ប្រជាសហគមន៍កោះមាសប្រមាណជាង៣០នាក់ តំណាងឱ្យជាង ១៦០គ្រួសារ ស្នើអាជ្ញាធរខេត្តកណ្តាល ពន្លឿននិតីវិធីផ្តល់បណ្ណកម្មសិទ្ធិដល់ពួកគាត់ ដោយសារបារម្ភពីការបាត់បង់ដីធ្លី ខណៈការវាស់វែងបានធ្វើឡើងប្រមាណ ៥ឆ្នាំមកហើយ តែនៅមិនទាន់បានទទួលបណ្ណកម្មសិទ្ធិ។
ការស្នើរបស់ប្រជាសហគមន៍ បានធ្វើឡើងនៅអំឡុងពេលដែលពួកគាត់បានទៅប្រមូលផ្តុំ និងដាក់លិខិតសុំអន្តរាគមន៍នៅរដ្ឋបាលស្រុកកៀនស្វាយ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។
ប្រជាពលរដ្ឋរស់នៅតំបន់កោះមាស លោក ជុំ សំអឿង បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅមុខរដ្ឋបាលស្រុកកៀនស្វាយថា កាលពីអំឡុងឆ្នាំ២០២០ អាជ្ញាធរមូលដ្ឋាន បានចុះវាស់វែងដីធ្លីនៅតំបន់កោះមាស ប៉ុន្តែរហូតមកដល់ពេលនេះ មានរយៈពេល ៥ឆ្នាំមកហើយ ដែលអាជ្ញាធរនៅមិនទាន់ផ្តល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋទាំង ១៦៨គ្រួសារនៅឡើយ។
ករណីនេះ លោកបង្ហាញក្តីបារម្ភពីការបាត់បង់ដីធ្លី ទើបរូបលោក ក៏ដូចជាប្រជាពលរដ្ឋក្នុងសហគមន៍ ស្នើដល់អាជ្ញាធរស្រុក ជួយពន្លឿនការផ្តល់បណ្ណកម្មសិទ្ធិដីធ្លី ដើម្បីទុកសម្គាល់ការកាន់កាប់ដី និងប្រើប្រាស់ជាប្រយោជន៍ផ្សេងៗសម្រាប់ការរស់នៅ។
លោកថា៖ «ថ្ងៃនេះមក ខ្ញុំសំណូមពរដល់សាលាស្រុកកៀនស្វាយ ដើម្បីឲ្យលោកអភិបាលស្រុក ដើម្បីមេត្តាជួយពន្លឿនដោះស្រាយបណ្ណកម្មសិទ្ធិ និងអន្តរាគមន៍ទៅកាន់ថ្នាក់លើឲ្យជួយធ្វើម៉េចបានបណ្ណកម្មសិទ្ធិឲ្យពួកយើងខ្ញុំ […] ពីព្រោះបំណាច់ឆ្នាំ២០២៥ ខែ១២នេះ ខាងក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បាននិយាយថា នឹងបញ្ចប់លើការបិទបណ្ណកម្មសិទ្ធិទូទាំងប្រទេសហើយ អីចឹងយើងខ្ញុំមានការភិតភ័យ មានការព្រួយបារម្ភណាស់»។
រីឯ អ្នកស្រី ស៊ូ ស៊ីណាត អាយុ៤២ឆ្នាំ ដែលជាប្រជាពលរដ្ឋមកពីសហគមន៍កោះមាស នៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានឱ្យដឹងថា អ្នកស្រីបានកាន់កាប់ដីទំហំទទឹង ១៤ម៉ែត្រ និងបណ្តោយជាង១០០០ម៉ែត្រ ចាប់តាំងពីឆ្នាំ១៩៧៩មក ដោយមានដាំដំណាំហូបផ្លែ និងបន្លែបង្ការផ្សេងៗដើម្បីដោះស្រាយជីវភាព។ អ្នកស្រីបន្តថា ការអត់មានប័ណ្ណកម្មសិទ្ធិធ្វើឲ្យពិបាកក្នុងការប្រើប្រាស់ និងលក់ដូរដី ហើយគាត់មានការព្រួយបារម្ភអំពីសិទ្ធិលើដីរបស់ខ្លួន។
អ្នកស្រីថា៖ «ក្នុងលក្ខខណ្ឌដែលមិនមានប្លង់ហ្នឹងពិបាកគ្រប់សព្វ ទី១យើងចង់ដោះដូរ ឬក៏ចែកបងប្អូនចែកអីចឹងវាធ្វើអីអត់ចេញ អត់ដូចកាលមុនទេ កាលមុនយើងមានតែប្លង់ទន់ហ្នឹង យើងអាចដោះដូរបានឥលូវគេចេញច្បាប់ថ្មី ធ្វើប្លង់ជាប្រព័ន្ធ អីចឹងយើងក៏ត្រូវមានអាហ្នឹង ចឹងបានជាពួកខ្ញុំហ្នឹងនាំគ្នា នាំគ្នាមកសុំឲ្យមានប្លង់រឹង និយាយរួមប្លង់កម្មសិទ្ធិផ្ទាល់ហ្នឹងហ្មង ដើម្បីងាយស្រួលក្នុងការដោះស្រាយប្រើប្រាស់ដីធ្លី»។
តាមរយៈលិខិតសុំកិច្ចអន្តរាគមន៍ដែលដាក់ទៅអភិបាលស្រុកកៀនស្វាយ ខេត្តកណ្ដាល ពលរដ្ឋកោះមាសបានស្នើសុំអន្តរាគមន៍ផ្តល់បណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋនៅលើកោះមាស ចំនួន១៦៨គ្រួសារ និង ១៦៨ខ្នងផ្ទះនិងក្បាលដី ដែលក្រុមការងារសុរិយោដីស្រុកកៀនស្វាយ និងខណ្ឌច្បារអំពៅ បានចុះមកវាស់វែងរួចក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២០ ព្រោះមានការបារម្ភពីការបាត់បង់កម្មសិទ្ធិ និងបាត់បង់ដីធ្លីនៅថ្ងៃខាងមុខ ក្រោយរដ្ឋាភិបាលមានបំណងផ្តល់ឱ្យក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត ធ្វើការជួលដីកោះមាសនេះដើម្បីវិនិយោគ។
លោក ឈឹម រី អាយុ ៧៧ឆ្នាំ ជាពលរដ្ឋរស់នៅតំបន់កោះមាសដែរនោះ បានប្រាប់អ្នកសារព័ត៌មាននៅមុខសាលាស្រុកដែរថា កន្លងមក ដោយសារតែរដ្ឋាភិបាលមានបំណងជួលដីនៅកោះមាសនេះ ឱ្យក្រុមហ៊ុនរបស់ឧកញ៉ាមួយធ្វើការអភិវឌ្ឍន៍ បានធ្វើឱ្យរូបលោក ក៏ដូចជាប្រជាពលរដ្ឋផ្សេងទៀត មានក្តីបារម្ភជាខ្លាំង ពីការបាត់បង់ដីធ្លី ទើបពួកគាត់ស្នើឱ្យអាជ្ញាធរពន្លឿនការចេញប្លង់កម្មសិទ្ធិដល់ពលរដ្ឋ ដើម្បីសុវត្ថិភាពដីធ្លី និងផ្ទះសម្បែង។
លោកនិយាយថា៖ «គេវាស់វែងហើយបាត់ឈឹងរហូតតាំងពីវាស់វែងហើយ។ បារម្ភខ្លាចលោអាជ្ញាធរ ឬនាយទុនមួយចំនួន ឬឧកញ៉ាមួយចំនួនយកដីខ្ញុំ ព្រោះហានិភ័យអញ្ចឹង ព្រោះគេធ្វើអីគេអត់ប្រាប់ វាស់ហើយស្ងាត់ឈឹងទៅ មិនឱ្យបណ្ណកម្មសិទ្ធិគ្រប់គ្រងសព្វបែបយ៉ាង ខ្ញុំបារម្ភថាថ្ងៃក្រោយទៅខ្លាចឧកញ្ញ៉ា ឬឯកឧត្តមយកដីខ្ញុំ ខ្ញុំជាប្រជាជនភ័យបារម្ភអញ្ចឹង»។
Press Start Cambodia មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីអភិបាលស្រុកកៀនស្វាយ លោក ឡូវ សុខសាន្ត បានទេ ខណៈអភិបាលរងស្រុក លោក ស៊ុម ធន់ និងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល លោក សុក កាន់ណារិទ្ធ ទូរសព្ទចូលមិនមានអ្នកទទួល។
លោក យី សុខសាន្ត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក យល់ឃើញថា ការដែលប្រជាពលរដ្ឋចេញទៅទាមទារប្លង់កម្មសិទ្ធិនេះ បណ្តាលមកពីពួកគាត់មិនមានទំនុកចិត្ត និងបារម្ភខ្លាចបាត់បង់ដី ហេតុនេះរដ្ឋគួរតែចេញប្លង់កម្មសិទ្ធិដល់ប្រជាពលរដ្ឋ។ លោកថា ក្នុងករណីរដ្ឋចង់ធ្វើការអភិវឌ្ឍនៅលើដីនោះ គួរតែរកកន្លែងដោះដូរ ឬផ្តល់តម្លៃសំណងសមរម្យតាមទីផ្សារដល់ប្រជាពលរដ្ឋ។
លោកបន្តថា៖ «យើងមិនដឹងដែរថា គេវាស់ដីកន្លងមក វាស់ឱ្យប្រជាពលរដ្ឋឬក៏វាស់វែងឱ្យសំណងទៅគាត់ ឬមួយក៏វាស់គ្រាន់តែចង់ដឹងទំហំដី ដើម្បីដោះស្រាយជាលុយជូនគាត់ ប៉ុន្តែពលរដ្ឋគាត់ចង់បានប្លង់ ឯខាងអាជ្ញាធរហាក់ដូចជាវាស់ដើម្បីផ្តល់សំណងទៅគាត់វិញ នេះជាហេតុផលហាក់ដូចជាមានការលាក់បាំង មិនបានបង្ហាញឱ្យពលរដ្ឋដឹងច្បាស់ ក៏ជាបញ្ហាដែលធ្វើឱ្យពលរដ្ឋមិនទុកចិត្ត បានទៅជួបស្រុកដើម្បី ទាមទារប្លង់កម្មសិទ្ធិ។ […]បើសិនជារដ្ឋចង់បានធ្វើការអភិវឌ្ឍ ផ្តល់តម្លៃសមរម្យតាមទីផ្សារទៅ ពីព្រោះប្រជាពលរដ្ឋរស់នៅសព្វថ្ងៃហ្នឹង គាត់បង់ពន្ធ អ្នកដែលមានដីក៏ពន្ធទៅតាមៗទីផ្សារ ទៅតាមគោលការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែរ ហើយបើគ្មានដីដោះដូរ ទិញគាត់ទៅ ខ្ញុំគិតថា គាតយល់ព្រមហើយ»។
បើតាមអនុក្រឹត្យលេខ២១០ អនក្រ.បក ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជាបានធ្វើអនុបយោគ ផ្ទៃដីកោះមាសទំហំ ៣៤០ហិកតា ៦១អា ស្ថិតក្នុងភូមិសាស្ត្រ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងស្រុកល្វាឯម និងស្រុកកៀនស្វាយ ខេត្តកណ្តាល ជាដីឯកជនរបស់រដ្ឋ។ ជាមួយគ្នានោះ សេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រីលេខ១០៨៩ សជណ.ដប ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ បានស្នើសុំអនុញ្ញាតជាគោលការណ៍ជួលអចិន្ត្រៃយ៍រយៈពេល៥០ឆ្នាំ អាចជួលបន្តជាថ្មី និងវិនិយោគអភិវឌ្ឍន៍លើកោះមាសទំហំជាង ៣៤០ហិកតា ឱ្យទៅក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត។
ជុំវិញរឿងនេះ កាលពីអំឡុងពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៥ ប្រជាពលរដ្ឋនៅតំបន់កោះមាស ធ្លាប់បានប្រមូលផ្តុំគ្នាតវ៉ាម្តងរួចមកហើយ ដោយទាមទារឱ្យរដ្ឋាភិបាលផ្តល់បណ្ណកម្មសិទ្ធិដីធ្លី ខណៈភាពជាម្ចាស់កម្មសិទ្ធិដីធ្លីរបស់ពួកគេ កំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ក្រោយរដ្ឋាភិបាលចេញលិខិត ស.ជ.ណ អនុញ្ញាតឲ្យក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត ជួលដីកោះមាស ដើម្បីធ្វើការអភិវឌ្ឍ៕

