការ​នៅរោង​ចក្រ​នោះ​វិញ។

បុរស​ដែលមាន​​លំនៅឋាននៅ​ក្នុង​​ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យរូប​នេះ និយាយ​ថា៖ ​«ពេល​ខ្ញុំត្រលប់ពីខេត្តកណ្ដាលវិញ ខ្ញុំបានដើររកការងារសំណង់ធ្វើ ដើម្បីបានថវិកាខ្លះ ធ្វើដំណើរទៅដាក់ពាក្យធ្វើការនៅខេត្តកណ្ដាលម្ដងទៀត តែរកមិនទាន់បាន។ ចំណែករោងចក្រ​ដែលនៅជិតៗនេះ ដូចជា នៅខេត្តបាត់ដំបង និងខេត្តសៀមរាប និងតាមប៉ោយប៉ែត ឃើញក្រសួងដាក់លេខ​ឱ្យទាក់ទងទៅដែរ តែភាគច្រើនគេឈប់រើស ហើយរោងចក្រខ្លះ មិនទាន់បានបើកដំណើរការផង។ គិតទៅពិបាករកការងារណាស់ ស្រុកយើង»។​

ទោះយ៉ាងណា លោក ឆាត់ ហុក បាន​ស្នើឱ្យរដ្ឋាភិបាល និងក្រសួងការងារ​ ជួយ​សម្រប​សម្រួល​​​រក​ទីផ្សារ​​ការ​ងារ​ឱ្យ​បាន​ច្រើនបន្ថែម​ទៀត សម្រាប់បំពេញ​តម្រូ​វការ​ងារ​ដល់​​​ពលករខ្មែរ​ដែលត្រឡប់មក​ពី​ប្រទេស​ថៃ​ ក្នុង​​ចំនួន​ដ៏ច្រើន​សន្ធឹកសន្ធាប់នេះ ឱ្យ​ឆាប់មានការ​ងារ​ធ្វើ​ដើម្បី​ដោះស្រាយ​ជីវភាព។​

ជុំវិញ​បញ្ហាលំបាក​រក​​​ការ​ងារ​​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ត្រឡប់មកពីថៃក្នុង​ចំនួន​ដ៏ច្រើន​សន្ធឹក​សន្ធាប់​​នេះ អភិបាល​​ខេត្ត​បន្ទាយ​​មាន​​ជ័យ លោក អ៊ុំ រាត្រី សុំមិនអត្ថាធិប្បាយអ្វី​ច្រើន​ទេ​ ដោយគ្រាន់តែ​បញ្ជាក់​យ៉ាង​ខ្លី​ថា៖ «សូម​​ឱ្យ​​ពលរដ្ឋ​ដែល​​កំពុង​​តែ​អត់​​ការ​ងារ​​ធ្វើ ទាក់​ទង​​​ទៅ​​លេខ​​ក្រសួង​​ការ​ងារ ដែល​​បង្ហោះ​​​លើ​​បណ្ដាញ​​សង្គម​ហ្វេសប៊ុក ហើយ​បើ​ទាក់ទង​មិន​បាន​ឡើង​មក​​មន្ទីរ​ការងារ​ខេត្ត​ គឺ​មាន​​ក្រុម​ការងារ​​​ ចាំ​​ទទួល​​ពាក្យ​រក​ការងារ​ធ្វើ​ ប្រចាំការ​​រាល់​ថ្ងៃ​​»។​​​

ចំណែក ​អ្នកនាំពាក្យ​រដ្ឋបាល​​ខេត្ត​​ឧត្តរ​មាន​ជ័យ លោក ម៉េត មាស​​ភក្តី មានប្រសាសន៍ថា ខាង​​លោក​​ពុំ​​ដឹង​​ពី​​ចំនួន​​ជាក់​លាក់​​នៃ​​ពលរដ្ឋ​​នៅ​​ក្នុង​​ខេត្តនេះ​​ដែល​​មិន​ទាន់មាន​​​​ការ​ងារ​​ធ្វើ ​ក្រោយ​​​ត្រលប់​​ពី​ប្រទេស​​ថៃ​​នោះ​​ដែរ​​។​​ តែយ៉ាងណា ​លោក​ថា ប្រសិន​បើ​ពលរដ្ឋ​ពិត​ជា​អត់​ការងារ​ធ្វើ​មែន​ សូម​ទាក់ទង​​​​ទៅកាន់​​អាជ្ញាធរ​ពាក់ព័ន្ធ​ ព្រោះ​​​​រដ្ឋាភិបាល និង​​ក្រសួង​​ការ​ងារ​ បាន​និ​ង​​កំពុង​​តែ​​ប្រឹង​ប្រែង​​ដោះ​ស្រាយ​បញ្ហា​នេះ​​រាល់​​​ថ្ងៃ​។​

លោកថា​៖ «តាម​ពិត​សព្វ​ថ្ងៃ​ យើង​ពុំ​សូវ​ខ្វះ​ការងារ​ធ្វើ​នោះ​​ទេ​ តែ​​សំខាន់​​ពួក​​គាត់​​​​ពុំ​​ទាន់​​មាន​​ព័ត៌មាន​គ្រប់​គ្រាន់​​ពី​ឱកាស​​ការងារ​ ​​​​ដូច្នេះ​សូម​​ឱ្យ​​បង​ប្អូន​ទាក់ទង​ទៅ​អាជ្ញាធរ ឬ​ឡើង​មក​មន្ទីរ​ការងារ​ផ្ទាល់ ដើម្បី​សួរ​នាំ​ពី​របៀប​ដាក់​ការងារ និង​​ព័ត៌មាន​ពី​ការងារ​ទាំង​នោះ​»។​

Press Start Cambodia ពុំអាចសុំការឆ្លើយតបពី លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការ​ងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈបានទេ។

តែយ៉ាងណា ទំព័រហ្វេសប៊ុក​របស់​ក្រសួង​ការងារ បានស្រង់​ប្រសាសន៍​​រដ្ឋ​មន្ត្រី​​ក្រសួង​​កា​រ​ងារ និង​​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ លោក ហេង សួរ បាន​ មក​ផ្សព្វផ្សាយនៅថ្ងៃទី​២៣​ ខែ​សីហា ឆ្នាំ​២០២៥នេះ​ថា ភូមិ​សាស្ត្រ​ខេត្តមួយចំនួននៅជាប់ព្រំដែនថៃ ដូចជា ខេត្តបាត់ដំបង បន្ទាយ​មានជ័យ ប៉ៃលិន ឧត្តរ​មានជ័យ​​​ ព្រះ​វិហារ សៀមរាប​ រួមទាំង​មួយផ្នែកនៃ​ខេត្ត​ពោធិ៍សាត់​ ពលរដ្ឋ​​អាច​​​​មាន​ភាព​​​​លំបាកជា​ងគេ​ ក្នុងការ​ស្វែង​រក​ការ​ងារ ដោយសារ​នៅតាមបណ្តា​​ខេត្ត​ទាំង​នេះគឺ​មាន​តែ​មុខ​របរ​កសិកម្ម ហើយក៏មានពលរដ្ឋ​ធ្វើចំណាកស្រុក​ទៅ​ធ្វើការនៅថៃ​ច្រើន​ដែរ។ រីឯរាជធានី-​​ខេត្ត​ដែល​​មាន​​រោងចក្រច្រើន​ គឺ​​នៅរាជធានីភ្នំពេញ ​ខេត្តស្វាយរៀង កណ្ដាល កំពង់ស្ពឺ កំពង់ចាម និ​ង​កំពង់ឆ្នាំង។

លោកថា៖ «ចឹងបើ​យើងមិនប្រញាប់ទៅ​ពន្យល់​បង​ប្អូន​ដែល​នៅ​មួយ​ប៉ែក​ដែល​អត់​សូវ​​​មាន​រោង​​​ចក្រហ្នឹង​ទេ គាត់​អត់​ចង់មក​ធ្វើ​ការ​នៅ​រោង​ចក្រ​ទេ ពេលដែលថៃ​បើក ឬ​បញ្ហា​វិល​ទៅ​ធម្ម​តា​វិញ​ អ្នក​ទាំង​អស់​ហ្នឹង​គឺ​​ប្រហែលជាគាត់​វិល​ទៅ​ថៃ​វិញ តែ​បើយើងបានចុះទៅទាញប្រជាពលរដ្ឋ​​នៅប៉ែក​ខាង​ហ្នឹង ដែលគាត់​មិន​សូវ​បាន​ឃើញរូបភាព​រោង​ចក្រ មិន​បានឃើញ​ពីការ​​​រីក​ចម្រើន​នៃ​រោង​ចក្រ​ហ្នឹង​​ ហើយ​គាត់បាន​មកភ្ជាប់ខ្លួន​ជាមួយ​រោង​ចក្រ​នៅភ្នំពេញ​ ឬមួយ​​នៅខេត្តណា​ដែល​គាត់​អាច​នេះ​បាន​ ប្រហែលជាគាត់មិនត្រឡប់​ទៅវិញទេ​ ចឹង​ហើយ​បាន​ជា​វេទិកា​ការ​ងារ​ដែល​យើង​ខ្ញុំ​បាន​ព្រាង​នេះ​​ ខ្ញុំបានដាក់ផែនការ​ឱ្យ​មន្ត្រី​ក្រសួង គឺផ្តោត​ទៅលើ​ខេត្ត​​ដែល​មិន​មាន​រោ​ងចក្រនេះ​ឱ្យ​បានច្រើន ហើយ​ឱ្យ​បានញឹក ហើយ​អត់​បាន​មុនគេ»។

​រដ្ឋមន្ត្រីក្រសួង​ការងារ បន្ត​ថា បច្ចុប្បន្ន ​​ក្រសួងបាន​និ​ង​កំពុង​តែប្រឹង​ប្រែង​​បន្ត​​​ផ្សព្វ​ផ្សាយព័ត៌​មាន​ការ​ងារ​​ ​និង​អំពាវ​នាវ​​ដល់​ក្រុម​ហ៊ុន​រោង​ចក្រសហគ្រាស​នានា ផ្ដល់ឱកាសកា​រងា​រ​ទៅឱ្យ​​ពលរដ្ឋ​ដែល​ទើបត្រលប់ពីប្រទេស​ថៃវិញ ដើម្បីឱ្យ​ពលរដ្ឋ​ទាំងនោះ​ទទួលបាន​ការ​ងារឱ្យ​បាន​ឆាប់​តាម​ដែលអាចធ្វើទៅបាន។

លោក​បន្តថា ខាង​ក្រសួង​ក៏បានព្យាយាម​ទំនាក់ទំនង​ទៅ​រោង​ចក្រ​ធំៗ ដែលមាន​ប្រាក់ខែ​សមរម្យ និង​មាន​ស្តង់ដា​ប្រហាក់ប្រហែល​នឹង​កា​រងារ​នៅ​ថៃ សម្រាប់ផ្តល់​ការ​ងារ​ដល់​​​​ពលរដ្ឋ​ផងដែរ ដើម្បី​ឱ្យ​ពួកគាត់​​អាចធ្វើកា​រ​នៅក្នុង​ស្រុក មិនចាំបាច់​ត្រឡប់ទៅថៃវិញ។

ក្រៅពីនោះ លោករដ្ឋមន្ត្រី ធ្លាប់បានគូសបញ្ជាក់​ថា៖ «ចំពោះប្រជាពលរដ្ឋដែល​ត្រឡប់ពីថៃ ប្រសិនបើចង់មានជំនាញវិជ្ជាជីវៈ​ដើម្បីប្រកបមុខរបរខ្លួនឯង ក្រសួងក៏មានវគ្គបណ្ដុះបណ្ដាលជូនពួកគាត់ដែរ ខណៈក្រុមប្រឹក្សាជាតិគាំ​ពារ​​សង្គម កំពុងរៀបចំកញ្ចប់អន្តរាគមន៍លើការងារនេះ»។

បើតាមរដ្ឋមន្ត្រីក្រសួងការ​ងារ លោក ហេង សួរ ដែលបានថ្លែង​កាលពីថ្ងៃ​​ទី២២ ខែសីហា ឆ្នាំ២០២៥ ក្នុងពិធីមួយ​​នៅ​ក្រសួងមហាផ្ទៃ ចាប់​តាំងពីព្រឹត្តិការណ៍ប៉ះទង្គិចគ្នានៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ រហូតមកដល់ពេលនេះ ចំនួន​ប្រជាពលរដ្ឋ និងពលករខ្មែរ ដែលបានចាកចេញមកពីប្រទេសថៃ មានជាង ៩២​ម៉ឺន​នាក់ ដែល​​ចំនួន​នេះ​​នៅ​មិន​ទាន់​បាន​បញ្ចប់​នោះទេ ពីព្រោះ​ប្រជាព​លរដ្ឋ និងពលករខ្មែរ នៅតែចាកចេញ​ពីថៃមក​កម្ពុជា​វិញ​​ជាបន្តបន្ទាប់ទៀត។

​​​​​​​​​​​​​​​​​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព​ លោក​ យង់ គិម​អេង សង្កេត​ឃើញថា ទីផ្សារ​ការងារ​នៅកម្ពុជា ហាក់នៅមានស្ថានភាពចង្អៀត​ ហើយ​ថ្លៃ​ឈ្នួល​​នៃ​កម្លាំង​ពលកម្ម​ ក៏នៅ​ទាប​នៅ​ឡើយ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋពិបាក​ក្នុងកា​រស្វែងរក​ការងារ​ដែល​មាន​ប្រាក់ឈ្នួល​សមរម្យ ស្របពេល​ដែល​ចំនួន​ពលរដ្ឋ​ដែលត្រឡប់មក​ពីថៃ ក៏មានចំនួន​ច្រើន​សន្ធឹក​សន្ធាប់​ថែមទៀត ដែលធ្វើឱ្យ​ការ​ស្វែងរក​ការងារ​កាន់តែ​មានភាពលំបាកថែមទៀត ដោយ​​សារ​​ទីផ្សារ​ការ​ងារ និង​ចំនួនការ​ងារ​​ មិនសមស្រប​នឹង​ចំនួន​ពលករ​ដែលមកពីថៃ។

​លោក​ថា​ ដើម្បី​​ឆ្លើយ​​​តប​​នឹង​​តម្រូវ​ការ​​ជាក់​ស្ដែងនេះ​ រដ្ឋាភិបាល​គួរ​​​​ស្រង់​​ស្ថិតិ​​ចំនួន​​ក្រុម​ហ៊ុន ទាំង​​អស់​​ដែល​​កំពុង​​ជ្រើស​រើស​​កម្មករ ហើយ​​ដើរ​ប្រមូល​ពលរដ្ឋ ​ដែល​កំពុង​ពេញ​​កម្លាំង ​និង​​កំពុង​រង​ចាំ​ឱកាស​ការងារ ដើម្បីជួយ​សម្រួល​ដល់ពួកគាត់​ដោយ​ផ្ទាល់ ជាជាង​​គ្រាន់​​តែ​ផ្សព្វ​ផ្សាយ​​​នៅ​​លើ​បណ្ដាញ​សង្គម​ ដោយ​សារពលរដ្ឋ​ខ្លះ ពុំមានទូរសព្ទ​ទំនើបដែល​អាច​ប្រើ​ប្រាស់​អ៊ីន​ធឺណេតបាន ខណៈចំណេះដឹង​របស់គាត់នៅមានកម្រិត​​។​

លោក យ៉ង់ គឹមអេង និយាយ​ថា​៖ ​«​រដ្ឋាភិបាល​​​គួរតែ​ដើរ​ស្រង់​ស្ថិតិ​ចំនួន​ពលរដ្ឋ​នៅ​តាម​​​ភូ​មិ​​​ឃុំ​​ ថា​តើ​​ពលរដ្ឋ​ ប៉ុន្មាន​​​​នាក់​ដែល​​​អត់​​ការ​ងារ​​ធ្វើ​ ហើយ​​ហេតុ​​​អ្វី​​បាន​ពួក​គាត់​ អត់​មាន​ការងារ​ធ្វើ​? ស្រប​ពេល​ដែល​​រដ្ឋាភិបាល​បាន​ប្រកាស​ពី​ឱកាស​ការងារ​ជា​ច្រើន​នៅ​ក្នុង​ស្រុក​។ ​នៅ​ពេល​​ដឹង​ពី​ហេតុផល​ និង​បញ្ហា​ច្បាស់​ហើយ​ ​រដ្ឋាភិបាល​ត្រូវ​​ដោះ​ស្រាយ​​តាម​​លំដាប់​​​នៃ​​បញ្ហា​ មិន​មែន​​​ប្រកាស​តែ​​ពី​​ឱកាស​​ការងារ ​ចំណែក​​ពលរដ្ឋ​​ត្អូញ​ត្អែរ​ អត់​​ការ​ងារ​​​ធ្វើ ​​នៅ​​តែ​​ដែល​​បែប​​នេះ​​ទេ​​»។​​​

ត្រឡប់ទៅកាន់អ្នកស្រី ម៉ៅ ជីវា ដែលជាពលករខ្មែរ​ត្រឡប់​​មក​ពី​ប្រទេស​​ថៃវិញ គាត់​​​ថា​ ដ្បិត​​​​​​សព្វ​ថ្ងៃ​ ​​ឃើញ​​​​ក្រសួង​​​​ការងារ​​ប្រកាស​ព័ត៌មាន​​ពី​ឱកាស​ការងារ​នៅ​លើ​​បណ្ដាញ​សង្គម​ហ្វេសប៊ុកច្រើន​​​​​​ក្ដី​ ប៉ុន្តែ​អ្នកស្រី​បាន​​ត្រឹម​តែ​ដឹង​​និង​ឮ​ប៉ុណ្ណោះ។ ចំណែក​​ការ​​​ដាក់​ពាក្យ​​ស្នើ​​ការងារ​​ ​និង​​ទាក់​​ទង​​សួរ​​នាំ​​​​​​​​លម្អិត​​អំពី​​ការ​​ងារ អ្នកស្រី​ថា ក្រសួង​​ពុំ​​បាន​​ជួយ​​​សម្របសម្រួល​​ដោយ​ផ្ទាល់​​​​នោះ​ទេ គឺ​តម្រូវ​ឱ្យ​សាមី​ខ្លួន​ម្នាក់​ៗ​ ​ទាក់ទង​​​សួរនាំ​ទៅ​ម្ចាស់​ក្រុមហ៊ុន​ទាំង​នោះ ​ដោយ​​ខ្លួន​ឯង​​​ ដែលការណ៍នេះ ធ្វើឱ្យ​អ្នកស្រីជួប​​ផល​​​លំបាក​ ​​ដូច​ជា​​ ភាសា​​ខុស​តំបន់​គ្នា​ ​ស្ដាប់​គ្នា​​ពុំ​សូវ​​យល់​​ ​និង​​បញ្ហា​​​​មិន​​​សូវ​ស្គាល់​​​ពី​បរិបទ​ការងារ​​ ​ដែល​ភាគ​ច្រើន​​ជា​ប្រភេទ​ការងារ​រោង​ចក្រ​​កាត់ដេរ​សម្លៀក​បំពាក់​​។​

អ្នកស្រី ​​ម៉ៅ ជីវា ស្នើ​ថា៖ «ខ្ញុំ​ចង់​ឱ្យ​ក្រសួង​​គួរតែ​មាន​​ក្រុម​​ការ​ងារ​​សម្រប​សម្រួល​​ ដើរ​​ស្រ​ង់​​ឈ្មោះ​​នៅ​តាម​ភូមិ​ឃុំ​ ​ចំពោះ​ពលរដ្ឋ​ និង​ពលករ​​ ដែល​​ត្រលប់​មក​ពី​ប្រទេស​ថៃ​វិញ ​ដែល​​ពុំ​មាន​ការងារ​ធ្វើ​ ​ហើយ​កំពុង​តែ​រក​ការងារ​ធ្វើ ​ថា​តើ​ ​មាន​​ប៉ុន្មាន​នាក់​ ហើយ​​ពេល​ប្រមូល​ចំនួន​បាន​ហើយ​ ​សម្របសម្រួល​​​នឹង​ឱ្យ​​​ពួក​​គាត់​​​ទៅ​ឱ្យ​​ធ្វើ​ការ​នៅ​ខេត្ត​នេះ​ ខេត្ត​នោះ​ ឬ​ ​នៅ​​​តាម​ក្រុម​ហ៊ុន​នេះ​ ក្រុម​ហ៊ុន​នោះ​ ​តាម​ជំនាញ​របស់​ពួក​គាត់ នោះ​ទើប​មាន​ប្រសិទ្ធភាព​​»

អត្ថបទគួរឱ្យចាប់អារម្មណ៍