ប្រជាសហគមន៍កោះមាសប្រមាណជិត ៦០នាក់ តំណាងឱ្យជាង ១៦០គ្រួសារ ស្នើអភិបាលខេត្តកណ្តាល ពន្លឿននិតីវិធីផ្តល់បណ្ណកម្មសិទ្ធិដីធ្លីដល់ពួកគាត់ ដោយសារបារម្ភពីការបាត់បង់ដីធ្លី ក្រោយពីពួកគេបានស្នើសុំកិច្ចអន្តរាគមន៍ពីរដ្ឋបាលស្រុកកៀនស្វាយ តែពុំទទួលបានលទ្ធផល។
កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រជាសហគមន៍កោះមាស បានប្រមូលផ្តុំគ្នាទៅដាក់លិខិតសុំអន្តរាគមន៍នៅរដ្ឋបាលស្រុកកៀនស្វាយ ខេត្តកណ្តាល ឱ្យពន្លឿននិតីវិធីផ្តល់បណ្ណកម្មសិទ្ធិដីធ្លីដល់ពួកគាត់ ក៏ប៉ុន្តែលោកអភិបាលស្រុកបានផ្តល់សម្ភាសន៍ទៅកាន់សារព័ត៌មានវិទ្យុស្ត្រី(WMC)នៅថ្ងៃដដែលនោះថា អាជ្ញាធរមិនអាចចេញប័ណ្ណកម្មសិទ្ធិជូនពួកគាត់ទេ ដោយសារដីនេះរដ្ឋាភិបាល បានផ្តល់ជាកិច្ចសន្យាជួលឱ្យទៅឧកញ៉ា ឃុន សៀ រួចហើយ។
ពលរដ្ឋរស់នៅតំបន់កោះមាស លោក ឈឹម រី អាយុ៧៧ឆ្នាំ បានប្រាប់អ្នកសារព័ត៌មាននៅមុខសាលាខេត្តកណ្តាលថា ការណ៍ដែលក្រុមប្រជាពលរដ្ឋទៅសាលាខេត្តកណ្ដាល នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ ដើម្បីដាក់លិខិតសុំពន្លឿននិតីវិធីផ្តល់បណ្ណកម្មសិទ្ធិដីធ្លីដល់ពួកគាត់ ដោយសារតែខាងរដ្ឋបាលស្រុកកៀនស្វាយ បានប្រាប់ថា មិនអាចចេញបណ្ណកម្មសិទ្ធិឱ្យពលរដ្ឋបាន ព្រោះរដ្ឋបានប្រគល់ឱ្យក្រុមហ៊ុន ឃុន សៀ ហើយ។
លោកថា ខាងសាលាខេត្ត សន្យាថានឹងឆ្លើយតបនៅក្នុងរយៈពេល២ទៅ៣ថ្ងៃទៀត ចំពោះសំណើរបស់ប្រជាពលរដ្ឋនេះ ហើយលោកសង្ឃឹមថា អាជ្ញាធរនឹងដោះស្រាយបញ្ហានេះ ដោយចេញប្លង់កម្មសិទ្ធិជូនពួកគាត់ ដើម្បីឱ្យប្រជាពលរដ្ឋអាចប្រើប្រាស់ប្លង់កម្មសិទ្ធិនោះ ជាប្រយោជន៍សម្រាប់ការរស់នៅ និងចែកជូនកូនចៅ។
ពលរដ្ឋរូបនេះ បានបន្ថែមថា បើសិនអាជ្ញាធរខេត្តមិនមានដំណោះស្រាយ និងផ្តល់បណ្ណកម្មសិទ្ធិឱ្យប្រជាពលរដ្ឋទេ នោះរូបលោក និងពលរដ្ឋផ្សេងទៀត នឹងបន្តស្វែករកដំណោះស្រាយនៅថ្នាក់ជាតិទៀត ព្រោះពួកគាត់រស់នៅលើដីនោះ តាំងពីឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្ន ដោយមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន។
លោក ឈឹម រី និយាយថា៖ «មុននឹងមកដល់សាលាខេត្តនេះ យើងខ្ញុំទាំងអស់គ្នាចូលទៅសាលាស្រុក សាលាស្រុកបានឆ្លើយភ្លាមៗ គេបានធ្វើឱ្យទៅគេបាត់ហើយ គេអត់ធ្វើឱ្យយើងទេ ដោយយើងរស់នៅមុនគេណុងទៅទៀត។ ឱ្យទៅ ឃុន សៀ [ឧកញ្ញ៉ា ឃុន សៀ ម្ចាស់ក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត] ឱ្យទៅគេ ទាំងខ្ញុំរស់នៅដោយស្របច្បាប់ មានអាជ្ញាធរដឹងលឺ[…] ហើយមកនេះ មកសុំបណ្ណកម្មសិទ្ធិ បានមិនបានយើងខ្ញុំនឹងឡើងទៅទៀត»។
ចំណែក ពលរដ្ឋរស់នៅតំបន់កោះមាសមួយរូបទៀត អ្នកស្រី ឡូញ សារួម ក៏លើកឡើងនៅមុខសាលាខេត្តដែរថា អ្នកស្រីមានដីនៅតំបន់កោះមាសនេះ ទំហំ ១០ម៉ែត្រគុណនឹង១៣០០ម៉ែត្រ ដោយមានដាំបន្លែបង្ការជាច្រើនមុខសម្រាប់លក់ គ្រាន់នឹងចិញ្ចឹមជីវិតប្រចាំថ្ងៃ។ អ្នកស្រីបន្តថា រូបគាត់ ចង់បានប្លង់កម្មសិទ្ធិ ដើម្បីងាយស្រួលបែងចែកដីសម្រាប់កូនៗអ្នកស្រីដែលមាន ៣នាក់ក្នុងបន្ទុក និងដើម្បីអស់បារម្ភអំពីបញ្ហាបាត់បង់ដីធ្លី ដោយសារតែរដ្ឋាភិបាលនាពេលកន្លងមក មានបំណងជួលដីកោះមាសនេះទៅឱ្យក្រុមហ៊ុនឯកជនធ្វើការអភិវឌ្ឍ។
អ្នកស្រីថា៖ «ពេលគេបិទផ្លាកចេញឈ្មោះ ប្រជាពលរដ្ឋទៅមើល អត់មានឃើញសោះ ហើយប្លង់កម្មសិទ្ធិក៏ខ្ញុំអត់បានទទួល អត់បានកាន់កាប់ អញ្ចឹងខ្ញុំមានចម្ងល់ ហើយខ្ញុំភ័យណាស់ ព្រោះខ្លាចបាត់បង់ដីធ្លីហ្នឹងខានប្រកបមុខរបរចិញ្ចឹមជីវិតតទៅមុខទៀត។[…]បើសិនមិនមានដំណោះស្រាយខ្ញុំប្រជាពលរដ្ឋនឹងតតាំងឡើងទៅលើ ទៅមុខទៀត ខ្ញុំមិនអាចនៅនឹងមួយកន្លែងបានទេ»។
តាមរយៈលិខិតសុំកិច្ចអន្តរាគមន៍ដែលដាក់ទៅអភិបាលខេត្តកណ្ដាល ប្រជាពលរដ្ឋបានស្នើសុំបណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីនៅលើកោះមាស ចំនួន១៦៨គ្រួសារ និង ១៦៨ខ្នងផ្ទះនិងក្បាលដី ដែលក្រុមការងារសុរិយោដីស្រុកកៀនស្វាយ និងខណ្ឌច្បារអំពៅ បានចុះមកវាស់វែងរួចក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២០ ព្រោះមានការបារម្ភពីការបាត់បង់កម្មសិទ្ធិ និងបាត់បង់ដីធ្លីនៅថ្ងៃខាងមុខ ក្រោយរដ្ឋាភិបាលមានបំណងផ្តល់ឱ្យក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត ជួលដីនេះ ដើម្បីវិនិយោគ។
អ្នកស្រី សៅ ផាត មានអាយុ៧៦ឆ្នាំ មានកូន៨នាក់ដែលរស់នៅលើកោះមាសនោះ ឱ្យដឹងដែរថា អ្នកស្រីមានក្បាលដីទំហំ ១៥ម៉ែត្រ និងបណ្តោយជាង១០០០មែត្រ ដែលបច្ចុប្បន្នអ្នកស្រីដាំចេក និងល្ហុង លើដីនោះដើម្បីចិញ្ជឹមជីវិតប្រចាំថ្ងៃ។ អ្នកស្រីថា អត់មានប្លង់កម្មសិទ្ធិមិនដឹងជាអនាគត់កូនអ្នកស្រីទៅជាយ៉ាងណាទេ ព្រោះអត់មានប្លង់ គឺអត់មានលំនឹង។
អ្នកស្រីលើកឡើង៖ «សាលាស្រុកកៀនស្វាយឆ្លើយតបមកថាដីនេះគេបានផ្ទេឱ្យទៅអ្នកថ្មីហើយ គេអត់មានសិទ្ធិធ្វើបណ្ណកម្មសិទ្ធិឱ្យយើងទេ អញ្ចឹងបានពួកខ្ញុំឡើងមកសុំប័ណ្ណកម្មសិទ្ធិនៅសាលាខេត្ត។ ព្រួយបារម្ភព្រោះយើងខ្ញុំនៅតាំង ៧៩មកអត់មានសិទ្ធិកាន់កាប់ដី ទៅជាគេអ្នកថ្មីមានសិទ្ធិកាន់កាប់នៅលើដីនឹងវិញ អញ្ជឹងហើយខ្ញុំព្រួយបារម្ភ អំណតទៅកូនចៅទៀត ព្រោះខ្ញុំចាស់ៗអស់ហើយ។ មកនេះ មកស្នើសុំប័ណ្ណកម្មសិទ្ធិកាន់ កាប់ដីធ្លីរបស់ខ្ញុំព្រួយខ្លាំងណាស់»។
អភិបាលខេត្តកណ្តាល លោក គួច ចំរើន បានបដិសេធឆ្លើយតបជាមួយ Press Start Cambodia ចំពោះរឿងនេះ ដោយប្រាប់ថាជាប់ប្រជុំ។
តែយ៉ាងណា អភិបាលស្រុកកៀនស្វាយ លោក ឡូវ សុខសាន បានប្រាប់សារព័ត៌មានវិទ្យុស្ត្រី នៅថ្ងៃទី២០ ខែវិច្ឆិកាថា៖ «ខ្ញុំចង់បញ្ជាក់ដែរ ដីកោះមាសនេះ គឺយើងអត់មានសិទ្ធិចេញប័ណ្ណកម្មសិទ្ធិជូនគាត់ទេ គឺរដ្ឋាភិបាលបានជួលទៅឱ្យក្រុមហ៊ុន ដូចជា ក្រុមហ៊ុនលោកឧកញ៉ា ឃុន សៀ ហើយដីរបស់គេមានប័ណ្ណកម្មសិទ្ធិហើយ អ៊ីចឹងរង់ចាំតែការសម្របសម្រួលដោះស្រាយផលប៉ះពាល់ជាមួយនឹងខាងក្រុមហ៊ុនវិនិយោគទេ។ អ៊ីចឹងរដ្ឋបាលស្រុក គឺអត់មានសិទ្ធិធ្វើប័ណ្ណកម្មសិទ្ធិជូនគាត់ទេ សូមបញ្ជាក់អ៊ីចឹង»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ដែលបានតាមដានករណីនេះ មានប្រសាសន៍ថា ការដែលពលរដ្ឋនាំគ្នាស្វែងរកអន្តរាគមន៍ពីអាជ្ញាធរថ្នាក់មូលដ្ឋានជាបន្តបន្ទាប់នេះ ដោយសារតែពួកគាត់ព្រួយបារម្ភពីសុវត្ថិភាពដីធ្លីដែលពួកគាត់ធ្លាប់រស់នៅ និងអាស្រ័យផល ដែលករណីនេះ អាជ្ញាធរគួរមានដំណោះស្រាយប្រកបដោយតម្លាភាព និងភាពយុត្តិធម៌ដែលអាចទទួលយកបានសម្រាប់ប្រជាពលរដ្ឋ។
លោកថា៖«ការព្រួយបារម្ភរបស់ពួកគាត់ជារឿងត្រឹមត្រូវ ព្រោះមកដល់ពេលនេះ មិនទាន់មានដំណោះស្រាយដែលពួកគាត់ទទួលយកបាននៅឡើយ និងបារម្ភពីគ្មានដំណោះស្រាយសម្រាប់ពួកគាត់ ដែលនាំឱ្យពួកគាត់បាត់បង់ដីធ្លីដែលធ្លាប់កាន់កាប់ និងអាស្រ័យផលសម្រាប់ចិញ្ចឹមគ្រួសារកន្លងមក ដូច្នេះគួរតែមានដំណោះស្រាយពីភាគីពាក់ព័ន្ធ ដើម្បីផ្តល់ទំនុកចិត្ត និងលំនឹងផ្លូវចិត្តរបស់ពួកគាត់»។
បើតាម លោក អំ សំអាត ប្រជាពលរដ្ឋដែលកាន់កាប់ដីនេះមុនច្បាប់ភូមិបាលចេញ(ឆ្នាំ២០០១) ហើយដីនោះមិនមែនជាសាធារណៈរបស់រដ្ឋ នោះប្រជាពលរដ្ឋគួរទទួលបានបណ្ណកម្មសិទ្ធិ ប៉ុន្តែបើដីជាសាធារណៈរបស់រដ្ឋ ដែលរដ្ឋធ្វើអនុប្បយោគទៅជាដីឯកជនរបស់រដ្ឋ ដើម្បីផ្តល់ឱ្យឯកជនធ្វើការអភិវឌ្ឍ នោះប្រជាពលរដ្ឋដែលកាន់កាប់ និងអាស្រ័យផលលើដីនោះ គួរទទួលបានផលប្រយោជន៍ ឬដំណោះស្រាយជាមុនសម្រាប់ពួកគាត់។
យោងតាមអនុក្រឹត្យលេខ២១០ អនក្រ.បក ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជាបានធ្វើអនុប្បយោគ ផ្ទៃដីកោះមាសទំហំ ៣៤០ហិកតា ៦១អា ស្ថិតក្នុងភូមិសាស្ត្រ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងស្រុកល្វាឯម និងស្រុកកៀនស្វាយ ខេត្តកណ្តាល ជាដីឯកជនរបស់រដ្ឋ។ ជាមួយគ្នានោះ សេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រីលេខ១០៨៩ សជណ.ដប ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ បានស្នើសុំអនុញ្ញាតជាគោលការណ៍ជួលអចិន្ត្រៃយ៍រយៈពេល៥០ឆ្នាំ អាចជួលបន្តជាថ្មី និងវិនិយោគអភិវឌ្ឍន៍លើកោះមាសទំហំជាង ៣៤០ហិកតា ឱ្យទៅក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត។
ជុំវិញរឿងនេះ កាលពីអំឡុងពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៥ ប្រជាពលរដ្ឋនៅតំបន់កោះមាស ធ្លាប់បានប្រមូលផ្តុំគ្នាតវ៉ាម្តងរួចមកហើយ ដោយទាមទារឱ្យរដ្ឋាភិបាលផ្តល់បណ្ណកម្មសិទ្ធិដីធ្លី ខណៈភាពជាម្ចាស់កម្មសិទ្ធិដីធ្លីរបស់ពួកគេ កំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ក្រោយរដ្ឋាភិបាលចេញលិខិត ស.ជ.ណ អនុញ្ញាតឲ្យក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត ជួលដីកោះមាស ដើម្បីធ្វើការអភិវឌ្ឍ៕

